នៅខែមីនាឆ្នាំ២០២២នេះ ក្រុមការងារសិក្សាផូស៊ីលនៃនាយកដ្ឋានតំបន់បេតិកភណ្ឌ អគ្គសហគមន៍មូលដ្ឋាន នៃក្រសួងបរិស្ថាន បានចុះសិក្សាផូស៊ីលនៅក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យជាច្រើនទីតាំង។ ក្នុងនោះស្ថានីយផូស៊ីលសត្វសមុទ្រភ្នំចង្ក្រានយក្សត្រូវបានរកឃើញពពួកសត្វសមុទ្រដែលកប់នៅក្នុងថ្មកំបោរ។ ភ្នំចង្ក្រានយក្សមានភ្នំចំនួន៣នៅក្បែរៗគ្នាដូចមុំចង្ក្រាន នៅក្នុងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ក្នុងតំបន់ការពារទេសភាពបន្ទាយឆ្មារ។ ក្រុមការងារបានពិនិត្យភ្នំមួយដែលនៅជាប់និងថ្នល់គ្រួសក្រហមក្នុងចំណោមភ្នំ៣នៃភ្នំចង្ក្រានយក្ស។ ភ្នំមួយក្នុងចំណោមភ្នំទាំង៣នោះកំពង់ធ្វើអាជីវកម្មថ្មកិន។ តាមរយៈផែនទីភូគព្ភសាស្ត្រនៃព្រះរាជាណាចក្រកម្ពុជា មានអក្សរសំគាល់ PLS ដែមមានអាយុកាលស្ថិតនៅក្នុងសម័យកាល Permian (២៥១-២៩៩លានឆ្នាំ) ក្នុងស័ក Paleozoic។ យើងបានពិនិត្យផ្នែកខាងលិចភ្នំ ដោយដើរឆ្លងកាត់ពីខាងជើងឈៀងខាងលិចទៅលើភ្នំ និងចុះមកខាងត្បូងឈៀងខាងលិច។

តាមរយៈការពិនិត្យផ្នែកមួយនៃភ្នំនេះ យើងបានជួបពពួកសត្វគ្រីណូអ៊ីត Crinoids ច្រើនជាងគេ ដែលប្រទះឃើញចាប់ពីជើងភ្នំឡើងទៅលើភ្នំ។ គ្រីណូអ៊ីត (Crinoids) គឺជាសត្វសមុទ្រមួយក្រុម ដែលបង្កើតជាក្រុម Crinoidea ដែលជាផ្នែកមួយនៃសាខា phylum Echinodermata ក្នុង Class Crinodea ដែលរួមបញ្ចូលទាំងក្រុមផ្កាយសមុទ្រ starfish, brittle stars ក្រុមនេះក៏មានរូបរាងប្រហាក់ប្រហែលនឹងផ្កាយសមុទ្រដែរ, sea urchins ក្រុមកាំប្រមាសមុទ្រ និង ក្រុមឈ្លើងសមុទ្រ sea cucumbers។ គ្រីណូអ៊ីតបានបន្តមករស់នៅរហូតដល់ពេលបច្ចុប្បន្នមានប្រមាណជា៥៤០ពូជន៍។ សម្រាប់ក្នុងប្រទេសកម្ពុជាពពួកសត្វនេះ ក៏ប្រទះឃើញមានខ្លះដែរ ដែលបានបន្តរស់នៅដល់បច្ចុប្បន្ន។ពពួកសត្វគ្រីណូអ៊ីត Crinoids ដែលប្រទះឃើញជាបំណែកក្បាល ដែលកប់ក្នុងថ្មកំបោរ ប្រសិនមានការសំអាតនោះ យើងអាចឃើញពីលក្ខណៈនៃរូបរាងសត្វនោះ ដែលអាចមានលក្ខណៈប្រហាក់ប្រហែលនិងពូជន៍ខ្លះ។ ក្រៅពីនេះយើងបានជួយនៅប្រភេទខ្យងខ្លះ ពួកនេះមានទំហំតូចៗ ពិបាកក្នុងការកំណត់រូបរាង។ ចំណែកឯប្រភេទខ្យងម៉្យាងទៀត ដែលរកឃើញនៅភ្នំចង្ក្រានយក្សនេះ ក៏បានរកឃើញនៅភ្នំព្រះភ្នំវែងផងដែរ។ សំណាកផូស៊ីលមួយចំនួនពិបាកក្នុងការកំណត់ថាជាសត្វក្នុងក្រុមណា ដែលយើងបានប្រទះនៅស្រទាប់មួយ។ តំបន់ភ្នំចង្ក្រានយក្សដែលមានភ្នំចំនួន៣ស្ថិតនៅខាងត្បូងឈៀងខាងលិច មានចំងាយប្រមាណ៥គីឡួម៉ែត្រ ពីភ្នំកំបោរដែលមានភ្នំចំនួន៣ដែរ។ តែតាមការពិនិត្យជាបឋម ភ្នំកំបោរ បានរកឃើញភាគច្រើនជាពពួកសត្វគ្រីណូអ៊ីត និងមានចំនួនច្រើននៅពាសពេញលើភ្នំ និងពុំបានជួបប្រទះពពួកផូស៊ីលផ្សេងៗទេ។ ចំណែកសំណាកនៅផូស៊ីលដែលរកឃើញនៅភ្នំចង្ក្រានយក្សវិញ ក្រុមការងារបានរកឃើញ៤ប្រភេទ តែមិនសម្បូរច្រើនពេកនោះទេ គឺមានទៅតាមស្រទាប់ថ្មខ្លះៗតែប៉ុណ្ណោះ។ ចំណែកស្ថានីយផូស៊ីលសត្វសមុទ្រភ្នំព្រះភ្នំវែង ស្ថិតនៅខេត្តបន្ទាយមានជ័យ នៅចំណាយប្រមាណ៥គីឡូម៉ែត្រ ខាងត្បូងឈៀងខាងលិចភ្នំចង្ក្រានយក្ស គឺមានលក្ខណៈប្រហាក់ប្រហែលគ្នា តែមានសំណាកផូស៊ីលច្រើនប្រភេទជាង។ តាមរយៈការប្រៀបធៀបស្ថានីយសត្វសមុទ្រចំនួន៣ទីតាំងផ្សេងៗគ្នាដែលស្ថិតនៅបន្តគ្នា ហើយដាច់គ្នាប្រមាណ៥គីឡូនោះ ឃើញថាសត្វដែលរកឃើញមានភាពខុសគ្នាខ្លះនិងដូចគ្នាខ្លះ តែវាមានទំនាក់ទំនងគ្នា នេះអាចមកពីជម្រៅទឹកក្នុងសម័យកាលនោះឬយ៉ាងណា? តែយ៉ាងណាស្ថានីយផូស៊ីលនៅភ្នំចង្រ្កានយក្សនេះ ត្រូវមានការសិក្សាស្រាវជ្រាវបន្ថែមទៀត ដើម្បីប្រមូលព័ត៌មាន និងសំណាកផូស៊ីលផ្សេងៗទៀតយកធ្វើការប្រៀបធៀបគ្នា និងជាមួយសំណាកផូស៊ីលដែលបានរកឃើញគន្លងមកតាមស្ថានីយមួយចំនួនក្នុងប្រទេសកម្ពុជា៕






អត្ថបទដើម៖ លោក លឹម វណ្ណច័ន្ទ