នៅអំឡុងដើមពាក់កណ្តាលនៃសតវត្សទី២០ អ្នកស្រាវជ្រាវបានរកឃើញវត្ថុសិល្បៈជាច្រើនដែលធ្វើអំពីដីដុត និងអំពីលោហធាតុផ្សេងៗ ជាពិសេសឧបករណ៍សំរឹទ្ធ និងដែកជាច្រើន នៅក្នុងទីតាំងបញ្ចុះសពបុរាណមួយដែលស្ថិតនៅក្នុងភូមិឈ្មោះ ថាដុងសឺនក្នុង ខេត្ត Thanh-hôa ក្នុងប្រទេសវៀតណាម។ ទម្រង់នៃវត្ថុសិល្បៈដែលបានរកឃើញនោះ ជាពិសេសស្គរសំរឹទ្ធ ត្រូវបានអ្នកស្រាវជ្រាវហៅថាជា វប្បធម៌ដុងសឺនឬអរិយធម៌ដុងសឺន។
អ្នកស្រាវជ្រាវយល់ថា ការរកឃើញស្គរសំរិទ្ឋនៅស្ថានីយ៌កប់សពដុងសឺន គឺជាការលេចឡើងនៅការប្រើប្រាស់ស្គរសំរឹទ្ធមុនគេក្នុងតំបន់អាស៊ីអាគ្នេយ៌។ ស្គរបែបនេះប្រហែលជាត្រូវបានប្រើប្រាស់ទាំងសម្រាប់សហគមន៍ពិធីបុណ្យ និងជាវត្ថុបញ្ចុះសពដែរ។ គួរបញ្ជាក់ថា ស្គរសំរឹទ្ធកើតឡើងដំបូងនៅក្នុងតំបន់ទន្លេក្រហម (ឥឡូវយូណាន ប្រទេសចិន និងវៀតណាមខាងជើង) នៅប្រមាណ៥០០ឆ្នាំ មុនគ.ស.ដែលស្ថិតនៅពុំឆ្ងាយពីគ្នានោះទេ។ ការលើកឡើងនេះ គឺដោយសារអ្នកស្រាវជ្រាវយល់ថា វប្បធម៌ដុងសឺនគឺទទួលឥទិ្ធពលពីអរិយធម៌ចិន (រាជវង្ស សួយ រហូតដល់ហាន)។
តាមរយៈវត្ថុសិល្បៈ ជាពិសេសស្គរសំរឹទ្ធដែលបានរកឃើញនោះ បានបង្ហាញថា វប្បធម៌នេះមានកាលបរិច្ឆេទស្ថិតក្នុងយុគសំរិទ្ធ រហូតដល់យុគដែក ហើយបរិបទនៃការបញ្ចុះសពនៅវប្បធម៌នេះ គឺស្រដៀងគ្នាទៅនឹងតំបន់នៃទន្លេ Ma និងCa ភាគខាងជើងវៀតណាមជាប់នឹងប្រទេសចិន។ លើសពីនេះ តាមទម្រង់បច្ចេកទេសនៃការផលិតវត្ថុអំពីលោហ អ្នកស្រាវជ្រាវលើកឡើងថា វត្ថុទាំងនោះ គឺមកពីប្រទេសចិន។
ស្គរសំរឹទ្ធដែលរកឃើញក្នុងតំបន់នេះត្រូវបានហៅថា ស្គរ Dong Son ហើយ ក៏ឃើញមាននៅតាមបណ្តាស្ថានីយក្នុងតំបន់ស្ថានីយយុគសំរឹទ្ធ និងយុគដែក ក្នុងតំបន់អាស៊ីអាគ្នេយ៌ ដីគោកផ្សេងទៀតដូចជានៅ ខ្មែរ ថៃ ជាដើម។ ប្រភេទនៃស្គរដុងសឺនត្រូវបានហៅថា Heger គឺជាការហៅតាមការបែងចែកប្រភេទស្គរសំរឹទ្ធក្នុងតំបន់អាស៊ីអាគ្នេយ៌ដោយ លោក Franz Heger។ លោក Heger បានបែងចែកស្គរសំរិទ្ធក្នុងតំបន់អាស៊ីអាគ្នេយ៌ជា៤ប្រភេទផ្សេងគ្នា។
គួរឱ្យកត់សម្គាល់រូបរាង និងទម្រង់នៃស្គរនេះ គឺបង្ហាញអំពីជំនឿ និងមជ្ឈដ្ឋានរស់នៅនាសម័យបុរាណ។ នៅខាងលើនៃស្គរភាគច្រើន គឺឆ្លាក់រូបផ្កាយ និងខ្លះទៀតមានរូបជាសត្វ ដូចជាបក្សី ឬសត្វកង្កែជាដើម ដែលទាក់ទងនឹងទឹក។ តាមរយៈការរូបភាពនៃសត្វទាំងនោះ អ្នកស្រាវជ្រាវយល់ថា ស្គរនេះត្រូវបានប្រើប្រាស់ក្នុងពិធីសុំទឹកភ្លៀង និងពេលមានមនុស្សស្លាប់ គេបានបញ្ចុះស្គរនេះជាមួយប្រហែលក្នុងន័យត្រជាក់ត្រជុំជាដើម។
យើងពុំបានដឹងអំពីអាយុចាស់ជាងគេនៃស្គរទាំងនេះទេ ប៉ុន្តែប្រហែលមានអាយុ២៥០០ឆ្នាំ។ អ្វីដែលមិនប្រាកដនោះ គឺមុខងាររបស់ស្គរទាំងនោះ។ ទ្រឹស្ដីជាច្រើនត្រូវបានអ្នកស្រាវជ្រាវលើកជាពីរចំណុច ដែលចំណុចទីមួយស្គរនេះ គឺជាឧបករណ៍ភ្លើងក្នុងពិធីបុណ្យ និងចំណុចទីពីរ គឺវត្ថុពាណិជ្ជកម្មដែលឃើញនៅតំបន់ផ្សេងៗក្នុងអាស៊ីអាគ្នេយ៌។ មានអ្នកស្រាវជ្រាវជាច្រើនចោតជាសំណួរលើតួនាទីនៃស្គរសំរឹទ្ធក្នុងវប្បធម៌ដុងសឺន និងនៅតំបន់ផ្សេងៗទៀត ដែលប្រហែលស្គរនេះដើរតួនាទីជាវត្ថុអំណោយ ដោយឧទារហណ៍ស្គរនៅប្រទេសឥណ្ឌូណេស៊ីមិនត្រូវបានផលិតក្នុងស្រុកទេ ប៉ុន្តែគេដឹងថានាំមកពីឥណ្ឌូចិន។
សរុបមកវប្បធម៌ដុងសឺន គឺទទួលឥទ្ធិពលពីអរិយធម៌ចិន ទាំងបច្ចេកទេសនៃការផលិតលោធាតុ និងរបៀបនៃការកប់សពជាដើម ហើយវត្ថុសំខាន់នៃវប្បធម៌នេះ គឺជាស្គរសំរឹទ្ធដែលឃើញមាននៅប្រទេសកម្ពុជា ថៃ និងវៀមណាម ជាដើម៕
អត្ថបទដើម៖ លោក អេង តុលា