ទំព័រដើមទំនៀមទម្លាប់បុរាណ“ទ្រាំង”៖ រុក្ខជាតិមាន​ប្រយោជន៍ក្នុងសង្គមវប្បធម៌ខ្មែរ  

“ទ្រាំង”៖ រុក្ខជាតិមាន​ប្រយោជន៍ក្នុងសង្គមវប្បធម៌ខ្មែរ  

“ទ្រាំង” ឬអ្នកស្រុក​ខ្លះ​ហៅថា “សម្លាញ” មាន​ឈ្មោះ​ជា​​ឡាតាំង Corypha lecomtei​។ គេចាត់ទុកទ្រាំង​ស្ថិតនៅ​ក្នុង​អម្បូរត្នោត ឬជ្រែ តែទ្រាំង​មាន​​ធាង​វែង និង​​ស្លឹក​ក្រាស់។​ នៅ​ប្រទេស​កម្ពុជា គេសង្កេត​ឃើញ​​​​​ទ្រាំង​មាន​​ដុះ​​​ច្រើន​​​​ក្នុង​ខេត្ត​​ក្រចេះ តាមបណ្តោយ​ផ្លូវ​ជាតិ​លេខ​​៧៣ ចន្លោះ​​​​ស្រុកស្នួល​ទៅទីរួមខេត្ត ព្រម​ទាំង​​ឃើញ​​​​នៅ​​តាមវត្តអារាម និង​ទីកន្លែង​ខ្លះ​​ក្នុង​​ខេត្ត​នានា​​​ដូចជា ​ស្ទឹង​ត្រែង​ ព្រះវិហារ សៀមរាប កំពង់​ធំ។ តាំង​ពី​ដើម​​រៀង​មក ទ្រាំង​​អាច​ប្រើ​ការ​បាន​ជា​ប្រយោជន៍​ច្រើន​យ៉ាងក្នុង​អារ្យ​ធម៌ខ្មែរ​ និង​ការ​ប្រើ​ប្រាស់​អាស្រ័យ​​ទូទៅ តាម​​ចំណេះ​និង​គំនិត​ប្រាជ្ញាកែច្នៃ​​​ ​ជា​ពិសេសគេដឹងថារបៀប​កត់​ត្រា​​បែប​បុរាណដែលយក​ស្លឹក​​ទ្រាំង​​ចារជា​​​ក្បួន​ច្បាប់​​ផ្សេងៗហៅ​ថា​​ “សាង​គម្ពីរ”។

បច្ចុប្បន្ន ថ្វីបើមនុស្សទូទៅពុំសូវស្គាល់​​ “​ទ្រាំង” ឬ “សម្លាញ” តែយ៉ាង​ហោច​ណាស់​ពាក្យ “សម្លាញ” ​គេឃើញ​មាន​ចារ​ក្នុងសិលាចារឹក​​ជា​ភាសា​ខ្មែរ​បុរាណ​តាំង​ពី​រវាង​​​សតវត្ស​ទី១០។ សិលាចារឹក​ចុះលេខសារពើភណ្ឌ K.344 និង K.380 មាន​​ពាក្យ “វ្រៃសម្លាញ” [vrai saṃlāñ] (ព្រៃសម្លាញ)។​ រីឯ​សិលាចារឹក​ចុះ​លេខ​សារពើ​ភណ្ឌ​ K.754  ចារ​​ក្នុង​​សតវត្សទី​១៤ មាន​​​​ពាក្យ “គោកសម្លាញ” [gok saṃlāñ]។ លើស​ពីនេះ សព្វ​ថ្ងៃ​ពាក្យ​ទាំង​ពីរ​បាន​​ក្លាយ​​ជា​ស្ថាននាម​​ស្រុក​ភូមិ​មួយ​ចំនួន​ដូចជា “ស្រុកទ្រាំង” នៅ​ខេត្ត​​តាកែវ “វត្តសម្លាញ” ក្នុង​ស្រុក​អង្គរជ័យ​ ខេត្ត​កំពត និង​ “វត្តព្រៃសម្លាញ” នៅស្រុក​ពារាំង​ ខេត្ត​ព្រៃវែងជាដើម។

បើផ្អែក​តាម​សេចក្តីពន្យល់​ក្នុង​វចនានុក្រមខ្មែរ យើង​ឃើញ​ថា​បុរាណ​លោក​បាន​វែក​ញែក​ឱ្យ​ដឹងអំពី​ប្រយោជន៍​ច្រើនប្រការ​របស់ទ្រាំង និង​ពាក្យ​​ទំនឹមទំនៀម​បុរាណ​ដែល​ខ្មែរ​ប្រើ​ធៀប​នឹង​ទ្រាំង​យ៉ា​ងសម្បូរ​បែប​គួរឱ្យពិចារណា​។​ ស្លឹកទ្រាំង​ ​ប្រើ​ការ​ចារ​ក្បួនច្បាប់​ ឬ​គម្ពី​រ​ដីកា​ផ្សេងៗ​ហៅថា “ស្លឹករឹត” ឬ “សាស្រ្តាស្លឹករឹត” ឬ “សាស្រ្តា”។ បើទ្រនុង​ស្លឹកទ្រាំង​​គេ​ច្រៀក​ធ្វើ​ជា​កន្លាស់ ​ដោត​ខ្ទាស់​ស្លឹក​ខ្ចី​គ្រប​បន្តិចៗ​លើ​គ្នា​ឱ្យ​បាន​ជា​បន្ទះ​វែងៗធំៗ​សម្រាប់​ប្រក់​ ឬបាំង​ផ្ទះ​ហៅ​ថា “​ភ្ជល់”។ ចំពោះ​ការ​ប្រើស្លឹក​ទ្រាំង​ត្បាញ​ជា​ការុង​ ឬសំពៀត​ជាដើម​ក៏​ហៅថា​ “ភ្ជល់” បានដែរ។ ប៉ុន្តែ​ប្រើច្រៀក​ជា​ចម្រៀក​តូច​ៗ ​ត្បាញ​ធ្វើ​ជា​ក្តោង​ទូក​ហៅ​ថា​ “ទទក់”។ ចំណែកឯទ្រនុងទ្រាំងដែល​សក​យក​ស្លឹក​ចេញ​ហៅ​ថា​ “ទ្រនុង​រឹត” ឬ “ឆ្អឹង​រឹត”។ រីឯ​ធាង​​ទ្រាំងទុំ​ដែល​គេ​កាប់​យក​មក​ពុះ​ ហើយ​ច្រាស់​ ឬឈូស​ធ្វើ​ជា​វត្ថុ​ផ្សេងៗ​ដូចជា​ ​ដំបង ដាម ឬ​ព័ន្ធមូល (គ្រឿងត្បាញ) ជាដើម គេ​​ហៅថា​ទ្រាំងដែរ គឺ “ដំបងទ្រាំង” “ដាម​​ទ្រាំង” និង​ “ព័ន្ធមូលទ្រាំង”​។

កំពូលទ្រាំងដែលអាច​កាប់ប្រើប្រាស់បាន
ការកាប់កំពូលទ្រាំង (រូបថត៖ ភឿន ផាវី)

ដោយឡែកចំពោះ​ពាក្យ​ទំនឹមទំនៀមបុរាណដែល​ខ្មែរ​និយាយ​ពាក់​ព័ន្ធនឹង​ “ទ្រាំង” គឺ “ទ្រាំង​កំដរ​ខ្មោច”។  ត្រង់នេះ​បុរាណ​ពន្យល់ថា គេយក​ធាង​ទ្រាំង​ដែលគេ​ធ្វើ​ជា​ដាម ឬ​ជា​ព័ន្ធ​មូល​​ទៅចង​ភ្ជាប់​ ឬខ្ទាស់​នឹង​កាំជណ្តើរផ្ទះ​ ដោយ​គេ​ជឿ​តាម​ទម្លាប់ថា ខ្មោច​បិសាច​​ខ្លាច​ទ្រាំង គេ​ការ​ពារ​មិន​ឱ្យ​ខ្មោច​បិសាច​ឡើង​តាម​ជណ្តើរ​ចូល​ក្នុង​ផ្ទះបាន។ ហេតុដូច្នេះ​ហើយ​ បើ​មនុស្សណាខ្ជិល​​ ឬដែល​ល្ងង់​ទុយ​មុយ​ពេក​ ពេល​យប់​ដេក​មិន​សូវ​ដែល​ប្រែ​ខ្លួន​ បាន​ត្រឹម​មក​ដេក​កំដរ​កុំឱ្យ​តែខ្លាចខ្មោច​បិសាច​លង​​ គេនិយាយថា “ដូច​គេ​យក​ទ្រាំង​មក​កំដរ​​ខ្មោច”។ ប៉ុន្តែ​សព្វថ្ងៃ របៀប និង​រូប​ភាព​នៃការ​ប្រើ​ប្រាស់ផ្នែក​ផ្សេង​ៗ​របស់​ទ្រាំង​ហា​ក់​ដូច​ជា​​​ថមថយ​​ខ្លាំង​ ស្របនឹងស្ថានភាព​ព្រៃទ្រាំង​ក៏ហាក់​ដូច​ជា​ហោច​ទៅ។ រីឯទំនៀម​ និង​ពាក្យ​ប្រដូច​ខាងលើ​ ក៏ហាក់ពុំ​សូវ​ឮ។ ខាងក្រោមនេះ យើងនឹង​បង្ហាញ​ទិដ្ឋភាព​ខ្លះ​ដែល​ជា​ប្រយោជន៍ទ្រាំង​នៅក្នុង​សង្គម​ខ្មែរ។ ដូចបាន​និយាយខាងដើមថា ចំពោះការ​ប្រើប្រាស់​​ផ្នែក​ផ្សេងៗនៃដើមទ្រាំង ​ហាក់​ដូច​ជា​​សម្បូរ​បែប​ណាស់។ ប្រយោជន៍ធំដែល​គេប្រើជាទូទៅ គឺនៅ​ផ្នែក​កំពូល (បណ្តូល) និង​​ស្លឹក​​​របស់វា (រូប​លេខ៨-៩)។

កាល​ណា​គេ​ត្រូវ​ការ​ប្រើប្រាស់ គេ​តែង​កាប់​យក​កំពូល​នោះ​​​មក​កាត់​ជា​បី​កំណាត់។ ផ្នែកខាង​គល់និង​ចុង ​គេ​ច្រើន​​ចៀរយក​ទ្រនុង​ចេញ ​ហើយ​ដេរ ឬក្រង​សម្រាប់​បាំង ឬ​ប្រក់​​ផ្ទះ​។ ការ​យក​កំពូល​ទ្រាំង​មក​ប្រើ​បែបនេះ អ្នក​ខ្លះ​ហៅថា “ភ្ជល់”។ ប៉ុន្តែ​ចំពោះ​ស្លឹក​​ចាស់ គេអាច​កាប់​ក្រង ឬចងបាំងផ្ទះ​បាន​។ ហួស​ពីនេះ​ទៀត គេ​អាច​យក​ប្រើ​​សម្រាប់​ប្រក់​រោង​ ឬខ្ទម​ចម្ការ​ផង។

ជញ្ជាំង​ភ្ជល់ក្រងកៀបពីស្លឹកទ្រាំងខ្ចី
ស្លឹកទ្រាំងចាស់ចងបាំងផ្ទះ

ចំណែកឯកំណាត់​កណ្ដាលនៃកំពូលទ្រាំង ​ដែល​បាន​និយាយមក​ខាងលើ គេ​ប្រើ​ សម្រាប់​​ចារគម្ពីរ ឬ​ក្បួន​ច្បាប់​ផ្សេងៗ​ទៅតាម​របៀបបុរាណ​​ ដូច​​បញ្ជាក់​មក​ខាង​ដើម​ដូចជា ​ចារសាស្រ្តា ឬវាន ពីព្រោះ​ផ្នែក​កណ្តាល​នៃ​កំពូល​​ទ្រាំង​​មានលក្ខណៈ​​​ស្មើ មិន​រៀវ និងមិន​ក្រាស់ពេក​មិន​ស្ដើង​​ពេក។ ប៉ុន្តែស្លឹកនេះត្រូវ​ឆ្លង​កាត់​ដំណាក់​កាល​ច្រើន និង​យូរថ្ងៃ ទម្រាំ​អាច​​យកទៅចារបាន​ ពោល​រាប់​តាំង​​ពីវាស់​កាត់​យក​ខ្នាតជាដើម។ បន្ទាប់​​មក គេត្រូវ​យក​ស្លឹក​នោះ​ទៅ​ហាល​ថ្ងៃ​ឱ្យ​ស្ងួត រួច​ហាល​សន្សើមទើប​យកមកច្រៀក​ទ្រនុង និង​ជូតសម្អាត។ ផុត​ពីនោះ គេត្រូវចងបាច់​ស្រុស​ទឹកក្តៅ ហើយដាក់​ហាលថ្ងៃម្តង​ ឬពីរ​ដង​ទៀត ទើប​ចូលដល់​ដំណាក់​កាល​ដាក់ខ្នោះ​កៀប​ស្លឹក​ឱ្យត្រង់ ទុករយៈពេល១ខែកន្លះ ទៅ​២​ខែ។ បន្ទាប់មក គេ​ត្រូវ​យកទៅឆ្អើរភ្លើង​ ជូត​សម្អាត​ជាថ្មី ទើបឈូស​កាត់តម្រឹម វាយ​បន្ទាត់ និងចារអក្សរ។

សូមបញ្ជាក់ថា ការចារសាស្រ្តាសាងគម្ពីរ ជាទំនៀមដែលខ្មែរ​ជឿ​ថា​​បាន​អានិសង្ស​​​ក្រៃលែង​​សម្រាប់​ជាតិ​កំណើត​​ខាងមុខសព្វៗសន្តាន។ ព្រះសង្ឃ ឬ​អ្នក​ធ្លាប់បួសរៀនមាន​ចំណេះ​ចេះចាំក្បួន​ច្បាប់​​​ផ្សេងៗ ទាំងពុទ្ធចក្រ និ​ងអាណាចក្រ​ ច្រើន​ជា​អ្នក​មាន​ស្នាដៃ​ចារ​សាស្រ្តា​​ ឬវាន។ ការ​ចារ​នោះសោត​ ក្រៅ​ពី​ជឿថា​បាន​បុណ្យ​កុសល​ទៅជាតិខាង​មុខ ក៏ជា​ចំណែក​មួយ​នៃ​ការ​សាង​គម្ពីរ​​សម្រាប់​ការ​សិក្សា​រៀនសូត្របែប​សាលា​បុរាណ នៅតាម​វត្ត​នានា​។ ​​​ផ្ទុយ​ទៅវិញគេ​ជឿ​ថា ​អ្នក​ឯណា​​យក​គម្ពីរ​ស្លឹករឹត​​​នោះ​​ប្រើប្រាស់​ មិនទុក​ដាក់​​ថែរក្សា​សមរម្យ ឬ​សរសេរ​គូស​វាស​លើ ជាតិ​ខាង​មុខ​នឹង​ខ្វាក់​ភ្នែក។

ព្រះសង្ឃអានសាស្រ្តាសម័យដើម (រូប?)
ព្រះសង្ឃអានសាស្រ្តាសព្វថ្ងៃ

ចំពោះស្លឹកទ្រាំងនេះ ក្រៅពីយកទៅប្រើប្រាស់​ដូចរៀបរាប់ខាងលើ គេនៅអាច​ច្នៃ​ធ្វើ​​ឧបករណ៍មួយ​បែបទៀត​សម្រាប់យួរ ឬដងទឹកបណ្តោះអាសន្ន​ហៅថា “ក្បង់”។ ទន្ទឹម​នឹង​នេះ សព្វ​ថ្ងៃគេ​ក៏អាច​យក​​ស្លឹកទ្រាំងត្បាញ​កន្ទេល​បានដែរ​។ រីឯធាង​ និង​ដើមរបស់វា គេ​ច្នៃធ្វើ ចង្កឹះ វែកបាយ ត្បាញកន្រ្តក ឬធ្វើឈើច្រត់ ជា​វត្ថុប្រើ​ប្រាស់ ឬវត្ថុ​អនុស្សាវរីយ៍​។ ចំណែក​ក្នុង​វិស័យ​ឱសថបុរាណ គេ​យក​ស្លឹកទ្រាំង​ដុត​កម្លោច​ លាបកបនឹង​រលាក​ ហើម ឬខ្ទាំ។ ឫសទ្រាំង ដុស​ផឹក​កប​នឹង​អាការៈក្តៅក្នុង ផ្តាសាយ ឬស្ងោរផឹក​ កបនឹង​ជំងឺ​រាកមួល និង​ក្អក។ ដូច្នេះជារួម ទ្រាំងជារុក្ខជាតិ​ដែលគេ​ស្គាល់​ និងប្រើប្រាស់​​​ក្នុងសង្គម​ខ្មែរ​​តាំង​ពីបុរាណ។ ប៉ុន្តែសព្វថ្ងៃទាំង​ស្ថានភាពទ្រាំង និងការ​ប្រើប្រាស់​ហាក់​ដូច​ជា​​ថយចុះ​៕

————————-

Trang: Useful plant in Khmer Society

Trang is known as Samlanh. The technical term for this plant is Corypha Lecomtei. It is in the group of palm trees or Chrei. However, it has a longer front and has thicker leave. In Cambodia, this plant mostly grows in Kratie and along the Nationally Road 73, between Snoul and the town. A small number of Trang grows in Steung Treng, Preah Vihear, Siem Reap, and Kampong Thom. The leaves of Trang are the most useful part. In the past, the leaves were used to make manuscripts. Making a manuscript is called Sang Kumpi. 

In the present, most of the people don’t know Samlanh. However, the term Samlanh appeared in Khmer inscriptions in the 10th century, K.344 and K.380 as vrai saṃlāñ. Later, in the 14th century, it appeared in the inscription, K.754 as gok saṃlāñ. Present day, some toponyms use these two terms. For example, Trang district in Takeo province. Vat Samlanh in Angkor Chey district, Kampot province. Vat Prei Samlanh in Pearang district, Prei Veng province. 

The various functions of Trang counting from the leaves to the trunk are well described in the Khmer dictionary. Also, Khmer believes Trang will protect from the ghost and spirits. In this case, Trang is called Trang Kamdor Khmoch (Relatively means Trang to accompany the ghost). Hence, they place Trang on the stairs. Sometimes, they compare the people who are lazy, silly or like to sleep to Trang Kamdor Khmoch. However, most people don’t know about this story or belief. 

The most important part of Trang is the top part (core) and the leaves. The top part cuts into three sections. The upper and the bottom parts tend to remove the leaf stalk and sew together to cover the roof or the wall. The term for this usage is Pjol. The middle part is just right to use for making a manuscript. However, making a manuscript from the leaves requires many steps. The leaves are measured and cut depending on the length of the manuscript. Then, dry under the sun and then under the dew. The next step is to remove the leaf stalk and clean. After cleaning, all the leaves will be soaked in hot water and then dried one or two times. The next step is straitening the leaves for one month and a half to two months. Then, dry the leaves under the fire, trim, draw the line and write (carving). 

Significantly, Khmer believed making this manuscript will gain more merit for the next life. Those to destroy or careless on the manuscript will be blind in the next life. Besides, carving the manuscript provides the texts for studying mainly in the pagoda.  

The leaves could form as objects for carrying, even taking the water. The Khmer term for this is Kbang. In the present, the leaves use to make the mat. The front and the trunk could make the chopstick, spoon, basket, walking stick, and some souvenirs. The leaves use as a remedy for treating the burn and swelling. The root use to cure fever, cold, diarrhea, and cough. Therefore, Trang is crucial in Khmer society. However, the population and usage of Trang are decreased. 

អត្ថបទដើម៖ ហៀន សុវណ្ណមរកត

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!