(ព្រះនាងខត្តិយាណី)
កាមាប្រឹងទប់សំដីទ្រគោះឡកឡឺយនេះ រួចសំឡឹងឡោះងតឹងស្ទើរច្រាលពីដើមទ្រូង ថាៈ ហ៊ឺស! ហ៊ឺស! កាមាមិនងាយស្លាប់ទេ។ កាមារស់នៅដើម្បីសងសឹកឈ្មោះមានន្ទ។ មើលៗ នែមានន្ទទុស្នាមមុខ ស្នាមដៃឲ្យកាមាសងឈាមដែលបានហូរចេញពីសាច់កាមា។ ឈាមនេះ បានហូរនៅថ្មីៗ សើមៗ ក្តៅៗ។ ឈាមនេះមួយតំណក់ ស្រែកហៅឈាម មានន្ទមួយតំណក់ ដែរ។ ឈាមនេះហៅឲ្យកាមាសងសឹក។ អឺ! សេចក្តីសងសឹកជាចិត្តមួយមុខដូចចិត្តសេ្នហា។ គេនឹកឃើញរាល់ពេល។ គេសង្ឃឹមរាល់ថ្ងៃ។ គេទន្ទឹងចាំវេលារាល់នាទី។ គេចងគេចាំជានិច្ច….ឃើញទេបង! ហ៊ឺៗ ឃើញទេ ហ៊ឺ!
កាមាញេញធ្មេញ ទះកំផ្លៀងមានន្ទមួយដៃផូងយ៉ាងអស់ទំហឹង។ មានន្ទដួលផ្កាប់ផ្ងារ ស្ទុះ ក្រោកឡើងកញ្ជ្រោលក្នុងកណ្តាប់ដៃទាហានទាំងបួនដែលចាប់អ្នកជាប់ រួចស្រែកយ៉ាង សាហាវលាន់រំពងគុកថាៈ កាមា! កាមា! យើងទាំងពីរនៅទល់មុខនឹងមុខ ខ្លួននឹងខ្លួន។ លែង ដៃ លែងជើងអញចេញ ទើបអញហៅគ្រាន់បើ។ កាមា! កាមា! សាច់និងសាច់ ឈាមនិង ឈាម គំនុំនិងគំនុំ កុំចាំរើសពេល កុំចាំរើសថ្ងៃ កុំចាំរើសម៉ោង មកចុះមកឥឡូវនេះ។ លែងៗ ឆាប់ៗ។
ពីមុខមានន្ទដែលកញ្ជ្រោលដូចខ្លាជាប់អន្ទាក់ កាមាញញឹមរួចកាន់ប្ញកពារនឹងខ្លួន សំឡេងណែនស្ទើដដែល ហាក់ដូចគ្មានបានធ្វើអ្វី ឆ្លើយទៀតថាៈ
ហ៊ឺសៗ មរណភាពរបស់មានន្ទនៅក្នុងកណ្តាប់ដៃកាមាហើយ។ កាមាមិនលែងមានន្ទជា ដាច់ខាត។ អយុត្តិធម៌មានជ័យរហូតតាំងពីថ្ងៃនេះទៅ ដោយមានន្ទម្នាក់ស្លាប់បង់ជីវិត។ ក្នុង ពេលនេះគឺមានន្ទដែលហែលក្នុងទឹកភ្នែក ក្នុងឈាមក្នុងញើសរបស់អ្នកស្រុកដែលមានន្ទ ចង់់ជួយស្រោចស្រង់។ កាមាប្តេជ្ញាថាសម្លាប់ឲ្យអស់មនុស្សសុច្ចរិតប្រឆាំងនឹងធម្មជាតិល្បង មើល។ ឥឡូវអញ្ជើញបងមានន្ទហៅយុត្តិធម៌ ហៅព្រលឹងចិត្តស្នេហាជាតិហៅសេចក្តីស្នេហា ប្រជាជន មកជួយឲ្យខ្ញុំឃើញពិស្តារផងមើល។ ទេ! គ្មានទេ ឃើញទេគ្មានជួយទេ។ យុត្តិធម៌ ឯករាជ្យជាតិ ឥស្សរភាពកើតបានតែនឹងអាវុធ។
ចុងដាវរបស់កាមាគ្រវីយ៉ាងភ្លែតៗ នៅចុងដង្ហើមមានន្ទដែលខាំធ្មេញសង្រ្កឹតហើយ ដែលសម្រុក ឲ្យរួចពីដៃទាហានទាំងបួនដែលអ្នកចាប់អ្នក។ កាមាបន្តការចរចាដូចតទៅៈ អឺ! អាវុធនេះសាងឲ្យកើតសេចក្តីស្ងប់ស្ងាត់បាន។ អាវុធនេះធ្វើឲ្យមនុស្សរាប់លាន់ឪនក្បាលបាន មិនថាស្រី ប្រុស ក្មេង ចាស់ទេ។ ឥឡូវកាមាចង់ឲ្យមានន្ទអោនក្បាល ពីមុខអាវុធរបស់កាមា។ កាមារុញដាវទៅមុខ បម្រុងនឹងចាក់មានន្ទសម្លាប់ចោល។ តែមានន្ទចាប់ដាវនេះកន្រ្តាក់របូត ពីក្នុងដៃ។ មានន្ទយកដាវនេះមកកាច់នឹងក្បាលជង្គង់បាក់ជាពីរកំណាត់ប្រស់ រួចគ្រវាត់ទៅ កៀនជញ្ជាំងប្រាវ និយាយបន្ទូរសំឡេងថាៈ
កាមា! កាមា! អញចង់ឲ្យដាវទាំងអស់ក្លាយទៅជាគ្រឿងសំរាប់ការពារប្រជាជនរាប់លាន នាក់។ អញចង់ឲ្យដាវទាំងអស់បាក់ោចំពោះមុខប្រជាជនមិនថាចំពោះមុខស្រី ឬប្រុស ក្មេង ឬចាស់ទេ។ អញចង់ឲ្យអ្នកកាន់ អំណាចទាំងអស់ ឪនក្បាលពីមុខច្បាប់។ អញចង់ឲ្យជន ជាតិនីមួយៗគ្រប់គ្រងដោយខ្លួនឯងលើដែនដី។
កាមាកញ្ឆក់យកដាវមួយទៀត ពីចង្កេះទាហានម្នាក់មកផ្តោតដើមទ្រូងមានន្ទម្តងទៀត។ អ៎ា! អ៎ា! បងដឹងអានុភាពរបស់អាវុធដែលគ្រប់គ្រងស្រុកហើយ។ ទៅៗ! ស្លាប់ទៅចុះ! (កាមា រុញដាវទៅមុខយ៉ាងអស់ទំហឹង)
សម្រែកនារីម្នាក់ស្រែកយ៉ៃឡើងៈ អេ! ឈប់ៗបងកាមា បង! កុំៗ កុំទាន់អាល…កាមាទុចង៉ក់ មានន្ទក្រឡេកមើលទៅឃើញនារីម្នាក់រត់ចូលមក។ នាងមានរាងស្តើងខ្ពស់សាច់ម៉ដ្ឋស្លៀក ពាក់ល្អផុតអស់នារីទាំងពួងមានគ្រឿងអលង្ការលំអនៅក និងនៅដៃ ដាំសុទ្ធសឹងពេជ្រទាំង គ្រាប់ភ្លឺចិញ្ចែង។
នារីមានសម្ផស្សក្រៃពេកជាទីគួរប្រតិព័ទ្ធ។ នាងទេវីល្អមួយបែបនាងដែលទើបមកដល់ល្អ មួយបែបថ្មីប្លែកទៅទៀត។ ទាហានទាំងអស់ឪនគោរពស្រ្តីថ្មីដែលហក់ស្ទុះចុះពីរាជបល្ល័ង្ក ព្រហ្មមកក្នុងពេលដែលបងប្អូនពីរនាក់ហៀបនឹងសម្លាប់គ្នា។ នាងងក់ក្បាលគំនាបយ៉ាងគួរ សមដល់ទាហានវិញ។ ធីតាជណ្តើរមកឪបចង្កេះកាមា។
បង! កុំធ្វើដូច្នោះ បងប្អូនយើងទេ។ ប្អូនសូមអង្វរចុះ។ ប្អូនមកដល់ទីនេះយូរណាស់ហើយ ប្អូនលបមើលតាមមាត់ទ្វារមក។ ប្អូនបង្ហូរទឹកភ្នែក។
នារីបេះដាវពីដៃកាមា។ ទឹកមុខដ៏វិចិត្រដូចស្រីស្ថានសួគ៌សំឡេងដ៏ពិរោះដូចតូរតន្ត្រីនា ស្ថានតាវតឹង្ស សាច់ទន់ត្រជាក់ ភ្នែករលោងដែលអង្វរនេះធ្វើឲ្យកាមាទន់ដៃជើងអស់ស្ទើរ បាត់ស្មារតី។ បុរសស្តាប់នាងធ្មឹង។ ភ្នែកទល់ភ្នែក កាមាហាក់ឃើញវិញ្ញាណនាងឆ្លុះក្នុង វិញ្ញាណអ្នក។
កាមានិយាយឆ្លើយមុខស្ងួតស្ទើរខ្សឹបថាៈ
អូន! មិនត្រូវមកទីនេះទេ ត្បិតនេះគេហាម។ ម្យ៉ាង ទីនេះជាទីដែលអាចមានគ្រោះថា្នក់ ដល់អូន។ នាងឪបខ្ទប់ក្បាលទៅក្នុងដើមទ្រូវកាមា និយាយយ៉ាងខ្សឹកខ្សួលថាៈ
បងមានប្រសាសន៍ត្រូវណាស់ តែប្អូនមានចិត្តនឹករលឹកបន្ទាយយើងនេះណាស់។ ប្អូនខាន មកប្រាំពីរឆ្នាំហើយ។ បងគិតមើល ប្អូននឹកនោះប៉ុណ្ណោះ។ ប្អូននៅក្នុងបន្ទប់របស់ប្អូនមិនបាន ទេចង់តែដើរទៅមើល។ ប្អូនហាក់ឃើញរឿងចាស់ៗ ដែលប្អូនធ្លាប់រស់នៅពីដើម។ គឺបងទេ ដែលមិនត្រូវមកទីនេះសោះ។
កាមាឆ្លើយថាៈ ម៉េចក៏ដូច្នោះ? ធីតាងើបមើលមុខកាមាគ្រវីក្បាលឆ្លើយថាៈ
ព្រោះទីនេះ ជាទីក្តៅក្រហាយដែលអាចនាំចិត្តបងឲ្យអន្ទះអន្ទែងដែឡអាចនាំដៃបងឲ្យ ប្រឡាក់នៅឈាមមួយដែលមិនហួសពីឈាមរបស់បងហើយដែលជាឈាមរបស់ប្អូនដែរ។ បើបងស្រលាញ់ប្អូនមែនៗ សូមបងអញ្ជើញទៅវិញ។
(សូមរងចាំតាមដានភាគទី៣៣ នៅសប្តាហ៍ក្រោយ)