សណ្ឋានដីរាងមូលនៅស្រុកកំពង់សីលា មានទីតាំងជាក់លាក់ស្ថិតក្នុងទំនាបវាលស្រែរបស់អ្នកស្រុក ដែលរស់នៅក្នុងភូមិចាំស្រី ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ(រូបលេខ១)។ សណ្ឋានដីរាងមូលនេះ បានបង្ហាញយ៉ាងច្បាស់តាមរយៈរូបភាពពីលើអាកាស ពីក្រសួងបរិស្ថាន។ តាមរយៈរូបភាពនេះ នាំឱ្យអ្នកស្រាវជ្រាវរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលមានការចូលរួមពីលោក ហេង សុផាឌី លោកវឿន វុទ្ធី និងក្រុមការងារ បានបើកការសិក្សាស្រាវជ្រាវជាបន្ទាន់នៅក្នុងអំឡុងខែមេសា ឆ្នាំ២០២២កន្លងទៅនេះ។ ការសិក្សាស្រាវជ្រាវនេះ មានគោលបំណងចង់ដឹងថា តើសណ្ឋានដីរាងមូលនេះ គឺជាបន្ទាយគូ ឬភូមិមូល ឬទេ?

តាមរយៈរូបភាពពីលើអាកាសបង្ហាញថា សណ្ឋានដីរាងមូលនៅស្រុកកំពង់សីលា មានទម្រង់ពីរជាន់ ដែលជាន់ខាងក្រៅ មានខ្សែដែលមានរូបរាងដូចជាភ្លឺស្រែដាច់ផង និងជាប់គ្នាផង។ ជាន់ខាងក្រៅ និងខាងក្នុងខណ្ឌដោយសណ្ឋានដីដែលមានរាងចតុកោណកែងបន្តបន្ទាប់គ្នា ដែលខ្លះមានសណ្ឋានដីខ្ពស់ ចំណែកខ្លះទៀតមានសណ្ឋានដីទាប។ ជាន់ខាងក្នុង ជាផ្ទៃដីរាបស្មើ និងបែងចែកជាបីផ្នែក។ ផ្នែកទី១ គឺជាចំណែកនៃពាក់កណ្តាលរង្វង់។ ចំណែកផ្នែកទី២ និងទី៣ មានទំហំស្នើគ្នា ដែលកើតពីការបែងចែកពាក់កណ្តាលរង្វង់ដែលនៅសល់។ តាមការវាស់វែងបង្ហាញថា សណ្ឋានដីរាងមូលនេះមានអង្កត់ផ្ចិត ប្រហែល១៣០ម៉ែត្រ និងមានភ្លឺស្រែដែលមានទទឹងរវាង៨០ស់ទីម៉ែត្រ ហើយមានកំពស់ ពី២០ ទៅ៥០សង់ទីម៉ែត្រ។ ផ្លូវចូលស្ថិតនៅទិសខាងត្បូង ប៉ុន្តែបានប្រែក្លាយទៅជាភ្លឺស្រែ ដែលមានទទឹង៨០សង់ទីម៉ែត្រ និងកំពស់ពី៣០ ទៅ៥០សង់ទីម៉ែត្រ។

បន្ថែមពីលើនេះទៅទៀត នៅត្រង់អ័ក្សកណ្តាលបានទម្រមួយ ធ្វើពីស៊ីម៉ងដ៍ និងមានចំណែកប្រអប់ជើងនៅលើទម្រនោះ និងឆ្លាក់អក្សរលើជើងទម្រ «កងឧបសម្ព័ន្ធមន្ទីរពេទ្យ ១៩៦២-១៩៦៣» (រូបលេខ៤-៥)។ ក្រៅពីនេះគ្មានភស្តុតាងបុរាណវិទ្យាដទៃទៀតដែលរកឃើញនៅភាគខាងក្នុង និងខាងក្រៅនៃទីតាំងនេះ។ ទិន្នន័យដែលបានរៀបរាប់ខាងលើទាំងអប្បាលមាណនេះ មានសារសំខាន់ឱ្យគេអាចធ្វើការសិក្សាប្រៀបធៀបទៅនឹងលក្ខណៈនានានៃបន្ទាយគូ ឬភូមិមូលដែលធ្លាប់បានសិក្សាកន្លងមក។ តាមរយៈការសិក្សាស្រាវជ្រាវភូមិមូលតាំងពីពាក់កណ្តាលទសវត្សទី២០ មកដទល់បច្ចុប្បន្ន បុរាណវិទូបានរកឃើញបន្ទាយគូ ឬភូមិមូលជាច្រើននៅក្នុងប្រទេសកម្ពុជា។ គេអាចស្ថានីយនេះទៅជាបួនទីតាំងធំៗផ្សេងគ្នា។ ទី១ ភូមិមូល នៅភាគខាងកើតដងទន្លេមេគង្គ (ខេត្តត្បូងឃ្មុំ និងខេត្តក្រចេះ) ទី២ ភូមិមូលនៅភាគខាងលិចតំបន់អង្គរ ទី៣ ភូមិមូលនៅតំបន់ជើងឯក (រាជធានីភ្នំពេញ) និងទី៤ អាងទឹកសោ ភឹម (ខេត្តត្បូងឃ្មុំ)។


រួមសេចក្តីមកឃើញថា សណ្ឋានដីដែលមានរាងមូលនៅស្រុកកំពង់សីលា ខេត្តព្រះសីហនុ គឺមានលក្ខណៈមិនដូចគ្នានឹងបន្ទាយគូ ឬភូមិមូលនៅភាគខាងកើតទន្លេមេ គង្គ ដូចជានៅក្រែក មេមត់ នៅត្បូងឃ្មុំ និងស្នួលក្នុងខេត្តក្រចេះនោះទេ។ ក្រៅពីនេះ លក្ខណៈនៃការរៀបចំសណ្ឋានដីរាងមូលនេះ ក៏មិនដូចគ្នានឹងភូមិមូលនៅជើងឯកនោះដែរ។ ផ្ទុយទៅវិញ លក្ខណៈដោយឡែកបែបនេះ ក៏មិនខុសពីលក្ខណៈអាងទឹក សោ ភឹមដែរ។ ម្យ៉ាងទៀតទីតាំងនេះ ពុំមានកំពែងដី និងគូទឹក ហើយក៏ពុំមានវត្ថុបុរាណបញ្ជាក់ពីសកម្មភាពរបស់មនុស្សពីសម័យបុរេប្រវត្តិដែរ។ ចំពោះរចនាសម្ព័ន្ធដីរាងមូលដែលមើលឃើញពីលើអាកាសនោះ គឺជាទំបន់ដីប៉ុនភ្លឺស្រែដែលគេលើកដីព័ទ្ធជុំវិញ ហើយសព្វថ្ងៃមានមុខងារជាភ្លឺស្រែរបស់អ្នកស្រុកដែលជាម្ចាស់កម្មសិទ្ធ។ ចំណុចទាំងនេះ នាំឱ្យគេសន្និដ្ឋានបានថា សណ្ឋានដីរាងមូល នៅស្រុកកំពង់សីលា ខេត្តព្រះសីហនុ មិនមែនជាបន្ទាយគូ ឬភូមិមូលនោះទេ។ ប៉ុន្តែបើទោះជាយ៉ាងនេះក្តី ទីតាំងនេះគួរមានការថែរក្សាការពារ ក្នុងគោលបំណងលើកកំពស់ជីវភាពប្រជាជន និងអភិវឌ្ឍន៍ក្នុងសហគមន៍៕