ទំព័រដើមសិល្បៈរឿងព្រះសុធននាងកែវមនោហ៍រាក្នុងរបាំក្បាច់បុរាណខ្មែរ

រឿងព្រះសុធននាងកែវមនោហ៍រាក្នុងរបាំក្បាច់បុរាណខ្មែរ

ឯកសារ ជាពិសេសសិលាចារឹកនិងចម្លាក់លើជញ្ជាំងប្រាសាទបុរាណខ្មែរ បានបញ្ជាក់ច្បាស់ជាតឹកតាងថារបាំព្រះរាជទ្រព្យឬរបាំក្បាច់បុរាណខ្មែរ មានវត្តមាន តាំងតែពីសម័យបុរេអង្គរមកម៉្លេះ។ នាសម័យអង្គរដ៏រុងរឿង (សតវត្សទី៩-១៥) វប្បធម៌អរិយធម៌ខ្មែរលូតលាស់ដល់កំពូល។ បុព្វបុរសខ្មែរបានបន្សល់ទុកដល់សព្វថ្ងៃ នូវស្នាដៃសិលាប្រាសាទបុរាណដែលជាមរតកដ៏មានតម្លៃកាត់ថ្លៃមិនបាន ជាកេរតំណែលដូនតា អត្តសញ្ញាណជាតិ និងជាដួងព្រលឹងរបស់ខ្មែរ។

របាំដ៏សុក្រឹតល្អឥតខ្ចោះប្រកបដោយក្បួនខ្នាតក្រឹត្យក្រមកំពូល មានរបាំអប្សរា ជាដើម ជាស្នាដៃសិល្បៈមានជីវិតរស់រវើកនៅលើឆាកទស្សនីយភាពល្បីល្បាញទូទាំងប្រទេសនិងពិភពលោក។ នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០០៣ របាំព្រះរាជទ្រព្យខ្មែរ ត្រូវបានអង្គការយូណេស្កូទទួលស្គាល់ជាសម្បត្តិបេតិកភណ្ឌពិភពលោក និងបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌  អរូបីនៃមនុស្សជាតិ។ របាំនិងល្ខោនព្រះរាជទ្រព្យឬក្បាច់បុរាណ ខ្មែរ យករឿងព្រេងជាតក​ វីរកថា​ និងទេវកថា មកអភិវឌ្ឍជាទស្សនីយភាព ដូចជារឿងព្រះជិនវង្ស ព្រះចន្ទគោរព ព្រះវេស្សន្តរ រាមកេរ្តិ៍ និងព្រះសុធន នាងកែវមនោហ៍រា ជាដើម។ល។

របាំព្រះរាជទ្រព្យក្នុងរឿងៈព្រះសុធន នាងកែវមនោរាហ៍ (ប្រភព៖ https://vimeo.com)

រឿងព្រះសុធននាងកែវមនោហ៍រាមានដំណើររឿងដូចខាងក្រោមនេះ៖ ថ្មើរព្រៃបុណ្ឌរិក​បាននាំព្រះសុធនទៅចាំលបមើលនាងទេពកញ្ញា៧ព្រះអង្គ ដែលកំពុងសប្បាយ​លេង​ក្នុ​ង​ស្រះបោក្ខរណី។ ឆ្លៀតឱកាសនោះ ព្រះសុធនលបលួចយកស្បៃនាងកែវមនោហ៍រាទៅ​លា​ក់​ទុក។ រំពេចនោះ សូរស័ព្ទសម្លេងឃ្មោះលាន់រំពងឡើង ដែលជាសញ្ញាសន្មតដល់ពេលវេលា ដែល​នាងទេពអប្សរត្រូវត្រឡប់ទៅស្ថានកៃលាសវិញ។ នាងទេពអប្សរទាំង៧ក៏ម្នីម្នាឡើង​ពីស្រះរៀបចំខ្លួនពាក់ស្បៃដើម្បីហោះត្រឡប់ ទៅស្ថានកៃលាសវិញ។ ដោយឡែក នាង​ពៅ កែវមនោហ៍រាយំសោករហូតដល់សន្លប់ ព្រោះនាងរកស្បៃពុំឃើញ ហើយត្រូវបងៗហោះ​ទៅចោលបាត់អស់។ បានឱកាសល្អ ព្រះសុធន ចេញមកជួយយកអាសារ​ហើយលួង​លោ​ម​ប្រលោមស្នេហ៍ រួចនាំនាង កែវមនោហ៍រា មករួមរស់ក្នុងព្រះរាជវាំងតរៀងទៅ។

ថ្ងៃមួយ នគរឧត្តរបញ្ចាល កើតមានកលយុគដោយមានសត្រូវចូលឈា្លនពាន។ ព្រះបាទ វង្សាអនិច្ចៈ ជាបិតាបានត្រាស់បញ្ជាឱ្យ ព្រះសុធន ជាបុត្រារៀបចំពលសេនា យោធា ចេញច្បាំងកំចាត់សត្រូវ យកអាសារព្រះនគរឱ្យរួចផុតពីគ្រោះភ័យ។

ថ្លែងពីព្រះមាតានៃព្រះសុធន ព្រះនាងចន្ទាទេវី ទ្រង់យល់សុបិននិម្មិត ឃើញហេតុ​គួររន្ធត់។ ហេតុតែកម្មវេរាពីជាតិមុនបណ្តាលឱ្យព្រាហ្មណ៍មានចិត្តប្រទូស្ត និយាយបំផ្លើស​បង្វែរ សុបិនដែលល្អឱ្យទៅជាអាក្រក់ដោយពោលថា បើមិនប្រហារនាង កែវមនោហ៍​នោះ​ទេ ព្រះនគរនឹងកើតគ្រោះភ័យចង្រៃ ហើយព្រះសុធននឹងត្រូវក្ស័យ ព្រះជន្មាទៀតផង។ ព្រះបិតាព្រះមាតានៃព្រះសុធន ដោយមានចិត្តសន្តោសប្រណី មិនបានប្រល័យនាងកែវ​មនោហ៍រាទេ គ្រាន់តែបំបោះបង់ព្រះនាងឱ្យចាកចេញពី ព្រះនគរប៉ុណ្ណោះ។ ពេលធ្វើ​ដំណើរតាមផ្លូវ ព្រះនាងបានជួបនឹងមហាឥសីមួយអង្គ ហើយបានដោះព្រះទម្រង់ផ្ញើរ​ទុកថ្វាយព្រះសុធន ក្រែងទ្រង់យាងតាមរកព្រះនាង។

ក្រោយពីព្រះសុធន ធ្វើសង្គ្រាមមានជោគជ័យ ព្រះអង្គក៏យាងចូលព្រះនគរវិញ ដោយទទួលអំណរសាទរពីនាម៉ឺនសព្វមុខមន្ត្រីនិងអាណាប្រជានុរាស្រ្តគ្រប់គ្នា។ លុះទ្រង់​ជ្រាបហេតុការណ៍អំពីរឿងបាត់ព្រះមហេសី ព្រះអង្គស្លុតស្មារតីយ៉ាងខ្លាំង ទើបទ្រង់សូម​អនុញ្ញាតពីព្រះបិតាមាតាទៅតាមរកនាងកែវមនោហ៍រានៅឯស្ថានកៃលាស។

នៅពាក់កណ្តាលផ្លូវ ព្រះសុធនបានជួបនឹងមហាឥសី ហើយក៏បានទទួលព្រះទម្រង់​ដែលជាបញ្ញើរបស់នាងកែវមនោហ៍រា។ ទ្រង់បន្តដំណើរយ៉ាងវែងឆ្ងាយ ដោយជួបប្រ​ទះ​នូ​វ​ឧបសគ្គជាច្រើន រហូតបានទៅដល់ស្ថានកៃលាសដូចព្រះរាជ ហឫទ័យ។

ព្រះសុធន ទ្រង់គង់ក្នុងសាលាសំណាក់ក្បែរស្រះស្រង់មួយអស់ជាច្រើនថ្ងៃ ហើយ​បានទតឃើញស្រីស្នំជាច្រើនមកដងទឹកក្នុងស្រះនោះ។ ទ្រង់ក៏បានសូត្រអាគមគាថាធ្វើឱ្យក្អមទឹករបស់ស្នំម្នាក់មានទម្ងន់ធ្ងន់លើកមិនរួច។ លុះស្រីស្នំឯទៀតទៅចោល អស់នៅតែ​ស្នំម្នាក់ដែលលើកក្អមមិនរួច ទើបព្រះសុធនយាងចេញមកសាកជួយលើកក្អម ហើយក៏​បានលួចដាក់ព្រះទម្រង់នៅក្នុងក្អមទឹកនោះផង។

ដោយព្រេងនិស្ស័យជាគូពីបុព្វេ នៅពេលដែលស្នំចាក់ទឹកក្អមស្រោចសុគន្ធវារី ថ្វាយ ព្រះនាងកែវមនោហ៍រា យកព្រះហស្ថជ្រោងព្រះកេសា។ គ្រានោះ ព្រះទម្រង់ក៏ធ្លាក់ជាប់​ម្រាមព្រះហស្ថក្សត្រិយ។ ក្រោយពីព្រះនាងទ្រង់ជ្រាបសេចក្តី ពីស្រីស្នំហើយ ព្រះនាងកែវ​មនោហ៍រា មិនបង្អង់យូរឡើយ ស្តេចក៏យាងទៅរកព្រះសុធន នៅឯមាត់ស្រះ។

នៅពេលដែលក្សត្រទាំងពីរព្រះអង្គកំពុងសារសងដោយក្តីនឹករឭក ព្រះបាទទុម្ពរ និងព្រះអគ្គមហេសី ដែលជាព្រះបិតាព្រះមាតានៃព្រះនាងកែវមនោហ៍រា ទ្រង់ក៏បានស្តេច​យាងមកដល់ស្រះ ហើយបានទតឃើញនិងដឹងនូវហេតុទាំងអស់រវាងបុត្រី និង​ព្រះសុធ​ន។ ដោយទ្រង់យល់រូបឆោមនៃព្រះសុធនធិបតី មានឫទ្ធិចេស្តារុងរឿង សក្តិសម​នឹងរាជបុត្រី ព្រះអង្គទ្រង់សព្វព្រះរាជហឫទ័យព្រមទទួលអភិសេកព្រះសុធន ជារាជសុ​ណិសារឱ្យនៅជាសុខតរៀងទៅហោង៕

ទម្រង់ជារបាំក្បាច់បុរាណ​ ក្នុងរឿងព្រះសុធន​កែវមនោរាហ៏​ សម្តែងដោយសិស្សសាលាមធ្យមវិចិត្រសិល្បៈ (ប្រភព៖ Fb.Chap Chamroeun Tola)

អត្ថបទដើម៖ បណ្ឌិត សំ សំអាង

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!