ទំព័រដើមប្រវត្តិសាស្ត្រ​ភ្នំក្រពើ៖ ការរកឃើញស្ថានីយ​ផូស៊ីល​សត្វសមុទ្រ​​

​ភ្នំក្រពើ៖ ការរកឃើញស្ថានីយ​ផូស៊ីល​សត្វសមុទ្រ​​

ខែ​ឧសភា ឆ្នាំ​២០២២នេះ ​ក្រុមការងារ​សិក្សា​ផូស៊ីលនៃ​នាយកដ្ឋាន​តំបន់​បេតិកភណ្ឌអគ្គសហគមន៍​មូលដ្ឋាន​ នៃ​ក្រសួង​បរិស្ថាន​ បាន​ចុះ​សិក្សា​ផូស៊ីលបឋម​​នៅ​ក្នុង​ភូមិសាស្ត្រ​ខេត្ត​បាត់ដំបង​ជា​ច្រើន​ទីតាំង​​​។​ ក្នុង​នោះ​ស្ថានីយ​ផូស៊ីលសត្វសមុទ្រ​​ភ្នំ​ក្រពើ​​ត្រូវ​​បាន​រក​ឃើញ​ពពួកសត្វសមុទ្រដែល​កប់​នៅ​ក្នុង​ថ្ម​កំបោរ​ ដី​ខ្មៅ។​ ភ្នំ​ក្រពើ​ស្ថិត​នៅ​ប្រមាណ​ជិត​២​គីឡូ​ម៉ែត្រ​ពី​ភ្នំ​សំពៅ​ និង​មាន​ភ្នំ​ក្បែរ​នោះ​ដូច​ជា​ភ្នំ​ក្តោង​ ភ្នំ​ទ្រុង​មាន់​ទ្រុង​ទា​ និង​ភ្នំ​អណ្តើក​ ភ្នំ​ទាំង​ឡាយ​នេះ​សុទ្ធ​តែ​ជា​​ប្រ​ភេទ​ភ្នំ​ថ្ម​កំបោរ​។​ ភ្នំ​ក្រពើ​ស្ថិត​នៅ​ក្នុង​ឃុំ​ភ្នំ​សំពៅ​ ស្រុក​បាណន់​ ខេត្ត​បាត់​ដំបង។​

ភ្នំ​ក្រពើ​ជា​ប្រភេទ​ភ្នំ​ថ្ម​កំបោរ​ តាមរយៈ​ផែន​ទី​ភូគព្ភសាស្ត្រនៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ តំបន់​មួយ​ចំនួន​នៅ​ក្នុង​តំបន់​នេះ មាន​អក្ស​រ​សំគាល់​ PLS ដែល​មាន​អាយុ​កាល​ស្ថិត​នៅ​ក្នុង​សម័យ​កាល​ Permian (២៥១-២៩៩លានឆ្នាំ) ក្នុងស័ក​ Paleozoic។  ក្រុមការងារ​បាន​ពិនិត្យ​ទៅ​តាម​ទីតាំង​មួយ​ចំនួន​ យើង​ឃើញថា​កន្លែង​មួយ​ចំនួន​នៃ​ជើង​ភ្នំមាន​ការ​កកាយ​យក​អាចម៍​ដី​ ដែល​ខ្លះជាគ្រួស​ក្រហម​ និង​ខ្លះ​ជា​ថ្ម​លាយ​គ្រួស​ក្រហម​។​ ទីតាំង​ទី​១​ (N1) ដែលស្ថិត​នៅ​កំពស់​ប្រមាណ១២០​ម៉ែត្រធៀបនិង​ទឹកសមុទ្រ​ ក្រុមការងារ​បាន​ដើរពី​ជើង​ភ្នំ​ទៅ​កាន់​កំពូល​ភ្នំ ទីតាំង​នេះ​ត្រូវបាន​ឈូស​ជា​ផ្លូវ​ឡើង​ទៅកាន់ទីតាំង​ខាង​លើ​ភ្នំ​ មាន​កំទេចកំទី​ថ្ម​កំបោរ​ លាយ​ជា​មួយ​ដី​។

សកម្មភាព​ពិនិត្យ​ទីតាំង​ N1

តាម​ផ្លូវ​ដើ​រ​ឡើង​ទៅ​ខាង​លើ​នោះ​ យើង​បាន​ជួប​ប្រទះ​​ប្រភេទ​ខ្ចៅ​នៅ​ក្នុង​ថ្មកំបោរ និង​ពពួក​ Brachiopods ដែល​មាន​សំបក​ម្ខាង​ប៉ោង និង​សំបក​ម្ខាង​ទៀត​រាប​ស្មើ ​​ផូស៊ីល​ប្រភេទ​នេះ​ក៏​បាន​ជួប​នៅ​ភ្នំ​សំពៅ​ផង​ដែរ​។ ផ្លូវតាម​ចង្កេះ​ភ្នំក៏​​បាន​ជួប​ពពួក​ផ្កា​ថ្ម​សំបុក​ឃ្មុំ​ជា​ច្រើន ផ្កាថ្មប្រភេទ​នេះ​យើង​បាន​ប្រទះ​ឃើញ​នៅ​កំពូល​ភ្នំ​សំពៅ​ និង​មាន​ច្រើន​ប្រភេទ​នៅ​ភ្នំ​បន្ទាយ​នាង​ ដែល​ស្ថិត​នៅ​ចំងាយ​ជាង​៥០​គីឡូ​ម៉ែត្រ​ពី​គ្នា​ ព្រមទាំង​អាច​មាន​ទំនាក់​ទំនង​គ្នា​ដែល​ស្ថិត​នៅក្នុង​សម័យ​កាល​តែ​មួយ​ឬ​ប្រហែល​គ្នា​។​

ពពួក Brachiopods

នៅ​ត្រង់ចំណុចទីតាំងទី២​ N2 ជាទីតាំង​នៅ​ជើង​ភ្នំខាង​កើត​ឈៀង​ខាង​ជើង​ដែល​មាន​កំពស់​ ៣៣​ទៅ​៤៥​ម៉ែត្រ​ធៀប​និងនីវ៉ូ​ទឹក​សមុទ្រ​ ទីតាំងនេះ​គឺធ្លាប់បានគេ​កាយ​យក​អាចម៍​ដីពេលកន្លងមក​។​ ចំពោះពពួក​ Brachiopods បានរកឃើញ គឺជាពពួក​ផ្កា​ថ្ម​សំបុក​ឃ្មុំ​ដែលមានជា​ស្រទាប់​ដី​ពណ៌​ខ្មៅ​ ​អាច​ជា​ស្រទាប់​ភក់​កាល​ពី​សម័យមុន​មក​។ ក្នុងនោះក៏បាន​ជួប​ពពួក​ខ្យង​តូច​ៗ​មាន​រាង​មូលដែល​អាច​មាន​អាយុ​កាល​ច្រើន​ជា​ង​ពពួក​ផ្កា​ថ្ម​ដែល​រក​ឃើញ​នៅ​ទី​នោះ​ ដោយ​ហេតុ​ថា​វា​ស្ថិត​នៅ​ស្រទាប់​ផ្នែក​ខាង​ក្រោម​នៃ​ភ្នំ​ដែល​ប្រភេទ​នេះ​ហាក់​ដូច​ជា​មិន​ទាន់​បាន​ជួប​កាល​ពីមុន​មក​។​

​ ពពួកផូស៊ីលផ្កា​ថ្ម​សំបុក​ឃ្មុំ​

ផូស៊ីល​​មួយ​ប្រភេទ​ទៀតអាច​ជា​ខ្យង​ ឬ​ពពួក​​អាម៉ូណាយ Annonite ​មាន​ទំហំ​ប្រ​មាណ​២​ស.ម​ ប្រភេទ​នេះ​ក៏ក្រុមការងារ​មិន​ដែល​ជួប​នៅ​ឡើយ​ទេ​។​ សំណាក​ផូស៊ីល​មួយ​ទៀត​ត្រូវ​បាន​រក​ឃើញ​ជា​ប្រ​ភេទ​មួយ​នៃ​ពពួក​ម៉ឹក​បុរាណ Orthocone nautiloid Fossil​​ ដែល​ពួក​នេះ​ស្ថិត​នៅ​ Phylum Mollusca, Class Cephalopoda, Subclass Nautiloidea, Order Nautilida។ នេះជាការរក​ឃើញដំបូង​នៃ​ប្រភេទ​សត្វ​នេះ​សម្រាប់​ប្រទេស​កម្ពុជា​​ ដែល​មាន​ប្រ​វែង​ប្រ​មាណ​១០​ស.ម​។

តាមរយៈ​ភស្តុតាង​មួយ​ចំនួន​អាច​បញ្ជាក់​អំពី​វត្ត​មាន​ នៃ​អតីត​សមុទ្រ​ដែល​ធ្លាប់​មាន​នៅ​ក្នុងភូមិ​សាស្ត្រ​តំបន់​ភ្នំ​ក្រពើ។​ យើង​ជឿថា​និង​មាន​វត្ត​មានសត្វ​សមុទ្រ​ផ្សេងទៀត​ប្រសិន​បើ​យើង​មាន​ការ​សិក្សា​បន្ថែម​។​ តាមរយៈការសិក្សា​​ដែល​ក្រុម​ការងារ​បាន​ប្រ​មូល​ពី​ស្ថានី​យ​ ផូស៊ីលសត្វ​សមុទ្រ​​មួយ​ចំនួន​នៅ​ក្នុង​ភូមិ​សាស្ត្រ​ខេត្ត​បាត់​ដំបង ដូច​ជា​ភ្នំ​សំពៅ​ ភ្នំ​បាណន់​ ភ្នំទាក់​ទ្រាំង ភ្នំ៧ និង​ភ្នំ​ក្រពើ​នេះ​ផង​ដែរ​ ដែល​បាន​បង្ហាញ​អំពី​វត្ត​មាន​នៃ​សត្វ​សមុទ្រ​កាល​ពី​អតី​កាលដែល​មាន​កើត​ឡើង​នៅ​ស័ក​ Paleozoic សម័យកាល​ Permian (២៥១-២៩៩លានឆ្នាំ)។​ ទោះយ៉ាង​ណា​នេះ​ជា​អាយុ​កាល​បណ្តោះ​អាសន្ន​តែប៉ុណ្ណោះ វត្ត​មាន​ផូស៊ីល​សត្វ​ភាគ​ច្រើន​មិន​ទាន់​ស្គាល់​អត្ត​សញ្ញាណ​ច្បាស់​នៅ​ឡើយទេ? យើង​និង​មាន​ការ​សិក្សា​បន្ថែម​តៀត​ទៅ​លើ​ប្រភេទសត្វ​ដែល​យើង​បាន​រក​ឃើញ​៕

អត្ថបទដើម៖ លោក លឹម វណ្ណច័ន្ទ

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,000SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!