ការសិក្សាលើប្រវត្តិសាស្រ្តនៃវប្បធម៌ទ្វារវតី គឺមានការចាប់អារម្មណ៌ខ្លាំងនៅពាក់កណ្តាលនៃសតវត្សទី២០មក ប៉ុន្តែការសិក្សាទាំងនោះ ត្រូវការស្វែងយល់បន្ថែមទៀត ទាំងអំពីប្រវត្តិសាស្ត្រ នយោបាយ ឬវិសាលភាពទឹក និងជំនឿជាដើម។ អ្វីដែលអ្នកស្រាវជ្រាវដឹងពីទ្វារវតីគឺតាមរយៈទិន្ន័យពីបុរាណវិទ្យាជាចម្បង និងឯកសារចិន។ ទិន្ន័យទាំងនោះរួមមាន សំណង់ចេតិយ ពុទ្ឋរូបធ្វើពីថ្មភក់ ជាដើម។ នៅក្នុងឯកសាររបស់ចិន បានហៅទីកន្លែងមួយក្នុងតំបន់អាស៊ីអាគ្នេយ៌ដីគោកថា Duoluobodi (To-lo-po-ti)សំដៅលើDvāravatī ក្នុងភាសាសំស្រ្តឹត និងឃើញមាន śrī dvāravatī ឆ្លាក់នៅលើកាក់។
តាមរយៈភស្ថុតាងបុរាណវិទ្យា ទ្វារវតី គឺស្ថិតនៅភាគកណ្តាលនៃប្រទេសថៃដែលមានទីក្រុងចំនួនបីសំខាន់ៗគឺនៅ ណាខនផាថម (Nakhon Pathom), លបបុរី (Lopburi និង អ៊ូថុង (U-Thong)។ ប្រជាជនភាគច្រើននៃទ្វារវតី គឺជាជនជាតិមន និងប្រើប្រាស់ភាសាមនបុរាណដែលឃើញ មានជនជាតិដើមប្រើប្រាស់នៅតំបន់ខាងជើងប្រទេសថៃបច្ចុប្បន្ន។ តាមរយៈទិន្ន័យបុរាណវិទ្យា ដែលបានរកឃើញដូចបង្ហាញខាងលើ សាសនានៃទ្វារវតីគឺគោរពព្រះពុទ្ឋសាសនា។ យោងតាមលោក Nicolas Revire ព្រះពុទ្ធសាសនាដែលរដ្ឋទ្វារវតីគោរពគឺ ព្រះពុទ្ធសាសនាថេរវាទ បើទោះបីជាគោរពព្រះពុទ្ធសាសនា ប៉ុន្តែក៏ឃើញមានការគោរពព្រាហ្មណ៍សាសនាដែរ។
ចំពោះសិល្បៈដែលអ្នកស្រាវជ្រាវសំគាល់លើវប្បធម៌ទ្វារវតី គឺជាចម្លាក់រូបធម្មចក្រ (dharmacakra) ដែលជានិមត្តិរូបមួយតំណាងក្នុងព្រះពុទ្ឋសាសនា និងព្រះពុទ្ឋរូបដែលមានការតុបតែងតាមបរិបទទ្វារវតី។ បើទោះបីជា យើងបានដឹងហើយថា រដ្ឋ វប្បធម៌ដំបូងៗក្នុងតំបន់អាស៊ីអាគ្នេយ៌គឺទទួលឥទ្ធិពលព្រះពុទ្ឋសាសនា និងព្រាហ្មណ៍សាសនា ពីឥណ្ឌា និងស្រីលង្កាក៏ដោយ ក៏វប្បធម៌ទាំងនោះមានបច្ចេកទេស និងសិល្បៈរៀងៗខ្លួន។ លក្ខណៈពិសេសនៃពុទ្ធរូបក្នុងវប្បធម៌ទ្វារវតី គឺមានទម្រង់ព្រះភក្រធំ ចិញ្ចើមកោងជាប់ដល់ខ្ទង់ច្រមុះ ហើយច្រមុះធំក្រាស់ និងជាពិសេស ត្រង់កន្លែង uṣṇīṣa និងមានសក់រួញ។
វត្ថុសិល្បៈដែលបានរកឃើញទាំងអស់នោះបានបង្ហាញថា សិល្បៈករមន មានជំនាញ បច្ចេកទេសពូកែលើផ្នែកចម្លាក់ថ្ម កុលភាជន៍ និងលោហធាតុ។ សិល្បៈទាំងនោះមានលក្ខណៈស្រដៀងនៅសិល្បៈGupta និង Post-Gupta ដែលមានឥទ្ធិលនៅខាងជើង និងខាងលិចនៃប្រទេសឥណ្ឌានាស.វ.ទី៤ និងទី៨នៃគ.ស.។
បើយើងពិនិត្យមើលពីសិល្បៈទ្វារវតី ក៏ឃើញមាននៅប្រទេសកម្ពុជា ដូចនៅលើសីមាដូនមាស និងសីមាពែមគ្រែ នៅលើភ្នំគូលែនដែលឃើញមានបង្គោលសីលា រូបធម្មចក្រ រូបដើមពោធិជាដើម។
ប្រភព៖ Nicolas Revire
តាមរយៈសិលាចារឹកដែលអ្នកស្រាវជ្រាវបានរកនៅទឹកដី នៃតំបន់សំខាន់ៗរបស់ ទ្វារវតី និងទឹកនៃប្រទេសថៃទាំងមូលបានឃើញថា មានការប្រើប្រាស់អក្សរផ្សេងៗគ្នា ក្នុងនោះរួមមាន៖ សិលាចារឹកជាភាសាបាលី សំស្រ្តឹត មន មនខ្មែរ និងសិលាចារឹកពីរភាសារួមមាន សំស្រ្តឹត ខ្មែរ សំស្រ្តឹត បាលីជាដើម។
ប្រភព៖ Nicolas Revire
ជារួមមកតាមរយៈលោក George Cœdès និងលោក Jean BOISSELIER យល់ថា សិល្បៈវប្បធម៌នៃទ្វារវតី គឺមានអាយុកាលចាប់ពីស.វ.ទី៥ ដល់ស.វ.ទី១១នៃគ.ស.។ ក្រោយមកទៀត ភាគច្រើនទឹកដីនៃវប្បធម៌ទ្វារវតីត្រូវបានគ្រប់គ្រងដោយអរិយធម៌ និងអាណាចក្រខ្មែរ៕
អត្ថបទដើម៖ លោក អេង តុលា