ទំព័រដើមនិទានកថាអក្សរសិល្ប៍៖ រឿង មហាចោរនៅទល់ដែន (ភាគ៣៣)

អក្សរសិល្ប៍៖ រឿង មហាចោរនៅទល់ដែន (ភាគ៣៣)

(ព្រះនាងខត្តិយាណី)

ថាតែប៉ុណ្ណោះនារីចាប់ដឹកដៃកាមាឡើងទៅលើជណ្តើរវិញ។ កាមាក៏ទៅតាមនាង។ ដល់មាត់ទ្វារខាងលើ នារីបិទទ្វារវិញយ៉ាងជិត។ មានន្ទនៅស្ងៀមជាយូរមកហើយ។ ស្រីដ៏ល្អ នេះជាអ្នកណា? គឺព្រះនាងខត្តិយាណី “កែវមណី” ប្អូនជីដូនមួយមានន្ទបង្កើត។ ឪពុកនារីធ្វើ ចៅហ្វាយខេត្តនៃចង្វាត់សុរិន្ទ្រ។ តាំងពីតូចមកនាងមកនៅជាមួយព្រះកម្ពុត ដែលត្រូវជាឪ ពុកមារបស់នាង។ តែចំនួនប្រាំឆ្នាំហើយ នាងបានចាកចេញពីគេហដ្ឋានមកនៅជាមួយព្រះ កម្ពុតវិញ។ ថ្ងៃដែលនាងមកមានក្បួនដំរី សេះ និងកងសេនាជាច្រើន ជូនមកយ៉ាងអឹកធឹក។ អាយុទើបបានដប់ប្រាំបីឆ្នាំ នារីមានរូបរាងកាយល្អឥតគណនា។ ប្រថាប់លើខ្នងដំរី ស្រ្តីមានទឹកមុខញញឹមប្រិមប្រិយដោយនាងនឹកដល់អនុស្សាវរីយ៍ចាស់របស់នាងជាមួយ មានន្ទ។ កាលនៅកុមារនៅឡើយ គឺមានន្ទនេះឯង ដែលដឹកដៃនាងទៅរៀន ដែលការពារនាងមិនឲ្យសត្រូវមើលងាយ ដែលពរនាងទាំងត្រដាបត្រដួសរកបេះអស់ផ្លែ ត្របែក ផ្លែល្ហុងឲ្យនាងបរិភោគ។ ដល់អាយុដប់ឆ្នាំនាងនិងមានន្ទមានចិត្តរាប់អានគ្នាទៅវិញ ទៅមកយ៉ាងជ្រាលជ្រៅ។

នារីនឹកឃើញពាក្យសំដីរបស់មានន្ទ ដែលនិយាយជាមួយនាងថាៈ “កុំលះបង់ចោលគ្នា”។ ដល់អាយុ១៣ឆ្នាំ នាងលាមានន្ទទៅផ្ទះឪពុកនាងវិញ។ ថ្ងៃនោះស្រ្តីព្រួយបារម្ភខ្លាំងក្រៃលែង នាងអោបស្មាមានន្ទដោយមិនចង់បែកឃ្លាតសោះ។

តាំងពីបានជួបនឹងប្រុសកំសត់នេះមក នាងអស់ចិត្តនឹងគិតដល់រូបអ្នកណាទៀតហើយ ពីព្រោះក្នុងជីវិតនាងរហូតមកនេះ ធីតាពុំដែលជួបប្រទះនឹងប្រុសណាឲ្យមានសំដីពិរោះ មានបញ្ញាដូចមានន្ទសោះ មានន្ទមានឧត្តមគតិខ្ពស់ ចិត្តស្លូតត្រង់ ប្រកបដោយសេចក្តីក្លា ហានអង់អាច។

សេចក្តីរាប់អានរបស់នាងនេះ បានកើតឡើយដោយស្ងាត់កំបាំងទេ។ គ្មានចាស់ទុំណាដឹង ឮសោះឡើយ។ ធីតានៅទីក្រុងសុរិន្ទ្រគ្មានពេលណាបានសុខសប្បាយម្តងណាឡើយ។ នៅមុខគេឯងនាងធ្វើជារីករាយសប្បាយ។ នៅម្នាក់ឯងនាងព្រួយយំដោយនឹករលឹកដល់ ប្រសុជីវ៉ា។

កាលមកដល់ប្រាសាទព្រះកម្ពុតភ្លាម នាងស្រងាកចិត្តដោយរកមានន្ទមិនឃើញសោះ។ នាងសួរឪពុកមានាង ឪពុកមានេះបាននិយាយជេរមានន្ទយ៉ាងខ្លាំង ដោយចាត់ទុកថាជា មនុស្សក្បត់ផែនដី រួចឪពុកមានាងកំពុងរកចាប់សម្លាប់ចោល។

ស្រ្តីអស់សង្ឃឹមនឹងបានជួបប្រុសជាមិត្តនេះហើយ ដោយហេតុរឿងបដិបក្ខក្នុងគ្រួសារបែប នេះ។ នាងអាឡោះអាល័យ អាណោចអាធមនឹងវាសនានាងជាមួយមានន្ទដែលពិតជាគូកម្ម នឹងគ្នាប្រាកដ។

លង់ក្នុងសមុទ្រទុក្ខមួយយ៉ាងធំ ព្រះនាងខត្តិយាណីគិតនឹងសុំលាព្រះកម្ពុតត្រលប់ទៅទី លំនៅវិញតែគាប់ជូនយប់មិញនេះ គេថាចាប់មហាចោរនៅទល់ដែនមួយបានហើយ។ នាងសាកសួរគេទៅ ទើបដឹងថា មហាចោរនៅទល់ដែននេះគឺមានន្ទ។

ព្រះនាងខត្តិយាណីមិនពេញចិត្តនឹងមានន្ទធ្វើដូច្នេះសោះ ពីព្រោះនាងមានមនោសញ្ចេត មួយដូចអស់នារីភាគច្រើន គឺចង់ឲ្យមានន្ទធ្វើការមានមុខមានមាត់ទៅ រួចរៀបបរិវាហមង្គល ការជាមួយនាង។ ប្រព្រឹត្តខុសពីនេះដោយតស៊ូច្បាំង គ្មានផ្ទះ សម្បែង ចោលបុណ្យសក្តិ គឺផ្ទុយនឹងលំអានលោក។ នាងប្រាថ្នាចង់រស់ជីវិតមួយដ៏សុខសាន្តដែលគ្មានរឿងរ៉ាវធំ។ កិច្ច ការដែលមានន្ទពុះពារជាកិច្ចការស្លាប់រស់គ្មានទំនេរគ្មានបានសុខដូចចិត្តនាងចង់នោះទេ។ នាងរមិលមើលឃើញថា បំណងរបស់សង្សារនាងនេះ ខុសនឹងបំណងនាង ហើយបំណង នេះមិនបានសម្រេចជាដាច់ខាត។

នេះជាឧបស័គ្គដែលធ្វើចិត្តនាងឲ្យបែកចេញពីមានន្ទ។ រីឯមានន្ទកាលដែលឃើញនាង កែវមណីជាប្អូនស្ងួនបណ្តូលចិត្តចាស់បុរសស្រឡាំងកាំង។ អ្នកនឹកឆ្ងល់ណាស់ដែរតែពេល នឹកកន្លែងមិនសមឲ្យអ្នកទទួលនាងដោយសេរីបានសោះ។ អ្នកអង្គុយចុះដោយចិត្តខ្មួល ខ្មាញ់យ៉ាងក្រៃលែង។

បុរសនឹកថាស្រីនេះមានជីវិតខ្ពស់ ធ្លាប់តែឃើញវត្ថុល្អៗ ដល់មកឃើញអ្នកជាប់ខ្នោះក្នុង បាតគុកយ៉ាងនេះ ប្រាកដជានារីមើលងាយខ្ពើមរអើមមិនខាន។

តម្លៃដែលស្រីស្រស់ច្នៃឃើញនោះ គឺបុណ្យសក្តិ មាសពេជ្រ។ រីឯតម្លៃនៃចិត្តខ្ពស់ពិតៗនោះ ធីតាជាសង្សារបូរាណ មើលមិនឃើញទេ។

កំពុងតែគិតដូច្នោះ កែវមណីធីតាលេចចូលមក។ នាងញញឹមចុះជណ្តើរស្ទើរដួលដោយ រវល់តែមើលមកមានន្ទ។

លុះមកដល់ជិតនាងអង្គុយលើគ្រែ យកដៃកាន់ស្មាអ្នកទោសយើងដោយនិយាយសំឡេង ឡើងញ័រៗថាៈ

ប្អូនសូមជម្រាបសួរបង។ បងសុខសប្បាយជាទេ?​

មិនបានសុខទេ គ្មានសប្បាយទេ។

ពីព្រោះអ្វី?

ពីព្រោះជាប់គុក ដៃជើងជាប់ច្រវ៉ាក់!

ហ៊ឺ! កុំនិយាយដូច្នោះ ប្អូននឹករលឹកដល់បងខ្លាំងណាស់។

(សូមរងចាំតាមដានភាគទី៣៤ នៅសប្តាហ៍ក្រោយ)

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,000SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!