ទំព័រដើមប្រវត្តិសាស្ត្របដិមាព្រះហរិហរនៅសំបូរព្រៃគុក

បដិមាព្រះហរិហរនៅសំបូរព្រៃគុក

ហរិហរ គឺជាទេពដែលលាយបញ្ចូលគ្នានៅក្នុងព្រហ្មញ្ញសាសនារវាងព្រះវិស្ណុ និងព្រះសិវ (ហរិ + ហរ)។ ជួនកាលគេហៅទេពនេះថា “សង្ករនារាយណ” ដែល សង្ករ សំដៅដល់ព្រះសិវ និង នារាយណ សំដៅដល់ព្រះវិស្ណុវិញ ហើយជាទម្រង់កំពូលនៃទេពដែលមានឆ្លាក់នៅតាមជញ្ជាំងប្រាសាទមួយចំនួនក្នុងប្រទេសឥណ្ឌាតាំងពីស.វ.ទី៦មកម្ល៉េះ។ ក្រៅពីនេះក៏មានព្រះនាមជាច្រើ​នទៀតដែលគេហៅរួមបញ្ចូលគ្នារវាងទេពទាំងពីរ។ នៅតំបន់ប្រាសាទសំបូរព្រៃគុក យើងឃើញមានប្រាសាទមួយតម្កល់អាទិទេព​ហរិហរ ពោល គឺស្ថិតនៅក្រុមប្រាសាទសំបូរ ឬក្រុមខាងជើង (តួប៉ម N10)។ តើបដិមាព្រះហរិហរ និងប្រាសាទតម្កល់ទេពអង្គនេះមានលក្ខណៈបែបណាខ្លះ?

មុននឹងបរិយាយអំពីលក្ខណៈជាទូទៅនៃបដិមាព្រះហរិហរ និងប្រាសាទតម្កល់ទេពអង្គនេះនៅសំបូរព្រៃគុក យើងសូមបង្ហាញដោយសង្ខេបអំពីដំណើររឿងទេពកថាដែលមានទេពអង្គនេះឡើង។ រឿងទេវកថានេះមាននិទាននៅក្នុងរឿងព្រះក្រឹស្ណដែលចារឹកនៅក្នុងគម្ពីរសិវបុរាណ និងគម្ពីររុទ្រសម្ហិតា។ រឿងនោះដំណាលថា៖ “ព្រះក្រឹស្ណដែលជាអវតាររបស់ព្រះវិស្ណុមានចៅប្រុសម្នាក់ព្រះនាម អនរថ ដែលមានរូបរាងស្រស់សង្ហា និងមាននារីៗលួចប្រតិព័ទ្ធចិត្តជាច្រើន ហើយព្រះឥន្រ្ទដែលជាស្តេចនៅស្ថានសួគ៌បានតែងតាំងព្រះអនរថជារាជទូតនៅស្ថានសួគ៌ទៀតផង។ គ្រាមួយព្រះអនរថ យាងទៅស្ថានសួគ៌ ធ្វើឱ្យស្រីសួគ៌ជាច្រើនភ្ញាក់ផ្អើលនឹងភាពស្រស់សង្ហារបស់ទ្រង់ ហើយនាងៗបេតីទ្រង់គ្រប់ៗគ្នា ប៉ុន្តែព្រះអនរថពុំចាប់ព្រះហឫតីនឹងស្រីសួគ៌ទាំងនោះឡើយ។ ដោយកើតមានការអន់ចិត្ត ក្រុមស្រីសួគ៌ទាំងនោះបានប្រើល្បិចសណ្តំព្រះអនរថឱ្យសន្លប់ ហើយយកព្រះអនរថទៅកាន់នគរបស (Nagapasha) ដែលជានគររបស់យក្សមានអំណាចម្នាក់ឈ្មោះថា បន (Pana) ហើយដាក់ព្រះអនរថនៅក្នុងបន្ទប់បុត្រីរបស់យក្សបនឈ្មោះថា ឧស (Usha) ព្រោះដែលមានសម្រស់ស្រស់ស្អាត ដើម្បីចង់ពិសោធព្រះអនរថថា តើទ្រង់មានប្រតិកម្មបែបណានៅពេលបានជួបនារីដ៏ស្រស់ស្អាត។ ជួនចៃដន្យក្នុងពេលនោះនៅនគរបស យក្សឈ្មោះ បន បានគ្រោងរៀបចំពិធីចម្រើនព្រះជន្មបុត្រីរបស់ខ្លួន ហើយចង់រកព្រះស្វាមីជូនបុត្ររបស់ខ្លួនទៀតផង។ មុនដល់ថ្ងៃពិធីមួយថ្ងៃស្រីសួគ៌បានសណ្តំយក្សទាំងអស់ឱ្យដេកលក់ ហើយបានយកព្រះអនរថទៅដាក់នៅក្នុងបន្ទប់ព្រះនាងឧស ដោយដាក់ទ្រង់ថើបព្រះនាងឧស ហើយព្រះនាងឧសវិញផ្ទំដោយយកព្រះហស្តឱបព្រះអនរថ រីឯស្រីសួគ៌ទាំងអស់នៅចាំលបមើល។ ពេលព្រះនាងឧសដឹងព្រះកាយ ក៏រៀបនឹងហាមាត់ស្រែក ព្រះអនរថក៏យកមាត់មកខ្ទប់មាត់ព្រះនាងឧសកុំឱ្យស្រែក។ បុត្រីយក្សឃើញព្រះអនរថស្រស់សង្ហាក៏ស្ទុះឱបព្រះអនរថ តែព្រះអនរថបានរើបំរះបំណងរត់គេច តែត្រូវព្រះនាងឧសឃាត់ទុកមិនឱ្យយាងទៅណាឡើយ។ លុះដល់ថ្ងៃពិធី យក្សទាំងអស់រង់ចាំដល់វេលាថ្ងៃត្រង់នៅតែមិនឃើញព្រះនាងចេញមកធ្វើឱ្យពួកយក្សកំលោះៗដែលចង់ឃើញព្រះនាងមានចិត្តខឹង តែបានយក្សបនជាបិតាលួងលោមយក្សទាំងនោះ ហើយទ្រង់ក៏សួរទៅនាងភិលៀង។ ក្រោយដឹងរឿងសព្វបែបយ៉ាង យក្សបនមានព្រះទ័យខ្ញាល់យ៉ាងខ្លាំង ក៏ស្ទុះទាញវត្ថុទិព្វដែលព្រះឥសូរប្រទានដល់ខ្លួនទៅជួបព្រះអនរថ។ ពេលទៅដល់យក្សបនឃើញបុត្រីរបស់ខ្លួននៅជាមួយព្រះអនរថ ទ្រង់កាន់តែខ្ញាល់ក៏បានចាប់ឃុំឃាំងព្រះអនរថនៅក្នុងទ្រង់មួយដែលជាវត្ថុទិព្វព្រះឥសូរប្រទានដល់ខ្លួន ហើយសែងយកទៅដាក់មុខប្រាសាទមួយដោយក្នុងរយៈពេលប្រាំពីរថ្ងៃព្រះអនរថនឹងរលាយក្លាយទៅជាទឹក។ ស្រីសួគ៌ភ័យពេក ក៏នាំគ្នាទៅទូលព្រះក្រឹស្ណឱ្យទៅជួយដល់ចៅរបស់ទ្រង់។ ព្រះក្រឹស្ណ និងពលរាមជាម្ចាស់បង ក៏បានទៅដល់នគរបស ជួយរំដោះចៅរប់ខ្លួន ព្រមទាំងបានប្រយុទ្ធគ្នាជាមួយយក្សបន។ យក្សបនបានប្រែកាយជាភ្លើងឆេះកាល្បដែលមិនអាចយកទឹកណាមកពន្លត់បាន តែព្រះក្រឹស្ណប្រាប់បក្សីគ្រុឌរបស់ទ្រង់ហោះទៅស្រង់ទឹកទន្លេគង្គា តែនៅមិនអាចពន្លត់ភ្លើងនោះបាន។ យក្សបន បានគំរាមថានឹងយកភ្លើងដុតស្ថានសួគ៌ចោល ដោយសារខ្លួនស្អប់ពួកអាទិទេពដែលលួចយកទឹកអម្រឹតពីពួកអសុរ។ ព្រះក្រឹស្ណក៏បែង​ភាគទៅជាព្រះវិស្ណុដែលមានព្រះសិរច្រើន រីឯយក្សបនក៏បានបោះដំបងទិព្វមួយរបស់មេទ័ពម្នាក់ឈ្មោះ វិជយកា ទៅជាប់ដំបូលមេកើតចេញជាកងទ័ពជាច្រើនសំញ៉ែងដល់ទ័ពព្រះពលរាម។ ព្រះក្រឹស្ណក៏បានប្រាប់ឱ្យព្រះពលរាមចោលនង្គ័លទិព្វរបស់សំដៅទៅផ្ទប់ជាមួយដំបងមេទ័ពវិជយកា ធ្វើឱ្យកងទ័ពយក្សរលាយភ្លាម រីឯវិជយកាក៏ត្រូវដំបងរបស់ខ្លួនរលាយក្លាយជាជីនៅស្ថានមនុស្ស។ ពេលនោះទេពនិករទាំងពួងសប្បាយចិត្តយ៉ាងខ្លាំង ក៏ប្រទានងារធំមួយដល់ព្រះពលរាមថាជាប្រមុខនៃពិធីច្រត់ព្រះនង្គ័លទាំងនៅស្ថានសួគ៌និងនៅស្ថានមនុស្ស។ ចំណែកព្រះក្រឹស្ណក៏បានសំដែងបដិហាជាអង្គវិស្ណុ កាត់ដៃទាំងមួយពាន់របស់យក្សបន ហើយបានកាត់ទ្រុងទិព្វរបស់ព្រះសិវរំដោះព្រះអនរថចេញ។ ព្រះក្រឹស្ណបានចាប់សង្កត់កយក្ស និងលើកយកព្រះខ័ននៃព្រះវិស្ណុគឺ ស័ង្ខរ ធ្វើឱ្យមេឃមួយចំហៀងងងឹត មួយចំហៀងភ្លឺ ប្រុងកាត់ក្បាលយក្សបន ព្រះសិវក៏មកដល់។ ព្រះសិវក៏មានបន្ទូលថា សូមទ្រង់កុំសម្លាប់យក្សនេះអី ព្រោះគេជាសិស្សសំណព្វរបស់យើង។ ព្រះក្រឹស្ណដែលជាអវតាររបស់ព្រះវិស្ណុតបវិញថា យើងមិនឈប់ទេ យើងនឹងកាត់ក្បាលកូនសិស្សរបស់ទ្រង់ ព្រោះគេបានគំរាមដល់ស្ថានទាំងបី យើងធ្វើដើម្បីសង្រ្គោះស្ថានទាំងបីទេ។ ព្រះសិវក៏តបវិញថា លើកលែងទោសឱ្យកូនសិស្សយើងម្តងទៅ ព្រះអង្គចង់បានអីក៏យើងព្រមឱ្យដែរ។ ព្រះក្រឹស្ណតបថា ចាប់ពីពេលនេះទៅ សូមទ្រង់ប្រាប់ទៅស្ថានទាំងបីថា ខ្ញុំម្ចាស់ក៏ជាអាទិទេពបង្កើតលោកទាំងបីដូចព្រះអង្គដែរ បើព្រះអង្គធ្វើបានខ្ញុំម្ចាស់នឹងទុកជីវិតដល់យក្សនេះ។ ពេលនោះព្រះសិវក៏យល់ព្រម ហើយព្រះក្រឹស្ណក៏ប្រាប់ឱ្យព្រះសិវបែងភាគមួយចំហៀង ហើយទ្រង់ផ្ទាល់ក៏បែងភាគមួយចំហៀងចូលគ្នា។ ម្ល៉ោះហើយ ទើបមានការបញ្ចូលគ្នារវាងទេពទាំងពីរនេះឡើង ដែលគេប្រសិទ្ធនាមថា “ហរិហរ” ចាប់ពីពេលនោះមក។

បដិមាព្រះហរិហរដែលតម្កល់នៅក្នុងតួប៉ម N10 នៅតំបន់ប្រាសាទសំបូរព្រៃគុកគេតម្កល់នៅលើជើងទម្រមួយរាងបួនជ្រុងស្មើដែលផ្គុំឡើងអំពីថ្មចំនួនបួនថ្នាក់ ដែលខាងលើបង្អស់មានចំពួយបង្ហូរទឹកមន្តទៅទិសខាងលិច ហើយគ្រប់ថ្នាក់នីមួយៗសុទ្ធសឹងតែមានក្បាច់លម្អជាផ្កាច្រើនប្រភេទមានលំនាំតាមលក្ខណៈសិល្បៈឥណ្ឌា និងផ្កាទាំងអស់តំណាងឱ្យភោគផលនៃការបង្កើតលោកទាំងបី។ បដិមាព្រះហរិហរ មានកម្ពស់ ១៦៩ សង់ទីម៉ែត្រ មានរង្វង់ជារាងក្រចកសេះសម្រាប់ទ្របដិមា រីឯកេតនភណ្ឌនៅសល់តែកងចក្រកាន់នៅព្រះហស្តខាងឆ្វេងផ្នែកខាងលើ។ ព្រះកាយមានសាច់ដុំឆ្លាក់តាមលំនាំធម្មជាតិពិតៗ។ ព្រះភក្រ្តញញឹមមានភាពទន់ភ្លន់ និងមានម្រាមព្រះហស្តស្រឡូនដែលសុទ្ធសឹងជាលក្ខណៈសម្គាល់នៃរចនាបថសំបូរព្រៃគុក។ គេស្គាល់រូបនេះជាព្រះហរិហរដោយសារនៅចំហៀងព្រះសិរខាងស្តាំជាព្រះសិររបស់ព្រះសិវ គឺមានផ្នួងសក់បួងវេញឡើងលើ និងចំហៀងព្រះសិរខាងឆ្វេងពាក់ម្កុដរាងបំពង់។ លក្ខណៈមួយទៀតគឺមានព្រះនេត្រទីបីមួយចំហៀងនៅលើថ្ងាស។ បដិមានេះ មានលក្ខណៈប្រហាក់ប្រហែលគ្នានឹងបដិមាព្រះហរិហរជាច្រើនទៀតនៅសម័យមុនអង្គរ (ស.វ.ទី៧-៨) ដូចជា បដិមាព្រះហរិហរនៅប្រាសាទអាស្រមមហាឫស្សី ភ្នំដាបដិមាព្រះហរិហរនៅប្រាសាទអណ្តែតបដិមាព្រះហរិហរនៅប្រាសាទភូមិប្រាសាទ។ល។

ចំណែក ប្រាសាទដែលតម្កល់ព្រះហរិហរនៅសំបូរព្រៃគុកវិញ (តួប៉ម N10) គឺស្ថិតនៅក្នុងក្រុមប្រាសាទសំបូរ ឬក្រុមខាងជើង ដែលស្ថិតនៅទិសអាគ្នេយ៍តួប៉មកណ្តាល N1 ដែលតម្កល់លិង្គព្រះឥសូរព្រះនាម “ស្រីគម្ភីរេស្វរ”។ ប្រាសាទនេះ សាងសង់អំពីឥដ្ឋ មានរាងបួនជ្រុងស្មើ មានទ្វារចូលតែមួយ និងពុំមានទ្វារបញ្ឆោតឡើយ ពោល គឺគេធ្វើជញ្ជាំងលាត លម្អដោយក្បាច់សសរផ្អោបជញ្ជាំងបន្តិចបន្តួចប៉ុណ្ណោះ។ អ្វីដែលគួរចាប់អារម្មណ៍នោះ ប្រាសាទនេះ ពុំបែរមុខទៅទិសខាងកើតដូចប្រាសាទផ្សេងទៀតឡើយ តែសិល្បករធ្វើបែរមុខទៅទិសខាងជើង ពោល គឺបែរមុខរកគ្នាជាមួយតួប៉មមួយទៀតដែលគេតម្កល់ទេពទុគ៌ា (តួប៉ម N9 បែរមុខទៅទិសខាងត្បូង)។ ការដែលគេសង់ប្រាសាទតម្កល់រូបព្រះហរិហរបែរមុខទៅទិសខាងជើងនេះ យើងពិបាកនឹងរកហេតុផលមកពន្យល់ណាស់ ព្រោះប្រសិនបើយើងសន្និដ្ឋានថាអាចមកពីគេយកតាមឬក្សព្រះចន្រ្ទ ឬនក្សត្រក៏ពិបាកថាដែរ។ ប៉ុន្តែបើយើងសាកល្បងពន្យល់ថា គេបែរមុខទៅរកទិសខាងជើង ដោយសារខាងជើងជាទិសលោកបាលរបស់ព្រះកុវេរ ក៏អាចម្យ៉ាងដែរ ព្រោះព្រះអង្គជាទេពនៃទ្រព្យសម្បត្តិ ឬជាទេពនៃភោគផល ម្យ៉ាងដោយសារព្រះហរិហរមានតួនាទីជាអ្នកបង្កើតលោកទាំងបីផងដែរ។ ការបែរមុខទៅទិសខាងជើងនេះ វាមានភាពដូចគ្នាជាមួយប្រាសាទអាស្រមមហាឥសី (ភ្នំដា ស្រុកអង្គរបុរី) ដែលអ្នកស្រាវជ្រាវជាច្រើនក៏ពិបាកពន្យល់ដូចគ្នា តែអ្នកខ្លះយល់ថាគេសង់តាមស្ថានភាពភូមិសាស្រ្ត។ ប៉ុន្តែ ប្រាសាទផ្សេងៗទៀតដែលតម្កល់ព្រះហរិហរដូចគ្នា ច្រើនតែបែរមុខទៅទិសខាងកើតដូចគ្នា ឧទាហរណ៍ ប្រាសាទអណ្តែត និងប្រាសាទភូមិប្រាសាទ (ខេត្តកំពង់ធំ)។

ប្រការគួរចាប់អារម្មណ៍មួយដែរនោះគឺ នៅក្នុងតួប៉មប្រាសាទនេះយើងឃើញមានថ្មមួយរាងបួនជ្រុងទ្រវែងដែលមានប្រហោងតម្កល់ទេពចំនួនប្រាំបួន ដែលលោក ឈុំ ម៉េងហុង យល់ថាជាថ្មដែលតម្កល់ទេពនព្វគ្រោះ ឬហៅម្យ៉ាងទៀតថា “ផ្កាយនព្វគ្រោះ”។ សព្វថ្ងៃថ្មនេះបាក់ខាងចុងបន្តិច និងគេរក្សាទុកនៅក្បែរជើងទម្រព្រះហរិហរតែម្តង​។ ក្រៅពីនេះទៀត នៅខាងលិចតួប៉មតម្កល់បដិមាព្រះហរិហរ មានសំណង់រាងបួនទ្រវែងមួយដែលនៅជ្រុងខាងត្បូងមានស្លាកស្នាមសសរឥដ្ឋ ហើយកាលពីឆ្នាំ២០០៨ គម្រោងអភិរក្សសំបូរព្រៃគុក នៃសាកលវិទ្យាល័យវ៉ាសេដា ធ្លាប់ធ្វើកំណាយមើលពីរចនាសម្ព័ន្ធសំណង់នេះ ព្រមទាំងរកឃើញបំណែកបដិមាព្រះគណេសជាច្រើនបំណែកនៅខាងលើ​សំណង់នោះថែមទៀតផង។ ការដែលគេតម្កល់រូបផ្កាយនព្វគ្រោះ និងព្រះគណេស នៅក្បែរបដិមាព្រះហរិហរនេះ អាចចង់បង្ហាញថា ប្រាសាទជានិមិត្តរូបនៃស្ថានសួគ៌ ឬភ្នំមេរុដែលនៅលើផែនដី ម្ល៉ោះហើយស្ថានសួគ៌ឬស្ថាននៃទេព ក៏គួរប្រជុំគ្នាដោយទេពជុំវិញដូចគ្នា។

ជារួមមក បដិមាព្រះហរិហរដែលជាការរួមបញ្ចូលគ្នារវាងអាទិទេពព្រះវិស្ណុនិងព្រះឥសូរនៅសំបូរព្រៃគុក គេតម្កល់នៅក្នុងតួប៉មប្រាសាទមួយ ដែលស្ថិតនៅទិសអាគ្នេយ៍តួប៉មកណ្តាលនៃក្រុមខាងជើង ហើយប្រាសាទនេះបែរមុខទៅទិសខាងជើង។ បដិមាព្រះហរិហរ គេតម្កល់នៅលើជើងទម្រមួយដែលលម្អដោយក្បាច់រុក្ខជាតិជាច្រើនប្រភេទ បង្ហាញអំពីភោគផលនៃការបង្កើតលោក ឬបង្កើតស្ថានទាំងបីរបស់ព្រះវិស្ណុនិងព្រះឥសូរ៕

អត្ថបទដើម៖ លោក ម៉ង់ វ៉ាលី

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,000SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!