ទំព័រដើមនិទានកថាអក្សរសិល្ប៍៖ រឿង មហាចោរនៅទល់ដែន (ភាគ៣៤)

អក្សរសិល្ប៍៖ រឿង មហាចោរនៅទល់ដែន (ភាគ៣៤)

(ព្រះនាងខត្តិយាណី)

អូនមកប៉ុន្មានថ្ងៃហើយ?ឮ

ច៎ាះ! មកដល់បីថ្ងៃហើយ។

លោកពូ អ្នកមីងសុខសប្បាយជាទេឬ?

ច៎ាះ! សុខសប្បាយទាំងអស់គ្នាទេ។ ហ៊ឺ! កុំនិយាយពីរឿងគេ យើងនិយាយពីរឿងយើងវិញ បងឥឡូវប្លែកពីដើមខ្លាំងណាស់។

ប្លែកត្រង់ណា? ប្លែកមុខ មាត់ ចិត្ត…

ប្អូនឯងក៏ប្លែកដែរ។

ប្លែកអ្វីខ្លះ?

ប្លែកត្រង់ល្អជាងមុន។

ច៎ាះ! ប្អូនពេញរូបពេញរាងហើយ។ បងក៏ល្អជាងមុនដែរ។ នារីអោនក្បាលទៅលើដើម ទ្រូងមានន្ទ។ នាងឳបស្មាបុរសនឹងដៃនាងទាំងពីរ។ បុរសនិយាយទៅទៀតថាៈ ក្នុងជាតិនេះ បងមានជីវិតមួយរេចុះរេឡើងខ្លាំងណាស់ ជីវិតបងជាជីវិតពុះពារមានការប្លែកៗរាល់ពេល រាល់វេលា។ ជនអ្នកស្រលាញ់តែសុខ មិនចូលចិត្តនឹងរស់នៅយ៉ាងនេះទេ ពីព្រោះមានភ័យ មានព្រួយ មានព្រាត់ប្រាស មានជាប់គុក មានស្លាប់ មានសប្បាយ ផ្ទុយគ្នាខ្លាំងណាស់។ មាន តែជនអ្នកដែលមិនគីតដល់ប្រយោជន៍ខ្លួន និងសេចក្តីសុខផ្ទាល់ខ្លួនទេដែលចូលចិត្តនឹងជីវិត របស់បង។

ច៎ាះ! ប្អូនមិនចង់ឲ្យបងដើរផ្លូវក្រោយនេះសោះ។ ប្អូនចង់ឲ្យបងរស់នៅធ្វើការដូចគេឯង ធម្មតា កុំឲ្យបងគិតការនគរធ្វើអី ព្រោះការនេះធំណាស់។

ការនគរជាការរបស់អ្នកទាំងអស់គ្នា ម្តេចក៏មិនត្រូវគិតទៅវិញ?

បង! បង! ប្អូនមកនេះ មកសុំអង្វរបងឲ្យចោលគំនិតដើរផ្សងព្រេងសំណាងនោះទៅ។ សូមបងធ្វើតាមប្អូន នុ៎ះយើងនឹងបានជួបគ្នាជាប្តីប្រពន្ធមិនខាន។

ទោះបងធ្វើតាមប្អូន ក៏បងត្រូវស្លាប់បន្តិចទៀតនេះដែរ។

ទេ! ទេ! បើបងធ្វើតាមប្អូនៗអាចជួយបង។

ជួយយ៉ាងណា?

ជួយសុំលោកមា ជួយឲ្យឪពុកខ្ញុំជួយនិយាយដោះលែងបងជាមួយលោកមា។ បង! បង! តាមខ្ញុំទេ? ម្តេចបងនៅស្ងៀម? ឳ! បង! សម្រេចថាអ៊ឺមកចុះ​ ប្អូននឹងចាត់ចែងការនេះភ្លាមមួយ រំពេច។ មានន្ទញញឹមយ៉ាងជ្រាលជ្រៅ នាងកែវមណីតឹងទ្រូងជាពន់ពេក ពីព្រោះមិនដឹងជា បុរសឆ្លើយបែបណា? នាងមើលមុខបុរស មើលភ្នែកបុរស នាងលូកដៃទៅចាប់បបូរមាត់ មាណពក្រែងមាត់នេះនិយាយខុសបំណងនាង។ មាត់នេះបញ្ចេញសំដីថាៈ

ចុះបើមិនតាមប្អូនមិនជួយបងទេ?

ធីតាយកម្រាមដៃក្របួចបបូរមាត់បុរសទាំងពីរនោះ កុំឲ្យនិយាយទៀតនាងផ្តួលខ្លួនទៅ លើភ្លៅមានន្ទ រួចនិយាយយ៉ាងស្រងូតស្រងាត់ថាៈ

ហ៊ឺ!…ប្អូនពិបាកចិត្តណាស់…ហ៊ឺ។ ឳ! ទេវតាលោកអើយ!…ប្អូនជួយមិនបានទេ ពីព្រោះ… គ្មានពាក្យអ្វីទៅនិយាយជាមួយឪពុករបស់បង និងឪពុករបស់ខ្ញុំ។

មានន្ទយកដៃច្បូតសក់របស់នាងលេងបណ្តើរ សួរបណ្តើរថាៈ

ម៉េចក៏ដូច្នោះ?

ពីព្រោះបើបងឯងតាម ខ្ញុំអាចទៅជម្រាបលោកថា បងលះបង់គំនិតតស៊ូនោះហើយ មានប្អូនជាអ្នកធានាអះអាងយកជីវិតថ្វាយ។ មានន្ទសើចដោយមើលងាយគំនិតនេះ។

អូនស្គាល់ចិត្តបងស្រាប់ហើយ។ ការដែលបងគិត បងមិនមែនគិតទាំងប្រថុយៗទេ គឺបាន គិតម៉ត់ចត់ណាស់។ ម្យ៉ាងបងពុំសុខចិត្តឲ្យអូនយកនាមបងទៅជាសញ្ញាចុះចាញ់ទេ។ ទីពីរ បើបងស្រលាញ់អូន បងពុំសុខចិត្តឲ្យអូនយកសេចក្តីស្នេហារបស់យើងនេះ ជាគ្រឿង សម្រាប់បង្ខំបងឲ្យតាមអូននោះទេ។

នារីស្ទុះក្រោកពីលើភ្លៅមានន្ទបើកភ្នែកធំៗ មើលមុខមានន្ទជាថ្មី។ នាងប្រែទឹកមុខពី ក្រហមឆ្អិនឆ្អៅទៅស្លាំងទៅវិញ។

បង! ប្រសាសន៍អ្វីដូច្នោះ ប្អូនស្រលាញ់បងទើបជាប្អូនអង្វរបងដូច្នោះ មិនមែនប្អូនធ្វើនេះ ដើម្បីឲ្យបងអង្វរប្អូននោះទេ។ ច៎ាះ! ប្អូនហ៊ាននិយាយស្រលាញ់នេះ ដោយឥតអៀនខ្មាស់ជា មួយបង។ បងស្តាប់ប្អូនឲ្យបាន កុំច្រឡំឲ្យសោះ ប្អូនបញ្ជាក់ទៀតថាៈ ប្អូនអង្វរបង។ បើបង ធ្វើតាមយើងនឹងបានសេចក្តីសុខមិនខាន។​

ធ្វើយ៉ាងណា?

ច៎ាះ! បង! មនុស្សលោកកើតមកលើលោកនេះ តើប្រាថ្នាអ្វី?

មិនគឺប្រាថ្នាសុខគ្រប់ៗគ្នា? អ្នកខ្លះគិតថា ដើម្បីឲ្យបានសុខ ត្រូវលះបង់បុណ្យសក្តិ ប្រពន្ធ កូន ទ្រព្យសម្បត្តិ ក្តីសប្បាយ អំពើអកុសល រួចព្យាយាមមកសាងបណ្តុះបណ្តាលខ្លួន តាំង ខ្លួនជាមេដឹកនាំមនុស្សឲ្យចេះដឹង ឲ្យភ្ញាក់ខ្លួន រលឹកដឹងខ្លួនថា ខ្លួនជាមនុស្សនោះមានកិច្ចការ យ៉ាងណាៗខ្លះ គឺព្យាយាមធ្វើគ្រួសារមនុស្សទាំងអស់ឲ្យបានសុខឡើង។ អ្នកខ្លះនឹកថា ផ្លូវ ខាងលើនេះខុសទេ  ដើម្បីឲ្យមនុស្សបានសុខតោងអាត្មាឯងម្នាក់ៗត្រិរិះរកទ្រព្យធនធានសុច រិត រកបុណ្យសក្តិដោយត្រឹមត្រូវតាមកម្លាំងខ្លួន កុំយាយីធ្វើបាបឈ្នានីសគេ នុ៎ះគ្រួសារមនុស្ស ទាំងអស់នោះនឹងបានសុខមិនខាន។ ចំណែកខាងប្អូនមិនហ៊ានអារកានត់ថាគំនិតរបស់អ្នក ណាខុសទេ ពីព្រោះប្អូនជាស្រី ប្រាជ្ញាខ្លី គំនិតមិនជ្រៅ មើលមិនឃើញឆ្ងាយ។ តែប្អូនយល់ ឃើញថា ផ្លូវទីមួយជាផ្លូវពិបាកដើរណាស់ គឺបន្លាមានគ្រប់ជំហាន។ ប្អូនចូលចិត្តផ្លូវទីពីរ ពីព្រោះដូចរូបបង បងមានតំរិះវិជ្ជាបរិបូណ៍ មានផ្លូវគ្រប់បែបយ៉ាងដើម្បីឲ្យបានបុណ្យសក្តិ មានទ្រព្យធនធានគ្រប់គ្រាន់ដើម្បីធ្វើជាដើមទុនសម្រាប់រស់នៅនឹងខ្លួនទៅម្តេចក៏ទៅជាចង់ ឈោងចាប់ផ្កាយសុខដែលនៅឆ្ងាយពីខ្លួនម៉្លេះទៅវិញ?​

(សូមរងចាំតាមដានភាគទី៣៥ នៅសប្តាហ៍ក្រោយ)

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
17,700SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!