ទំព័រដើមប្រវត្តិសាស្ត្របុរាណវិទ្យារូងជំនាង​ តំបន់​អារ៉ែង​ ភ្នំ​ក្រវាញ

រូងជំនាង​ តំបន់​អារ៉ែង​ ភ្នំ​ក្រវាញ

តំបន់​អារ៉ែង​ត្រូវ​បាន​ហៅ​តាម​ឈ្មោះ​ ស្ទឹង​អារ៉ែង​ ដែល​មាន​ប្រភព​នៅ​តំបន់​ភ្នំ​ក្រវាញ​ ក្នុង​ភូមិសាស្ត្រ​ខេត្ត​ពោធិសាត់​។​ ស្ទឹង​អារ៉ែង​​ហូរ​កាត់​តំបន់​អារ៉ែង​ ស្រុកថ្ម​បាំង​ខេត្ត​កោះ​កុង​ ក្នុង​ឃុំ​ប្រឡាយ​ ឃុំជំនាប់ និង​ឃុំ​ថ្មដូន​ពៅ​ និង​ហូរ​កាត់​ទៅ​កាន់​សមុទ្រ​ ។​ តំបន់​ភ្នំ ​ក្រវ៉ាញបាន​សល់​នៅ​ភស្តុតាង​មួយ​ដ៏​សំខាន់​ គឺការ​ដាក់​ឆ្អឹង​ក្នុង​ពាង​ និង​ម្ឈូស​ឈើ​​ដែល​មាន​​នៅក្នុង​អំឡុង​ស.វទី១៥​ទៅ​ទី១៧​គ.សដែល​មាន​នៅ​ច្រើនទីតាំង​។​ នៅ​តំបន់​ជួរ​ភ្នំ​ក្រវ៉ាញ​​​​លាតសន្ធឹង​ក្នុង​ខេត្ត​កោះ​កុង​ កំពង់ស្ពឺ​ ពោធិសាត់​ បាត់​ដំបង​ ដែលមាន​ក្រុមជាតិ​ពិន្ធុដូចជា​ ជានជាតិ​ព័រ សួយ ស្អូច​ សំរ៉ែ និងជង​ ដែលពួក​គេបាន​រស់​នៅ​ជា​ក្រុម​ទៅតាម​តំបន់​ និង​ភូមិ​ផ្សេងៗ​គ្នា​។​ យើង​សូម​លើ​ក​យក​ពី​ទីតាំង​មួយ​​ក្នុង​តំបន់​អារ៉ែង​ ដែល​មាន​ជនជាតិ​ជង​រស់នៅ​ និងជា​ទីតាំង​បុរាណស្ថាន​មួយ​ដែល​ហៅ​ថា​តំបន់​ការ​ពារ​បុរាណស្ថានរូង​ជំនាង​។​

ស្ទឹងអារ៉ែង​ មាន​តំណាលថា​ អារ៉ែង​ជា​ឈ្មោះ​ក្មេង​ប្រុសកំព្រា​ម្នាក់​ ដែល​ល្ងង់​ មាន​ជំងឺ​ គ្មាន​បង​ប្អូន​សាច់ញាតិ ពេល​មួយ​ដែល​ឃើញ​គួរ​ឱ្យអាសូរ​ដូច្នេះ​ក៏មាន​លោកតាចិត្ត​បុណ្យ​ម្នាក់ បានយកអារ៉ែងទៅ​ចិញ្ចឹម​ថែរក្សា​ និងឱ្យរៀនសូត្រ។ ដោយ​សារ​ខួរ​ក្បាល​មិន​ល្អពី​កំណើត​ រៀនមិនចេះមិនចាំ​ មិនឆ្លាត​ដូច​ក្មេងដទៃ​ទៀត​នៅ​ក្នុង​ភូមិ​ ចូល​ចិត្ត​តែ​ប្រើ​កំលាំង​បាយ​ មិន​ចេះ​ដោះ​ស្រាយ​កិច្ច​ការ​អ្វី​ឡើយ​ លុះ​ពេញ​វ័យ​មាន​កំលាំង​តែ​គ្មាន​ប្រាជ្ញា​ លោក​តា​ឃើញ​ដូច្នោះ​ក៏​បញ្ជា​ឱ្យអារ៉ែង​ទៅ​ធ្វើ​ជា​អ្នក​ចម្លង​ អ្នក​ស្រុក​ពី​ត្រើយ​ម្ខាង​ទៅ​ត្រើយ​ម្ខាង​ទៀត​ ដ្បិត​ស្ទឹង​នោះ​ធំ​ ទឹក​ជ្រៅ អ្នក​ស្រុក​ឆ្លង​កាត់​ម្តងៗ​ពិបាក​ ម៉្យាង​មាន​សត្វ​ក្រពើ​រស់​នៅ​ផង​។​ អារ៉ែង​ទទួល​បាន​ការ​ងារ​ពី​លោក​តា​ហើយ​​ជួយ​ចម្លង​អ្នក​ស្រុក​ជា​ច្រើន​នាក់​ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ ទោះ​ពេល​ខ្លះ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ ខ្យល់​កួ​ច​នៅ​ពេល​ចម្លង​អ្នក​ស្រុក​យ៉ាង​ណា​ក្តី​ ដោយ​ហេតុ​ថា​ជា​កាតព្វ​កិច្ច​របស់​ខ្លួន​ និង​ជាទី​ពឹង​អាស្រ័យ​​របស់​អ្នក​ស្រុក​ផង​។​ ទោះ​មាន​ការ​លំបាក​យ៉ាង​ណា អារ៉ែង​នៅ​បន្ត​ធ្វើ​ការ​ងារ​នេះ​រហូត​ដល់​ចាស់​ស្លាប់​បាត់​ទៅ​។ ក្រោយ​មក​ស្ទឹងធំ​នេះ​ ក៏​ជាប់​ឈ្មោះ​ថា​ជា​ស្ទឹង​អារ៉ែង​រហូត​ដល់​សព្វ​ថ្ងៃនេះ​មក​។

ស្ទឹងអារ៉ែញ

រូងជំនាង​​ មាន​ទីតាំង​ស្ថិត​នៅ​ឃុំ​ប្រឡាយ​ ក្នុង​ស្រុក​ថ្ម​បាំង​ ជា​ទីតាំងពាង​បុរាណ​ដាក់​ឆ្អឹង​រក្សា​នៅ​ទី​នោះ​ ដែល​មាន​ចំនុច​និយាម​ការ​(359290-1290546)។​ ​ក្នុង​អំឡុង​ខែមេសា ឆ្នាំ​២០២២ យើង​បាន​ទៅ​ដល់​ទីតាំង​នោះ​ ឃើញមាន​ក្រឡដាក់​ឆ្អឹង​នៅ​ចំនួន​១ដែល​នៅសល់​ប្រមាណ​៥០​ភាគរយ​ ដែល​មាន​ឆ្អឹង​លលាដ៏​ក្បាល​ ឆ្អឹង​ខ្នង​​​ មួយ​ចំនួន​ និង​មាន​បំណែក​ពាង​ខ្លះទៀត​។

តំបន់​ការ​ពារ​បុរាន​ស្ថាន​រូង​ជំនាង
ពាង​ដាក់​ឆ្អឹង​នៅ​រូង​ជំនាង​ស.វ​ទី១៥​ ទី​១៧​គ.ស

តាមរយៈ​ព័ត៌​មាន​នៅ​មន្ទីរ​បរិស្ថាន ហៅ​ទីតាំង​នេះ​ថា​ ស្ថានីយ​ខ្នង​ស្រល់ ឬ​រូង​ជំនាង​ ជារូង​ចម្រាក់​ភ្នំ​បែ​រ​មុខ​ទៅទឹសខាង​ត្បូង​នៅ​ត្រង់​ច្រាំង​ដាច់នៃ​ភ្នំ​ នៅ​ខាង​មុខ​សម្បូរ​ទៅ​ដោយ​ដើមស្រល់​ ដែល​ស្ថិត​នៅ​ត្រង់​ចំនុច​ ៧១១ម៉ែត្រ​ពី​កម្រឹត​កម្ពស់​ទឹក​សមុទ្រ​។​ ស្ថានីយ​នេះ​មាន​ពាង​មេណាំណយ (ផលិតនៅ​ស្រុក​សៀម​) ចំនួន​៣​ បំណែក​បាត​ពាង​មេណាំ​ណយ​២​ អំបែងភាជន៍​ផ្សេងទៀត​រួមមាន​ អំបែង​ក្រឡចិន ដែល​មាន​ស្រទាប់​រលោង​ពណ៌​បៃតង លឿង និង​លំអ​ក្បាច់​ឆ្កូត​ ព្រម​ទាំង​មាន​បំណែក​ចាន ស៊ីសាត់​ឆាណាឡៃ ដែល​មាន​ស្រទាប់​រលោង​ពណ៌​បៃតង​។​ តាម​ប្រ​វត្តិ​រឿង​ដែល​អ្នក​ភូមិ​ជន​ជាតិ​ជង​បាន​និយាយ​ថា​ ស្ថានីយ​រូង​ជំនាង​នេះ​ធ្លាប់​មាន​ពាង​ចំនួន​៧​ ការ​ចុះ​ស្រាវ​ជ្រាវ​កាលពី​ឆ្នាំ​២០១៥​ អាច​​បញ្ជាក់​ឱ្យដឹង​ថា​ប្រសាសន៍​ពួក​គាត់​ជារឿង​ពិត​​ ​ ដោយ​ហេតុ​យើង​ក៏​រក​ឃើញ​បំណែក​ពាង​សម័យ​អង្គរ​ផង​ដែរ​ ដែល​ស្ថិត​លាយ​ឡំ​ក្នុង​នោះ​។​ កាល​បរិច្ឆេតវិទ្យុ​សកម្ម​កា​បូន បាន​បង្ហាញ​ឱ្យដឹង​ថា​វា​មាន​អាយុ​ពី​ឆ្នាំ​១៤០៣​ ដល់​ឆ្នាំ​១៦៣៤​គ.ស។​

វាលស្មៅ​នៅ​ខ្នង​ក្រពើ

តំបន់​រូងជំនាង​ជា​តំបន់​ខ្នង​ភ្នំ​ ដែល​នៅ​ក្បែរនោះ​មាន​ ​ខ្នងស្រល់ ខ្នង​វាលស្រែ​ ខ្នង​ក្រពើដែល​ជា​វាល​ស្មៅ​សម្បូរ​ដោយ​ពពួក​សត្វ​​ស៊ីស្មៅ​ជា​អាហារ​។​ នៅ​ទល់​មុខ​រូង​ជំនាង​មាន​ស្ទឹង​មួយ​ និង​ខាង​ក្រោយ​ក៏​មាន​ស្ទឹង​មួយ​ទៀតដែល​មាន​ទឹក​ជ្រោះឆាយ​យោង​​ វាផ្តល់​ជា​ប្រ​ភព​ទឹក​ និង​ត្រី​ផង​ដែរ​។​ នៅ​ផ្នែក​ខាង​ក្រោម​នៃ​រូងជំនាង​មាន​ទឹក​ជ្រោះតូច​មួយ​ ដែល​មាន​រូង​ធំមួយ​ អ្នក​ស្រុក​ហៅថា​រូង​ជំនាង​ក្រោម បច្ចុប្បន្ន​អ្នកទេសចរណ៍​មួយ​ចំនួន​បាន​ហៅ​រូង​នោះ​ថា​រូង​ខៀវ​រូង​ក្រហម​។​ តំបន់​រូង​ជំនាង​ពីមុន​មក​ជាកន្លែង​ដែល​ ដំណើរ​តាម​ដំរី មក​ពី​រលាក់​កង​ជើង​ទៅកាន់​ភូមិ​របស់​ពួក​កាត់​តែង​ស្នាក់​នៅបណ្តោះ​អាសន្ន​នៅ​ទី​នោះ។​ រូង​ជំនាង​ក្រោម​​ជារូងធំ​មួយ​ដែល​មាន​បណ្តោយ​ប្រមាណ​ ៥០​ម៉ែត្រ ជម្រៅ​៣០​ម៉ែត្រ និង​កម្ពស់​រូង​១០​ម៉ែត្រ​ មាន​ផ្ទៃ​បាត​រាប​ស្មើ មាន​លក្ខណៈ​សមស្រប​សម្រាប់​មនុស្ស​ស្នាក់​នៅ​។ រូង​ភ្នំ​នេះ​គួរ​មាន​ការ​សិក្សា​ស្រាវ​ជា​បន្ត​តាម​បែប​បុរាណ​វិទ្យា។​ តើទីតាំង​នោះ​អាច​មាន​ទំនាក់​ទំនងជា​មួយ​មនុស្ស​ដែល​រស់​នៅ​ក្នុង​សម័យ​កាល​នោះ​ដែរ​ឬ​ទេ?​ លើក​ក្រោយខ្ញុំ​​នឹង​លើក​យក​ទីតាំង​មួយ​ចំនួន​ទៀត​នៅ​ក្នុង​ភ្នំ​ក្រ​វ៉ាញ​មក​បង្ហាញ​បន្ថែម​៕

អត្ថបទដើម៖ លោក លឹម វណ្ណច័ន្ទ

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!