តាសស៊ិន អ៊ីរេច (Tsatsiin Ereg ) គឺជាឈ្មោះនៃស្ថានីយបុរាណវិទ្យា និងក៏ជាវប្បធម៌សំខាន់មួយដែលស្ថិតនៅក្នុងខេត្ត Arkhangaï នៃប្រទេសម៉ុងហ្គោលី។ ស្ថានីយនេះស្ថិតនៅក្នុងតំបន់ភាគកណ្តាល នៃប្រទេសម៉ុងហ្គោលីដែលមានចម្ងាយប្រមាណជាង៥០០គីឡូម៉ែត្រពីរាជធានី Oulan-Bator។

ប្រភព៖ Magail
ស្ថានីយនេះត្រូវបានអ្នកស្រាវជ្រាវរកឃើញនៅអំឡុងឆ្នាំ ១៩៧០ ដោយក្រុមបុរាណវិទូសូវៀត។ ក្រោយនៅឆ្នាំ ២០០៦ ដោយមានការសហការចូលរួមពីក្រុមអ្នកស្រាវជ្រាវមកពីម៉ូណាកូ (Monaco) និងវិទ្យាស្ថានស្រាវជ្រាវរបស់ប្រទេសម៉ុងហ្គោលីដែលដឹកនាំដោយលោក Jérôme Magail។ តាមរយៈការសិក្សាលើទីតាំងនៃស្ថានីយនេះ បានឱ្យបង្ហាញថាជាទីតាំងបញ្ចុះសព និងមានរចនាសម្ព័ន្ធនៃការបញ្ចុះរបស់ក្រុមមនុស្សក្នុងតំបន់ Tsatsiin Ereg។ Tsatsiin Ereg គឺជាតំបន់សំខាន់មួយ ដែលមានការតាំងទីរស់នៅយ៉ាងយូរ និងក្រោយមកបានក្លាយជាអាណាចក្រ Khunnu ដែលជាអាណាចក្រដំបូង និងមានឥទ្ធិពលនៅក្នុងប្រទេសម៉ុងហ្គោលី។ បន្ទាប់ពីបានសិក្សា និងធ្វើកំណាយគេបានរកឃើញនូវទម្រង់រចនាសម្ព័ន្ធនៅទីតាំងបញ្ចុះសព ដែលឃើញមានថ្មតម្រៀបរាងចតុកោណព័ទ្ធជុំវិញដូចកំពែង មានបង្គោលថ្មធំ និងមានពន្នូកថ្មនៅចំកណ្តាលដែលមានកំពស់ជាង១,៣០ម៉ែត្រ។

ប្រភព៖ Magail
អ្វីដែលសំខាន់នោះ គឺបង្គោលថ្មនៅជុំវិញផ្នូរ ដែលគេបានបែងចែកជាពីរប្រភេទ ដោយមួយហៅថា «បង្គោលក្តាន់» ដែលមានរូបគំនូរ បង្ហាញពីមជ្ឈដ្ឋានជុំវិញ រូបសត្វក្តាន់ និងការរស់នៅរបស់ក្រុមមនុស្សសម័យនោះ និងមួយទៀត ជាបង្គោលថ្មដែលមានរូបមនុស្ស (stèle anthropomorphe)។ ការដែលហៅ បង្គោលក្តាន់ គឺដោយសារតែគេឃើញមានរូបសត្វក្តាន់ និងមានរូបឧបករណ៍បរបាញ់សត្វ និងការធ្វើការងារកសិកម្មដូចជា ព្រួញ ពូថៅ ដាវ កាំបិតជាដើម។ តាមរយៈការសិក្សាលើបង្គោលទាំងនោះបានបង្ហាញថា ស្ថិតនៅចន្លោះយុគសំរិទ្ធ និងយុគដែកមកម្ល៉េះ និងមានកាលបរិច្ឆេទចាប់ពីស.វ.ទី១៣មុនគ.ស.រហូតដល់ស.វ.ទី ៨មុនគ.ស.។


ប្រភព៖ Magail
គួរបញ្ជាក់ដែរថា ក្រុមអ្នកស្រាវជ្រាវ ម៉ូណាកូ និងម៉ុងហ្គោលីន បានចុះសង្កេតនៅក្នុងតំបន់ Tsatsiin Ereg នេះតាំងពីឆ្នាំ ២០០២ និងបានរកឃើញផ្នូរដែលមានរចនាសម្ព័ន្ធដូចដែលបានលើកឡើងខាងលើ ប្រមាណជាង៨៥០ផ្នូរ ដែលមានអាយុកាលប្រហាក់ប្រហែលគ្នា។ បង្គោលថ្ម គឺជានិមិត្តសញ្ញាមួយដ៏សំខាន់នៃការបញ្ចុះសព និងជាពិសេសរូបគំនូរដែលបានពិព៌ណនាពីសកម្មភាពរបស់មនុស្សបុរាណ។ តាមរយៈនៃរូបគំនូរទាំងនោះ អាចឱ្យអ្នកស្រាវជ្រាវយល់ពីជំនឿ និងទំនៀមនៃការបញ្ចុះសពក្នុងយុគសំរិទ្ធ និងយុគដែក នៅក្នុងតំបន់ និងក្នុងប្រទេសម៉ុងហ្គោលី។ ដោយឡែកការសិក្សាលើគ្រោងឆ្អឹងសត្វសេះដែលរកឃើញនៅក្រោមពន្នូកថ្ម បានបង្ហាញថាមានអាយុកាល១៣០០ឆ្នាំមុនគ.ស.។ ការរកឃើញនេះ ក៏បានបង្ហាញឱ្យឃើញពីបរិបទរស់នៅរបស់មនុស្សបុរាណ និងការវិវត្តិនៃប្រវត្តិរបស់សត្វក្នុងមជ្ឈដ្ឋានជុំវិញនោះ។ ដូចដែលបច្ចុប្បន្នយើងបានដឹងហើយថា ប្រជាជនម៉ុងហ្គោលីពូកែខាងជិះសេះ និងធ្វើសង្គ្រាម ដូចនៅសម័យ Genghis Khan ដែលបានពង្រីកដឹកដី និងក្លាយជាអាណាចក្រដ៏ធំមួយក្នុងប្រវត្តិសាស្រ្តពិភពលោក។

ប្រភព៖ Magail
សរុបជារួមមកស្ថានីយបុរាណវិទ្យា Tsatsiin Ereg បានក្លាយជាទិន្ន័យដ៏សំខាន់មួយនៃការស្រាវជ្រាវពីវប្បធម៌ អរិយធម៌នៃការបញ្ចុះសព របស់មនុស្សនៅចុងយុគសំរិទ្ឋ និងដើមយុគដែក មានអាយុកាលប្រមាណជាង ១៣០០ឆ្នាំ ដែលបង្ហាញ តាមរយៈការសិក្សាលើគ្រោងឆ្អឹងសត្វសេះ។ ជាពិសេស ទិន្ន័យដ៏សំខាន់ពីការសិក្សាលើគំនូរលើបង្គោលថ្ម ទាំងពីរប្រភេទ៕
អត្ថបទដើម៖ លោក អេង តុលា