ឥណ្ឌូណេស៊ី៖ អ្នកបុរាណវិទូ បានរកឃើញរូបគំនូរសត្វ នៅក្នុងប្រទេសឥណ្ឌូនេស៊ី ដែលជារូបសត្វជ្រូកមួយក្បាល ហើយជឿថា មានអាយុកាលប្រហែល ៤៥៥០០ ឆ្នាំ។ រូបគំនូរនេះ គឺមានពណ៌ក្រហមដែលមានទំហំធំល្មម ហើយក៏មានរឿងព្រេងដែលនិយាយអំពីដើមកំណើតសត្វនេះនៅលើកោះ Sulawesi ផងដែរ។ រូបគំនូរនេះត្រូវបានគេរកឃើញនៅក្នុងរូងភ្នំ Leang Tedongnge ក្នុងជ្រលងភ្នំដាច់ស្រយាលមួយនៅលើកោះ Sulawesi។
ការរកឃើញនេះ គឺបានផ្តល់ជាភស្តុតាងដំបូងបំផុតនៃការតាំងទីលំនៅរបស់មនុស្សក្នុងតំបន់ និងប្រទេសឥណ្ឌូនេស៊ី។ លោក Maxime Aubert បានលើកឡើងថា “មនុស្សដែលបានបង្កើតគំនូរនេះឡើងគឺមានជំនាញ បច្ចេកទេសខ្ពស់ ក្នុងការស្វែងរក និងផលិតទឹកថ្នាំពណ៌បែបនេះ។ អ្នកឯកទេសនៃគំនូរថ្មបុរាណលោក Aubert បានបង្ហាញថា ការបង្កើតឡើងការគូរគំនូរនៅលើផ្ទាំងថ្ម គឺតែងតែឃើញមាននៅសម័យបុរាណ ហើយដើម្បីកំណត់អាយុកាល យើងបានប្រើប្រាស់បច្ចេកទេស Uranium-series isotope ក្នុងការកំណត់អាយុកាលរបស់គំនូរទាំងនោះ។ ចំពោះគំនូរនៅទីនេះគឺមានអាយុកាល 45,500 ឆ្នាំ។ លោកបានបន្ថែមថា “ប៉ុន្តែវាអាចចាស់ជាងនេះទៅទៀត ពីព្រោះការកំណត់អាយុកាល គឺតែងតែខុសគ្នាបន្តិចបន្តួច”។ របាយការណ៍នៃការស្រាវជ្រាវបានបង្ហាញថា គំនូរនេះមានទំហំ 136cm គុណនឹង 54cm (53in x 21in) បង្ហាញពីជ្រូកមួយក្បាលដែលមានស្នែង ប្រហែលជារូបជ្រូកព្រៃ មិនមែនជ្រូកធម្មតានោះទេ។ ក្រៅពីរូបជ្រូកព្រៃ យើងក៏ឃើញមានរូបបាតដៃចំនួនពីរនៅខាងលើដែរ។
លោក Adam Brumm បាននិយាយថា “ជ្រូកព្រៃនេះហាក់ដូចជាកំពុងរត់ពីមនុស្ស ដែលតាមបរបាញ់ ជាមួយហ្វូងរបស់ពួកវា ដោយសារឃើញបានឃើញមានរូបសត្វជ្រូកពីរផ្សេងទៀត”។ អ្នកស្រាវជ្រាវបាននិយាយថា ដើម្បីធ្វើការសិក្សាលើរូបគំនូរបាតដៃទាំងពីរនោះ អ្នកជំនាញបានដាក់ដៃរបស់ពួកគេនៅពីលើរូបនោះ ដើម្បីផ្ទៀងផ្ទាត់ទំហំដៃ និង ពិនិត្យមើលសារធាតុពណ៌ពីលើវា។ ក្រុមការងារសង្ឃឹមថានឹងអាចទាញយកសំណាក DNA ចេញពីពណ៌ដែលនៅសេសសល់ផងដែរ។រូបគំនូរសត្វជ្រូកនេះអាចជាសិល្បៈចំណាស់ជាងគេនៅក្នុងតំបន់ និងលើពិភពលោកដែលបង្ហាញជាគំនូររបស់សត្វ ប៉ុន្តែវាមិនមែនជាសិល្បៈដំបូងបង្អស់នោះទេ ដោយអ្នកស្រាវជ្រាវធ្លាប់បានរកឃើញនូវរូបគំនូរផ្សេងទៀតលើថ្ម ដែលចាស់ជាងនេះ នៅប្រទេសអាហ្រ្វិកខាងត្បូង ដែលមានកាលបរិច្ឆេទប្រមាណជាង 73,000 ឆ្នាំ ត្រូវបានគេជឿថាជាគំនូរដែលចំណាស់ជាងគេបំផុត៕
ដកស្រង់ចេញពី៖ Indonesia: Archaeologists find world’s oldest animal cave painting – BBC News