អ្នកតាមេ-ស (ភាគ១)

“មេ-ស” ជាឈ្មោះអមនុស្ស មានរូបតំណាង​ជាស្រី ស្ថិត​នៅ​ជើង​ភ្នំ​ឈើ​កាច់ ក្នុង​ស្រុក​​បាភ្នំ ​ខេត្ត​ព្រៃវែង ហើយ​​ក្រុម​ជំនុំវចនានុក្រមខ្មែរ​​​​ពន្យល់​ថា “មេ​-សជា​បិសាច​​ភេទ​​ស្រី”។ ប៉ុន្តែក្នុងជំនឿអ្នកស្រុក “មេ-ស”​ ​មាន​នាទីជា​អ្នកតា​​ប្រចាំ​ស្រុកដែល​គេ​​តែង​តែ​ធ្វើ​បុណ្យ​​​​ថ្វាយ​​​ប្រចាំឆ្នាំ​​រហូត​ជាប់​​​​ជា​ទំនៀម​​ដល់បច្ចុប្បន្ន​។ ​តាម​ព្រេង​និទាន​ គេ​តែង​សម្លាប់​មនុស្ស​ សម្លាប់​ក្របី ឬសម្លាប់​ជ្រូក​ ជា​ដង្វាយ​សំខាន់​សម្រាប់​អ្នក​តា​មេ-ស។ មក​ដល់​សព្វ​ថ្ងៃ​ ទំនៀម​នេះ​បាន​ប្តូរ​ផ្លាស់មក​ថ្វាយ​ជ្រូកខ្វែ​ជំនួសវិញ ហើយគេ​​​តែង​ប្រារព្ធ​ជា​ប្រក្រតី​​​​ក្នុង​រវាង​ចុង​ខ្នើត​ខែជេស្ឋ ពោលគឺមុន​នឹង​ចូលដល់​រដូវ​ធ្វើស្រែ។ អ្នកតាមេ-ស មាន​អាស្រម​ស្ថិត​នៅ​លើ​កូន​ភ្នំតូច​មួយក្បែរ​វាល​ស្រែ​ ខាង​កើត​​ជើង​ភ្នំ​ឈើ​​កាច់​ប្រហែល​៥០០ម៉ែត្រ។ ​តាមការ​និទាន នៅខាងមុខអាស្រម​អ្នក​តា​មេ-ស ​មាន​ខ្ទមអ្នក​តា​ទ្វារ ហើយ​ចម្ងាយ​ពីទីនោះ​ទៅកើត​​ប្រហែល​​១០ម៉ែត្រជាកន្លែង​កាប់​ក្របី ហួស​ទៅប្រហែល​១០០ម៉ែត្រទៀត​ ជា​កន្លែង​សម្លាប់​មនុស្ស។ លើស​ពីនេះនៅ​ជុំវិញ​​អ្នក​តា​​មេ-ស មាន​អ្នកតា​ផ្សេងៗ​ទៀត​ដូចជា អ្នក​តា​ទូង​ស្គរ អ្នកតា​នាងត្រដាច អ្នកតា​សម្តែង​កែវ អ្នក​តា​ព្រះ​ស្រែ អ្នក​តា​ព្រះស្រុក អ្នក​តា​បុះ​លៀន អ្នក​តា​ច្រក​ចំបក់ ​និង​អ្នក​តា​សូន្យ​​យក្ស​ តែ​អ្នក​តា​ទាំង​អម្បាល​នេះ​មិន​មាន​រូប​ទេ មានតែ​ថ្ម​ពីរបី​ដុំ​ជាសម្គាល់។ ប៉ុន្តែ​​​សព្វថ្ងៃ​មាន​តែ​អាស្រម​អ្នក​តាមេ-ស​នៅ​លើ​​កូនភ្នំ ​សាលា​បុណ្យ​​សង់ប្រប​ក្បែរនោះ និងខ្ទម​អ្នក​តា​​ពីរ​​នៅខាងមុខក្រោម​ដើមពោធិ៍ក្បែរ​​ផ្លូវ​ឡើង។

តាមឯកសារ​ផ្សាយ​ក្នុងទសវត្សទី៨០ឱ្យដឹងថា ក្នុង​អាស្រម​អ្នកតា​មេ-ស​ មាន​បដិមា​ចំនួន​បីតម្កល់​​ជា​ជួរ​ទន្ទឹ​ម​​គ្នា​។ បដិមា​កណ្តាល​ មាន​រូបជាស្រី កម្ពស់​ប្រហែល​​០.៩០ម៉ែត្រ​ សក់​ក្បាល​​ទំនង​ជា​បួង​ញាត់​ឡើង​លើ ពាក់ក្បាំង មុខ​រាងមូល ថ្ពាល់​ពេញ​ ដោះក្បំស្រួច មាន​ដៃ​​បួន។ ដៃស្តាំ​បោះមក​មុខ ទ្រ​វត្ថុមួយរាង​ចតុកោណកែង ផតកណ្តាល (ដៃស្តាំ​មួយ​ទៀត​​ពុំនិយាយ) រីឯ​ដៃឆ្វេង​មួយបត់​ឡើង​លើ​កាន់​កងចក្រ ​ដៃ​ឆ្វេង​​មួយទៀត​សំយ៉ុង​ចុះ​ចាប់កន្ទុយ​ខ្លា ឬ​រាជសីហ៍។ ប៉ុន្តែ​ជាការ​គួរឱ្យ​ស្តាយ គេពុំប្រទះឃើញ​រូបថត ឬឯកសារ​ណា​​ផ្សេងទៀត បំភ្លឺ​ឱ្យ​ឃើញស្តែងថា​បដិមាទាំងនោះមានរូប​ពិតប្រាកដ​ដូចម្តេចឡើយ។ ដោយឡែក គេក៏​ពុំ​ដឹងថាទំនៀម​ធ្វើបុណ្យបូជា​មនុស្ស ឬសម្លាប់​ក្របីថ្វាយ​អ្នកតា​មេ-ស ចាប់ប្រារព្ធ​ពីត្រឹម​សម័យណាមកដែរ។ ប៉ុន្តែ​ចូល​មក​ដល់​សម័យ​​សង្រ្គាម​ ទំនៀម​​នេះបាន​ផ្អាក ហើយ​រហូត​ដល់​រវាង​ឆ្នាំ​១៩៩៥ ទើប​អ្នក​ស្រុក​ជិត​ឆ្ងាយ​​​មូល​មាត់​គ្នាសង់​អាស្រម​​ថ្មី ផ្តើម​រៀបចំ​ធ្វើបុណ្យឡើង​អ្នក​តា​មេ-សឡើង​វិញ។ លើស​ពីនេះ ក្នុង​ឆ្នាំ​២០១១ ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ បាន​កំណត់​កូនភ្នំនោះជា​ស្ថានីយបុរាណ ក្នុងន័យ​ថែរក្សា និង​អភិរក្ស ហើយសព្វថ្ងៃនៅក្នុង​អាស្រម​អ្នកតា​មេ-ស គេឃើញ​​មាន​​​បដិមា​ធំ​បី​ តម្កល់​ជា​ជួរ​​​ទន្ទឹម​គ្នា​លើ​បល្ល័ង្ក​​កម្ពស់​ត្រឹម​​ចង្កេះ។

ក្នុងបណ្តា​បដិមា​សំខាន់ៗទាំងបីខាងលើ បដិមា​កណ្តាល​​​ជា​រូបស្រី ពាក់​ក្បាំង​លើ​ក្បាល និង​មាន​ដៃ​បួន ប្រហាក់​ប្រហែល​នឹងសេចក្តី​រៀបរាប់​ក្នុងឯកសារ​​ទស​វត្ស​​ទី​៨០​ដែរ។ ដៃស្តាំមួយលើក​ឡើង​លើកាន់​វត្ថុ​រាង​បួន​ជ្រុង​ស្មើ មាន​ចន្លោះ​កណ្តាល​ ដៃស្តាំ​មួយ​ទៀត​​ទម្លាក់​ចុះ​ហុច​ទៅមុខ​បន្តិច​ប៉ះ​នឹង​កន្ទុយ​សត្វខ្លា ដែល​កំពុង​ក្រាប​ហារ​មាត់យ៉ាង​ធំ​នៅ​ខាងមុខ។ រីឯ​ដៃឆ្វេង​​មួយលើកឡើង​លើ មាន​កាន់​កងចក្រ ហើយ​​ដៃ​ឆ្វេង​មួយទម្លាក់​ចុះ​ប្រប​ដងខ្លួនយួរវត្ថុ​ម្យ៉ាង​ស្រដៀង​កំសៀវ​(គ្មាន​ចំពួយ)។ អ្នក​ស្រុក​​​ពន្យល់ថា​រូប​សំណាក​​​​​នេះ គឺ​ជា​អ្នកតា​មេ-ស។ ចំពោះបដិមា​ខាង​ស្តាំដៃអ្នកតា​មេ-ស ​គេសាង​ឡើង​មាន​ខ្លួន​ជា​មនុស្ស ក្បាល​ដំរី។ បដិមា​នេះ​លាប​ពណ៌ស ប្រមោយ​ខ្មៅ ដៃ​ស្តាំ​សំយ៉ុង​ចុះ​ប្របដងខ្លួន ដៃឆ្វេង​កាន់​ដំបង ហើយ​​លើ​ជើង​ទម្រ​ គេ​ចារ​​ឈ្មោះ​ថា “​អ្នកតា​គិរីផល” (រូបលេខ៤)។ ចំណែក​ឯ​បដិមា​មួយ​ ទៀត​តម្កល់​ខាងឆ្វេង​ដៃអ្នកតា​មេ-ស មាន​រូបរាង​ដូច​មនុស្ស​ប្រុស​ ជួត​​ក្បាល​ ឈរ​កាន់​ដំបង​ ហើយ​លើ​ជើង​ទម្រ​​ចារ​ឈ្មោះថា “អ្នកតា​គិរី​ជោត” (រូបលេខ​៥)។ រីឯ​នៅអម​សងខាង​បដិមា​ធំៗទាំងបីខាងលើនេះ គេឃើញ​មាន​បដិមា​តូច​ៗ​ពីរ​ទៀត កម្ពស់​ប្រហែល​១ម៉ែត្រ លាប​ពណ៌មាស។ ខាងស្តាំ​ជា​មនុស្ស​ប្រុស​​ចំណាស់​​ឈរ​កាន់​​ដំបង​ ហើយខាងឆ្វេង​ជា​មនុស្ស​ស្រីចំណាស់ឈរ​កាន់​ឈើ​ច្រត់ យួរ​ប្រអប់ស្លា(?)។

ពាក់​ព័ន្ធនឹង​ឈ្មោះ​បដិមា​ខាងលើ អ្នកស្រុក​​ពន្យល់​ថា ​លោកយាយ​មេ-ស និង​លោក​​តា​​គិរីផល​ជាប្តីប្រពន្ធ មាន​កូនប្រុស​​ឈ្មោះ​​គិរីជោត។​ រីឯរូបសំណាកតូចៗ​លាប​ពណ៌​​មាស​ទាំង​ពីរ​ ​ជា​មេទ័ពឈ្មោះ​តេជោ និងលោកយាយរតនៈ ​ត្រូវ​ជា​មាតាបិតា​របស់​លោកតា​គិរីផល។ គេពន្យល់​បន្ត​ថា ដើម​ឡើយក្រុម​គ្រួសារ​នេះ​មាន​លំនៅ​រស់​នៅ​តំបន់​បាភ្នំ។ ​ពេល​​​គិរី​ផល​ពេញ​កំលោះ បាន​​ទៅរៀន​សិល្ប៍​វិជ្ជា​នៅ​នគរ​ផ្សេង​​ រហូត​បាន​​ភរិយា​ឈ្មោះ​មេ-ស។ ក្រោយ​មក​ដោយ​គិរីផល​​ពុំ​ស្តាប់​បង្គាប់​​ ​ហ៊ាន​លួច​រត់​មក​ជួយ​ធ្វើ​សង្រ្គាម​រំដោះ​​នគរកំណើ​ត ​ឪពុក​ក្មេក​បាន​បញ្ជា​​ឱ្យ​គេ​កាត់​ក្បាល​គិរីផល​។ ប៉ុន្តែ​ពេល​នោះ នាង​មេ-ស​បាន​ប្រទះ​ឃើញ​ខ្មោច​ដំរី​មួយ​ដោយ​ចៃដន្យ ក៏​កាត់ក្បាល​មកភ្ជាប់​នឹង​ដងខ្លួនប្តី​ បាន​មាន​ជីវិត​ឡើង​វិញ។ ដោយគ្រួសារ​គិរីផល​មាន​គុណ​បំណាច់​​ចំពោះ​នគរ ​អ្នកស្រុក​ក៏​រួប​រួម​គ្នា​សាង​រូប​សំណាក​​ទុក​​គោរព​បូជាដល់សព្វថ្ងៃ។ 

យ៉ាង​ណាក្តី ការ​ពន្យល់ខាងលើគឺ​ជា​មត៌កភាសារបស់អ្នកស្រុក (Oral tradition) ពន្យល់​ចំ​ពោះ​បាតុ​ភូតដែលគេជួបប្រទះ។ ប៉ុន្តែ​ប្រសិន​បើ​គេល្បង​ពិនិត្យ​លក្ខណៈ​​ខ្លះ​​​នៃ​បដិមា​​អ្នកតា​គិរីផល និងអ្នកតា​មេ-ស នាំ​ឱ្យ​ភ្នក​ដល់​​ទេពសំខាន់​ពីរ​ក្នុង​ព្រហ្មញ្ញ​សាសនា​គឺ ព្រះគណេស និង​នាង​ទុគ៌ា។ ជាទូទៅ គេ​ស្គាល់​​ថាព្រះ​គណេស​​​​មាន​ខ្លួនមនុស្ស តែក្បាល​ជា​ដំរី (ដូចអ្នក​តា​គិរីផល) ជាទេព​នៃ​ចំណេះ​ដឹង ហើយ​ជា​បុត្រ​ព្រះ​​ឥសូរ និង​នាងបាវ៌តី​។ ចំណែក​នាងទុគ៌ា ជា​មហេសី​​ព្រះឥសូរ ជាទេព​ឆ្នើម​ខាង​ច្បាំងប្រយុទ្ធ ជា​ពិសេសនៅ​​ក្នុង​សិល្បៈ​ខ្មែរ​បុរាណ គេតែង​ឆ្លាក់រំលេចត្រង់​ពេលនាង​សម្លាប់​បិសាច​​កាឡា​ខ្លួន​ជា​ក្របី​។ ឈុត​ឆាក​ប្រយុទ្ធរវាង​នាងទុគ៌ា ជាមួយក្របីជាបិសាចនោះ គេ​ឲ្យ​ឈ្មោះថា “ទុគ៌ា មហិ​ឞាសុរមទ៌នី (Durgā Mahiṣāsuramardinī)”។ ការ​បង្ហាញឈុតត្រង់នេះ នាង​ទុគ៌មាន​ដៃច្រើន កាន់​កេតនភណ្ឌ​ផ្សេងៗ​ដូចជា​​ ត្រីសូល៍ កងចក្រ​ ស័ង្ខ ផ្គាំ ថូ វជ្រ ដាវ​ និង​ព្រួញ​ជាដើម ហើយ​ជំនិះរបស់នាង​គឺ​ជាតោ (គំនូរខ្លះជា​ខ្លា)។ រូបភាពនេះគេឃើញ​និយម​​តាំងពីមុន​សម័យ​អង្គរ ហើយសូម្បី​នៅ​ប្រាសាទ​​បន្ទាយស្រី ​គេ​ឃើញ​មាន​ឆ្លាក់​​​យ៉ាង​​​ធំ​​​​លើ​ហោជាង។ តាម​រយៈលក្ខណៈនេះ បើត្រឡប់​មើល​​បដិមា​អ្នកតា​​មេ-ស គេ​ឃើញ​មាន​ដៃបួន និង​មាន​សត្វខ្លា​មួយស្រដៀង​នាងទុគ៌ាដែរ។ មិនតែ​ប៉ុណ្ណោះ បើគេ​សង្កេត​មើល​នៅទិស​ខាងកើត​ មុខ​អាស្រម​អ្នកតាមេ-ស​សព្វ​ថ្ងៃ មាន​រូប​ខ្លា​​មួយ​គូ​យ៉ាង​ធំ​អម​ផ្លូវ​ឡើង​ផង។ រីឯ​ចុះ​ទៅមុខ​បន្តទៀត​ គឺ​ជា​រូប​​ក្របី​​មួយ​នឹម​ ដែល​គេ​តម្កល់​នៅ​ក្បែរ​ខ្ទម​អ្នកតា​​៕

សរុបមក អ្នកតាមេ-ស ជាអមនុស្សយ៉ាង​សំខាន់​ ដែល​អ្នក​ស្រុក​ប៉ែក​ខាង​កើត​ស្គាល់ និងគោរពបូជា។ តាមរយៈ​លក្ខណៈ​ខ្លះៗ​​ដូច​រៀបរាប់​ខាងលើ​ អ្នកតា​មេ-ស​ហាក់​ដូចជា​មាន​​ចំណុចជា​ច្រើន​ស្រដៀង​ទេពក្នុង​ព្រហ្មញ្ញសាសនា គឺនាងទុគ៌ា ដែល​មាន​នាទី​កម្ចាត់​​សេចក្តី​អាក្រក់​ ដើម្បី​ឱ្យ​មាន​សណ្តាប់ឡើង​វិញ។ ​ប៉ុន្តែយ៉ាង​ណាក៏ដោយ គេ​គួរ​សិក្សា​មើល​បន្ត​ប្រព័ន្ធ​ជំនឿ​អ្នក​ស្រុកបន្ថែមទៀតក្នុង​បរិបទនេះ។ ​ក្នុង​អត្ថបទភាគ២ ខ្ញុំ​នឹង​បង្ហាញ​​អំពី​ទំនៀម​ធ្វើបុណ្យឡើង​អ្នកតាមេ-ស ដើម្បីជា​ចំណែកតូច​មួយ​នៃការ​ពិចារណា​៕

—————————————

Neak Ta Me Sa (part 1)

Me Sa is a name of a female supernatural being. It is located in Phnom Chouer Khach, Ba Phnom district, Prei Veng province. The local people believe that Me Sa is a guardian of the district so people do ritual practice for Me Sa annually. It says that people sacrificed humans, buffalo or pigs for Me Sa in the past. However, at the present, they offer roasted pig. The ritual celebrates at the end of Jesh in the Luna calendar which is before the growing season.

Me Sa has a small shrine located on a small hill next to the rice field, 500 meters east of Choeur Khach mountain. Based on the legend, there is a shire of Neak Ta Tvea (Neak Ta is a type of supernatural being or the spirit of the ancestor) in front of the shrine of Me Sa. It is about 100 meters away from the killing field. Additionally, there are multiple Neak Ta like Neak Ta Toung Skor, Neak Ta Neang Tradach, Neak Ta Samdeng Keo, Neak Ta Preah Sre, Neak Ta Preah Sruk, Neak Ta Boh Lean, and Neak Ta Chrak Chambak, and Neak Ta Son Yeak. However, these Neak Ta do not have a specific form.

According to the publication in the 1980s, Neak Ta Me Sa has three statues standing in rank. The middle one is a female statue of about 90cm and has four arms. A right hand is put forward and holds a rectangular shape object that is shallow in the middle. Another right hand had not been mentioned. One left hand holds a Cakra and another left hand holds the tail of a tiger or lion. Notably, it is not known when the scarify human being or animals for Neak Ta Me Sa started. However, during Civil War, the practice was stopped. In 1995, people started to build the shrine for Neak Ta Me Sa again. In 2011, the hill was listed as an archaeological site by the Ministry of Culture and Fine Arts of Cambodia.

Currently, the shrine of Neak Ta Me Sa has three main statues. The middle one is a female statue. She wears a diadem and has four arms. It is similar to the description in the 1980s. A right hand holds a rectangular object with a shallow in the middle and another right hand holds the tail of a tiger. The upper left-hand holds a Cakra and the lower one holds a pot. This statue is known as Neak Ta Me Sa. On the right-hand side of Neak Ta Me Sa is a statue of a human with an elephant head and on the left-hand side is a statue of a man who holds a stick. The statue of the name is mentioned as Neak Ta Kirijot. Besides, there are two more statues, a man holding a stick and a female who holds a box.  According to the people, Me Sa and Lok Ta Kiripala are husband and wife. They have a son named Kirijot. The small statues are general Techo and grandmother Ratanak, the parents of Lok Ta Kiripala. People added, that earlier, this family lived in the mountain area. Kiripala married Me Sa after he left home for studying in another polity. He was ordered to cut his head after he tried to free his country from his father-in-law.  Fortunately, Me Sa found an elephant and cut the head of the elephant to connect to the body of her husband. Due to the scarifying of Kiripala, people made the statue and dedicated it to him.

Besides the story of the people, the statue of Me Sa and Kiripala are related to Hindu deities, Ganesh and Durga. Ganesh is a son of Lord Shiva and Parvati and Durga is one of the wives of Lord Shiva who are good in combat. The image and the relief of Durga with many hands holding multiple attributes appeared many times in the pre-Angkor and the Angkorian period. Besides, in the front of the shrine at the east has a pair of tigers and not very far from that is a pair of buffalos.

Neak Ta Me Sa holds the characteristic of a Hindu deity and myth, which is Durga who destroys evil and restores perfection. This form of belief should be taken more attention to.

អត្ថបទដើម៖ ហៀន សុវណ្ណមរកត

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!