(ទារុណកម្ម)
ព្រះនាងមណីថយចេញពីមានន្ទដោយមានចិត្តអៀនខ្មាស់យ៉ាងខ្លាំងក្រៃលែង។ នាងអៀនពីព្រោះស្រីស្រលាញ់ រួចឥតត្រូវបានគេស្រលាញ់វិញ។ ឆោមក្តៅក្រហាយថា តាំងពីតូចមកនាងមានរូបល្អមិនដែលនិយាយស្រលាញ់ជាមួយមនុស្សប្រុសឈ្មោលដល់ម្តង ទើបតែមកដល់គ្រានេះនាងនិយាយពេញមាត់តែគេគ្មានទទួលតាមសោះ។ បើថាមានន្ទជាអ្នក្រៅ ទៅក៏មិនថាដែរ តែនេះប្រុសជាបងជីដូនមួយបង្កើត រួចធ្លាប់បានដឹងចិត្តថ្លើមគ្នាខ្លះមកដែរ មិនគួរជាថ្លៃគ្មានត្រាប្រណីដូច្នេះសោះ។ បើថាមិនត្រាប្រណីក៏ហីទៅចុះ យ៉ាងហោចក៏មានន្ទត្រូវគោរពនាងបន្តិចដែរ គឺនិយាយឲ្យធីតាមានផ្លូវសង្ឃឹមបន្តិចផង។ នេះគ្មានទេ! និយាយយ៉ាងដាច់អហង្កាតែម្តងគ្មានសំចៃគំនិតបន្តិចបន្តួច។
ស្រីមើលរាងកាយនាងគ្រវីក្បាលហួសចិត្តថា បើនាងរូបអាក្រក់ក៏មិនថាទៀត ចុះនាងមានរូបឆើតឆាយនឹងគេដែរ គួរតែបុរសស្រលាញ់ បើមិនស្រលាញ់ក៏ត្រឹមតែចូលចិត្តទៅចុះ។
គិតឡើងក្តៅឡើងៗ។ ភ្លើងស្នេហាក៏ប្រែប្រួលជាភ្លើងសងសឹកព្រោះខ្មាសបុរស សងសឹកព្រោះប្រាកដជាបុគ្គលដ៏ខ្ពស់ខ្ពស់នេះមើលងាយដល់រូបនាងមិនខាន សងសឹកព្រោះគេមុខជានិយាយហែកកេរ្តិ៍នាងប្រាប់អ្នកឯទៀតជាប្រាកដ។
អាស្រ័យហេតុនេះ ត្រូវតែលុបប្រុសម្នាក់ឲ្យបាត់ពីលោក។ ការនេះជាការចាំបាច់ដែលអាចជួយស្រោចស្រង់កិត្តិនាមនាងបាន។
ធីតាដើរតូងៗ ចូលទៅក្នុងបន្ទប់ព្រះកម្ពុតដែលកំពុងជំនុំជាមួយកាមា។
លុះនាងដើរទៅដល់ ព្រះកម្ពុតស្រដីមកនាងដោយគួរសមថាៈ
ក្មួយ! មានការអ្វីឬ?
ច៎ាះ! ខ្ញុំចង់ស្តាប់កិច្ចការជំនុំជំរះរឿងបងមានន្ទដែរ។
កាមាផ្អៀងខ្លួនគំនាបនាង។ ព្រះកម្ពុតញញឹមយ៉ាងស្រស់ទទួលធីតា។ នាងមណីឳនក្បាលបន្តិចទទួលសេចក្តីរាក់ទាក់របស់ជនទាំងពីរ។
កាមាលួចមើលកល្យាណម្តងៗរួចសួរនាងថាៈ
តើអូនចាប់ចិត្ត ចាប់អារម្មណ៍នឹងរឿងនេះខ្លាំងណាស់ទៅឬ បានជាមកទីនេះ?
ច៎ាះ! ពីព្រោះជារឿងដែលប៉ះពាល់ដល់ខ្ញុំដែរ។
ដោយកាមាភ្ញាក់ ព្រះកម្ពុតឆ្ងល់ គោះខ្សៀសួរថាៈ
ប៉ះពាល់យ៉ាងណាក្មួយ?
ឃើញទឹកមុខកល្យាណ កាមាប្រែទៅជាស្ងួតទៅវិញ នារីសើចក្អាកក្អាយ។
ច៎ាះ!ហាស់ៗៗ! លោកមានិងបងឆ្ងល់? ច៎ាះ! ហាស់ៗប៉ះពាល់ដល់សេចក្តីសុខរបស់ខ្ញុំដែរ។ កាមាចងចិញ្ចើម ស្រដីយ៉ាងខ្លាំងៗថាៈ
លោកពុក និងបងមិនយល់ទេ។ មណីអូន! រឿងមានន្ទជារឿងធំណាស់ណ៎ា! មណីសំឡក់កាមា រួចនិយាយថាៈ
អ្នកណាថា រឿងនេះជារឿងតូច។ បងនឹងស្មានថា មានតែបងទេឬអី ដែលត្រូវគិតដល់រឿងមានន្ទនេះ។ ខ្ញុំៗគ្មានអំណាចគិតទេឬអី?
ព្រះកម្ពុតមើលមុខស្រីចំ ដោយរឹតតែឆ្ងល់ទៅទៀត។
ក្មួយ! មាចង់ដឹងទឹកចិត្តក្មួយឯង ចំពោះរឿងមានន្ទនេះណាស់ត្បិតមាមានយោបល់មួយលើរឿងនេះទៅហើយរួចមានទាំងបម្រុងចាត់ការថែមទៀតផង។
ច៎ាះ! ខ្ញុំមកនេះ គឺមកដោយចង់ដឹងយោបល់លោកមា និងយោបល់បងកាមាឯង។ ឯខ្ញុំក៏មានយោបល់មួយ និងមានបំណងមួយយ៉ាងមាំដែរ ដែលខ្ញុំមកស្នើសុំលោកមា ក្រែងបំណងខ្ញុំអាចបានសម្រេច។
កាមាញាប់ញ័រក្នុងចិត្ត ពីព្រោះអ្នកមើលឃើញថា មណីមុខជាការពារមានន្ទមិនខាន។ អ្នកឆ្លើយយ៉ាងរួសរាន់ថាៈ
ទេអូន! តោងអូនទុកការនេះឲ្យលោកពុកសម្រេចចុះ។
នាងមណីកាត់ផូងគ្មានសំចៃវិញថាៈ
មិនបាន! ក្នុងនាមនៃយុត្តិធម៌ខ្ញុំត្រូវតែដឹងរឿងបងមានន្ទ ហើយត្រូវតែស្នើរឿងនេះជូនជាយោបល់ដល់លោកមាដែរ។
កាមាកាត់ផូងវិញៈ
មិនបាន! តោង……
ព្រះកម្ពុតរាដៃៈ
ទេ! ឈប់ទុកក្មួយខាងនេះ និយាយមើលក្រែងមានយោបល់ល្អ យើងអាចតាមដែរ។ មើលក្មួយយល់យ៉ាងណា? ចង់យ៉ាងណា? រួចមាសូមប្រាប់ទុកជាមុនថា បើបំណងក្មួយមិនសមនឹងបំណងយើងទេកាលណា យើងមិនធ្វើតាមបំណងក្មួយ ចូរក្មួយកុំអាក់អន់ចិត្តសោះណ៎ា?
ច៎ាះ! មានអីលោកមា។ យី! បងម៉ា ឃើញឯងស្រីមិចង់ឲ្យឯងនិយាយអីយ៉ាងម៉េចអញ្ចេះ?
(សូមរងចាំតាមដានភាគទី៣៧ នៅសប្តាហ៍ក្រោយ)