ទំព័រដើមនិទានកថាអក្សរសិល្ប៍៖ រឿង មហាចោរនៅទល់ដែន (ភាគ៣៧)

អក្សរសិល្ប៍៖ រឿង មហាចោរនៅទល់ដែន (ភាគ៣៧)

(ទារុណកម្ម)

ណ្ហើយៗ ក្មួយនិយាយទៅមើល មាស្តាប់។

នារីសំឡក់កាមាមិនដាក់ភ្នែក។​ កាមាខាំធ្មេញមុខឡើងក្រហម។ នាងនិយាយមួយៗថាៈ

ខ្ញុំស្រលាញ់បងមានន្ទណាស់…

កាមាស្ទើរលោត តែមណីបន្តទៅទៀតថាៈ

ស្រលាញ់ចង់ស៊ីសាច់ ហុតឈាម អារកទាំងរស់..

កាមាមើលមុខនារីដោយឆ្ងល់។ ស្រីបន្តទៅទៀតដូចតទៅៈ

ពីព្រោះខ្ញុំទើបដឹងការច្បាស់ ដឹងរហូតដល់ឈាមដែលហូរក្រោមស្បែកបងមានន្ទ ដឹងរហូតដល់ក្នុងខួរឆ្អឹងបងមានន្ទ ដឹងថាមនុស្សនេះជាគ្រឿងអាម៉ាស់មួយយ៉ាងក្រៃលែង ចំពោះគ្រួសារយើង ដឹងទៀតថាគាត់នេះជាមនុស្សអសិរពិសមួយ យ៉ាងមហិមាចំពោះជនជាតិសៀម ដឹងថាគាត់នេះជាថ្នាំពុលមួយដល់សេចក្តីសុខរបស់អ្នកស្រុក។ គាត់មានគម្រោងការមួយដ៏លាមកដែលអាចបំផ្លាញនគរឲ្យវិនាសអន្តរាយ អន្តរាយទាំងរូបខ្ញុំទៅថ្ងៃមុខ។ ហេតុនេះហើយបានជាខ្ញុំថា រឿងនេះជារឿងបង្កភ្លើងសង្រ្គាមអោយឆួលឆេះឡើង ដើម្បីយកអាណាខេត្តដែលរដ្ឋាភិបាលសៀមមានទាំងប៉ុន្មានអោយទៅខ្មែរវិញ។ អាស្រ័យហេតុនេះ ខ្ញុំសូមលោកមាឲ្យប្រយ័ត្ននឹងអ្នកទោសមួយរូបនេះ ឲ្យមែនទែនដែលចង់ធំ ចង់តែខ្ពស់ គ្មានសន្តានចិត្តល្អត្រង់ណាសោះ។

          កាមាសើចនិយាយថាៈ

          អឺ! អាហ្នឹងវាអាក្រក់ដូនអូនឯងថាមែន! បងស្មានតែអូនមិនដឹងរឿងអ្វីទេ!

          ព្រះកម្ពុតងក់ក្បាលៈ

មាដឹងរឿងដែរ តែមិនដឹងច្បាស់សោះ។ ម្តងគេថាមានន្ទវាអញ្ចេះម្តងគេថាវាអញ្ចុះ។ ក្មួយបាននិយាយនឹងវាឬ ទើបបានដឹងចិត្តវានេះ?

          ច៎ាះ! ខ្ញុំទៅឆថា ខ្ញុំស្រលាញ់គាត់ គាត់ធ្លោយប្រាប់ខ្ញុំអស់ ទើបខ្ញុំរត់មករកលោកមាឲ្យបានជ្រាបការនោះទុកបង្អង់ក្រែងមានគ្រោះថ្នាក់ទៅថ្ងៃក្រោយ។

          កាមានិយាយស្ងើចថាៈ

យី! អីអូនទៅហ៊ាននិយាយនឹងវា? អូនចំជាក្លាហានមែន។ អានេះវាត្រូវជាបងរបស់បងបង្កើតមែន តែចិត្តវាខ្មៅ ប្ញស្យាមិនដូចបងសោះ។ អូនគិតទៅមើលហ៍! លោកឪពុកមានដីការកោះហៅវា វាហ៊ានទាំងវាយរបនឹងពួកអ្នកនាំសារ រួចវាគេចខ្លួនរហូត។ ហ៊ឺ! ថាអាមនុស្សទុច្ចរិតមួយវាមិនហ៊ានមកទេ។ ឳកាសនោះបើវាមកប្រហែលជាប់ជុងហើយអានាង។

          ព្រះកម្ពុតធ្វើមុខក្រៀមពោលថាៈ

          ពីដើមមាខំទុកចិត្តវា ស្រលាញ់វាជាកូន មិនដឹងជាវាមានចិត្តដូច្នោះសោះ។ វាលូចស្រលាញ់កូនវិសេសក្លាហាន ដែលមាស្អប់រកអ្វីប្រៀបគ្មាន រួចវាលួចរៀបការជាមួយគ្នា ដោយឥតឲ្យមាដឹង រួចវាប្រកាប់ប្រចាក់នឹងកាមាទាល់តែមានស្នាមរបួសនោះទៀត។ មាខឹងខ្លាំងណាស់ថា ឲ្យតែចាប់បានយកមក វាយជាន់កតែម្តង។ វាចេញរតថយ វាយថយ ស្លាប់ពលជាច្រើនរួចតាំខ្លួនជាមហាចោរព្រងើយទៅ។ សព្វថ្ងៃវានៅទល់ដែនខាងបាក់ព្រាជិតទន្លេសាប។ វាប្លន់គេ វាចាប់គេសម្លាប់ វាកទ័ពវាយនឹងឯង។ តែវាទើបនឹងបានធ្វើបន្តិចបន្តួច ទេវតាមិនជួយ មចាប់វាបានមកនេះ។

          ធីតាសើចបញ្ចេញធ្មេញសស្គុស រួចនិយាយថាៈ

          ចុះលោកមាគិតយ៉ាងម៉េច?

          មាគិតសម្លាប់វានៅវេលាយប់នេះឯង។

          កាមាសើច និយាយថាៈ

          យើងសម្លាប់វា។ បងសម្លាប់នឹងដៃបង បងខឹងណាស់ វាកោងកាចដាក់លោកឪពុករួចវាធ្វើឲ្យអ្នកផងមានទុក្ខព្រោះវា។

          មាណវីសើចខាំធ្មេញ ពោលថាៈ

          ទេ! លោកមា! ទេ វាជាមនុស្សទោសធ្ង​ន់ណាស់ គឺទោសក្បត់ផែនដី ក្បត់ព្រះមហាក្សត្រយ៍ក្រុងអយុធ្យា ក្បត់លោកមា ក្បត់ជនជាតិសៀមយើង។ វាស្លាប់ភ្លាមៗ មិនសមហេតុសមផលទេ តោងលោកមាជ្រាបថា បើវាស្លាប់ភ្លាមៗ មុខជាមានមនុស្សបន្តការងារបស់វារឹតតែខ្លាំងជាងមុនទៅទៀតមិនខាន។

          ព្រះកម្ពុតចាប់អារម្មណ៍នឹងពាក្យរបស់នាងមណី កាន់តែខ្លាំងឡើងត្បិតស្រីល្អឯកនេះនិយាយស្ទើរត្រូវៗ ស្ទើរទាំងអស់។

          លោកសួរថាៈ

          ដូច្នោះបើតាមក្មួយធ្វើយ៉ាងណា?

          កញ្ញាសើចបន្តវាចាទៅទៀតថា។

          ច៎ាះ បើតាមខ្ញុំត្រូវផ្តន្ទាទោសឲ្យវាសមតាមកំហុសដែលវាបានប្រព្រឹត្ត គឺដាក់ច្រវ៉ាក់ដៃ រួចវាយវាអាក្រោសបណ្តើរតាមភូមិស្រុកចេញប្រកាសប្រាប់ចំៗ ឲ្យអ្នកស្រុកដឹងឮគ្រប់គ្នាថាវាជាមនុស្សក្បត់ជាតិ ជាមេបេះបោរ ជាមហាចោរ កុំឲ្យអ្នកណាយកតម្រាប់តាមវាទៀត។

(សូមរងចាំតាមដានភាគទី៣៨ នៅសប្តាហ៍ក្រោយ)

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,000SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!