ទំព័រដើមសិល្បៈភ្លេងប្រដាល់

ភ្លេងប្រដាល់

ប្រដាល់ គឺជាកីឡាដ៏ល្បីមួយក្នុងចំណោមកីឡាដែលមានប្រជាប្រិយនៅប្រទេសកម្ពុជា ជាពិសេសប្រដាល់សេរី ឬដែលគេស្គាល់និងនិយមហៅជាទូទៅថា «គុនខ្មែរ» ដែលយើងឃើញមានជាភស្តុតាងជាក់ច្បាស់ដោយចម្លាក់នៅលើជញ្ជាំង សិលាប្រាសាទ ទូទាំងប្រទេសកម្ពុជា ជាពិសេសប្រាសាទបាពួន អង្គរវត្ត និងបាយ័នជាដើម។

ព្រឹត្តិការណ៍និងកម្មវិធីកីឡាប្រដាល់នៅប្រទេសកម្ពុជា តែងតែត្រូវបានកំដរ ដោយវង់ភ្លេងមួយដែលមានឈ្មោះថា “វង់ភ្លេងប្រដាល់”។ ខ្មែរយើងទម្លាប់ហៅវង់ ភ្លេងនេះផ្សេងៗគ្នាទៅតាមទម្លាប់និងការហៅតៗគ្នា។ ខ្លះហៅវង់ភ្លេងនេះថា «វង់ភ្លេងក្លងខែក» មានន័យថា  «ក្លង» គឺ «ស្គរ» ឯ «ខែក» គឺ «ជ្វាឬឥណ្ឌា» ដូច្នេះ «ស្គរជ្វាឬឥណ្ឌា» ដែលមានឧបករណ៍ភ្លេង ស្រឡៃក្លងខែក ស្គរក្លងខែក និងឈឹង។ ខ្លះទៀតហៅថា «ក្លងឆ្នាក់ឬក្លងឆ្នះ» មានន័យថា «ស្គរឈ្នះ»។ ឯអ្នកខ្លះទៀត ហៅថា «ក្លងថ្នាក់» គឺគេប្រើចំនួនស្គរទៅតាមឋានៈ ជាពិសេ​សនៅពេលដែលគេប្រើវង់ភ្លេងនេះនៅក្នុងពិធីសព។

ភ្លេងកំដរកីឡាប្រដាល់ខ្មែរ ឬគុនខ្មែរ មានពីរចំណែក៖ ថ្វាយបង្គំគ្រូ និងប្រដាល់។ ខ្ញុំសូមបញ្ជាក់ថា នៅក្នុងកីឡាប្រភេទនេះ យើងឃើញមាន ចំបាប់ គុនខ្មែរ (ល្បុក្កតោ) និងប្រដាល់ ហើយនៅក្នុងអត្ថបទនេះ ខ្ញុំនឹងនិយាយ តែអំពីកីឡាប្រដាល់តែប៉ុណ្ណោះ។ ក្រោយពីកីឡាករប្រកួតទាំងសងខាងឡើងទៅលើសង្វៀនប្រដាល់រួចហើយ មុននឹងចាប់ប្រកួត កីឡាករត្រូវស្មឹងស្មាធិ៍ រឭកនឹកដល់គ្រូ ជាអ្នកប្រៀន ប្រៀនប្រដៅ និងថ្វាយបង្គំគ្រូ កំដរដោយបទ «យោន» ដែលមានន័យថា «បោះ» ឬ «ពួយ» និងវង់ភ្លេងប្រដាល់ដែលមានឧបករណ៍ ស្រឡៃនិងស្គរឈ្នះ។

ភ្លេងដែលគេជាទូទៅយកមកលេងកំដរក្នុងការប្រដាល់សេរីឬគុនខ្មែរ គឺមានតែមួយគត់។​ ភ្លេងនេះមានន័យដ៏ពិសេសនិងស៊ីជម្រៅនៅក្នុងបេះដូងនិងអារម្មណ៍របស់ប្រជាជនខ្មែរ ដែលខ្មែរដឹងនិងចងចាំយ៉ាងច្បាស់ព្រមទាំងងាយស្រួលយល់ និងទាក់ទាញគេបាន នៅពេលដែលគេបានឮនៅក្នុងព្រឹត្តិការណ៍កីឡាប្រដាល់។ ភ្លេងកំដរនេះមានពីរផ្នែកគឺ (១) ការបួងសួង រឭក អធិដ្ឋាន​ និង (២) ការប្រដាល់។ ការបួងសួងដល់ព្រលឹងឬ «គ្រូ» គឺដើម្បីឱ្យស្មារតីរបស់អ្នកប្រដាល់នោះស្ថិតនៅ នឹងធឹង និងផ្តល់ជាកម្លាំងចិត្តនិងពរជ័យដល់គេនៅក្នុងការប្រកួត។

ភ្លេង «យោន» ក្នុងផ្នែកទី១ គឺគ្មានចង្វាក់ទេ។ ឧបករណ៍ស្រឡៃលេង បទកំដរដោយស្គរ។ ឯភ្លេងប្រដាល់ក្នុងផ្នែកទី២ មានល្បឿនលឿនជាងផ្នែកទី១ កំដរដោយស្គរនៅក្នុងចង្វាក់មួយដែលនឹងនិងរៀបរយ។ នៅពេលដែលទឹកនីមួយៗ នៃការប្រកួតវិវត្តទៅមុខ ភ្លេងក៏បង្កើនល្បឿននិងរន្ថើនចង្វាក់ ទៅតាមសង្វាក់ អារម្មណ៍របស់អ្នកប្រដាល់ ហើយគេឈប់ប្រគំតែនៅពេលដែលទឹកនីមួយៗបានចប់ ឬនៅពេលដែលអ្នកប្រដាល់ណាមួយត្រូវបានគូប្រយុទ្ធវាយសន្លប់។ នៅក្នុងការប្រកួតណាដែលល្អ ទស្សនិកជនថែមទាំងចូលរួមទះដៃអបអរសាទរទៅតាមចង្វាក់ ភ្លេងទៀតផង។

សរុបសេចក្តីមក យើងឃើញថា វង់ភ្លេងនិងភ្លេងប្រដាល់នេះ មានតួនាទីសំខាន់ទាំងនៅក្នុងភិភពមនុស្សដែលនៅរស់នាបច្ចុប្បន្នកាលនិងពិភពក្រៅមនុស្ស ពាក់ព័ន្ធនឹងព្រលឹងនៃគ្រូបាអាចារ្យអ្នកមានគុណដែលបានបាត់បង់ជីវិតទៅហើយ។ លើសពីនេះទៅទៀត បទដែលលេងសម្រាប់កំដរពេលថ្វាយបង្គំគ្រូ និងប្រដាល់ គឺពិតជាបទតាំងពីបរមបុរាណកាលដែលមានឥទ្ធិពលចិត្តសាស្ត្រ ទាក់ទាញបេះដូង និងអារម្មណ៍របស់អ្នកស្តាប់ខ្មែរឱ្យមកសណ្ឋិតជាប់នៅជាមួយនឹង ព្រឹត្តិការណ៍និងសកម្មភាពប្រដាល់នេះតែម្តង។

BOXING MUSIC

(Abstract)

Among the most popular sports in Cambodia is boxing, especially, the free-style generally known as Kun Khmer (Khmer martial art), which is firmly attested by scores of carving on Khmer ancient stone monuments across Cambodia, particularly, the Bapuon, Angkor Vatt, and Bayon.

Boxing events in Cambodia are always accompanied by a music ensemble called Vung Phleng Pradall, literally meaning “boxing music ensemble.” It is also referred to as Vung Phleng Klang Khaek, consisting of sralai klang khaek (shawm), skor klang khaek (double-headed cylindrical drum), and chhing (finger-cymbals).  

There is only one boxing piece generally used to accompany the Khmer free-style boxing or Kun Khmer. It is in every sense unique and can be easily recognizable by every Khmer attending this popular sport event. The accompanying piece has two parts: the invocation and the fight. The former is the invocation of the spirit or krou (teacher) to concentrate the boxers’ mind and to give them confidence and blessing in the fight. Music for the first part is slow in a free rubato style, in which the sralai plays the melody accompanied by the drum, while providing only a few strokes dispersedly. The second is faster in pace than the first, also accompanied by the drum, in a steady tempo. As the rounds progress, the music accelerates and stops only at the end of the rounds or when a boxer is knocked out. In a good fight, the audiences also join in by clapping their hands in rhythm with the music.

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!