ទំព័រដើមនិទានកថាអក្សរសិល្ប៍៖ រឿង មហាចោរនៅទល់ដែន (ភាគ៨)

អក្សរសិល្ប៍៖ រឿង មហាចោរនៅទល់ដែន (ភាគ៨)

(ទារុណកម្ម)

រួចលោកមាក្នុងពេលបណ្តើរនេះ សូមវាយវានឹងរំពាត់ផ្តៅធំមួយ ឲ្យវាបែកឈាមហូរ សស្រាក់ ឈឺចាប់ខ្លោចផ្សារ (មកដល់ពេលនេះកញ្ញានឹកថាពីព្រោះសេចក្តីស្នេហារបស់នាង លើរូបបុរសនេះ ពុះពោរកញ្ជ្រោកកញ្ច្រោលហូរសស្រាក់ឈឺចាប់ខ្លោចផ្សារដែរ) ច៎ាះ! រួចយកវាទៅ ចងឆ្កាងហាលថ្ងៃបង្អត់បាយបង្អត់ទឹក។ ធ្វើយ៉ាងនេះបានបីថ្ងៃ យកវាឲ្យទៅកិនស្រូវនឹងត្បាល់មួយធំវាយដំវាឲ្យប្រឹងៗឲ្យរួច។ សូមធ្វើយ៉ាងនេះអោយបានពីរខែ។ រួចរាល់ថ្ងៃអោយអ្នកស្រុកមកមើលវា ស្រែកចំអកឲ្យវាខ្មាស់គេ (នាងនឹកថា ព្រោះនាងបានខ្មាស បុរសនេះដូច្នោះឯង)។

          ជនទាំងពីររូបក៏យល់ព្រម តាមកម្មវិធីរបស់នាងមណី។

          មួយថ្ងៃក្រោយមកទៀត មានន្ទក៏ត្រូវទទួលទារុណកម្មដ៏ខ្លោចផ្សារចិត្តនេះ។ អ្នករងទុក្ខក្រៃណានឹងរកអ្វីផ្ទឹមស្មើគ្មាន។

          ក្នុងពេលគេវាយបណ្តើរអាក្រោស អ្នកស្រុកទាំងពួងផ្អើលឆោឡោទាំងចាស់ ទាំងក្មេង មកមើលយ៉ាងអ៊ូអរពាសពេញ។ អ្នកផងសំដែងសេចក្តីអាណិត អ្នកផងជេរប្រទេសផ្តាសាថែម។ ក្នុងពពួកអ្នកជួយស្អប់ យើងសង្កេតឃើញច្រើនតែពួកដែលរស់ជារណបនៅជើងកំផែងព្រះកម្ពុត រួចពីនោះគឺអ្នកមិនយល់ពីរឿងច្បាស់ ក្រោយបំផុត គឺពួកអ្នកមិនដឹងរឿងអ្វីសោះ ដែលមានត្រចៀកស្រាល ចេះតែជឿតាមគេ ឥតចេះគិតដល់តិចតួចឡើយ។

          តែរឿងមានន្ទ ក៏បានផ្ទុះឮសុសសាយអាណាខេត្តសេរីសោភ័ណ។

          អ្នកផង ទាំងខាងពួកស្អប់ ទាំងខាងពួកស្រលាញ់ អាណិត ស្គាល់មានន្ទគ្រប់គ្នាថាជា “មហាចោរនៅទល់ដែន”។

          ថ្ងៃមួយ មានន្ទកំពុងធ្វើការអូសរទេះដែលផ្ទុកសុទ្ធតែថ្មកណ្តាលថ្ងៃបែកញើសហូររហាម ក្រោមរំពាត់របស់កងយោធា នាងមណីកើតចិត្តមួយចង់ឃើញនឹងភ្នែកនូវទុក្ខវេទនារបស់មានន្ទ ដែលមានរូបនាងជាបុព្វហេតុ។​

          ស្រីវរលក្ខណ៍បានដើរទៅលបមើលបុរសទុរគតនាកន្លែងមួយស្ងាត់កំបាំងពីភ្នែកអ្នកផង។ ធីតាអផ្សុកពេញខ្លននឹក ឃើញបុរសកាលណាក្តៅឆួលក្នុងចិត្តកាលណោះ។

          នាងចង់ឃើញ ព្រោះខ្លាចក្រែងមានន្ទមិនបានទទួលឲ្យសមតាមកម្មដែលស្រីទទួល ដោយសារបុរសនេះ។ មណីហេវអស់ទាំងរូបកាយដោយនឹកមិនយល់ថា ប្រុសអ្វីក៏មាត់រឹងម្លេះ។​ ចិត្តនេះហាក់ដូចកៅស៊ូ ដែលធីតាប្រឹងទាញៗយ៉ាងពេញទំហឹងរួចដល់ពេលលែងវិញ កៅស៊ូធូរមកដដែលដូចដើម។

          មិនយូរប៉ុន្មាននាងឃើញមានន្ទធ្វើការ។ ក្នងុហ្វូងអ្នកមានទោសស្រីអង្កេតឃើញនាយកោបអគ្គី មហាកាល និងមនុស្សទោសឯទៀតនាងពុំស្គាល់។ អគ្គី មហាកាល និងនាយកោប ខំត្រដេបត្រដាប ទាញរទេះដួលចុះដួលឡើង ដោយអស់កម្លាំងខ្លាំងពេក។ អ្នកយាមដែលមាននាទីចាំ តែត្រួតមើលការ ស្ទុះទៅវាយដំជនទាំងបីខ្វាប់ៗ គ្មានត្រាប្រណី។

          មានន្ទឈប់អូសរទេះខ្លួនមកចាប់សហការីទាំងបីលើកឡើង ដោយករុណា។

          កោបនិយាយថាៈ

          សុំទឹក! សុំទឹក!

          មានន្ទស្ទុះទៅយកទឹកមួយត្រឡោកដែលនៅជិតនោះ ក្នុងពាងមួយអ្នកយាមម្នាក់វាយត្រឡោកធ្លាក់ពីដៃមានន្ទ! មាណពក្តៅក្នុងចិត្តជាពន់ពេក នឹកថាមួយពេលនេះស្លាប់ទៅល្អជាង។

          អ្នកសំលឹងអ្នកយាមនោះ រួចស្ទុះភ្លែតដាល់ផូង។

          អ្នកទោសឯទៀត ក៏កើតកាន់ជើងមានន្ទគ្អិលឡើង។

          ការវាយប្រឡូកក៏កើតមានយ៉ាងជ្រួលច្រាលតែពួកមានន្ទដែលមានតែដៃទទេ ត្រូវពួកខាងតម្រួតវាយដួលក្រឡាប់ ផ្កាប់ផ្ងារ។ មានមណីជាសាក្សីនៃរឿងនេះ។​ ស្រីរំជួលក្នុងចិត្ត ត្បិតក្នុងសមុទ្រទុក្ខដែលនាងបានបង្កើតដោយចេតនាសងសឹកនេះ មានន្ទបញ្ចេញនូវរស្មីមេត្តាមួយដែលដាស់អស់សតិសម្បជញ្ញៈស្រីឲ្យមានរស់ជាតិជូរ​ចត់ក្រែពេក។

          កាមាស្ទុះភ្លែតចេញពីពន្លាជ័យមួយក្នុងបរិវេណទារុណកម្មនេះ។ មណីឃើញកាមាក៏រងចាំមើលហេតុការណ៍យ៉ាងណាទៅទៀត។

          កាមបញ្ជាឲ្យពួកដែលកំពុងប្រឡូកគ្នានោះឈប់។

អ្នកណាជាមេបះបោរក្នុងទីនេះ?

មានន្ទឈរនៅស្ងៀមឥតចេញវាចារមួយម៉ាត់។

នាយតម្រួតម្នាក់ចង្អុលទៅមានន្ទៈ

នុ៎ះព្រះតេជគុណ វានោះជាមេបះបោរ!

កាមាដើរទៅជិតមានន្ទដោយបញ្ចេញនូវអាការៈសាហាវមួយដែលរកអ្វីប្រដូចគ្មាន។

ហ៊ឺះ! បង! ជាប់ទោសហើយនៅបង្កកល្លិយុគអីទៀត កាមាយារកំណាត់ឈើបំរុងវាយមានន្ទ។ នាងមណីស្រែកយ៉ៃឡើងពីកន្លែងដែលពួន ត្បិតនាងទ្រាំមិនបាននឹងអំពើលាមកនេះ។

          សម្រែកនេះ ធ្វើឲ្យអ្នកទោស ទាំងអ្នកប្រើអំណាច ឈប់ស្ងៀមស្រឡាំងកាំងមុខបែរទៅរកទីដែលសម្រែកហែកចេញមក។

(សូមរងចាំតាមដានភាគទី៣៩ នៅសប្តាហ៍ក្រោយ)

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,000SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!