ទំព័រដើមនិទានកថាអក្សរសិល្ប៍៖ រឿង មហាចោរនៅទល់ដែន (ភាគ៤២)

អក្សរសិល្ប៍៖ រឿង មហាចោរនៅទល់ដែន (ភាគ៤២)

ស្នេហាលើទូក

ព្រឹកនោះ ស្រុកភ្នៀតមានសកម្មភាពខុសពីធម្មតា។ រទេះប្រមាណជិតមួយរយមក ឈប់សំចតណែនណាំតាន់តាប់ ខ្លះនៅជ្រកក្រោមដើមឈើខ្លះនៅកណ្តាលវាលរាយមាយ ប្រទាក់ប្រទងបញ្ច្រាសបណ្តោយគ្នាពាសពេញដី រីឯគោក៏នៅពាសពេញ ត្រង់នេះត្រង់នោះ ក្បាលសំយុងចុះដល់ស្មៅ គិតតែស៊ីឥតមាននឹកនាដល់អ្វីឡើយ ព្រោះបានអូសរទេះនឿយហត់ជាយូរថ្ងៃណាស់មកហើយ។ ចំណែកខាងម្ចាស់នៃសត្វពាហានៈដ៏ប្រសើរទាំងនោះ ដល់ បានបើកលុយកាក់ពីថៅកែក្រោយពីបានដាក់ប្រហុកត្រី ចុះពីលើរទេះដល់ផ្ទះហើយ ក៏ដើរ ចុះដើរឡើងខ្មៅងងឹត ឯទីផ្សាររាយរហូតដល់ភូមិថ្មី។ អ្នកខ្លះទិញអីវ៉ាន់ យូររណេងរណោង ទៅរករទេះរៀងខ្លួន។ អ្នកខ្លះកំពុងកាត់តម្លៃអីវ៉ាន់យ៉ាងអ៊ូអរជាមួយពាណិជ្ជនានា។ អ្នកខ្លះ ទៀត ឥតគិតច្រើនទេ រវល់តែផឹកស្រាស្រវឹងប៉ោឡែនិយាយឡូឡាឥតអៀនខ្មាស។ អ្នកខ្លះ ទៀត ប្រមូលគ្នាដំកងឈ្ងោកចានអាប៉ោងរួចសើចហ៊ោអឺងកង។ ស្រីៗលក់អីវ៉ាន់ឆ្លៀតឳកាស នេះ ស្រែកហៅអ្នកផងដែលដើរកាត់មុខរានខ្លួន ឮសូររកាកគួរឲ្យសប្បាយ។ 

ក្នុងចំណោមមនុស្សមីរដេរដាសនេះ គេសង្កេតឃើញមនុស្សម្នាក់រាងសមសួនស្លៀក ពាក់ស្អាតបាត ពាក់មួកសំបុកហាមធំក្រប៉ោង ដើរយ៉ាងរហ័សកាត់ទីផ្សារ។ ជនអ្នកផងបើក ផ្លូវឲ្យបុរសចំលែកនេះ ដែលមើលទៅទឹកមុខប្រមាណអាយុមិនហួសពីសាមសិបឆ្នាំឡើយ។ ភ្នែកខ្មៅស្រស់។ បុរសយើងដើរបណ្តើរ ច្រានខ្នងអ្នកដែលពាំងផ្លូវបណ្តើរងក់ក្បាលគំនាប អ្នករាល់គ្នាបណ្តើរ។ ពីក្រោយមនុស្សម្នាក់ទៀតធាត់ក្រអាញវែកគេវែកឯងរត់តាមបុរស ចម្លែករបស់យើង។ ស្រីខ្លះ ដៃដល់រត់តាមចាប់អាវបុរសដែលដើរក្រោយនេះ ដណ្តឹងសួរៈ

ទិញទេបង! បងវីរៈ!

វីរៈញញឹមក្របួចមាត់នឹងពាក្យសំដីដ៏ទន់ភ្លន់របស់នារី អ្នកលក់ឈប់កណ្តាលហ្វូង​ស្រីៗដែលចោមរោមអ្នកដូចស្រមោច។ វីរៈសប្បាយចិត្តណាស់ មើលមុខគ្រប់គ្នាឃើញសុទ្ធ តែល្អៗ ប្រហែលគ្នា តែបុរសប្រឹងបម្រះព្រោះនារីលូកដៃគ្រប់គ្នាចាប់កអាវខ្លួន។ មើលទៅ បុរសដើរមុខបុរសនោះសើចដាក់វិញ គ្រហាញពីលើមាត់ទ្វារផ្ទះតៀមមួយ។ 

ជនអ្នករទេះជាច្រើនដែលចាញ់អាប៉ោង និងស៊ីផឹកស្រាច្រើនពេក ក៏ទៅឈរត្រៀប ត្រាពីមុខបុរសនោះ រួចនិយាយថា បន្តបន្ទាប់គ្នាថាៈ

ថៅកែ! ថៅកែ! បាចទាន!

គឺថៅកែនោះហើយដែលមានឈ្មោះថា “អារុណ”។

ឈ្មោះនេះហើយដែលមានន្ទបាននឹកដល់ រួចដែលមាហាកាលបានប្រាប់ថា ទៅរក ទទួលទានឯទន្លេសាបបាត់ទៅហើយនោះ។ 

ចំនួនជាមួយខែមកហើយដែលអារុណទៅប្រកបរបរនោះ។ អ្នកទិញត្រីប្រហុកបាន ច្រើនរួចបានជួលរទេះអ្នកស្រុក ដឹកយកមកលក់នៅភូមិភ្នៀតនេះ។ ព្រោះនៅទីនេះ មានថៅ កែឯទៀតទទួលយកទៅលកឯបាត់ដំបង ឬឯស្រុកសំរោង កូបតូច កូបធំ អរញ្ញ ។ល។

ថ្ងៃនេះអារុណទើបតែដឹកត្រី និងប្រហុកមកដល់ ហើយលក់បានចំណេញប្រាក់ជា ច្រើន។ មាណពលើកដៃស៊ីញ៉ូដាក់ វីរៈកន្ធាត់ ពោះកំប៉ោងដើរមករកអ្នករកកល់ពុំរួច ព្រោះពោះនេះទើសនឹងស្រីៗ ដែលរាំងផ្លូវចាប់ឲ្យទិញអីវ៉ាន់។ 

វីរៈលើកៃទាំងពីរទៅលើធ្វើងក់ៗ តបតាមអារុណវិញជាមហាមិត្តវិញ។ 

អារុណលូកដៃទៅក្នុងហោប៉ៅ បាចប្រាក់ដួងព្រោង។ អ្នកផងដណ្តើមគ្នារើស ប្រញាយ។ ស្រីៗ ដែលរោមវីរៈក៏រត់ ទៅរើសប្រាក់នឹងគេអស់រលីង។ 

មួយស្របក់មក គេឃើញអារុណ និងវីរៈកៀកដៃគ្នាដើរហួចយ៉ាងរីករាយបំផុត។ វីរៈទីងទាំងៗរត់តាមមិត្តខ្លួន ដែលដើរលឿនជាង។ 

កុំ…កុំតែបានឯងជួយ អញមិនដឹងយ៉ាងណាទេ។ 

អារុណដែលខ្ពស់ជាងឳនមុខសើចយ៉ាងស្រស់ដាក់មុខវីរៈ ដោយស្រដីថាៈ

ឆ្កួត! ឳ្យស្រីៗរោមមើលតែស្រមោច។

វីរៈពេបមាត់បញ្ឈរភ្នែក សម្រួចបបូរមាត់ ឆ្លើយវិញភ្លាមៈ

បានតែឯងនោះហើយ អត់មួយនឹងគេនោះ។

មនុស្សដែលអត់គូ គឺមនុស្សសប្បាយជាងគេ។ 

ហាស់ៗៗវាមិនដែល នែ…នែ…អានាង មនុស្សអត់គូ គឺមនុស្សអភ័ព្វ។ 

អារុណសើចវិញហយ៉ាងក្អាកក្អាយ ទាញដៃវីរៈដាក់ក្នុងក្លៀក ដើរយ៉ាងលឿទៅទៀត ធ្វើឲ្យរីរៈរត់ត្រឹកៗតាម។ 

គេទុចង៉ក់!

អៃយ៉ា

គឺជាសូរមាត់អារុណ។ ទឹកមុខមាណពដែលរីករាយដូចផ្កាអម្បាញមិញឥឡូវក្លាយ ទៅជាស្ងួត ភ្នែកទាំងពីរសម្លឹងទៅក្រដាសដែលបិទនៅគល់ឈើ។ អារុណខាំធ្មេញដើរចូល ទៅជិតក្រដាសនោះ។ 

វីរៈដោយពុំចេះអានអក្សរ ក៏ឈប់មាត់ស្ងៀមមើលមុខមិត្តខ្លួន។ រីវៈឆ្ងល់ពេកក៏សួរថាៈ

អីសម្លាញ់?

មាណពចង្អុលទៅលើគល់ឈើៈ

នុ៎ះហ្ន៎! ម្តេចគ្មានភ្នែកទេឬ?

គេថាអី?

ហ៊ឺ! វីរៈ! វីរៈ ស្លាប់ហើយវីរៈ!

ស្អីៗ អារុណ?

ស្លាប់ហើយៗៗ!

អារុណច្រានវីរៈមួយទំហឹងដៃ លោតកញ្ជ្រោលទៅលើអាកាស។ 

ស្លាប់ហើយវីរៈ ឆាប់ៗៗទៅៗ។ 

វីរៈដែលដួលទីងណាត់ទីងណែងមិនខ្ចីក្រោក ក៏អេះក្រចកឈ្ងោកមើលដី។ 

(សូមរងចាំតាមដានភាគទី នៅសប្តាហ៍ក្រោយ)

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,000SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!