ទំព័រដើមទំនៀមទម្លាប់បុរាណជំនឿអ្នកតា និង​បារមីទួលបារាយណ៍​អណ្តែត

អ្នកតា និង​បារមីទួលបារាយណ៍​អណ្តែត

ទួល​បារាយណ៍​អណ្តែត ឬអ្នកស្រុក​ហៅ​ថា “ទួល​អស់លោក” ជា​បូជនីយដ្ឋាន​មួយ​​​ស្ថិត​ក្នុងសង្កាត់​កំពង់​លាវ ក្រុង​ព្រៃវែង ខេត្ត​ព្រៃ​វែង ចម្ងាយ​ប្រហែល​​៣០០​ម៉ែត្រ​ ខាង​ជើង​​ស្ថានីយ​បុរាណវិទ្យា​ទួល​អំបែង។ ​អ្នក​ស្រុក​ជឿ​ថា​​ទួល​អស់​លោក ជា​ទីប្រជុំ​​​អ្នកតា-​បារមី​​ប្រកប​ដោយ​​ឫទ្ធិពូកែ ដែ​ល​អ្នក​តូច​​-ធំ​ជិត​ឆ្ងាយ​តែង​​ចូល​គោរព​បួង​សួង​បន់ស្រន់សឹង​​បាន​សុខ​សប្បាយ​សម​ប្រាថ្នា​​គ្រប់​​គ្នា​។ មិន​តែ​ប៉ុណ្ណោះ អ្នក​​ស្រាវ​ជ្រាវ​​ក៏​​ពិនិត្យ​​​ឃើញ​​​បំណែក​​បុរាណ​វត្ថុ​​​​​គួរ​ឱ្យ​កត់​សម្គាល់​មួយ​ចំនួន​នៅ​​​ទីទួល​នេះ​ដូចជា សិវលិង្គ​ យោនី​​នាង​ឧមា គំនរ​ថ្ម​បាយ​ក្រៀម និង​បំណែ​ក​​កុលាល​ភាជន៍​ជាដើម។

តាមការ​សិក្សារបស់​អ្នក​ជំនាញ​ផ្នែក​​ចុះ​បញ្ជី​ស្ថានីយបុរាណរបស់​​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ បាន​ពិនិត្យនិង​ចាត់​ថ្នាក់ទួល​អស់​លោក គឺជា​ទួល​​ឥដ្ឋ​ធំមួយ​ ព័ទ្ធ​ជុំវិញ​ដោយ​​កសិន្ធុ​ (គូទឹក) ដែល​ជា​លំនាំ​រចនា​សម្ព័ន្ធ​បុរាណ។ មកដល់​បច្ចុប្បន្ន គេ​ជឿ​ថា​ទួល​នេះ​ជា​កន្លែង​​គោរពបូជា​ដ៏ស័ក្តិសិទ្ធិមាន​ឫទ្ធិបារមី​ក្រៃលែង​ រហូត​ចារ​ថា “បារមី​ទួល​បារាយ​ណ៍​​អណ្តែត”។ ដោយ​ឡែកចំពោះឈ្មោះ “ទួល​បារាយណ៍​អណ្តែត​” មាន​រឿង​តំណា​ល​ថា ដើម​​ឡើយ​ទួល​​នេះ​មាន​ដើម​ឈើ​តូច​ធំ​ក្រាស់ឃ្មឹក សម្បូរ​សត្វ​អសិរ​ពិស​ ហើយ​​ក្នុង​រដូវវស្សា​ទឹក​តែង​​​ជន់ឡើង​ព្រៀប​ជុំវិញ ពុំមាន​ផ្លូវ​​ថ្មើរ​ជើង​ចូល​ឡើយ​​។ បើ​មនុស្ស​​​ចូល​ទៅច្រើន​លើ​ទួលនេះ ហើយ​ដើរ​ទៅផ្នែក​ខាងត្បូង ខាងជើង​បះ​ឡើង បើដើរ​ទៅ​​ខាងលិច ខាងកើត​ត្រូវ​បះ​​ឡើងហាក់ដូចជា​អណ្តែត​នៅលើ​ទឹក ទើប​​មាន​ឈ្មោះ​ហៅ​ថា​ “ទួលបារាយណ៍​អណ្តែត”។​ រីឯ​រឿង​មួយ​ទៀតតំណាល​ថា​ កាល​ពី​ព្រេង​នាយ​មាន​មេទ័ព​ដ៏ខ្លាំង​ពូកែម្នាក់ បានដឹក​នាំ​ពល​​​សេនា​​ជា​ច្រើន​​​​តាម​សំពៅ​ចេញច្បាំង​​បណ្តេញ​​​សត្រូវ។ លុះ​ធ្វើ​​ដំណើរ​​មក​ដល់​ទីនេះ​ មាន​​ព្យុះ​​បណ្តាល​ឱ្យ​សំពៅ​លិច។ មេទ័ព​​និង​ពល​សេនា​​​​ប្រឹង​ហែល​​រហូត​ដល់​លើ​ទួល​​​នេះ​​ដោយ​​សុវត្ថិភាព ហើយ​​ចាប់​ពីនោះ​​រហូត​​មក អ្នក​ស្រុក​ក៏​​ហៅ​​ថា “ទួល​សំពៅ​​លិច”។ ប៉ុន្តែ​ក្រោយ​មក​​ឈ្មោះ​នេះក៏​បាត់​​ទៅ​ពុំ​មាន​​អ្នកចងចាំ។

បច្ចុប្បន្ន ទួលអស់លោកមាន​​ផ្លូវ​មួយ​​​ខ្សែដែល​លើក​​ភ្ជាប់​​ចូល​មក​​តាំង​ពី​ឆ្នាំ​១៩៩២។​ លើស​ពីនេះ គេ​ចាត់ទុក​ទួល​អស់​លោក​ជា​បូជនីយដ្ឋាន​ផង និង​ជា​រមណីយដ្ឋានផង។ នៅ​លើ​ទួល​មានសំណង់​ផ្សេងៗ​ជាច្រើន​ដូចជា ​វិហារ បុស្បុក​ ខ្ទម​អ្នកតា សាលា​បុណ្យ សាលា​​ឆាន់… ដែល​កសាង​ឡើង​ជា​បន្ត​បន្ទាប់ ​ដោយ​សទ្ធា​អ្នកមុខ​អ្នកការ និង​​អ្នកមាន​​ជំនឿ​​ជិត​ឆ្ងាយ​។ ទន្ទឹម​នឹង​នេះ ​គេ​សង្កេត​ឃើញភ្ញៀវ​ទេសចរណ៍​​តែង​ចូល​អុជ​ធូប​បួង​សួង​​សុំ​សេចក្តី​​សុខ​​ទៅតាម​ជំនឿពុំ​សូវ​លុះ​ថ្ងៃ ព្រម​ទាំង​ថ្វាយ​គ្រឿង​សក្ការៈ និង​ដង្វាយ​ផ្សេងៗ​ដូចជា ទៀន ធូប ផ្កា​ភ្ញី ជ្រូកខ្វៃ និង​ថ្វាយ​ភ្លេង​ជាដើម។ មិន​តែ​ប៉ុណ្ណោះ​គេ​ដឹង​ថាមុន​មាន​​​វិបត្តិ​​​សកល​​កូវីដ-១៩ គេ​តែង​​ធ្វើ​បុណ្យ​ធំ​ម្តង​ ឬពីរ​ដង​ក្នុង​មួយ​ឆ្នាំ គឺ​មុន​ចូល​ឆ្នាំ​ ឬ​ក្នុង​ថ្ងៃ​ចូល​ឆ្នាំ និង​ក្នុង​ពេល​ភ្ជុំ​បិណ្ឌ ដោយ​​​នាំ​មក​នូវគ្រឿង​សក្ការៈ​ និង​ដង្វាយ​​​ទៅ​ថ្វាយ​​បារមី​ និង​​អស់​លោក​ (​​អ្នក​តា) នៅ​លើ​ទីទួល​នេះ​​។

យោងតាមឯកសារ​​រៀបចំដោយ​មន្ទីរ​ធម្មការ​​និង​សាសនា​ឱ្យ​ដឹងថា អស់លោក​មាន​បារមី​​​ពូកែ​ស័ក្តិ​សិទ្ធិ​ខ្លាំង​ពូកែ​​ ដែលគេ​តែង​រំឭក​ឈ្មោះមាន​​ដូចជា ព្រះ​អស់​​លោក​​មុនី​រតន៍ រំពាត់​មាស ​វេស្សវ័ណ ​កុវេរោ ​ព្រះបាទ​ជើង​​ធំ ​ដំបងដែក ​ព័ន្ធ​ហក់​ឆក់​វៃ ​យាយ​ទេព យាយម៉ៅ យាយ​​សក់​ស និង​តា​ក្រហម​ក​ជាដើម។ អស់​លោក​ទាំង​អម្បាល​ម៉ាន​នេះ ខ្លះ​គេ​ឃើញ​មាន​ខ្ទមនិង​ឈ្មោះ​សម្គាល់ តែខ្លះក៏ពុំឃើញឡើយ។ ប៉ុន្តែ​យ៉ាង​ណាក្តី នៅ​កណ្តាល​ទួល​​នេះគេក៏​សង្កេត​​ឃើញ​​​សំណង់​​មួយហៅថា “វិហារ” អមដោយ​បុស្បុក​សងខាងតម្កល់​ព្រះពុទ្ធ​​​ប្រក់​នាគ​ ព្រះ​សិអារ្យ​មេត្រី ​ព្រះ​កច្ចាយន៍ និង​ព្រះគោ​ព្រះកែវ​ជាដើម។ គេបាន​កត់​ចំណាំឃើញ​ដែរថា ចាប់ពីឆ្នាំ​១៩៨២ ដល់​ឆ្នាំ​​១៩៩៨​ សំណង់​​សំខាន់ៗ​​​ខាងលើ​​ ​តែង​មាន​​ការ​យកចិត្តទុកដាក់​កសាង​និងជួស​ជុល​​ពី​សំណាក់​ថ្នាក់​​ដឹក​នាំ​​ខេត្ត​ស្ទើរគ្រប់​ជំនាន់​ដូច​ជា ឯកឧត្តម ជាម យៀប, ឯកឧត្តម តូច សាក់, ឯកឧត្តម​ ស្បោង​ សារ៉ាត់, ឯកឧត្តម យុទ្ធ ភូថង, ឯកឧត្តម ប៊ិន ឈិន, ឯកឧត្តម ម៉ម ហេង, ឯកឧត្តម មិន សាន, ឯកឧត្តម តូច​ ឈាង និង​ឯកឧត្តម ឯម អុន។

មួយ​រយៈ​ពេលចុងក្រោយនេះ នៅលើទួល​អស់លោក​ គេឃើញ​មាន​​ការ​ជួស​ជុល និង​កសាងបុស្បុក និង​ខ្ទម​​អ្នកតា​ថ្មីៗ​​មួយ​​ចំនួន​ទៀត​ ដែលពុំ​ឃើញមាន​ក្នុង​ឯកសារ​រៀបចំ​ដោយ​​មន្ទីរធម្មការនិង​សាសនា។ ​ទន្ទឹម​នោះ​ដែរ គេថែម​ទាំង​ស្ថាបនា​រូប​សំណាក​ក្នុង​​កាយ​វិការ​ផ្សេងៗ តម្កល់​ក្នុង​ខ្ទម​នីមួយៗ​​ផង។ ​ជាក់​ស្តែងក្នុងឆ្នាំ​២០១៥ គេ​បាន​ជួស​ជុលខ្ទម​មួយ​​ដែល​​​​សង់​តាំង​ឆ្នាំ​១៩៩៦ ស្ថិត​នៅក្បែរ​វិហារ ព្រមទាំងស្ថាបនា​រូបសំណាក​ពីរ​តម្កល់​ក្នុង​នោះ ហើយឱ្យ​នាម​ថា “លោកតា​​លោក​យាយ​​បារមីបារាយណ៍​អណ្តែត” ។ ចំណែ​ក​នៅ​​បរិវេណ​ធ្លា​​ខាងមុខវិហារ គេ​ឃើញ​​មាន​ខ្ទម​អ្នកតា​តូចធំ​មួយ​ចំនួន​ទៀត​ដូចជា អ្នកតា​ខ្លោង​ទ្វារ និង​​ខ្ទម​អ្នកតា​​សម្តេច​ព្រះគ្រូ-អ្នកតា​កែវមុនី ដែល​មន្ទីរ​ស្ថាប័ន និង​អ្នកមាន​ជំនឿ​សាង​ថ្វាយ។

ដោយ​ឡែក នៅលើ​ទួល​អស់លោកនេះ ក្រៅពី វិហារ បុស្បុក សាលា​បុណ្យ និង​ខ្ទម​អ្នកតា​នានាដែល​មាន​ឈ្មោះ​ដូច​រៀបរាប់​មកខាងលើ គេឃើញ​មាន​ខ្ទម​អ្នក​តា​ចាស់​ថ្មី​​មួយ​ចំនួន​ទៀត ដែល​​​មនុស្ស​ភាគ​ច្រើន​ពុំ​ស្គាល់​ឈ្មោះ។ ក្នុង​ខ្ទម​ខ្លះ​តម្កល់​រូប​មនុស្ស​​អង្គុយ​កាន់​ដំបង និង​ខ្ទម​ខ្លះ​តម្កល់​​រូប​មនុស្ស​ស្រីអង្គុយបត់ជើងជាដើម​។ តាមរយៈ​​លក្ខណៈ​នៃរូប​សំណាក​ទាំងអស់នេះ ទំនង​គេរៀបចំឡើង​តំណាង​អស់​លោក​មួយ​ចំនួន​​​​ដែល​អ្នក​ស្រុក​ខ្លះ​នៅ​ចាំឈ្មោះដូចជា​ អ្នកតា​ដំបងដែក យាយ​ម៉ៅ យាយទេព ឬយាយ​សក់ស។ល។

សង្ខេបសេចក្តីមក ទួល​អស់លោក​គឺជា​បុរាណ​ដ្ឋាន​មួយ​ដែល​ជាទី​ប្រជុំ​អ្នកតា​ និង​បារមី​​។ ទាំង​អ្នកស្រុកនិង​ថ្នាក់ដឹកនាំខេត្ត​ជា​ច្រើន​ជំនាន់ ចាត់ទុកទួល​នេះ​ជា​កន្លែង​សក្ការៈ​​ដ៏សំខាន់ដែល​គេពុំហ៊ាន​រំលង។ ម្ល៉ោះហើយ ការ​កសាង ជួសជុល និង​រៀបចំហេដ្ឋារចនា​សម្ព័ន្ធថ្មីៗនៅទីទួល​នេះ ចេះតែកកើត​ជា​បន្តបន្ទាប់​ដូច​រៀបរាប់មកខាងលើ៕

អត្ថបទដោយ៖ ហៀន សុវណ្ណមរកត

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!