ទំព័រដើមសិល្បៈព្រះវិហារ​វត្ត​ព្រះធាតុបាស្រី

ព្រះវិហារ​វត្ត​ព្រះធាតុបាស្រី

ព្រះធាតុបាស្រី ឬព្រះធាតុ​ព្រះស្រី ជាឈ្មោះ​វត្ត​​មួយ​ស្ថិត​នៅក្នុង​ឃុំ​ព្រះធាតុ ស្រុក​អូររាំងឪ ខេត្ត​ត្បូង​ឃ្មុំ។ វត្ត​នេះ​សាង​សង់​​ឡើង​នៅ​​ជាប់​នឹង​បរិវេណ​ប្រាសាទបុរាណ និង​ជា​វត្ត​​មាន​ព្រះវិហារ​យ៉ាង​ចំណាស់ ដែលមាន​​​មណ្ឌបមួយ​សង់នៅខាងក្រោយ ​​​​ប្រកប​​ដោយ​​​​លក្ខណៈ​សិល្បៈ​យ៉ាង​​វិចិត្រ​។ តាម​ឯកសារ​មហា​បុរស​ខ្មែរ​ឱ្យ​ដឹង​ថា អារាម​​នេះ​​​ជា​បូជនីយ​ដ្ឋាន​​យ៉ាង​សំខាន់​ក្នុង​រាជ្យ​ហ្លួង​ព្រះស្តេចកន។ ប៉ុន្តែ​​​​ព្រះវិហារ​ដែល​គង់​នៅ​ដល់​​​សព្វ​ថ្ងៃនេះ​ គេ​ដឹង​ថា​​កសាង​​នៅ​​ដើម​សតវត្សទី​២០ រីឯមណ្ឌប​ខាងក្រោយ​​កសាង​ក្នុង​​ទសវត្ស​ទី៥០។ ព្រះ​​វិហារ​​​​​​​នេះ ធ្លាប់បាន​រុះ​រើ​​ធ្វើ​​បំផ្លាញ​​​ក្នុង​សម័យ​កម្ពុជា​ប្រជា​ធិប​តេយ្យ ហើយចាប់ពី​ទស​វត្ស​​ទី​៨០ គេ​បាន​​​​ជួស​ជុល​ឡើង​វិញ ព្រម​ទាំង​លាប​ថ្នាំ គូរគំនូរ​ និង​កែលម្អ​រចនាសម្ព័ន្ធ​នានា​​​​ជា​បន្ត​បន្ទាប់​រហូត​មក។

ពាក់ព័ន្ធនឹង​ឈ្មោះ “​ព្រះធាតុ​បាស្រី” ឬ “ព្រះធាតុព្រះស្រី” មាន​សេចក្តី​​តំណាល​ថា “សម័យ​ថ្ងៃមួយ​នោះ បណ្តា​អ្នក​ស្រុក​ទាំង​ប៉ុន្មាន ​ក្រឡេក​ទៅ​ឃើញ​ព្រះ​​អរហន្ត​​ហោះ​ធ្យាន​​លើ​អាកាស​ ធ្លាក់​មក​លិច​ទៅ​ក្នុង​ដីបាត់ បែក​រស្មី​ជា​៧ពណ៌។ អ្នក​ស្រុក​នាំគ្នា​ឆោ​ឡោ​ជី​កដី​នោះ​​ទៅជ្រាប​ដល់​សម្តេច​ចៅពញា​អរជូន​អង្គកែម ព្រះ​អង្គ​​ទ្រង់​សាទរ​ចេញ​មក​ឃោស​នា​​អស់​ក្រមការ​ឱ្យ​ជួយ​ជីកដី​នោះ​ទៀត ឃើញ​ព្រះបរម​សារី​រិក​ធាតុ​ ហើយ​ក៏​ឆោ​ឡោ​ធ្វើ​សក្ការ​បូជា​ ធ្វើ​ព្រះ​អារាម​ ធ្វើ​ព្រះវិហារ​ សីមា ព្រះ​ចេតិយ សុទ្ធ​សឹង​តែពីថ្ម ល្អថ្លៃ​ថ្លា​បញ្ចុះ​ព្រះបរម​សារីរិក​ធាតុ រួច​តាំង​នាមចៅ​អធិការ​វត្ត​​នោះ​ជា​សម្តេច​ព្រះ​សិរី​ធម្មធាតុ​ តាំង​នាម​ វត្ត​នោះហៅវត្ត​ព្រះធាតុ បាន​ជាប់​ហៅថា​វត្ត​ព្រះស្រី​ ព្រះធាតុរៀង​មក” (រូបលេខ៤)។

ទោះជា​បែប​ណាក្តី នៅ​ឆ្នាំ​១៩០០ លោក​ អៃម៉ូនីញេ(E. Aymonier)​បាន​​កត់​ចំណាំ​ថា​​វត្ត​នេះ​ឈ្មោះ “វត្ត​ទួល​ព្រះ​ធាតុ​” ស្ថិត​ក្នុង​ភូមិ​ “បាស្រី”។ ពាក្យ​ “ព្រះ​ធាតុ” នោះ​សោត លោក​យល់​ឃើញ​ថា​ជា​ព្រះ​សារីរិក​ធាតុ។ ទន្ទឹម​នោះ​​ដែរ លោក​ លុយណេ​ត៍ ដឺ ឡា​ហ៊្យុង​​​គ្យែរ (Lunet de Lajonquier) ក៏បាន​សិក្សា​ និង​ចុះ​បញ្ជី​បុរាណដ្ឋាន​ក្នុង​តំបន់នេះ ហើយ​​លោក​បានពិពណ៌នា​ខ្លីអំពីព្រះវិហារ​វត្ត​​​ព្រះធាតុថា ជា​សំណង់​មាន​រាង​ចតុកោណ​កែង សង់​បែរ​ទិសលិច-កើត ជញ្ជាំង​ឥដ្ឋ មាន​​សរសេរ​បួន​ជ្រុង​ទ្រដំបូលពីរថ្នាក់ ដែល​មាន​បង្អួច​​​ធំៗរាង​បួន​ជ្រុង​នៅ​តាម​ជញ្ជាំង​ចំហៀង និង​ទ្វារ​​​មុខ-ក្រោយ។ លើស​ពីនេះ លោក​​ថែមទាំង​ភ្ជាប់​រូប​ភាពនៃព្រះវិហារ​នោះ ដែលគេ​ឃើញ​មាន​​មណ្ឌប​​​មួយ​រាង​បួន​ជ្រុង​​​នៅ​ខាងក្រោយ​ផង (រូបលេខ​៥)។

វត្ត​ព្រះធាតុបាស្រីផ្អែកតាមឯកសារបារាំង

ចំពោះព្រះវិហារ​វត្ត​ព្រះធាតុបាស្រី​សព្វ​ថ្ងៃ ជា​ព្រះ​វិហារ​​សង់​​​អំពី​ថ្ម​​ផ្នែក​ខាង​ក្រោម និង​គ្រឿង​បង្គំឈើ​នៅផ្នែក​ខាង​លើ។ ព្រះវិហារ​នេះ សង់លើ​ខឿន​កម្ពស់​ប្រហែល​​១ ម៉ែត្រ ដំបូល​ប្រក់​​​ក្បឿង​​​​ស្រកា​លេញ ក្នុង​ទម្រង់​ជា​វិហារ​ជហ្វា​៦។ នៅ​តាម​​ព្រំដំបូល​នីមួយៗ គេ​បំពាក់​ដោយ​នាគ​ដង​ក្តារ​ដូច​វិហារ​បុរាណ​នានាផ្សេង​ទៀត​ដែរ។ រីឯរង​ស្បូវ​ជុំវិញ​ សុទ្ធសឹង​ឆ្លាក់​អំពី​ឈើ ប្រកបដោយ​ក្បាច់​យ៉ាង​វិចិត្រ​រស់​រវើក។ ​សូម​​បញ្ជាក់ថា ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ គេបានរុះរើព្រះវិហារ​នេះ យក​ធ្វើជា​ជម្រក​សម្រាប់​​អ្នក ១៧ មេសា។

ព្រះវិហារសព្វថ្ងៃមើល​ពីមុខ
ព្រះវិហារមើល​ពីចំហៀង

ចំណែកឯ​​ហោ​ជាង​ខាងមុខ​និ​ង​​ខាង​​ក្រោយ​នៃព្រះវិហារ​នេះ គេ​រចនា​​លម្អ​ដោយ​​ក្បាច់​​ភ្ញី​ទេស​​ឆ្លាក់​​លើ​ផ្ទៃ​ស៊ីម៉ងត៍​​​​​យ៉ា​ង​រស់​​​រវើក រំលេច​ព័ទ្ធ​​​​ជុំ​វិញ​​ជើង​ពាន​តម្កល់​​ព្រះខ័ន និង​ម្កុដ ដែល​មាន​​​ពន្លឺ​រង្សី​នៅ​កំពូល​ អម​ដោយ​​ឆ័ត្រ​រួត​មួយ​គូក្នុង​រង្វង់​កម្រង​​ស្លឹកឈើ។ រូបនេះ​​ហាក់​​ស្រដៀង​នឹង​ព្រះ​រាជ​​សង្ហារ​​ស្តេចផែន​ដី តែ​ពុំ​មាន​រូប​រាជសីហ៍ និងគជសីហ៍​អម​សង​ខាង។ ទំនង​ដោយ​ហេតុ​ដូច្នេះ និងដោយសារ​ស្លាក​ស្នាម​ប្រវត្តិ​សាស្រ្ត ព្រម​ទាំង​ការ​សម្គាល់​លើ​សញ្ញា​​ព្រះ​រាជ​សង្ហារ​​នៅ​លើ​ខ្លោង​ទ្វារ​​ខាង​មុខ ទើប​គេ​ចាត់​​ទុក​វត្ត​នេះ ​គឺ​ជា​អតីត​អារាម​​ហ្លួង។

ចំពោះរចនាសម្ព័ន្ធខាងក្រោម ​នៅ​ផ្នែក​ខាង​ក្រៅ គឺមាន​សសរ​បេតុង​​មូល​ធំៗ​​ចំនួន​​៣២​ដើម​ ព័ទ្ធជុំវិញបាំងសាច។ ផ្នែក​ខាងក្នុង​មានសសរ​បេតុង​មូលចំនួន​១៦ដើម​​​រត់ត្រង់​ជា​​ពីរ​​ជួរ​អម​សងខាង​ព្រះជីរ៍។ សសរទាំងអស់នេះ មាននាទី​ទ្រ​គ្រឿង​បង្គុំ និ​ងពិតា​ននៅផ្នែក​ខាងលើ។ ប៉ុន្តែ​ពិតាន​ព្រះវិហារ​នេះ គឺជា​ពិតាន​ឈើ​ដែល​គេ​ប្រើ​ក្តារ​​ក្រាល​​នៅ​លើ​ក្បាល​សសរ​ត្រង់​លើ​ល្វែង​គ្រឹះ​តែប៉ុណ្ណោះ។ នៅលើ​ចន្លោះ​របៀង គេ​ទុក​​​ឱ្យ​នៅ​លំហ​ទំនេរ​និងស្រឡះ អាចមើល​ឃើញ​ដល់​ផ្ទោង​ ផ្លាន ដៃរណែង និង​ក្បឿង​ដំបូល។ ចំណែក​ឯ​នៅតាម​ជញ្ជាំង​ចំហៀង គេធ្វើឱ្យ​មាន​បង្អួច​ស្រឡះៗធំៗម្ខាង​៩ ដែល​អនុញ្ញាត​ឱ្យ​ពន្លឺ និង​ខ្យល់ចេញ​ចូល​យ៉ាង​ល្អ។ នៅ​ជញ្ជាំង​ខាង​មុខ និ​ងខាងក្រោយ គេ​ធ្វើ​ឱ្យ​​​មាន​ទ្វារ​ម្ខាង២។

ក្បាច់លម្អលើហោជាង​ខាងមុខ និង​ខាងក្រោយ

យោងតាម​ចារឹក​ខាងក្រោយបល្ល័ង្ក គេដឹង​ថា​ព្រះវិហារជីវ៍ធំខាង​ក្នុង​ព្រះវិហារ​សាង​នៅ​ក្នុង​ឆ្នាំ​១៩៨១។ គេសាងឡើង​ក្នុង​កាយវិហារ​ផ្ចាញ់​មារ និង​មាន​រូប​នាង​គង្ហីង​ផុស​ឡើង​នៅ​ក្រោយ​បល្ល័ង្ក។ ការ​ឆ្លាក់​បង្ហាញ​ត្រង់នេះ ស្តែង​ឱ្យ​ឃើញ​ច្បាស់​តាម​ពុទ្ធប្រវត្តិនៅត្រង់​ពេល​ដែល​​ព្រះអង្គគង់លើ​បល្ល័ង្ករតន៍​ ហើយ​មាន​ក្រុងមារ​លើក​​ទ័ព​មក​ច្បាំង។ សិល្បៈ​ត្រង់នេះ ហាក់​គួរឱ្យ​ពិចារណាក្រៃលែង​ ដ្បិត​ពុទ្ធសាសនា​ក្នុង​សង្គម​ខ្មែរ តែង​​មាន​លើក​ឈុត​នេះមក​បង្ហាញ​ប្លែកៗទាំង​សិល្បៈសម្តែង គំនូរ​ និង​ចម្លាក់។

គំនូរលើ​ពិតាន
គំនូរព្រះបរិនិព្វានលើ​ជញ្ជាំង​ខាងមុខ

គំនូរនៅលើជញ្ជាំង​ និងពិតានព្រះវិហារ​នេះ ប្រហែល​គូរ​ក្នុង​រវាង​ទសវត្សទី​៩០។ នៅ​ពិតាន​គេគូរបង្ហាញផ្ទាំង​ផ្សេងៗ​ដូចជា ​ព្រះពុទ្ធប្រាំព្រះអង្គ ពពួក​ទេវតា ព្រះ​អាទិត្យ និង​ព្រះ​ចន្រ្ទ។ ប៉ុន្តែទន្ទឹមនឹងនោះ គេឃើញ​មាន​រូប​រាហ៊ូមួយ​យ៉ាង​ធំ​គួរ​ឱ្យ​កត់​សម្គាល់​គូរ​នៅ​ចន្លោះ​ព្រះ​អាទិត្យ​ និង​ព្រះចន្រ្ទ។ ចំណែកឯគំនូរ​នៅ​តាម​ជញ្ជាំង​គឺ​គូរ​រៀបរាប់​រឿង​ពុទ្ធប្រវត្តិនៅ​ជួរ​ខាងលើ និង​រឿង​ជាតក​នៅ​ជួរ​ខាងក្រោម។ សាច់រឿង​គំនូរ​​ពុទ្ធ​ប្រវត្តិ​ចាប់ចេញ​ពីត្រង់​ជញ្ជាំង​ខាងមុខ​ព្រះជីវ៍ ដែល​បង្ហាញ​ពីព្រះអង្គ​បរិនិព្វាន។ ត្រង់ជញ្ជាំង​ខាងមុខនេះដែរ គេឃើញ​មាន​ផ្តែរមួយបិទភ្ជាប់ជញ្ជាំង​ ទ្រដោយ​សសរ​ពេជ្រ​ពីរដើម។ តាម​ការសង្កេត​ ផ្តែរនេះ​ទំនង​យក​ចេញពីប្រាសាទ​ណា​មួយ​​​ក្នុង​ចំណោម​ប្រាសាទ​​ទាំង​ពីរ​ដែលស្ថិតនៅខាងមុខ​ព្រះវិហារ។

ផ្តែរប្រាសាទរៀបភ្ជាប់ជញ្ជាំងត្រង់ក្រោមគំនូរព្រះបរិនិព្វាន

ដោយឡែក ចំពោះមណ្ឌបខាងក្រោយ​ព្រះវិហារ​ គេដឹង​ថា​កសាង​នៅ​ក្នុង​​រវាង​ទស​វត្សទី៥០ ពោលគឺកសាងក្រោយ​ព្រះវិហារ​មួយរយៈ​ឆ្ងាយ។ ប៉ុន្តែសំណង់​ទាំង​ពីរ សង់​លើ​ខឿន​តែមួយ និង​មាន​សន្លឹក​សីមា​ព័ទ្ធរួម​ជុំវិញចំនួន​៨ សន្លឹក។ កំពូល​មណ្ឌប គេសង់​ឡើង​ឱ្យ​​មាន​​រាង​ស្រួច​ខ្ពស់​ហួស​ព្រះវិហារ ព្រម​ទាំង​មាន​ក្បាច់រចនា និង​មុខ​ព្រហ្ម​នៅ​​ត្រង់លើ​​កំពូល។ មណ្ឌប​​​នេះ មាន​​ច្រកចូល​ទាំងបួនទិស ដោយុច្រក​ខាងមុខ​ ភ្ជាប់​នឹង​ជញ្ជាំង​ព្រះ​វិហារ​ផ្នែក​ខាងក្រោយ។ នៅត្រង់​លើ​ទ្វា​រ​ភ្ជាប់​នឹង​ព្រះវិហារ​នេះ គេឃើញ​មាន​​ផ្តែរ និ​ងសសរ​ពេជ្រប្រាសាទបុរាណដែរ។ លើ​ស​ពីនេះនៅផ្នែក​ខាង​ក្នុង​​​មណ្ឌប​ គេ​តម្កល់​ព្រះ​ពុទ្ធ​​​រូប​​នៅ​ជាប់ជញ្ជាំង​ខាងក្រោយ ហើយ​នៅត្រង់​កណ្តាល​នៃ​មណ្ឌប​​នោះ គេ​ដាក់​តម្កល់​ព្រះថែន​មួយ​ធំ ធ្វើអំពីថ្មភក់ កម្ពស់ត្រឹម​ចង្កេះ ។ រីឯ​នៅតាម​ជញ្ជាំង​ គេគូរអន្លើខ្លះក្នុង​ពុទ្ធប្រវត្តិ រឿង​វេស្សន្តរ និង​ទិដ្ឋភាពល្បែងរបាំខ្មែរ។

គំនូរ​ក្រុមភ្លេង​បុរាណគូរលើ​ជញ្ជាំង​ខាងក្នុង​មណ្ឌប

សរុបមក តាម​រយៈ​លក្ខណៈសំណង់ និង​ស្លាកស្នាម​វត្ថុ​សិល្បៈ គេ​អាច​យល់​បាន​ថា​ ព្រះវិហារ​វត្ត​ព្រះធាតុបាស្រី ជាសំណង់​ដើម​សតវត្សទី​២០ ដែល​កសាង​ឡើង​តាម​លំនាំ​សំណង់ដើម នៅ​លើ​បុរាណដ្ឋាន​ចាស់។ លក្ខណៈ​ព្រះវិហារ​ដែល​មាន​មណ្ឌប​ខាង​ក្រោយ​បែប​នេះ ហាក់អាច​សិក្សា​ពិចារណា​ប្រៀបធៀប​នឹង​សំណង់​ពុទ្ធសានា​បុរាណផ្សេងទៀ​ត​ដូច​ព្រះវិហារ​វត្ត​នគរបាជ័យជាដើម។ លើស​ពីនេះ គេគួរ​មើល​បន្ថែម​​ទៅលើ​សំណង់​ពុទ្ធ​សាសនាផ្សេងៗទៀត ដែល​តែង​យក​ប្រាសាទ ឬសាងចេតិយធំៗនៅក្បែរ​ព្រះវិហារ៕

អត្ថបទដោយ៖ ហៀន សុវណ្ណមរកត

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!