ជាទូទៅ វប្បធម៌របស់ជាតិសាសន៍នីមួយៗ តែងតែមានលក្ខណៈដូចគ្នាខ្លះ និងខុសគ្នាខ្លះ ទៅតាមប្រពៃណីដែលមានយូរលង់មកហើយ។ ដោយឡែក ជនជាតិព្នង គឺជាជនជាតិភាគតិចមួយដែលកំពុងរស់នៅខេត្តមណ្ឌលគិរី ភាគឦសាននៃប្រទេសកម្ពុជា កំពុងតែបន្តប្រណិប័តន៍នូវប្រពៃណីដើមមួយចំនួនបានយ៉ាងខ្ជាប់ខ្ជូន ហើយនៅក្នុងអត្ថបទនេះ យើងសូមលើកយកមុខម្ហូបមួយប្រភេទដែលជាអាហារប្រពៃណីពិសេសមួយរបស់ជនជាតិព្នងដែលមានឈ្មោះថា “ត្រាវប្រូង ឬសម្លបុក”។ មុខម្ហូបនេះ ជនជាតិព្នងពុំសូវនិយមធ្វើហូបជាប្រចាំថ្ងៃនោះទេ ព្រោះម្ហូបនេះតម្រូវបន្លែច្រើនមុខ និងចំណាយពេលធ្វើយូរ ដោយតម្រូវឱ្យត្រូវកាប់ឫស្សីសម្រាប់ចម្អិន។ ម្ល៉ោះហើយ គេច្រើនធ្វើម្ហូបនេះនៅពេលទទួលភ្ញៀវមកលេងផ្ទះ ឬកម្មវិធីជួបជុំពិសេសៗប៉ុណ្ណោះ។ សម្លនេះមានលក្ខណៈប្រហាក់ប្រហែលនឹងសម្លកកូររបស់ខ្មែរដែរ តែមានលក្ខណៈមួយចំនួនដែលខុសពីសម្លកកូររបស់ខ្មែរ។ តើសម្លត្រាវប្រូងមានគ្រឿងផ្សំ និងវិធីធ្វើបែបណាខ្លះ?
ដើម្បីចម្អិនសម្លត្រាវប្រូងនេះបាន គេត្រូវទៅកាប់ឫស្សីជាមុនសិន។ ក្នុងនោះ គេត្រូវយកបំពង់ឫស្សីពកមួយសាច់ (កាត់ថ្នាំងខាងគល់សម្រាប់ធ្វើមាត់បំពង់ រក្សាថ្នាំងខាងចុង) ដោយទំហំមុខកាត់បំពង់ឫស្សីធំឬតូចអាស្រ័យទៅតាមចំណង់ចំណូលចិត្តរបស់អ្នកស្ល។ បន្ទាប់មក គេត្រូវការមែក ឬកូនឈើ១ដើម ដែលមានទំហំមុខកាត់ប៉ុនកដៃ ដោយមានបែកមែកជាពីរ និងសម្រួចមុខឱ្យស្រួចសម្រាប់ដំបញ្ចូលទៅក្នុងដី ដើម្បីបង្អែកបំពង់ប្រូង។ ក្រៅពីនេះទៀត គេក៏ត្រូវការកូនឈើ ឫស្សី ផ្តៅត្រង់១ដើមប្រវែងប្រហែល ១,២ម៉ែត្រ ទំហំធំជាងមេដៃបន្តិច ដោយលះនិងបកសម្បកឱ្យស្អាតសម្រាប់បុកបន្លែក្នុងបំពង់ប្រូង។
![](https://asset.ams.com.kh/khmercivilization/media/Fig.-1-2.jpg)
![](https://asset.ams.com.kh/khmercivilization/media/Fig.-2-2.jpg)
ការចម្អិនសម្លត្រាវប្រូង គេចាំបាច់ត្រូវមានបន្លែច្រើនប្រភេទណាស់ ដែលមានអាទិ៍ដូចជា ត្រប់ស្រូវ (មានលក្ខណៈស្រដៀងត្រប់ស្រួយខ្មែរ ប៉ុន្តែប្រើសម្រាប់តែស្លប៉ុណ្ណោះ) ពពាយ ត្រប់ពុតលំញងខ្ចី ក្តឹបល្ពៅ ត្រួយល្ពៅ ផ្សិតចំបើង ផ្សិតអំបោះ ផ្សិតត្រចៀកកណ្តុរ ចុងផ្តៅល្វីង ស្លឹកម្ទេសខ្ចី ។ល។ រីឯផ្នែកសាច់ដែលគេនិយមយកមកស្លលាយបញ្ចូលគ្នាជាមួយម្ហូបនេះមាន សាច់ងៀត (ងៀតគោ ក្របី ជ្រូក) សាច់ជ្រូកបីជាន់ និងស្បែកគោ ឬស្បែកក្របី។ ចំណែក ផ្នែកគ្រឿងផ្សំសម្លប្រូងមាន ទឹកស្អាត អំបិល ប៊ីចេង ប្រេងសណ្តែក ម្ទេសខ្ចី ខ្ទឹមស/ក្រហម ជីរណា ស្លឹកខ្ទឹម ជីលីងលាក់ (លីងល័ក្ខ)។
![](https://asset.ams.com.kh/khmercivilization/media/Fig.-3-1.jpg)
![](https://asset.ams.com.kh/khmercivilization/media/Fig.-4-2-e1663083316350.jpg)
![](https://asset.ams.com.kh/khmercivilization/media/Fig.-5-3.jpg)
ក្នុងការធ្វើសម្លប្រូង ជាដំបូងអ្នកស្លត្រូវរៀបចំភ្នក់ និងដំឈើឱ្យចេញជារាងចំពាម ហើយរៀបជាបង្អែកសម្រាប់ផ្អែកបំពង់ដើម្បីស្ល។ ក្នុងនោះ សាច់ងៀតត្រូវលាងទឹក រួចយកមកហាន់ជាបន្ទះក្រាស់ល្មមត្រាំទឹកឱ្យរីក រួចលាងឱ្យស្អាតស្រង់ដាក់កញ្ច្រែងទុកមួយអន្លើ។ ស្បែកសត្វ ត្រូវដុតរោល កោស លាងសម្អាត និងកាត់ជាដុំតូចៗ ដាក់ត្រាំទឹកឱ្យរីកលាងឱ្យស្អាត រួចស្រង់ដាក់ជាមួយសាច់ងៀន។ សាច់ស្រស់ លាងឱ្យស្អាតទុកឱ្យស្រស់ទឹក រួចហាន់ស្តើងៗដាក់ចូលជាមួយសាច់និងស្បែក។ ចំណែកបន្លែ និងជីវិញ ត្រូវយកទៅត្រាំទឹកបន្ទាប់ពីចិតឬហាន់ហើយ (លើកលែងប្រភេទជី) ដើម្បីកុំឱ្យបន្លែចេញជ័រប្រែជាពណ៌ខ្មៅ បន្ទាប់មកផ្លែត្រប់ត្រូវចិតស្តើងៗ ឬចិតបង្វិល។ ក្តឹបល្ពៅចិតជាចំណិតតូចៗ ពពាយកាត់ជាកង់ខ្លីៗ ចុងផ្តៅត្រូវបកសម្បកចេញយកសាច់បណ្តូលកាត់ជាកង់ខ្លីៗ ផ្លែម្ទេសនិងផ្លែត្រប់ពុតលំញងត្រូវប្រឡេះសណ្តង់ឱ្យស្អាតទុកទាំងមូល រីផ្សិតចំបើងចិតជើងឱ្យស្អាតដោយពុះជាពីរឬបួន (បើគ្មានផ្សិតចំបើងអាចប្រើផ្សិតអំបោះ ឬផ្សិតត្រចៀកកណ្តុរជំនួសបាន)។ ត្រួយល្ពៅត្រូវសកសម្បក រួចកាត់ជាកង់ខ្លីៗដោយស្លឹកខ្ចីៗត្រូវហែកឱ្យនៅតូចល្មម ឯស្លឹកម្ទេសត្រូវបេះយកស្លឹកខ្ចីៗ, ដើមខ្ទឹមកាត់ផ្នែកខាងគល់ធ្វើបន្លែ បន្ទាប់មកលាងប្របល់ចូលគ្នា រួចស្រងដាក់កញ្ច្រែងទុកមួយអន្លើ។ ចំណែក ស្លឹកខ្ទឹម ជីរណា ហាន់ស្តើងៗ ជីលីងលាក់ បេះយកស្លឹកខ្ចីៗទុកមួយអន្លើ។ ចំពោះ ប្រហុក ក៏ត្រូវចិញ្ច្រាំឱ្យម៉ត់ទុកមួយអន្លើដូចគ្នា។ បន្ទាប់មកទៀតរៀបចំលាងបំពង់ និងយកសន្លឹកអាលុយមីញ៉ូមមករុំបំពង់ផ្នែកខាងគល់ជៀសវាងឆេះបំពង់ (ជាបច្ចេកទេសថ្មី ពុំទាន់មានអ្នកប្រើច្រើនទេ) យកសាច់ ស្បែក បន្លែ លាយច្របល់ចូលគ្នា ច្រកចូលបំពង់ និងចាក់ទឹក រួចយកបំពង់សម្លទៅផ្អែកឆ្អើនឹងភ្នក់ភ្លើង ហើយត្រូវបង្វិលបំពង់ជារឿយៗ (ប្រសិនបើមិនរុំបំពង់អ្នកស្លត្រូវបង្វិលបំពង់សម្លជាប្រចាំ) រហូតដល់សម្លពុះ។
![](https://asset.ams.com.kh/khmercivilization/media/Fig.-6-1.jpg)
![](https://asset.ams.com.kh/khmercivilization/media/Fig.-7-1.jpg)
បន្ទាប់មក ត្រូវរង់ចាំឱ្យបន្លែ សាច់ឆ្អិនបន្តិច ទើបយកឈើបុកទៅបុកតិចៗឱ្យបន្លែស្រុតចុះ ទើបបង់គ្រឿង ប្រហុក អំបិល ប៊ីចេង ប្រេងសណ្ដែក និងបន្តបុក រហូតដល់បន្លែផុយរលួយ (ភ្លក់រសជាតិល្មមហើយ) យកបន្លែត្រួយ ស្លឹក និងជីរគ្រប់មុខច្រកចូលបំពង់បន្តបន្ទាប់គ្នារួចបុកច្របល់ឱ្យសព្វជាការស្រេច។
![](https://asset.ams.com.kh/khmercivilization/media/Fig.-8-copy-2-1024x723.jpg)
ដូចពោលមកខាងដើម បើទោះបីសម្លប្រូងជាប្រភេទសម្លប្រពៃណីដ៏ពេញនិយមរបស់ជនជាតិព្នងក៏ដោយ ក៏គេមិនសូវធ្វើញឹកញាប់ដែរ ដោយសារត្រូវចំណាយទាំងធនធាននិងពេលវេលាច្រើន។ ពោល គឺគេច្រើនធ្វើតែពិធីជួបជុំប៉ុណ្ណោះ។ សព្វថ្ងៃ យើងឃើញអ្នកស្លបានប្រើប្រាស់បច្ចេកទេសថ្មី មករួមបញ្ចូលជាមួយការស្លបែបប្រពៃណី ឧទាហរណ៍ ដូចបានរៀបរាប់ខាងលើថា គេយកសន្លឹកអាលុយមីញ៉ូមមកប្រើប្រាស់ ដែលនេះជាបច្ចេកទេសថ្មីសុទ្ធសាធ ហើយស្តែងឱ្យយើងឃើញពីការវិវឌ្ឍផ្នែកវប្បធម៌របស់ជនជាតិភាគតិច ពោល គឺការទទួលយកវប្បធម៌ថ្មីមកលាយឡំជាមួយវប្បធម៌ចាស់ ដើម្បីជាប្រយោជន៍នៃការបន្តវប្បធម៌ចាស់ឱ្យរុងរឿងទៅមុខទៀត៕
អត្ថបទដោយ៖ សុខ ទីឃាវុឌ្ឍ