ទំព័រដើមនិទានកថារឿងពុទ្ធសែន នាងកង្រី (ភាគទី៣)

រឿងពុទ្ធសែន នាងកង្រី (ភាគទី៣)

ភាគទី៣

ថ្ងៃនោះមានខ្ញុំបម្រើសេដ្ឋីម្នាក់កាន់ក្អមមកដួសទឹក នាងអោនដួសទឹក ក៏ប្រទះឃើញស្រមោលក្នុងទឹកមានរូបនាងដូចទេពអប្សរ នាងងើយមើលទៅស្រាប់តែភ្ញាក់ព្រឺត ​ព្រោះនាងទាំង១២នាក់សុទ្ធតែស្អាតៗ ហើយតែងខ្លួនដូចទេពអប្សរ​ ហើយសួរទៅពួកនាងទាំង១២នាក់ថាៈ ពួកនាងជាមនុស្សឬក៏ទេពធីតា? ពួកយើងជាមនុស្សធម្មតាទេ (នាងទាំង១២ឆ្លើយ) នាងជាអ្នកបម្រើសេដ្ឋី ក៏នាំដំណឹងទៅជម្រាបដេស្ឋី សេដ្ឋីក៏នាំដំណឹងទៅទូលស្តេច។ បានឮដំណឹងនេះភ្លាមព្រះអង្គថសិទ្ធិ ក៏បញ្ជាឲ្យរៀបចំក្បួនទៅដណ្តឹងសួរនាងទាំង១២នាក់។ នាងទាំង១២នាក់ក៏បានរៀបរាប់តាមដំណើររឿងទាំងអស់របស់នាងប្រាប់ស្ដេច។ បន្ទាប់មកព្រះអង្គថសិទ្ធិក៏បានស្តីដណ្តឹងនាងទាំង១២នាក់ជាមហេសី។ កន្លងពេលក្រោយមកមហេសីទាំង១២របស់ព្រះអង្គក៏មានគភ៌ ដំណឹងនេះក៏លេចឮដល់ស្រី  យក្សសន្ធមារ។ ដោយគំនុំខ្លាំងនឹងនាងទាំង១២នាក់ ស្រីយក្សសន្ធមារក៏ហោះមកនគរឥន្ទបត្ត ដើម្បីរកមធ្យោបាយចូលទៅក្នុងវាំង។ មកដល់ស្រះទឹកសន្ធមារក៏ប្រែក្រឡាខ្លួនជាស្រីម្នាក់យ៉ាងស្រស់ស្អាតរកស្រីផ្ទឹមគ្មាន។ ជួនជាពេលនោះមានមនុស្សចុះមកដងទឹក ហើយក៏បានឃើញសន្ធមារ ក៏នាំដំណឹងនេះទៅទូលស្តេច។

ព្រះអង្គថសិទ្ធិកាលបើឃើញនាងស្រីយក្សហើយ ក៏មានចិត្តស្រលាញ់ភ្លាម។ បន្ទាប់មកថសិទ្ធិក៏បានរៀបអភិសេកសន្ធមារជាមហេសីច្បង។ លុះនៅយូរបន្តិចទៅ សន្ធមារក៏ប្រើល្បិចពុតធ្វើជាឈឺ ហាក់បាត់ស្មារតី ស្តេចឃើញដូច្នោះភិតភ័យក៏រកពេទ្យមកព្យាបាល ស្រីយក្សសន្ធមារ ពេទ្យជាច្រើនមកព្យាបាលមិនបានធូរស្បើយសោះ។ ថ្ងៃមួយវេលាស្ងាត់សន្ធមារបានហៅពេទ្យ និងភិលៀងជំនិតមកប្រាប់ថាៈ អញស្អប់នាង១២នាក់ណាស់ ចូរពួកឯងជួយកំចាត់នាងទាំង១២នាក់ដោយទូលព្រះអង្គថាៈ ជំងឺរបស់យើងត្រូវការកែវភ្នែកនាងទាំង១២នាក់មកធ្វើជាថ្នាំរួចបណ្តេញពួកនាងចេញពីរាជវាំង បើធ្វើបានសម្រេចយើងនឹងឲ្យរង្វាន់ជាទីគាប់ចិត្ត។ ពួកពេទ្យទាំងអស់ក៏ទួលព្រះអង្គតាមដំណើររឿង។ ដោយត្រូវមន្តស្នេហ៍របស់ស្រីយក្ស  សន្ធមារ ព្រះអង្គពុំបានគិតអ្វីបន្តិចសោះ ក៏បញ្ជាឲ្យគេចាប់ពួកនាងទៅឆ្កៀលភ្នែក ដើម្បីយកទៅធ្វើថ្នាំឲ្យសន្ធមារ។ កាលនោះមានតែនាងពៅម្នាក់ប៉ុណ្ណោះដែលនៅសល់ភ្នែកម្ខាង ចំណែកបងៗរបស់នាងសុទ្ធតែត្រូវឆ្កៀលភ្នែកទាំងពីរ។ គួរឲ្យអាសូរនាងទាំង១២នាក់ណាស់ ត្រូវគេឆ្កៀលភ្នែកហើយ ថែមទាំងបណ្តេញចេញពីនគរទៅនៅក្នុងព្រៃទៀត នេះប្រហែលជាកម្មមកពីពួកនាងខ្វេះភ្នែកត្រីហើយមើលទៅ…។ ស្រីយក្សសន្ធមារកាលបើបានកែវភ្នែកនាងទាំង១២នាក់ហើយ ក៏ប្រញាប់យកទៅផ្ញើទុកនឹងនាងកង្រីដែលជាកូន។

ច្រើនខែកន្លងមក គភ៌ទាំង១២នាក់ក៏ត្រូវគម្រប់។ បងៗទាំង១១នាក់ ប្រសូតមកហើយក៏ហែកចែកគ្នាស៊ីទាំងអស់ មានតែនាងពៅម្នាក់ប៉ុណ្ណោះនាងមិនឆីទេ នាងលាក់សាច់ទុកជាបន្តបន្ទាប់។ លុះដល់គម្រប់ពេលនាងពៅប្រសូតបុត្រ បងៗនាងក៏និយាយថា: “ពៅអើយសុំចែកឲ្យបងឆីផង”។ នាងពៅក៏ឆ្លើយប្រាប់បងៗវិញថា”ខ្ញុំមិនកំណាញ់នឹងបងទេ តែថាកូនខ្ញុំនេះមិនគួរឲ្យចង់ឆីទេ គេស្លាប់បាត់ហើយ សាច់ក៏ធំក្លិនស្អុយខ្លាំងទៀត”។ បងៗនាងក៏ប្រញាប់ឆ្លើយថាៈ “ប៉ុន្តែអម្បាញ់មិញបងឮសូរសំលេងក្មេងយំ”។ “យំមែនតែឥឡូវស្លាប់បាត់ហើយ” នាងពៅខំប្រឹងឆ្លើយដោះសារជាមួយបងៗ រួចហើយនាងក៏យកសាច់ដែលនាងលាក់ទុកទៅចែកឲ្យបងៗនាងឆី រួចហើយនាងខំប្រឹងថែកូនរបស់នាងមិនឲ្យមានសំលេងយំឮដល់បងៗនាងឡើយ។ ហេតុតែពុទ្ធិសែនជាតួអង្គព្រះពោធិសត្វមកចាប់ជាតិ ទើបមានទេវតាមកតាមថែរក្សាមិនឲ្យមានអ្វីប៉ះពាល់ព្រះអង្គបានឡើយ។ ប្រាំពីរឆ្នាំបានកន្លងផុតទៅយ៉ាងឆាប់រហ័ស ពេលនេះពុទ្ធិសែនជាតួអង្គព្រះពោធិសត្វក៏មានរូបរាងធំល្មមស្រស់ស្អាតរកក្មេងណាមកប្រដូចសាច់ឈាមបានឡើយ។ ថ្ងៃមួយពុទ្ធិសែនបានជជីកសួរម្តាយថា តើមានរឿងហេតុអ្វីបានជាមកនៅក្នុងរណ្តៅបែបនេះ។ នាងពៅកាលបើបានស្តាប់បុត្រសួរដូចនេះហើយ នឹកអាណិតបុត្រជាពន់ពេក នាងក៏បានរ៉ាយរាប់ប្រាប់បុត្រតាមដំណើររឿងដែលបានកើតឡើង។

ពុទ្ធិសែនបានស្តាប់មាតាហើយ ក៏មានចិត្តអាណិតមាតាពេកក្រៃ ទឹកភ្នែកហូរជោគថ្ពាល់ ព្រះអង្គឧទានថាៈ “ឳបិតាអើយហេតុអ្វីក៏ដាច់ចិត្តធ្វើបាបមាតាយ៉ាងនេះ”។ បន្ទាប់ពីបានដឹងរឿងរ៉ាវហើយ ពុទ្ធិសែនបានសុំមាតាឡើងមកលេងនៅខាងលើ ដើម្បីឲ្យបានស្គាល់គេឯងផង ហើយម្យ៉ាងដើម្បីស៊ើបរកបិតាផង។ ពុទ្ធិសែនឡើងមកលើក៏បានជួបក្មេងមួយក្រុម ហើយក៏បបួលគ្នាលេងបាញ់អង្គុញ គេបានភ្នាល់គ្នាថាៈ “បើពុទ្ធិសែនចាញ់ ពុទ្ធិសែនឲ្យក្មេងទាំងនោះប្រើគេចុះ តែបើឈ្នះគេសុំបាយ១២កញ្ចប់តែប៉ុណ្ណោះ។ ទីបំផុតពួកក្មេងទាំងអស់ក៏ត្រូវចាញ់ពុទ្ធិសែន ហើយគេក៏យកបាយ១២កញ្ចប់មកឲ្យពុទ្ធិសែន។ នាងពៅជាមាតាបានទទួលបាយពីបុត្រ ហើយក៏យកទៅចែកបងៗម្នាក់មួយកញ្ចប់ៗ។ ពួកបងៗឆ្ងល់ក៏សួរថាៈ តើពៅបានបាយមកពីណា ពួកយើងខានបរិភោគបាយយូរហើយ”។ នាងពៅក៏បានរៀបរាប់ពីដំណើររឿងយកកូនលាក់ទុក ហើយឲ្យសាច់ស្អុយៗទៅបងៗ។ ចាប់ពីពេលនោះមក ពុទ្ធិសែនចេះតែឡើងមកភ្នាល់បាញ់អង្គុញជាមួយក្មេងៗនៅលើ ហើយក៏បានឈ្នះបានបាយកញ្ចប់យកទៅជូនមាតាជារៀងរាល់ថ្ងៃ លុះរំលងយូរទៅ ក៏មានពួកអាមាត្រនៅរាជវាំងមកលេងជាមួយប៉ុន្តែគ្មាននរណាអាចយកជ័យជំនះលើពុទ្ធិសែនបានសោះ គ្រប់ពេលដែលភ្នាល់ចាញ់អង្គុញគឺពួកគេត្រូវចាញ់បាយ១២កញ្ចប់គ្មានលោះពេល។ មិនយូរប៉ុន្មានដំណឹងនេះក៏លេចឮដល់ព្រះមហាក្សត្រ ព្រះអង្គក៏មានចិត្តចង់ដឹងថ្វីដៃរបស់ក្មេងនោះ ហើយក៏ចាត់អាមាត្រឲ្យតាមហៅក្មេងនោះមក។ ពុទ្ធិសែនបានជួបព្រះមហាក្សត្រភ្លាមព្រះអង្គស្គាល់ជាក់ជាបិតា ប៉ុន្តែព្រះអង្គមិនធ្វើកាយវិការអ្វីឲ្យព្រះបិតាចាប់អារម្មណ៍ឡើយ ព្រះអង្គនិយាយថាៈ “ទូលបង្គំជាខ្ញុំនៅក្មេងណាស់ ពុំបានដឹងច្បាប់ទំលាប់អ្វីក្នុងរាជវាំងទេ ដូចនេះទូលបង្គំមិនហ៊ានប្រកួតជាមួយព្រះអង្គទេ”។

រៀបរៀងដោយ៖ កញ្ញា មាស សុភាព

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!