តូអន្ទោល

តូអន្ទោល សំដៅដល់ឈ្មោះអណ្តូងពិសិដ្ឋមួយនៅក្នុងសហគមន៍ជនជាតិព្នង ក្នុងភូមិក្រង់តេះ ឃុំក្រង់តេះ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ដែលមានចម្ងាយប្រមាណ ៣៧ គីឡូម៉ែត្រពីទីរួមខេត្ត។  អណ្តូងនេះ ជាទីកន្លែងជំនឿមួយដែលរស់នៅជិតស្និទ្ធិជាមួយសហគមន៍ជនជាតិព្នង ដ្បិត​រៀងរាល់ពេលដែលមានអ្នកភូមិណាម្នាក់ឈឺ គេតែងបញ្ជូនអ្នកជំងឺនោះមកព្យាបាលនៅទីនេះ។ តើតូអន្ទោលមានប្រវត្តិ និងការប្រណិប័តន៍ជំនឿបែបណាខ្លះ?

ទីកន្លែងអណ្តូងពិសិដ្ឋនេះ មានរឿងព្រេងមួយបានតំណាលថា៖ “កាលពីសម័យសង្រ្គាម   ទីកន្លែងនេះតែងតែឧស្សាហ៍មានរឿងឈ្លោះទាស់ទែងគ្នា រហូតដល់កាប់ចាក់សម្លាប់គ្នាក៏មាន ហើយពេលខ្លះគេចាប់មនុស្សយកទៅលក់យ៉ាងអាណាធិបតេយ្យទៀតផង។ នៅក្នុងជំនាន់នោះ គ្រួសារតាទូល និងមនុស្សចំនួនពីរគ្រួសារទៀត បានទៅសង់ខ្ទមរស់នៅក្បែរអណ្តូងពិសិដ្ឋនោះ ហើយគាត់បានចិញ្ចឹមឆ្កែមួយក្បាល។ ប៉ុន្តែ ឆ្កែនោះតែងតែព្រូសរាល់យប់ នាំឱ្យតាទូលខឹងសម្បារ​យ៉ាងខ្លាំង ព្រោះខ្លាចសំឡេងឆ្កែព្រូសជាសញ្ញានាំឱ្យអ្នកផ្សេងដឹងថាគ្រួសាររបស់គាត់រស់នៅទីនោះ។ តាទូលក៏បានយកដំបងវាយឆ្កែរហូតដល់ស្លាប់ ហើយយកសពឆ្កែទៅបោះចោលនៅក្នុង  ​អណ្តូង។ លុះប្រាំពីរថ្ងៃក្រោយមក ស្រាប់តែឆ្កែនោះបានរស់ឡើងវិញ ហើយត្រឡប់មកផ្ទះ នាំឱ្យតាទូលមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ទើបតាទូលដឹងថាទឹកអណ្តូងនោះមានភាពស័ក្តសិទ្ធិអាចឱ្យ​ប្រោសសត្វឬមនុស្សរស់ឡើងវិញបាន។ ក្នុងយប់ថ្ងៃដដែល តាទូលក៏យល់សប្តិឃើញមនុស្សចំនួន ៦ នាក់មានសម្រស់ស្រស់ស្អាត ស្លៀកពាក់ស ឈរពីមុខគាត់ និងប្រាប់គាត់ថា កុំភ័យអី! ទីតាំងអណ្តូងនេះ ជាកន្លែងពិសិដ្ឋសម្រាប់ព្យាបាលមនុស្សដែលមានរបួសស្នាមឬជំងឺដង្កាត់ផ្សេងៗ។ ចាប់ពីពេលនោះ គ្រួសាររបស់គាត់ក៏ក្លាយជាអ្នកបន្តវេន និងព្យបាលជំងឺនៅទីនោះរហូតមក”។

ផែនទីមើលពីលើអាកាស បង្ហាញទីតាំងអណ្តូងពិសិដ្ឋ (តូអន្ទោល)

អណ្តូងពិសិដ្ឋដែលរៀបរាប់នេះ មានកន្លែងស័ក្តិសិទ្ធបីផ្សេងៗគ្នា គឺផ្នែកខាងកើតជាកន្លែងយកទឹកពិសិដ្ឋដើម្បីជួយស្រ្តីដែលពិបាកក្នុងការសម្រាលកូន ផ្នែកខាងជើងជាកន្លែងមានប្រទាលពិសិដ្ឋសម្រាប់ឱ្យមនុស្សមានចិត្តអង់អាចក្លាហាន ហ៊ានពុះពារគ្រប់ឧបសគ្គ និងផ្នែកខាងលិច គឺជាអណ្តូងពិសិដ្ឋសម្រាប់ព្យាបាលជំងឺ ឬរបួសស្នាមផ្សេងៗ។ កន្លែងនីមួយៗ មានរណ្តាប់និងត្រណមផ្សេងៗគ្នា ដូចជា ការយកទឹកអណ្តូងពិសិដ្ឋ និងប្រទាលមកធ្វើពិធីប្រោសព្រំ ធ្វើបានតែមនុស្សប្រុសជាអ្នកទៅសុំប៉ុណ្ណោះ។ ចំណែក​ ទីតាំងសុំទឹកពិសិដ្ឋសម្រាប់ប្រើប្រាស់ជួយដល់ស្រ្តីដែលពិបាកសម្រាលកូន គឺត្រូវតែជាមនុស្សស្រីជាអ្នកទៅសុំ មិនអាចឱ្យមនុស្សប្រុសចូលទៅសុំបានឡើយ។ ប៉ុន្តែនៅពេលបច្ចុប្បន្ន មានតែទីតាំងអណ្តូងពិសិដ្ឋសម្រាប់យកមកព្យាបា​លជំងឺមួយប៉ុណ្ណោះ ដែលនៅមានអ្នកស្នង ឬបន្តវេន រីឯទីតាំងពីរផ្សេងទៀតលែងមានអ្នកស្នងទៀតហើយ។

ទីតាំងអណ្តូងពិសិដ្ឋ (តូអន្ទោល)

ក្នុងការសុំទឹកពិសិដ្ឋពីតូអន្ទោល គេតម្រូវឱ្យមានរណ្តាប់សំខាន់ៗមួយចំនួនដូចជា ទៀន១ដើម អង្ករ១កំប៉ុង មាន់១ក្បាល ស្រា១ពាង ហើយរបស់របរប្រើប្រាស់សម្រាប់យកទឹកនិងដាក់ទឹកទៀតសោត គឺត្រូវតែថ្មីទាំងអស់។ ចំណែក រណ្តាប់សំខាន់ៗសម្រាប់ត្រេះគ្រូ (លាបំណន់) មានដូចជា ទៀន១ដើម អង្ករ១កំប៉ុង ជ្រូក១ក្បាល ស្រា១ពាង ពោល គឺខុសគ្នាត្រង់ថា រណ្តាប់ពេលសុំទឹកពិសិដ្ឋគេតែងថ្វាយមាន់១ក្បាល ឯរណ្តាប់ត្រេះគ្រូ (លាបំណន់) គេថ្វាយសត្វជ្រូក១ក្បាលវិញ។ ក្នុងការសុំទឹកពិសិដ្ឋម្តងៗ មនុស្សប្រុសដែលចូលទៅសុំទឹក គេមិនប្រកាន់ថាជាសាច់ញាតិ ឬមិនមែនសាច់ញាតិរបស់អ្នកជំងឺឡើយ ពោល គឺអាចចូលទៅសុំបានទាំងអស់ ហើយក៏មិនតម្រូវឱ្យអ្នកជំងឺទៅសុំផ្ទាល់ដែរ។ ពេលបានទឹកហើយ គ្រូនៅទីនោះ ត្រូវធ្វើពិធីសុំអ្នកថែរក្សាទឹកនោះ ដោយប្រាប់ពីឈ្មោះអ្នកជំងឺ ប្រាប់ពីមូលហេតុដែលនាំឱ្យអ្នកជំងឺត្រូវរបួសស្នាម និងទីតាំងរបួសនៅលើដងខ្លួនឱ្យបានច្បាស់ ដើម្បីធានានូវភាពស័ក្តិសិទ្ធិ។ បន្ទាប់ពីគ្រូប្រាប់រួចហើយ គ្រូត្រូវបូលដោយយកអង្ករបាចទៅលើទៀនដែលកំពុងឆេះ ហើយប្រសិនបើឃើញថាអង្ករបញ្ឈរនៅលើទៀនមានចំនួនប៉ុន្មានគ្រាប់ គឺមានន័យ ថាជំងឺនោះនឹងត្រូវព្យាបាលប៉ុណ្ណឹង សប្តាហ៍ដូចគ្នាដែរ ឧទាហរណ៍ បើបូលរួចឃើញអង្ករបញ្ឈរនៅលើទៀនមានចំនួន១គ្រាប់ មានន័យថា ជំងឺនោះត្រូវព្យាបាលចំនួន ១សប្តាហ៍ទើបអាចជាសះស្បើយ។ ពេលដែលបូលឃើញលទ្ធផលរួចមក អ្នកថែរក្សាទឹកស័ក្តសិទ្ធិត្រូវដងទឹកពិសិដ្ឋឱ្យអ្នកជំងឺប្រើប្រាស់ទៅតាមភាពជាក់ស្តែង ហើយជាធម្មតាប្រសិនបើត្រូវព្យាបាលរយៈពេល១សប្តាហ៍ គឺត្រូវដួសទឹកប្រើប្រាស់ចំនួនមួយធុង ដែលមានប្រមាណ ៣០ លីត្រ។

នៅពេលបានទឹកមកហើយ គឺត្រូវយកទឹកស័ក្តិសិទ្ធិទៅលាបលើមុខរបួស ដាំទឹកផឹក និងងូតជាប្រចាំ។ កំឡុងពេលព្យាបាល អ្នកជំងឺ និងអ្នកមើលថែម្នាក់ត្រូវរស់នៅឱ្យដាច់ឆ្ងាយពីគេ ដោយមិន  ឱ្យមានសំឡេងរំខាន និងហាមមិនឱ្យនិយាយជាមួយអ្នកខាងក្រៅឡើយទាំង តែអ្នកទាំងពីរអាចនិយាយគ្នាបានធម្មតា។ ប៉ុន្តែនៅពេលដែលអ្នកថែរក្សាទឹក (អ្នកបន្តវេន) ចូលទៅសួរសុខទុក្ខអ្នកជំងឺ អ្នកផ្សេងទៀតក៏អាចចូលសួរសុខទុក្ខនិងនិយាយជាមួយអ្នកជំងឺបានធម្មតា លុះពេលអ្នកបន្តវេនឈានជើងចេញពីទីនោះភ្លាម ត្រណមត្រូវតែតមដូចដើមវិញ ហើយគេកំណត់ថា ក្នុងពេល១សប្តាហ៍ អ្នកថែរក្សាឬអ្នកបន្តវេនអាចចូលសួរសុខទុក្ខអ្នកជំងឺបានតែម្តងប៉ុណ្ណោះ។ ម្យ៉ាងវិញទៀត ប្រសិនបងប្អូនសាច់ញាតិ ឬអ្នកភូមិណាដែលចង់យកម្ហូបអាហារ ឬរបស់របរប្រើប្រាស់ទៅជូនអ្នកជំងឺ គឺត្រូវយកទុកចោលនៅកន្លែងណាត់មួយដែលបាននិយាយគ្នាជាមួយអ្នកមើលថែអ្នកជំងឺ លុះដល់ពេលឬម៉ោងអ្នកមើលថែក៏ត្រូវទៅយកតាមការណាត់។ ចំណែកឯម្ហូបអាហារដែលត្រូវតមវិញមានដូចជា៖ ផ្លែម្ទេស ផ្លែត្រប់ ត្រីអណ្តែង ក្តាម ត្រីក្សាន ចុងផ្តៅ ផ្លែត្រយ៉ូងចេក និងត្រួយរុក្ខជាតិគ្រប់ប្រភេទ។ អ្វីគួរកត់សម្គាល់នោះគឺ ប្រសិនបើអ្នកជំងឺជាកូនក្មេងវិញ មានលក្ខណៈខុសពីមនុស្សធំបន្តិចត្រង់ថា ពេលក្មេងនោះជាមុនកាលកំណត់ អ្នកជំងឺជាកូនក្មេងនោះអាចចេញក្រៅនិយាយនិងប្រាស្រ័យទាក់ទងជាមួយមនុស្សគ្រប់គ្នាបានធម្មតា តែចំពោះអ្នកមើលថែត្រូវតមជំនួសក្មេងនោះ ដោយមិនឱ្យនិយាយឬប្រាស្រ័យទាក់ទងជាមួយនរណាទាំងអស់ លុះត្រាណាតែដល់កាលកំណត់របស់គ្រូ ឬអ្នកថែរក្សាទឹកពិសិដ្ឋ។ បើសិនអ្នកជំងឺ ឬអ្នកមើលថែមិនអនុវត្តតាមការតមនោះទេ អ្នកជំងឺនឹងមិនជាសះស្បើយជាដាច់ខាត ហើយត្រូវយក    រណ្តាប់ទៅធ្វើពិធីសុំទឹកពិសិដ្ឋម្តងទៀត។ ពេលអ្នកជំងឺបានជាសះស្បើយ គេត្រូវធ្វើពិធីត្រេះគ្រូ (លាបំណន់) ដោយអញ្ជើញលោកគ្រូមកផ្ទះអ្នកជំងឺ ហើយរៀបរណ្តាប់ដូចដែលបានរៀបរាប់ពីខាងលើ ដោយគ្រូត្រូវយកឈាមជ្រូកបន្តិចមកស្រក់លើអង្កររួចពោលថា “ទឹកគ្រូឥឡូវនេះ អ្នកជំងឺបានជាសះស្បើយហើយ ហើយក៏បានត្រេះទឹកគ្រូ (លាបំណន់) ក្នុងពេលនេះឱ្យរួចក្នុងពេលនេះដែរ”។

ដោយឡែក សម្រាប់អ្នកបន្តវេនវិញ ត្រូវតែជាខ្សែស្រឡាយ ឬសាច់ញាតិរបស់ត្រកូលនោះទើបអាចស្នងបាន ហើយទាល់តែជាអ្នកដែលមានចិត្តសប្បុរស ជាមនុស្សធ្វើអំពើល្អ មិនមានចិត្តលោភលន់និងមិនមានស្រីច្រើន។ សព្វថ្ងៃ នៅតូអន្ទោល លោក ចាស់ ដន ជាគ្រូទឹកពិសិដ្ឋដែលបន្តវេនពីឪពុករបស់គាត់។ ក្នុងពេលមានអាយុ២០ឆ្នាំ លោកធ្លាប់យល់សប្តិឃើញមានយាយតាពីរនាក់ដើរមករកគាត់ដើម្បីឱ្យព្យាបាលមនុស្សត្រូវដំរីចាក់   ដោយមានរៀបរណ្តាប់ដូចដែលបានរៀបរាប់ខាងលើ ទៅសែននៅអណ្តូងពិសិដ្ឋនោះ។ លោកយល់សប្តិដដែលៗ​ ៧ដងក្នុងមួយយប់។ លុះ២​ ឬ៣ថ្ងៃក្រោយមក ក៏មានអ្នកភូមិម្នាក់មកពីអូរងេះ ត្រូវដែកសង្កត់ ហើយត្រូវបាក់ភ្លៅខាងស្តាំចំនួនពីរកំណាត់ និងខាងឆ្វេង១កំណាត់ មករកលោកឱ្យជួយព្យាបាល។ បន្ទាប់លោកក៏ធ្វើតាមយល់សប្តិ ក៏ឃើញថាមានប្រសិទ្ធភាពពិតប្រាកដមែន។ លោកបញ្ជាក់ថា ប្រសិនបើក្នុងខ្សែស្រឡាយរបស់លោកមានអ្នកណាចង់ធ្វើជាគ្រូដែលអាចយកទឹកនោះបាន គឺត្រូវយកស្រា១ពាង និងមាន់១ យកមកជូនគាត់ ដើម្បីឱ្យគាត់ធ្វើពិធីឱ្យអ្នកនោះអាចយកទឹកនោះបានដែរ តែក៏ត្រូវជាមនុស្សដូចដែលមានលក្ខណៈរៀបរាប់ពីខាងលើផង។

ជារួមមក ទោះវិទ្យាសាស្រ្តបានឈានដល់ចំណុចមួយធំក៏ដោយ ក៏សហគមន៍ព្នងនៅខេត្តមណ្ឌលគិរី នៅតែមានជំនឿទៅលើការព្យាបាលជំងឺតាមបែបប្រពៃណី ឬបែបជំនឿដដែល។ ជាក់ស្តែង ដូចជាករណីអណ្តូងពិសិដ្ឋតូអន្ទោលនេះជាភស្តុតាងស្រាប់ ដែលបញ្ជាក់ឱ្យឃើញពីសកម្មភាពថែរក្សានិងប្រណិប័តន៍ជំនឿជីវចលរបស់ខ្លួន៕

អត្ថបទដោយ៖ សុខ ទីឃាវុឌ្ឍ

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,000SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!