ល្ខោនស្រមោលស្បែកធំ

មុននឹងមានភាពយន្ត និងទូរទស្សន៍ ប្រជាជនខ្មែរនិយមទស្សនា និងកម្សាន្តអារម្មណ៍ជាមួយល្ខោនស្រមោលបុរាណ ឬល្ខោនស្បែកធំ។ ជាមួយនឹងទំនើបកម្មនៃការកម្សាន្តសម្បូណ៌បែប ជាពិសេសបច្ចេកវិទ្យា និងប្រព័ន្ធផ្សព្វផ្សាយថ្មី រួមមាន Facebook និងYouTube ជាអាទិ ភាពពេញនិយមរបស់ល្ខោនស្រមោលបុរាណត្រូវបានធ្លាក់ចុះ ក្លាយទៅជាសិល្បៈដែលគេមិនចាប់អារម្មណ៍។ លើសពីនេះទៅទៀត ប្រភេទសិល្បៈនេះ នឹងប្រឈមការបាត់បង់ប្រសិនបើគ្មានការអភិរក្ស និងថែរក្សា។ សព្វថ្ងៃ ក្នុងចំណោមយុវវ័យ ល្ខោនស្បែកធំ ពុំសូវមានអ្នកស្គាល់ ឬចាប់អារម្មណ៍ឡើយ។

ល្ខោនស្បែកធំ គឺជាទម្រង់សិល្បៈទស្សនីយភាពដ៏ចំណាស់មួយក្នុងចំណោមទម្រង់សិល្បៈដទៃទៀតនៅប្រទេសកម្ពុជា។ ល្ខោននេះ អាចមានទំនាក់ទំនងជាមួយព្រះរាជពិធីរបស់ព្រះមហាក្សត្រ ដែលត្រូវបានគេសម្តែងជាមួយទម្រង់សិល្បៈទស្សនីយភាពផ្សេងទៀត មានល្ខោនស្រមោលស្បែកតូច (ល្ខោនស្បែកតូច) និងរបាំព្រះរាជទ្រព្យ ក្នុងសម័យខ្មែរបុរាណ។ម៉្យាងទៀត ការដែលទម្រង់ល្ខោនទាំងនេះមានជាប់នៅទីក្រុងខ្មែរបុរាណ ពោលគឺសៀមរាប និងបាត់ដំបង បានបញ្ជាក់ពីគំនិតនៃព្រះរាជពិធីព្រះមហាក្សត្រ។ លោក Jacques Brunet បានបញ្ជាក់បន្ថែមថា «ជួនកាលគេហៅទម្រង់នេះថា “ណាំងស្បែកហ្លួង” ជាទម្រង់សិល្បៈសម្តែងមួយចំណាស់ដែលមាននៅកម្ពុជា»។ លោកព្រឹទ្ធាចារ្យ ឆេង ផុន ធ្លាប់បានលើកឡើងថា «យោងទៅតាមការសិក្សាវិភាគ ក្នុងចំណោមសិល្បៈខ្មែរ យើងអាចសន្មត់បានថា សិល្បៈលោ្ខនស្រមោលមានប្រភពយូរមុនសម័យអង្គរ»។ លោក​ ពេជ្រ ទុំក្រវ៉ិល  បានសរសេរក្នុងសៀវភៅរបស់លោក អំពីល្ខោនស្បែកធំ​ ថាសិល្បៈលោ្ខនស្រមោលមានភាពរុងរឿងក្នុងសម័យអង្គរ។ ល្ខោនស្រមោលស្បែកធំ សម្តែងតែឈុតរាមាយណដែល ខ្មែរយើង ហៅថា “រាមកេរិ៍្ត”។ ផ្ទាំងស្បែកធំ ត្រូវបានដាក់បញ្ចាំងឆ្លុះទៅនឹងពន្លឺភ្លើង ដើម្បីបង្កើតជាស្រមោល។ នៅកម្ពុជាសព្វថ្ងៃ មានល្ខោនស្បែកបីប្រភេទ៖ ស្បែកតូច (ល្ខោនស្រមោលតូច) ស្បែកពណ៌​ (ស្បែកលាបពណ៌) និងស្បែកធំ (ល្ខោនស្រមោលធំ)។ យើងគួរបញ្ជាក់ផងដែរថា ស្បែកពណ៌ ជាល្ខោនខ្នាតកណ្តាល មិនមែនសម្រាប់សម្តែងជាល្ខោនស្រមោលទេ និងត្រូវបានគេសម្តែងនៅពេលថ្ងៃ។​​  

ល្ខោនស្បែកធំ ជាសិល្បៈមានទ្រង់ទ្រាយផ្សំ នៃតន្រ្តី ចម្រៀង កំណាព្យ ពំនោល គំនូរ ចម្លាក់ ការជើត ការរាំ របាំ និងនាដកម្ម។ កាលពីមុន អ្នកជើតស្បែក សុទ្ធសឹងតែជាបុរស​ (នាសម័យបច្ចុប្បន្ន យើងឃើញមានស្ត្រីជើតស្បែកដែរ)​ ជើតផ្ទាំងស្បែករបស់ខ្លួននៅពីមុខនិងពីក្រោយផ្ទាំងក្រណាត់ស ដោយមានចំណាំងភ្លើង ក្នុងនោះគឺដោយដុតចន្លុះ ឬត្រឡោកដូងស្ងួត (ក្នុងសម័យមុន) ឬប្រើឧបករណ៍បញ្ចាំង (ក្នុងសម័យទំនើប)។ ការដុតចន្លុះ ឬត្រឡោកដូង គឺគេពេញចិត្តច្រើនជាង ព្រោះវាបញ្ចេញស្រមោលរស់រវើកជាងការបញ្ចាំងភ្លើងបែបទំនើបកម្ម។ ការសម្តែងល្ខោនស្បែកធំ ភាគច្រើនធ្វើឡើងនៅពេលយប់ ក្នុងពិធីពីធីបុណ្យជាតិ ឬពិធីបុណ្យសាសនា។

ផ្ទាំងស្បែករបស់ល្ខោនស្បែកធំ អាចមានកម្ពស់ទៅដល់ ពីរម៉ែត្រ និងមានទម្ងន់ទៅដល់ប្រាំពីរគីឡូក្រាម។ ស្បែកធំ ពុំមានដៃ និងចង្អូមមាត់ច្បាស់លាស់ ដូចផ្ទាំងស្បែករបស់ល្ខោនស្បែកតូចនោះឡើយ។ អ្នកជើតស្បែក ដែលជាអ្នករាំផងដែរ កាន់ផ្ទាំងស្បែកនីមួយៗ ដោយដាក់ផ្ទាំងស្បែកផ្អឹបជាប់ទៅនឹងផ្ទាំងក្រណាត់សដែលមានចំណាំងភ្លើង។ យើងជាអ្នកជំនាន់ក្រោយបន្តវេន មានកាតព្វកិច្ចក្នុងការបន្ត យល់ដឹង ស្រឡាញ់ឱ្យ តម្លៃ ថែរក្សា លើកស្ទួយ និងផ្សព្វផ្សាយសិល្បៈដ៏មានតម្លៃនេះឲ្យស្ថិតស្ថេរទៅអនាគតកាល។ ការខិតខំប្រឹងប្រែង និងការផលិត ត្រូវមានន័យ និងភាពចាំបាច់សម្រាប់យុវជន ដែលជាអ្នកស្នងវប្បធម៌ទៅថ្ងៃអនាគតដែរ។ នៅពេលដែលគេយល់ដឹង ពេញចិត្ត​ និងឱ្យតម្លៃ គេនឹងដឹងពីករណីយកិច្ច​ និងកាតព្វកិច្ចរបស់គេ ក្នុងការអភិរក្ស និងថែរក្សាសម្បត្តិវប្បធម៌នេះ។

អត្ថបទដើម៖ លោកបណ្ឌិត សំ សំអាង

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,000SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!