វត្តក្បាលកោះ ឬវត្តសាមគ្គីក្បាលកោះ (អ្នកខ្លះហៅវត្តយក្ស) ជាវត្តចំណាស់មួយតាមដងទន្លេ ក្នុងសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ បច្ចុប្បន្នវត្តនេះមានព្រះវិហារពីរសង់មុខក្រោយគ្នា ខណ្ឌចែកដោយសាលាបឋមសិក្សាក្បាលកោះ។ ព្រះវិហារខាងមុខ គឺជាសំណង់បុរាណដ៏ល្អវិចិត្រមានអក្សរចារឹកលើហោជាងម្ខាងថា «លើកព្រះវិហារនេះ ថ្ងៃព្រះហស៍ ៣កើត ខែរស្រាប ឆ្នាំមមែរ សពសក្ក ចុល្លសក្ករាជ១២៥៧» ហើយលើហោជាងម្ខាងទៀតចារឹកថា «ព្រះពុទ្ធសក្ខរាជបាន២៤៣៨»។ បើផ្អែកតាមកាលបរិច្ឆេទទាំងនេះ គិតមកដល់សព្វថ្ងៃព្រះវិហារវត្តក្បាលកោះមានអាយុកាល១២៧ឆ្នាំ។ ជាការពិត ព្រះវិហារវត្តក្បាលកោះជាទម្រង់ព្រះវិហារបុរាណ ជញ្ជាំងសង់អំពីឥដ្ឋ គ្រឿងបង្គុំឈើ ដំបូលប្រាក់ក្បឿងស្រកាលេញ។ មកដល់សព្វថ្ងៃ គេពុំទាន់រកឃើញមានឯកសារណាចងក្រងច្បាស់លាស់អំពីសាវតារវត្តនេះឡើយ។ បើផ្អែកលើកាលបរិច្ឆេទនៃចារឹកខាងលើ ព្រះវិហារនេះកសាងក្នុងឆ្នាំ១៨៩៥ ពោលគឺក្នុងរាជ្យ ព្រះបាទ នរោត្តម (១៨៦០-១៩០៣) ឬអាចនិយាយបានថាកសាងឡើងនៅក្នុងគ្រាប្រហាក់ប្រហែលនឹងព្រះវិហារវត្តចិនដំដែក (ឆ្នាំ១៨៨៧) ដែលស្ថិតនៅកណ្តាលរាជធានីភ្នំពេញ។ ប៉ុន្តែបើយោងតាមរូបថតឯកសាររបស់សាលាបារាំងចុងបូព៌ា (EFEO) ថតឆ្នាំ១៩២៩ គេឃើញវត្តក្បាលកោះមានព្រះវិហារបុរាណតូចមួយស្រេចទៅហើយ។ ព្រះវិហារនោះជាទម្រង់វិហារជហ្វា៦ ជញ្ជាំងឥដ្ឋ សង់លើខឿនខ្ពស់ពីរថ្នាក់។ អ្វីដែលគួរឱ្យកត់សម្គាល់ គេឃើញមានជណ្តើរឈើភ្ជាប់នឹងទ្វារទាំងពីរនៅផ្នែកខាងមុខ។ ចំណែកនៅផ្នែកចំហៀងមានបង្អួចតូចៗ អមសងខាងបង្អួចធំមួយនៅកណ្តាល។ រីឯដំបូលលម្អដោយជហ្វា៣ខាងមុខ និងជហ្វា៣ទៀតនៅខាងក្រោយ តែប្លែកត្រង់ការលម្អនាគចែងនៅគល់ហោជាង គេបំបែកជាពីរ ហើយពុំរត់ត្រង់លើព្រំចែងដំបូលឡើយ។ ដោយឡែកបើត្រឡប់មកមើលព្រះវិហារវត្តក្បាលកោះសព្វថ្ងៃ ដែលគេយល់ថាកសាងបានជាង១សតវត្សនោះ គឺជាទម្រង់ស្ថាបត្យកម្មមានលក្ខណៈស្រដៀងនឹងព្រះវិហារបុរាណនៅក្នុងរាជ្យ ព្រះបាទ នរោត្តម សីហនុ (១៩២២-២០១២) ពោលគឺជាសំណង់មានទំហំធំជាងសម័យមុនៗ ព្រមទាំងប្រើក្បាច់លម្អអំពីស៊ីម៉ងត៍ច្រើនជាងឈើ។

បច្ចុប្បន្ន បន្ទាប់ពីទីធ្លាវត្តបានរំកិលថយទៅក្រោយបរិវេណសាលារៀន ពុទ្ធបរិស័ទបានមូលមតិកសាងព្រះវិហារថ្មីមួយទៀត។ ព្រះវិហារចាស់ស្ថិតនៅខាងមុខ ហើយដែលយើងកំពុងលើកមកបង្ហាញនេះ បានជួសជុលក្នុងឆ្នាំ២០២១ ហើយបង្វែរតួនាទីទៅជា «សាលាធម្មសភា»។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ដូចខ្ញុំបានបញ្ជាក់ខ្លះៗមកខាងលើថា សំណង់នេះជាទម្រង់វិហារជហ្វា៦ដ៏ល្អវិចិត្រ ដែលគេបានរចនាដំបូលកិង ជ្រាលចុះទៅចំហៀងទាំងសងខាង៣ថ្នាក់។ រីឯនៅគល់ហោជាង ដំបូល២ថ្នាក់ជ្រាលចុះ ទៅមុខ និង២ថ្នាក់ជ្រាលចុះទៅក្រោយ។ សំណង់នេះសង់នៅលើខឿន២ថ្នាក់ ដែលខឿនខាងក្រៅមានធ្លាធំទូលាយ ព័ទ្ធដោយបង្កាន់ដៃជុំវិញ បង្កលក្ខណៈយ៉ាងល្អសម្រាប់ការរៀបចំពិធីបុណ្យទានផ្សេងៗ។

ចំពោះហោជាងទាំងពីរផ្ទាំងនៃព្រះវិហារវត្តក្បាលកោះ គឺជាហោជាងឈើដែលមានចារឹកខ្លឹមសារយ៉ាងសំខាន់ដូចបញ្ជាក់មកខាងលើ។ ក្បាច់លម្អលើហោជាងទាំងពីរមានលក្ខណៈដូចគ្នាទាំងស្រុង ពោលគឺជាក្បាច់ភ្ញីវល្លិយ៉ាងរស់រវើក លាបពណ៌ទឹកមាស ព័ទ្ធជុំវិញឆ័ត្ររួតបីដើម។ ឆ័ត្ររួតកណ្តាល ឆ្លាក់ដាក់តម្កល់ខ្ពស់លើជើងពានមានចារឹកពាក្យ “ព្រះពុទ្ធសក្ខរាជបាន២៤៣៨”។ ផ្នែកខាងគល់នៃហោជាងនេះគេឆ្លាក់រចនាមានលក្ខណៈដូចផ្ទាំងថ្មតម្រៀបជាជួរ។ ប៉ុន្តែហោជាងខាងលិច បើពិនិត្យលម្អិតក្រៅពីមានក្បាច់លម្អដូចគ្នាជាមួយហោជាងខាងកើត នៅត្រង់គល់ហោជាងនេះគេរចនាជាផ្ទាំងថ្មតម្រៀបជាជួរ ហើមានសត្វផ្សេងៗនៅលាយឡំជាមួយដូជា សត្វស្លាប ពស់ តោ ខ្លា ប្រើស និងចចក (?) ជាដើម។


ចំណែកឯការលម្អលើរងស្បូវនៃព្រះវិហារវត្តក្បាលកោះ គេឃើញមានប្រើក្បាច់បីប្រភេទផ្សេងគ្នា ឆ្លាក់លើបន្ទះក្តារផង និងចាក់ពុម្ពស៊ីម៉ងត៍ផង។ នៅលើរងស្បូវពីរខាងលើបង្អស់គេប្រើក្បាច់កញ្ចាំង (ខ្លះហៅក្បាច់សារាយ) ឆ្លាក់លើបន្ទះក្តារ។ រងស្បូវពីរបន្ទាប់ គេប្រើក្បាច់ពុម្ពស៊ីម៉ងត៍ក្នុងទម្រង់ច័ក្កច័ន ហើយក្បាច់លម្អលើហោជាងខាងក្រោមបំផុត ក៏ប្រើក្បាច់ពុម្ពស៊ីម៉ងត៍ តែក្នុងទម្រង់ច័ក្កច័នលាយ។ ទន្ទឹមនឹងនោះដែរ នៅលើក្បាលសសរទ្ររងស្បូវ គេមានបំពាក់លម្អដោយរូបកិន្នរនៅផ្នែកចំហៀង និងគ្រុឌនៅលើក្បាលសសរទ្ររងស្បូវចុងចែងដំបូល។ ចំណែកឯក្បាច់លម្អតាមស៊ុមទ្វារ និងបង្អួច ក៏ប្រើជាប្រភេទក្បាច់អង្គរចាក់ពុម្ពស៊ីម៉ងត៍ ដែលមានរំលេចរូបព្រះពិស្ណុគង់លើព្រះកាល (រាហ៊ូ)។


ផ្នែកខាងក្នុងនៃព្រះវិហារវត្តក្បាលកោះ ចែកចេញជាបីល្វែង ពោលគឺល្វែងគ្រឹះនៅកណ្តាល ដែលមានព្រះជីវ៍តម្កល់លើបល្ល័ង្កខ្ពស់មួយនៅចុងខាងលិច និងរបៀងអមសងខាងខាង។ ព្រះជីវ៍នៃព្រះវិហារនេះ ជាព្រះបដិមាពុម្ពសាងអំពីស៊ីម៉ងត៍ មានទំហំតូចល្មម គង់ក្នុងកាយវិការផ្ចាញ់មារ តម្កល់លើបល្ល័ង្កសាមញ្ញមួយ អមដោយព្រះបដិមាក្នុងកាយវិការផ្ចាញ់មារពីរអង្គ។ រីឯសសរទាំងពីរជួនៃផ្នែកខាងក្នុងអមល្វែងគ្រឹះនោះ ជាសសរបេតុងមូលលាត ឥតមានគំនូរ ឬក្បាច់អ្វីលម្អដូចព្រះវិហារដទៃឡើយ។ ប៉ុន្តែចំពោះពិតានឈើខាងលើ គេបានគូរអន្លើផ្សេងៗក្នុងពុទ្ធប្រវត្តិ ដែលភាគច្រើនពាក់ព័ន្ធនឹងស្ថានសួគ៌ដូចជាចតុលោកបាល ទេវតារក្សាទិសទាំងប្រាំបី ព្រះអង្គបិណ្ឌបាត្រនៅស្ថានព្រហ្ម និងព្រះអាទិត្យ ព្រះចន្រ្ទ ដែលខ្មែរជឿថាជាព្រះគ្រោះដែលកើតមុនគេនៅស្ថានត្រៃត្រិង្ស។


គំនូរនៅលើជញ្ជាំងជុំវិញផ្នែកខាងក្នុងព្រះវិហារនេះ ស្ថិតក្នុងប្រធានបទសំខាន់ពីរគឺរឿងពុទ្ធប្រវត្តិនិងរឿងនានាក្នុងជាតក។ លក្ខណៈគួរឱ្យកត់សម្គាល់នៃគំនូរ គឺបង្ហាញប្រធានបទចម្រុះ ពោលគឺគំនូរនៅជួរខាងលើមានគូរបង្ហាញទាំងរឿងពុទ្ធប្រវត្តិផង និងរឿងជាតកផង ដោយផ្តើមពីព្រះអង្គប្រសូតនៅលើជញ្ជាំងខាងត្បូងចុងខាងកើត រាយដំណើររឿងរំកិលទៅជញ្ជាំងខាងលិច មកបញ្ចប់ត្រង់ជិតពាក់កណ្តាលជញ្ជាំងខាងជើង ហើយបន្តដោយរឿងជាតកមកខ្លះ រហូតទល់នឹងរូបព្រះអង្គបរិនិព្វាន។

ប៉ុន្តែទោះយ៉ាងណាក្តី លក្ខណៈពិសេសនៃគំនូរព្រះវិហារនេះ គឺគេគូរត្រង់ព្រះអង្គត្រាស់ដឹងនៅខាងក្រោយព្រះជីវ៍ដែលគេតែងគូរព្រះអង្គផ្ចាញ់មារ រីឯនៅខាងមុខព្រះជីវ៍គឺ «ព្រះអង្គបរិនិព្វាន» ដោយគូរបញ្ចូលតួអង្គព្រះចៅអធិការវត្តនៅក្នុងនោះផង។ ដោយឡែក នៅតាមចន្លោះបង្អួចនីមួយៗដែលរាប់ថាជាគំនូរបន្ទាត់ទី២ ក៏ឃើញមានគូរអន្លើខ្លះក្នុងរឿងពុទ្ធប្រវត្តិដែរដូចជា ត្រង់ព្រះអង្គធ្វើទុក្ខកិរយា នាងសុជាតាថ្វាយចង្ហាន់ ឬព្រះអង្គប្រោសនន្ទកុមារជាដើម។ ទន្ទឹមនឹងនេះ នៅផ្នែកខាងក្រោមនៃគំនូរក្រោយព្រះជីវ៍បានបញ្ជាក់ថា គំនូរទាំងអម្បាលម៉ានគូរក្នុងឆ្នាំ១៩៩២។


បើនិយាយសង្ខេប ព្រះវិហារវត្តក្បាលកោះជាស្ថាបត្យកម្មបែបបុរាណ មានចារឹកកាលបរិច្ឆេទកសាងតាំងពី១២៧ឆ្នាំមុន តែពុំធ្លាប់ឃើញមានឯកសារផ្សេងៗ សូម្បីតែក្នុងឯកសារកម្ពុជសុរិយារវាងឆ្នាំ១៩២៤ ដែលព្រះរាជបណ្ណាល័យបង្គាប់ឱ្យចងក្រងប្រវត្តិនីមួយៗក៏ពុំឃើញនិយាយដល់វត្តនេះដែរ។ ប៉ុន្តែយ៉ាងណាក្តី នៅក្បែរព្រះវិហារនោះសោតគេឃើញមានអគារថ្មទ្រុឌទ្រោមមួយខ្នង (អតីតសាលាបាលី?) មានចារឹកថា «សង់ឆ្នាំមមី ពុទ្ធសករាជ២៤៧៣ ឆ្នាំ១៩៣០»។ ដូច្នេះព្រះវិហារវត្តក្បាលកោះដែលមានចារឹកថាសង់ឆ្នាំមមែ ទំនងសង់ក្នុងរវាងឆ្នាំ១៩៣១ ពុទ្ធសករាជ២៤៧៤ ក៏ថាបាន៕
អត្ថបទដោយ៖ ហៀន សុវណ្ណមរកត