ទំព័រដើមនិទានកថាអក្សរសិល្ប៍៖ រឿង មហាចោរនៅទល់ដែន (ភាគ៤៩)

អក្សរសិល្ប៍៖ រឿង មហាចោរនៅទល់ដែន (ភាគ៤៩)

(ស្នេហាលើទូក)

          បាទ! ឳព្រះម្ចាស់អើយ! ថ្ងៃនេះខ្ញុំហាក់បានរស់ជាថ្មីម្តងទៀត ខ្ញុំសប្បាយចិត្តណាស់ ព្រោះខ្ញុំទើបមកទើបពះ ប្រទះស្រីមួយដែលល្អគ្មានពីរលើលោកនេះ។

          បាទ! អូនល្អមែន ល្អ…ល្អ…។ តែបើអូនមិនស្រលាញ់ខ្ញុំវិញទេ ខ្ញុំមុខជាស្លាប់ខ្លួនមិន ខាន…អូនស្រលាញ់ខ្ញុំវិញទេ?

          ស្រលាញ់

          ហេតុម៉េចក៏អូនស្រលាញ់ខ្ញុំ រួចហេតុម្តេចក៏អូនមិនស្រលាញ់អ្នកដែលមានបុណ្យសក្កិ ខ្ពស់ៗទៅ?

          ព្រោះប្រហែលជាវាសនាយើង។ ខ្ញុំស្រលាញ់អ្នកមានបុណ្យសក្តិម្តេចកើត? បើគេនោះ ច្រើនតែមានប្រពន្ធរាប់រយ ផឹកស្រា លេងបៀ… ហ៊ឺយ៉ាប់ណាស់​ប្រុសអ្នកធំ។ ឳ! មែន ស្រលាញ់បង ព្រោះវាសនានាំអោយយើងជួបគ្នាក្នុងពេលរាត្រីស្ងាត់​ ដែលមានខ្យល់ត្រជាក់ គឺកាលនិងពេលនេះហើយ ដែលពុំអាចទប់ចិត្តស្រីឪ្យមានះមិនស្រលាញ់នោះ។

          ប្អូននិយាយពីចិត្តស្រីតាមកាលនេះបន្តិចចុះ

          ក្នុងពេលថ្ងៃ ចិត្តស្រីប្រកាន់ថា មិនស្រលាញ់នឹងប្រុសណាដាច់ខាត។ រួចបើស្រលាញ់ តោងស្រលាញ់តាមប្រពៃណីបុរាណ គឺត្រូវឪពុកម្តាយទុកដាក់ឲ្យតាមច្បាប់។ រួចបើប្រុសនោះគ្មានបុណ្យសក្តិ គ្មានទ្រព្យធនធាន គ្មានឧត្តមគតិខ្ពស់ទេ ស្រីយើងមិនស្រលាញ់ដាច់ខាត។ ដល់ថ្ងៃល្ងាចចិត្តស្រីប្រែបន្តិចទៅវិញ គឺថាត្រូវបង្ហាញខ្លួនឲ្យគេឯងឃើញផង។ បើគេឃើញរួចគេស្រលាញ់យើង គេសាកសួរយើងតាមច្បាប់ក៏គួរយកទៅ។ ពេលយប់ស្រីៗ គិតធូរបន្តិចទៅទៀតថាកុំប្រកាន់យកតែប្រុសមានបុណ្យសក្តិ មានប្ញកពារខ្ពង់ខ្ពស់នឹកថា មិនចាំ បាច់រូបប្រុសស្អាតប៉ុន្មានក៏យកដែរ។ ពេលពាក់កណ្តាលអធ្រាត្រយប់ស្ងាត់ ខ្យល់ត្រជាក់ព្រឺ ខ្លួន ចិត្តស្រីក្រឡាស់រលីង គិតថាទោះយ៉ាងណាក៏យកដែរ មិនបាច់រូបល្អ មិនបាច់បុណ្យសក្តិ មិនបាច់មានទ្រព្យធន មិនបាច់ខ្ពស់ទេ ឲ្យតែបានគ្នាទៅ ចាំកាច់ទំរង់ចិត្តប្តីនោះឲ្យបានដូច បំណងដើមវិញ។

          ឳ! ពេលនេះជាពេលអធ្រាត្រ ប្អូនមានភ័ព្វបានមកជួបនឹងបង ប្អូនក៏ដូចស្រីឯ ទៀតក៏ប្រថុយស្រលាញ់បងទៅចុះ។ តែ…តែ ឳ ចិត្តស្រី…ចិត្តស្រីកាលណាបាន ស្រលាញ់អ្នកណាហើយ ចិត្តស្រីឥតកែប្រែបានឡើយ។ បង! ចិត្តស្រីផ្កាប់មុខ ស្រលាញ់តែមួយ រហូតមួយជីវិត។

         អញ្ជើញអូនឡើងមកលើមក អង្គុយឪ្យបានជិតគ្នាទៅទៀត។

         ច៎ាះ! ទេ ប៉ុណ្ណេះបានហើយ។ តែឥឡូវបងហើយ តើបងហ៊ានស៊ូប្តូរជីវិតនឹងប្អូន ឬទេ?​

         បម្រុងឳនថើបម្រាមដៃនាងយ៉ាងខ្លាំង

         ហ៊ាន! ហ៊ានប្តូស្លាប់ប្តូររស់ ប្អូនមានទុក្ខអី បងហ៊ានទាំងអស់

         បងហ៊ានស្បថជូនអូនទាំងអស់។

         ធីតានិយាយយ៉ាងស្រងូតស្រងាត់ទៅទៀតថាៈ

         ប្អូនមានសេចក្តីត្រេកអរនឹងបងណាស់។ ដូចបងជ្រាបស្រាប់ក្នុងពេលនេះប្អូន កំពុងកើតទុក្ខខ្លាំងណាស់…

         បម្រុងកាត់ថាៈ

         ទុក្ខអី?

         ច៎ាះ! ទុក្ខប្អូនគឺទុក្ខចង់បានបងជាប្តីឲ្យបានឆាប់។

         បម្រុងត្រេកអរនឹងសំដីនេះយ៉ាងក្រៃអនេក។

         ពាក្យនាងទៅមុខជ្រុលឆ្ងាយឥតបង្អង់ ដើម្បីឲ្យបានរួមដំណេក រួមមេត្រី រួមពាក្យសំដីរួមរូបកាយជាមួយតែនឹងបងមួយ។ ឳ! ប្អូនព្រួយខ្លាចក្រែងយូរទៅ បងណាយរសាយចិត្តចោលប្អូនឲ្យទៅឯកោម្នាក់ឯង គឺថាងទៅស្រលាញ់គេឯទៀត ភ្លេចនឹកនាដល់ប្អូន ដែលបានបោះពួយចិត្តស្រលាញ់បងទាំងស្រុង គ្មានសល់ត្រង់ ណាសោះនោះ។ និយាយយ៉ាងនេះប្អូនព្រួយណាស់។

         នាងបម្រុងលួងលោមវរលក្ខណ៍ថាៈ

         អូនកុំព្រួយ កុំថប់ កុំបារម្ភឳ្យសោះ បងមិនធ្វើដូច្នោះទេ មានទេវតាជាប្រធាន សាក្សី។ បើបងមានចិត្តដូច្នោះមែន សូមឲ្យបងស្លាប់តែនឹងអាវុធគេ។ តែបើអូនគិតថា ចង់ជួបនឹងឆាប់។ នោះបងគិតដូច្នោះដែរ គឺបងខ្លាចអូនណាយ រសាយចិត្តចោលបង ដែរព្រោះបងជាអ្នកខ្សត់ខ្សោយ អូនជាអ្នកមានភោគសម្បតិ្ត បងជារាស្រ្ត ប្អូនជា ស្តេច។

(សូមរងចាំតាមដានភាគទី៥០ នៅសប្តាហ៍ក្រោយ)

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
17,700SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!