ទំព័រដើមទំនៀមទម្លាប់បុរាណជំនឿទំនៀម​សំពះព្រះខែនិង​អកអំបុក

ទំនៀម​សំពះព្រះខែនិង​អកអំបុក

បើយកតាម​ប្រតិទិន​ចន្ទគតិ ​ពីថ្ងៃ​១៤-១៥កើត ដល់​ថ្ងៃ១រោច​ ខែកត្តិក បុរាណខ្មែរ​​កំណត់​​ជា​​ «ព្រះ​រាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក» ហើយ​ព្រះ​មហាក្សត្រ​​ស្តេច​​ផែនដី ទ្រង់​តែងយាងជា​ព្រះរាជា​ធិបតី។ អុំទូក(ប្រណាំង​ទូក) និង​បណ្តែត​​​​​​ប្រទីប (លយ​ប្រទីប) ធ្វើនៅ​មុខ​ព្រះរាជ​ដំណាក់​​ផែទន្លេ​ចតុមុខ។ រីឯព្រះរាជពិធី​សំពះ​ព្រះ​​ខែ​និង​​​​អក​អំបុកប្រារព្ធ​​ក្នុង​ព្រះបរម​រាជវាំង ហើយ​មាន​​ពិធី​សម្រក់​ទៀន ​ដែល​​មាន​សេចក្តី​ចែង​​​​ក្នុងឯកសារ​ព្រះរាជ​ពិធី​​ទ្វាទសមាស​ផង។ ពិធី​ទាំង​អស់​ខាង​​លើ​ក៏​តែង​សង្កេត​​​ឃើញ​អ្នក​ស្រុក​​ប្រារព្ធជា​ប្រក្រតី​តាម​ទំនៀម​ តែពុំ​សូវ​​​ធ្វើពិធីរួមទាំង​អស់​​​ក្នុង​ពេល​​​​តែមួយ​ឡើយ។​ ប្រណាំង​ទូកជា​ល្បែងអ្នក​ស្រុក​លេងចាប់ពីភ្ជុំ​បិណ្ឌ​​ដល់​ចេញ​​​ព្រះ​វស្សា ហើយ​​លយ​​ប្រទីប សំពះ​​ព្រះខែ អកអំបុក ប្រារព្ធក្នុងថ្ងៃ១៥ កើត ខែកត្តិកដែរ។ ដោយឡែក ទំនៀម​ព្រះរាជពិធី​សំពះព្រះខែនិង​អកអំបុក​នៃព្រះបរមរាជវាំង ដើម​ឡើយ​ធ្លាប់​ប្រារព្ធ​នៅ​ប្របមាត់ច្រាំង​ទន្លេ នៃព្រះរាជដំណាក់​ផែខាង​មុខ​ព្រះបរមរាជ​វាំង​​។ ក្នុង​​រាជ្យ​ ព្រះបាទ នរោត្តម សុរាម្រឹត ព្រះមហាកញ្ចនកោដ្ឋ (១៨៩៦–១៩៦០) គេ​ឃើញ​​មាន​​រណ្តាប់ដូចជា​ អំបុក​២តោក​ធំ ដូងខ្ចី​១០ផ្លែ ចេក​ពងមាន់​១០​ស្និត និងទៀន​ធំ​១៤ដើម ​សម្រាប់អុជ​ផ្សងប្រផ្នូលទឹក​ភ្លៀងនៃខេត្ត​ទាំង​១៤។ លុះ​រៀបចំស្រេច​ហើយ ដល់​ម៉ោង​​១២​យប់ ព្រះមហាក្សត្រ​ស្តេចយាង​គង់​ប្រថាប់​​​​កណ្តាល​ទីប្រជុំ ដោយ​ជួប​ជុំ​ព្រះ​រាជ​​វង្សានុ​វង្ស គណៈរដ្ឋមន្រ្តី និង​នាហ្មឺន​សព្វមុខ​មន្រ្តី​​គង់​អង្គុយ​គាល់ត្រៀមត្រា។ បន្ទាប់​មក​ផ្តើម​​ថ្វាយ​បង្គំព្រះរតនត្រៃយ ​សូត្រ​ប្រកាស​ទេវតា និង​បួងសួង​ រួចហើយស្តេច​យាង​​អុជ​ទៀន​​ទាំង១៤ដើម ដើម្បីផ្សងទឹកភ្លៀង ​និងសំពះព្រះខែ ​អក​អំបុក​។ ប៉ុន្តែ​សព្វថ្ងៃព្រះ​រាជ​​ពិធី​សំពះព្រះខែ ​អកអំបុក និង​ផ្សងទឹកភ្លៀង​ជាទំនៀម​ក្សត្រតែងមាន​រណ្តាប់​​​​ដូចជា អំបុក ចេក ដូង ដំឡូង​ ត្រាវ សាគូ ក្រឡាន នំផ្អែម​(ច្រើន​មុខ) និងផ្លើឈើ(ច្រើនមុខ) រៀបចំ​ដាក់​​​តោកជា​គូមុខ​រណ្តាប់​​​គ្រឿង​សក្ការៈ​បូជា​ព្រះរតនត្រៃយនិង​បូជា​​​ព្រះចន្រ្ទ។ ព្រះ​រាជ​​ពិធីនេះតែងរៀប​ចំនៅវេលាព្រលប់ ​ប្រារព្ធ​​នៅ​ក្នុង​​ព្រះ​ទីនាំង​​ទេវាវិនិច្ឆ័យ។

ព្រះមហាក្សត្រយាង​ជាព្រះរាជាធិបតីក្នុងព្រះរាជ​ពិធី​សំពះព្រះខែ អកអំបុក ប្រារព្ធនៅព្រះទីនាំងទេវាវិនិច្ឆ័យនៃ​ព្រះបរម​រាជវាំង (​រូបថត៖ norodomsihamoni.org)
ព្រះមហាក្សត្រគង់ជាព្រះរាជាធិបតីក្នុងព្រះរាជ​ពិធី​សំពះព្រះខែ អកអំបុក និងសម្រក់ទៀនផ្សេងទឹកភ្លៀង (​រូបថត៖ pressocm.gov.kh)

ចំពោះ​ពិធីសំពះព្រះខែ អកអំបុក ​អ្នកស្រុក​ខ្លះ​ហៅដោយខ្លីក្នុង​ន័យ​​រួម​ថា «បុណ្យ​អក​អំបុក» ឬ «បុណ្យ​​​​មហាអំបុក» ឬអ្នក​ស្រុក​ភាគ​ខាង​ជើង​ហៅថា «អក​ព្រះ​ខែ» ឬ​ “បង្អក​ព្រះ​ខែ”។ ក្នុង​​វេលា​ពាក់​កណ្តាល​ខែ​កត្តិកនេះ ជួន​ចំ​ពេល​ស្រូវ​ចាប់ផ្តើមឱ្យ​ផល ដែល​គេ​អាច​យក​ទៅ​​បុក​ធ្វើអំបុក(ដាល់​អំបុក)​​បាន។ ស្រូវ​ដែល​គេ​និយម​យក​​មក​បុក​អំបុក ច្រើនជា​ស្រូវ​ដំណើប​ ឬស្រូវផ្កា​ម្លិះ​ច្រូត​​ដើម​ដៃ​ ពោលគឺ​ស្រូវនៅទុំស្ទើរ។ ដំបូង​គេ​យក​ទៅ​លីង​​រហូត​ស្រូវ​ចាប់​​ផ្តើម​ផ្ទុះ​មួយៗ ទើប​គេ​ចាក់ចូល​ត្បាល់។ ឯអ្នកកាន់​អង្រែ​ចាំ​ក៏​ចាប់​ផ្តើម​បុកដោយ​មាន​អ្នកកាន់​ឈើឆ្កៀស​ជាជំនួយ។

មហាអំបុករៀបចំនៅក្នុង​វត្ត​ជុំគ្រៀល (កំពត)

តាមសង្កេតគេច្រើន​ឃើញ​យុវជន​​ជំទង់ៗ​​ចូល​​​​រួម ហើយ​តែង​​ប្រារព្ធ​ធ្វើ​​នៅក្នុង​វត្ត​មាន​ត្បាល់​ច្រើន​ អ្នកលីង អ្នក​​​បុក​ អ្នក​ឆ្កៀល ព្រម​ទាំង​​មាន​ចាស់​ទុំ​ចាំ​ជួយ​អុំស្ទៃអំបុក​ផងដែរ។ ជា​ធម្មតា​គេ​ចាប់ផ្តើម​បុក​អំបុក​នោះ​​តាំង​ពី​​ព្រលប់ រហូត​ដល់​ពាក់​កណ្តាល​អាធ្រាត្រ ពេល​ដែល​ព្រះចន្រ្ទ​រំកិល​ត្រង់​​ចំលើ​ក្បាលទើប​គេ​​ធ្វើកិច្ច​​សំពះព្រះខែ និងអកអំបុក។

យុវជន​ចូលរួម​ក្នុង​បុណ្យមហាអំបុកដែលរៀបចំ​នៅវត្ត​ជុំគ្រៀល (កំពត)

កិច្ចសំពះព្រះខែនិង​អក​អំបុក ដឹក​នាំ​ដោយ​​អាចារ្យ​និង​ចាស់ទុំ ហើយ​គេ​សង្កេត​​ឃើញ​​​​របៀបធ្វើប្លែកគ្នា​តាម​តំបន់។ ​ជា​ទូទៅគេ​ច្រើនរៀបចំ​អំបុក ចេក ដូង​ ដំឡូង​​ ត្រាវ អំពៅ និង​រណ្តាប់​ផ្សេងៗ​​ទៀត​​ដាក់​តុ អុជទៀនធូប​ សូត្រ​ប្រកាស​ឧទ្ទិស​ថ្វាយ​ព្រះ​ចន្រ្ទ។ បន្ទាប់​​មក​​គេ​​​​បង្អក​អំបុកបញ្ចុក​ចេក​គ្នា​ទៅវិញ​ទៅមកយ៉ាង​សប្បាយ​រីករាយ ​រវាង​ស្រី​​ប្រុស​ទាំងឡាយ​ដែល​ចូលរួមក្នុង​ពិធី​​។ ផុត​ពីនោះ​មក ទើប​គេ​ធ្វើកិច្ច​សម្រក់​ទៀន​ផ្សងទឹក​ភ្លៀង ឬគេ​ធ្វើកិច្ច​ផ្សេង​ទឹក​ភ្លៀង​មុនក៏មាន។ ​​ប៉ុន្តែបើតាម​ការ​សង្កេត​របស់​អ្នក​ស្រាវ​ជ្រាវ​នៅតំបន់​ខ្លះ​​នៃខេត្ត​សៀមរាប និងខេត្តកំពង់ចាម ក្នុងកិច្ចសំពះព្រះខែនិង​អក​អំបុក​​អ្នកស្រុក​តែង​និមន្តព្រះសង្ឃ​​ប្រាយអំបុក​ទៅលើ​ក្មេង​ចាស់​ទាំងឡាយ ជា​សញ្ញា​ថា​ភោគ​ផល​​ហូរ​ហៀរ​ពេញ​លេញ​បរិបូណ៌។ មិន​តែប៉ុណ្ណោះគេ​សង្កេតឃើញ​អត្ថន័យ​កាន់​តែ​​ច្បា​ស់​​​បន្ថែម​ទៀត​ គឺពេល​ដែល​ម្នាក់ៗ​យក​អំបុក​បង្អក​គ្នាទៅវិញទៅមក។

ព្រះសង្ឃ​ប្រាយអំបុក​នៅវត្ត​តាំងក្រសាំង​ ខេត្ត​កំពង់ចាម (រូបថត៖ អាំង​ ជូលាន, យសោធរ)
បង្អកអំបុក​នៅវត្ត​​ត្រាច ខេត្ត​សៀមរាប (រូបថត៖ អាំង​ ជូលាន, យសោធរ)

ជាការ​ពិត ទំនៀមសំពះព្រះខែនិងអកអំបុកក្នុង​សង្គមខ្មែរ​ តែង​ប្រារព្ធធ្វើ​ក្នុង​វេលា​តែមួយ ទាំង​ទំនៀម​​​ក្នុង​ព្រះបរមរាជវាំងនិង​​​​​ទំនៀម​របស់​អ្នកស្រុក ​ពោលគឺ​ប្រារព្ធនៅ​ថ្ងៃ​១៥​កើត ពេញ​បូណ៌មី ខែកត្តិក។ ប្រភព​​នាំ​ឱ្យ​កើតពិធីនេះ គេលើកសម្អាង​តាម​និទាន​មួយ​ថា​​​ «កាល​​​ដើម​​ភទ្ទកប្ប ព្រះពោធិសត្វបាន​យក​កំណើតជា​ទន្សាយ​​ ហើយ​ទ្រង់​​ឧទ្ទិស​សាច់​ធ្វើ​​ជា​​ទាន​​​ឱ្យ​​​​បាន​ត្រាស់​ជា​ព្រះពុទ្ធ។ ដោយ​ជ្រាបនូវសេចក្តី​ប្រាថ្នានេះ ព្រះឥន្រ្ទក៏​កាឡាជា​ព្រាហ្មណ៍​​ចាស់​​មក​​សុំ​​សាច់​ទន្សាយ​​​​ជា​អាហារ​។ ទន្សាយ​ពោធិសត្វ​ក៏លោត​ចូលភ្លើង តែ​ភ្លើង​​ពុំឆេះ ហើយ​ឥន្រ្ទ​ព្រាហ្មណ៍​ក៏​ស្ទុះ​​ទៅ​​ពរ​ទន្សាយ​យក​ទៅ​មណ្ឌល​​ព្រះចន្រ្ទ ឆ្លាក់​រូប​ទន្សាយ​​ជាប់​​​នឹង​​ថ្ម​ ដូច​​ឃើញ​ប្រាកដ​ក្នុង​វង់​ព្រះចន្រ្ទមក​ដល់សព្វថ្ងៃ»។ ខ្លឹមសារ​និទាន​ខាង​​លើ គេ​បាន​យក​ទៅ​គូរ​បង្ហាញ​នៅ​​តាម​​ព្រះ​វិហារ​ជា​ហូរហែ។

គំនូរទន្សាយពោធិសត្វនៅព្រះវិហារវត្តព្រែកតូច (កណ្តាល) ​និងរូប​ទន្សាយ​ក្នុង​វង់ព្រះចន្រ្ទនៅព្រះវិហារវត្តសំរឹទ្ធជយារាម (កំពង់ចាម) (​រូបថត៖ សាន​ ផល្លា ២០០៧)

ទោះជា​យ៉ាង​ណាក្តី សេចក្តីយល់ឃើញ​តាម​និទាន​ខាងលើ គឺ​ជារឿង​ធម្មតា​​របស់​ពុទ្ធបរិស័ទ ដែល​​ភ្ជាប់​ទំនៀម​​ទៅនឹង​រឿងក្នុង​ព្រះពុទ្ធសាសនា​។ ប៉ុន្តែ​បើ​តាម​អ្នក​ស្រាវជ្រាវ​យល់​ឃើញ​ថាទំនៀមសំពះព្រះខែ អកអំបុក ​ជា​ពិធី​ដែល​មាន​ន័យ​​ពាក់​ព័ន្ធនឹង​កសិកម្ម​ ពោលគឺ​ផល​ស្រូវ​ដែល​បាន​មក​បរិបូណ៌។ ចំណែក​​ពិធីសម្រក់ទៀន​ផ្សងទឹកភ្លៀង គឺក្នុង​គំនិត​​ចង់​​ដឹង​ភោគផល​ឆ្នាំ​ក្រោយ ដែល​វិនិច្ឆ័យ​តាម​​ទឹក​ភ្លៀង ឬរបប​ទឹក​ភ្លៀង​ក្នុង​រដូវ​ធ្វើ​ស្រែ​​ខាង​មុខ​។​ ចំណែក​ការ​ប្រារព្ធសំពះព្រះខែ អកអំបុក​ ក្នុង​ថ្ងៃពេញបូណ៌មី ខែ​កត្តិក​ ក៏ចំ​ពេល​សំខាន់​ដែល​អ្នក​ស្រុក​​យល់​ថា​ដាច់​ឆ្នាំចាស់ ​ចូលឆ្នាំ​ថ្មី ​ថ្ងៃពេញ​បូណ៌មី ខែទី​១ (កត្តិក)​ នៃ​ឆ្នាំ​ថ្មី ឆ្នាំតាម​វដ្តកសិកម្ម៕

អត្ថបទដោយ៖ កញ្ញា​ ហៀន សុវណ្ណមរកត

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!