(ថ្កើងត្រង់ណា)
ហាសៗ! នេះមកពីអូន ធ្លាប់តែបង្រួញគំនិតគេខ្លាំងពេកទៅវាបាបមកធ្វើកម្មពៀរតែ ខ្លួនឯងដូច្នោះហាសៗ។
ព្រះនាងមណីក្រោកឡើងដើរតម្រង់ទៅរកប៉ាន់តែ។ នាងចាក់តែដែលនៅក្តៅៗ ពីរ ពែង នាងហុចមួយពែងមកមានន្ទ។
សុំបងពិសាទឹកសិនទៅអោយវាស្រួលបំពង់ក អាចឲ្យបងនិយាយបានស្រួលជាងនេះ ទៅទៀត។
អរគុណ! អរគុណ! បងមិនហ៊ានញ៉ាំទឹកតែអូនទេ។ បងធ្លាប់ប្រាប់ហើយ ព្រោះទឹកតែ អូនមានពិស អាចសម្លាប់បង! អូនលួចដាក់ថ្នាំមែនទេ? ហ៊ឺ! អ្នកធ្វើការជាតិ គេមិនដែល សម្លាប់គ្នាទេ! ទោះគេស្អប់គ្នាយ៉ាងក៏ដោយ។ ឥឡូវបងសូម ដាក់ថ្នាំនេះក្នុងពែងតែរបស់អូន ចុះ។
ថាហើយមានន្ទយកថ្នាំមួយកញ្ចប់ពីហោប៉ៅអាវខ្លួន លាកញ្ចប់នោះយ៉ាងស្រួលរួច ចាក់ទៅក្នុងពែងរបស់នាងមណី ធីតាសើចយ៉ាងស្រស់ឆ្លើយថាៈ
ប្អូនចង់សម្លាប់បងណាស់។ ប្អូនចង់ៗ រាល់ពេលដេកមិនលក់អង្គុយមិនសុខ បាយមិន បាន។ នឹកឃើញបងពេលណា ញ័រអស់ដើមទ្រូងពេលនេះឯង។
ចង់?
ចា៎ៈ! ខ្ញុំចង់សម្លាប់បងអោយបាននៅក្នុងថ្ងៃណាមួយ!
មានន្ទងក់ក្បាលញញឹមៈ
អើ! មនុស្សយើងកើតមកសម្រាប់តែស្លាប់ ទោះអូនឯងមិនចង់ក៏បងស្លាប់។ ឯអូនឯង ដែលចង់រស់តែម្នាក់ឯងនោះ ក៏គង់ស្លាប់ដែរ។ ឥឡូវញ៉ាំថ្នាំនេះទៅ មិនអីទេថ្នាំនេះញ៉ាំទៅ ងងុយគេង។ ដល់អូនគេងលក់ទៅបងបង្ហាញពួកតម្រួតឲ្យវាបើកផ្លូវមកទៀត។
ធីតាចាប់ពែងតេញញឹមលេបក្អឿកៗ។
ទោះបងសម្លាប់ប្អូនមុនប្អូនសម្លាប់បង ក៏ប្អូនសប្បាយចិត្តណាស់។
នារីបង្វិលខ្លួនផ្តួលទៅក្នុងរង្វង់ដៃមានន្ទ។ ធីតាធ្មេចភ្នែកនិយាយតិចៗថាៈ
ជិតដល់កន្លែងឆែកហើយឬនៅ?
នៅប្រហែលមួយស្របក់ធំទៀត។
ចូរបងប្រយ័ត្នឲ្យមែនទែន បន្តិចទៀតប្អូនរត់រួចពីកណ្តាប់ដៃហើយ!
គឺព្រលឹងអូនដែលរត់រួច ឯរូបក៏រត់រួចទៀត។ រត់អោយរួចក្នុងមួយអាទិត្យយ៉ាងយូរ។ ប្អូនមិននិយាយលេងទេ គឺនិយាយប្រាកដណ៎ា! សូមបងចាំឲ្យច្បាស់ទៅកុំធ្វេសឲ្យសោះ។
ឥឡូវសន្មតថា អូនរត់រួចចុះ តើអូនទៅណា?
ប្អូនទៅសិរីសោភណ្ឌវិញ ប្អូនលើកទ័ពមកវាយយកជីវិតបងឲ្យបាន ប្អូនរៀបការ ជាមួយបងកាមា ឬជាមួយអ្នកណាម្នាក់ទៀតក៏បាន។
បងអរគុណណាស់ បើប្អូនធ្វើដូច្នោះបាន គ្រាន់បងមានការធ្វើច្រើនសោះនឹងទំនេរ ច្រើនពេក។ ឯអូនមិនខ្លាចបង លើកទ័ពទៅវាយអូនវិញទេ?
នារីទន់ត្របកភ្នែកឡើងៗ។ ថ្នាំជ្រួតជ្រាបសព្វសព៌ាង្គកាយនាង ធ្វើឲ្យត្រចៀកនាងឮ ងឹង ធ្វើអោយគំនិតនាងវិលៗ ស្លុងៗ បាត់ស្មារតីលែងឮអ្វី!
មានន្ទលើកនាងដាក់យ៉ាងថ្នមៗលើពូក។ លុះដល់ពេលអ្នកឆែកមក មានន្ទ និងសហ ការីដែលតែងខ្លួនជាទាហានខាងព្រះកម្ពុតបានកំហែងនាយតម្រួតថា កុំមាត់ព្រះនាងកំពុងផ្ទុំ មិនទាន់ភ្ញាក់ទេ ព្រះនាងមានដំណើរសម្ងាត់ទៅចាប់ “មហាចោរនៅទល់ដែន”។
ថ្ងៃបែរបន្តិច ទូកយើងបានទៅដល់ភូមិភ្នៀតដូចបំណងមែន។
នៅមាត់កំពង់ កងពលរាប់រយនាក់ ឈរតម្រៀបត្រៀបត្រាចាំទទួលមានន្ទជាមេ។
មិនយូរប៉ុន្មាន “កងចោរប្លន់ប្រទេស” ក៏បានទៅដល់ទីកន្លែងរបស់គេដែលតាំងនៅ ក្នុងព្រៃស្ងាត់។ នាងមណីត្រូវពួកគេចងភ្នែកបណ្តើរទៅ។ លុះទៅដល់កន្លែងពួកពលរេហ៍រត់ មកធ្វើគារវកិច្ចចំពោះមានន្ទដែលបញ្ជាថាៈ
យកស្រីនេះទៅដាក់ច្រវ៉ាក់ចងទុក នៅក្រោមស្វាយព្រៃធំនោះ
មហាកាលក៏ហ៊ោឡើង
ជយោ! ជយោ! ជយោ!
ទាហានទាំងឡាយក៏រោមធីតាជុំជិត។
ម្នាក់សួរយ៉ាងរអឺនថាៈ
អ្នកណាហ្នឹង?
ម្នាក់ទៀតលើកចង្អុលដៃឆ្លើយថាៈ
គឺព្រះនាងម្ចាស់ដែលទើបតែចុះមកពីស្ថានសួគ៌។ ឥឡូវព្រះនាងដោយសម្បត្តិឯ សុរិន្រ្ទ។
អូហ៍! ចុះម៉េចក៏មករងទុក្ខទីនេះ?
ហាស! ឆ្កួតវាមានកម្ម …
ពាក្យបញ្ចើចបញ្ចាល ក៏មានហូរហែរឥតស្រាកស្រាន្តយ៉ាងអ៊ូអរ។
ហ៎! ជួយទាញច្រវ៉ាក់ជើងផងវើយ!
ហ៎! ដាក់អោយស្រួលកុំអោយគ្នាឈឺ។
សំណើចមួយលាន់ឮគ្អឹលឡើង
សមណាស់វើយ! ពីដើមដាក់សុទ្ធតែមាស ឥឡូវបានដែកមកដាក់ហើយ។
នាងមណីឡេឡាកណ្តាលហ្វូងមនុស្សដែលតិះដៀលនាង។ នាងខ្មាសយ៉ាងអស្ចារ្យ។
(សូមរងចាំតាមដានភាគទី៥៣ នៅសប្តាហ៍ក្រោយ)