ប្រទេសអង់គ្លេស៖ ការវិភាគ DNA នៃគ្រោងឆ្អឹងចំនួន៣បានបង្ហាញអំពីកាលបរិច្ឆេទស្ថិតនៅចុងសម័យរ៉ូម៉ាំងដោយស្ថិតនៅក្នុងផ្នូរតែមួយ។ អ្នកជំនាញជឿថា គ្រោងឆ្អឹងទាំងបីនោះ គឺម្តាយ និងកូនប្រុសដែលមិនទាន់កើត និងម្តាយក្មេក ដែលបានស្លាប់ក្នុងពេលតែមួយ។ ផ្នូរនេះត្រូវបានរកឃើញនៅតំបន់ Cheddington, Buckinghamshire ក្នុងប្រទេសអង់គ្លេស។ ការសិក្សានេះ ស្ថិតនៅក្នុងផ្នែកនៃគម្រោង genome បុរាណ។
អ្នកឯកទេសឆ្អឹងមនុស្សលោក Sharon Clough បាននិយាយថាការសិក្សាតាមបច្ចេកទេស DNA លើ ឆ្អឹងនេះ បានបង្ហាញលទ្ឋផលដ៏ល្អមួយ អំពីទំនាក់ទំនងគ្រួសារមួយនាសម័យបុរាណ ដែលយើងបានសិក្សានេះ។
ផ្នូរត្រូវបានរកឃើញកំឡុងពេលការធ្វើកំណាយក្នុងឆ្នាំ ២០១៨ ហើយត្រូវបានគេចាត់ទុកថា “មិនធម្មតា” ដោយសារតែផ្នូរបុរាណសម័យរ៉ូម៉ាំង ឬដើមសម័យ Saxon ភាគច្រើនផ្ទុកសាកសពតែមួយប៉ុណ្ណោះ។ តាមរយៈការវិភាគដោយវិទ្យុសកម្មបានបង្ហាញពីការបញ្ចុះសពបានកើតឡើងនៅចន្លោះឆ្នាំ ២៥៥ ដល់ ៤៣៣។
លោកស្រី Clough ដែលធ្វើការនៅ Cotswold Archaeology បាននិយាយថា ការវិភាគឆ្អឹងបានបង្ហាញថា គ្រោងឆ្អឹងមួយមានអាយុប្រហែល ២៥ ឆ្នាំ ខណៈម្នាក់ទៀតមានអាយុលើសពី ៤៥ ឆ្នាំនៅពេលដែលពួកគេត្រូវបានគេបញ្ចុះ។ ទារកដែលកើតមិនគ្រប់ខែមានអាយុចន្លោះពី ៣២ ទៅ ៣៦ សប្តាហ៍ ប៉ុន្តែគេមិនទាន់ដឹងច្បាស់ថា តើទារកនោះនៅក្នុងផ្ទៃនៅពេលបញ្ចុះឬក៏បានសម្រាលហើយបានស្លាប់។
Mitochondrial DNA បានបញ្ជាក់ពីស្ត្រីវ័យក្មេង ហើយទារក គឺជាម្តាយ និងកូន ខណៈដែលស្ត្រីចំណាស់ត្រូវបានគេរកឃើញថាមានទំនាក់ទំនងជាមួយទារក ប្រហែលជាយាយរបស់ទារកនោះ ។
ឆ្អឹងនឹងត្រូវរក្សាទុកនៅសារមន្ទីរ Buckinghamshire County សម្រាប់ការស្រាវជ្រាវនាពេលអនាគត។
ដកស្រង់ពី៖ https://www.bbc.com/news/uk-england-beds-bucks-herts-63077187