ទំព័រដើមសិល្បៈព្រះវិហារវត្ត​ពាមមង្គលនិង​ឥទ្ធិពលសិល្បៈ​ចិន

ព្រះវិហារវត្ត​ពាមមង្គលនិង​ឥទ្ធិពលសិល្បៈ​ចិន

ព្រះវិហារ​វត្ត​ពាមមង្គល កសាង​ឡើង​តាំង​ពី​​​មុន​សម័យ​សង្គម​រាស្រ្ត​និយម​ ស្ថិត​នៅ​ប្រប​​ដង​ទន្លេ​មេគង្គ​ត្រើយ​ខាងលិច។ ព្រះវិហារ​បុរាណ​ដ៏ស្កឹម​ស្កៃនេះ សាង​ពីថ្ម​និង​​គ្រឿង​​​គ្រោង​ដំបូលឈើ ​ប្រក់ក្បឿង។ គំនូរ​លើ​ជញ្ជាំង​ខាង​ក្នុង​ព្រះ​វិហារ​ មាន​​រំលេច​​ព្រះ​ឆាយា​​លក្ខណ៍​ព្រះបរមតនកោដ្ឋ ​ក្នុង​ឈុត​ខ្លះ​នៃរឿង​ពុទ្ធប្រវត្តិ​ ដូច​​​បណ្តា​ព្រះ​វិហារ​បុរាណ​​ផ្សេងទៀត​ដែរ។ ព្រះវិហារ​​នេះ​បាន​​ជួស​ជុល​​​ជា​បន្ត​បន្ទាប់ តែរក្សាបាន​​នូវ​ក្បាច់រចនា​ សិល្បៈ​ខ្មែរ​​-​ចិន​​​លម្អ​តាម​សសរ​ខាងក្នុង ព្រម​ទាំង​​ជហ្វា​ស្ពាន់​​បំពាក់​លម្អលើ​ព្រំដំបូលដែល​ប្រហែល​ពុំមានច្រើនឡើយ​ក្នុង​សំណង់​ស្ថាបត្យកម្មព្រះវិហារខ្មែរ។

ព្រះវិហារ​វត្ត​ពាម​មង្គល

វត្តពាមមង្គល ស្ថិត​ក្នុងឃុំ​រកាកោង ស្រុកមុខ​កំពូល​ ខេត្ត​កណ្តាល។ ព្រះវិហារ​​វត្ត​នេះ​កសាង​​​នៅ​លើ​​ខឿន​ខ្ពស់បីថ្នាក់ ដែលមាន​បង្កាន់ដៃ​ព័ទ្ធ​ជុំវិញ​​នៅ​ថ្នាក់​ទីពីរ។ ព្រះវិហារ​គឺជា​ប្រភេទ​​​វិហារ​ជហ្វា​៦ ដែល​មាន​សសរ​បេតុង​​៦ជួ​រ​បណ្តោយ និង​​សសរ​​១០​ជួរ​​ទទឹង (សរុប​​៦០ដើម)។ ដំបូលព្រះវិហារ​ប្រក់ក្បឿង​ស្រកាលេញ ជ្រាល​ចុះ​​ចំហៀង​​​សង​ខាង​​៣​ថ្នាក់ ​បំពាក់​​ជហ្វា​ធ្វើអំពីស្ពាន់(?)ចំនួន​៣ នៅ​ចុង​​ព្រំដំបូល​ខាង​​មុខ និង​​ជហ្វា​​​៣ទៀត​នៅ​ចុង​​ដំបូលខាងក្រោយ ដែល​លក្ខណៈ​ជហ្វា​​លោហៈបែប​នេះ​កម្រ​ឃើញ​​ប្រើ​ក្នុង​​​ស្ថាបត្យ​កម្ម​​។​ ចំពោះនៅ​លើ​​​ក្បាល​​​សសរ​​ខាង​ក្រៅ​ជុំវិញបាំង​សាច លម្អ​ដោយ​​រូប​គ្រុឌ​ និង​កិន្នរទ្រ​ចុង​ដំបូល។​ រី​ឯ​លើ​ជញ្ជាំង​ផ្នែក​​ចំហៀង​មាន​ទ្វារ​ម្ខាង​១ អម​​ដោយ​​​​បង្អួច​ម្ខាង​៨ និង​នៅ​ផ្នែក​ខាង​មុខ-ក្រោយ មាន​ទ្វារ​​ម្ខាង​២។ ក្បាច់លម្អ​តាម​ស៊ុម​​ទ្វារ​និង​​បង្អួច​ទាំង​អស់ ​រចនាឡើង​ជា​ទម្រង់ក្បាច់​ភ្ញី​ទេស​​បំបែក។​ នៅលើទ្វារ​ទាំង​៦ មាន​រូប​ទេព​​គង់​កាន់​ព្រះខ័ន​នៅព្រះហស្តឆ្វេង និង​ដំបង​នៅ​​ព្រះសហ្តស្តាំ។ រីឯ​នៅ​លើ​​​បង្អួច​ជុំវិញ​ទាំង​​១៦ ​មាន​​រូប​​ទេពប្រណម្យ(?)មួយ​កំណត់​ខ្លួន​សំពះ​ក្នុ​ង​ផ្ទៃ​ក្បាច់។

គ្រុឌនិង​កិន្នរទ្រតាមចុង​ដំបូល
ក្បាច់លម្អស៊ុមទ្វារ និង​បង្អួច

ចំពោះការ​រចនាលម្អលើ​ហោជាង​ គេ​សង្កេត​ឃើញ​មាន​លក្ខណៈ​ដូច​​គ្នានិង​ខុស​គ្នា​គួរ​​ឱ្យ​កត់​សម្គាល់ ​រវាង​ហោ​ជាង​ខាងមុខនិង​ខាងក្រោយ។ លើ​​​​ហោជា​​ង​ខាងមុខ ​​​​ គេ​រចនា​ជា​​ក្បាច់​ភ្ញី​ទេស​​ព័ទ្ធ​ជុំវិញ​រូប​ព្រះនារាយណ៍​ទ្រង់​ឈរ​យ៉ាង​អង់​អាច​ ជាន់​​​​ក្បាល​​ព្រះកាល ឬ​ហៅថា “រាហូ” ជា​ទេពដែល​តែង​មាន​និយាយ​ក្នុង​ទេពកថា​ព្រហ្មញ្ញ​សាសនា។ ចំណែក​ព្រះកាល​មាន​មុខ​ដ៏សម្បើម​នោះ ខាំ​ព្រះ​​​​​ខ័នផង ឯដៃទាំង​ពីរ​ក្តាប់​កាន់ផ្ទាំង​ចារឹក​លេខ​១៩៤៣ ដែលគេយល់ថា​ជា​​ឆ្នាំ​កសាង​ព្រះវិហារ។ រីឯ​​នៅលើ​ហោជាង​​ខាង​ក្រោយ ក៏​លម្អ​​ដោយ​ក្បាច់​ភ្ញីទេស​​ព័ទ្ធជុំវិញរូប​ព្រះនារាយណ៍​ដែរ។ ប៉ុន្តែ​ព្រះ​នារាយណ៍​នេះ​គង់​ឈរ​​លើ​គ្រុឌដែលមាន​ជើង​ទាំង​ពីរ​​ឈរ​ជាន់​កនាគ ដៃ​ទាំង​​ពីរ​​ចាប់កន្ទុយនាគ។ រូប​​ព្រះ​នារាយណ៍​គង់​គ្រុឌនេះ មានលំនាំ​​ប្រហែល​​នឹង​​ហោជាង​ខាង​លិច​​នៃព្រះវិហារវត្ត​រាជបូណ៌ ​(សៀមរាប) និង​ហោ​ជាងខាងលិច​នៃព្រះវិហារ​​​វត្តទន្លាប់រង្សី (បន្ទាយ​មានជ័យ)។

ការ​លម្អលើហោជាង​ខាងក្រោយ

ដោយឡែកនៅផ្នែក​ខាងក្នុង​ព្រះវិហារ​មាន​សសរ​ធំៗ​១៦ដើម​ អម​ល្វែង​គ្រឹះ ហើយ​នៅ​ចន្លោះ​ល្វែង​គ្រឹះត្រង់​ផ្នែក​ចុង​ខាង​លិច​ គឺ​ជា​​ព្រះ​ជីវ៍ធំ។ តាមរយៈ​សំណៅ​មួយ​​ផ្ទាំង​​លើ​ជញ្ជាំង​ខាងកើត​​បញ្ជាក់​ថា ​ព្រះ​បដិមាព្រះជីវ៍អង្គនេះ និង​បល្ល័ង្ក ព្រម​ទាំង​ពិតាន​​​ឈើ​ខាងលើ កសាង​​ក្នុង​ឆ្នាំ​​១៩៨២ ពោល​គឺកសាងឡើង​នៅក្រោយ​សម័យ​សង្រ្គាម​ ដោយ​​កម្លាំង​សទ្ធាជ្រះថ្លារបស់​ពុទ្ធ​​បរិស័ទ​ជិត​ឆ្ងាយ​។

ព្រះបដិមាព្រះជីវ៍​តម្កល់ក្នុង​ព្រះវិហារ​វត្តពាម​មង្គល

ព្រះបដិមា​ព្រះជីវ៍​អង្គធំខាងលើ គេរចនាឡើង​ក្នុង​កាយ​វិហារ​ផ្ចាញ់​មារ ហើយ​នៅ​លើ​​បល្ល័ង្កខាងក្រោយ​មាន​គំនូរ​បង្ហាញ​តួ​អង្គ​នាង​គង្ហីង​ធរណី​ផង។ ប៉ុន្តែទោះជាបែប​ណា​​ក្តី ​នៅ​លើ​សសរទាំង​៤ដើម ជុំវិញបល្ល័ង្កព្រះជីវ៍​ គេសង្កេតឃើញ​​មាន​គំនូរ​រូប​នាគក្នុង​សិល្បៈ​ចិន ​ព័ន្ធព័ទ្ធសសរ​ចុះ​មក​ពីលើបង្ហាញ​មុខ​មាត់យ៉ាង​កំណាច។ មិន​តែប៉ុណ្ណោះ នៅលើ​កំណត់​​​សសរទាំងបួនជុំវិញបល្ល័ង្កព្រះជីវ៍នោះសោត ត្រង់​ខាង​ក្រោម​​ក្បាលនាគ គេ​ថែម​ទាំង​​រចនា​​ជា​រូបផ្សេងៗ​ក្នុង​សិល្បៈចិន រួម​ទាំង​មាន​សំណេរ​ខ្លីៗ​ជា​ភាសាចិនផង។ លក្ខណៈ​សិល្បៈ​​បែបនេះ ​ពុំសូវមាន​ច្រើន​ឡើយ​ក្នុង​សំណង់​ព្រះ​វិហារ​​ពុទ្ធ​សាសនា។

នៅលើ​សសរ​អម​ល្វែង​គ្រឹះ១២ដើម​ផ្សេងទៀត ក៏ឃើញ​មានគូរ​លម្អ​ដោយ​រូប​នាគ​ព័ន្ធព័ទ្ធចុះ​មកតាម​សសរ​​ដែរ តែ​នៅលើ​កំណាត់​សសរ​​ត្រង់​ចំណុច​ខាងក្រោម​ក្បាល​នាគ​ គេ​​​គូរ​បង្ហាញ​ឈុត​សំខាន់ៗ​ក្នុង​រឿង​មហាវេស្សន្តរ​ទាំង​១៣កណ្ឌ ដោយ​គូរចេ​ញ​ពី​សសរ​ទី១​ តាម​ទិស​ប្រទក្សិណ (ទិសទ្រនិចនាឡិកា) ព័ទ្ធទៅមុខ​បល្ល័ង្កព្រះជីវ៍ រហូត​មក​បញ្ចប់​​សាច់​រឿង​ត្រង់​កណ្ឌទី១២និងទី១៣ រួម​គ្នាជា២ផ្ទាំង​លើ​សសរ​ចុងក្រោយ​​។ ការ​គូរ​បង្ហាញ​សាច់​រឿង​តាម​លំដាប់​​ផ្តើម​ចេញ​ពី​ឆ្វេង​ព័ទ្ធមក​ស្តាំ​បែប​នេះ​ ស្រប​នឹង​សាច់​រឿង​ពុទ្ធ​ប្រវត្តិ​​ដែល​​គូរ​​លើ​ជញ្ជាំង​ដែរ។ ទន្ទឹមនេះចំពោះលក្ខណៈនៃការ​​បង្ហាញ​សាច់​រឿង​មហា​វេស្សន្តរ​​ជាតក​​​លើ​សសរសោត គេគូរ​​ជា​ផ្ទាំង​តូចៗលើ​ចំហៀង​សសរខាង​ក្នុង​ ឯ​ចំហៀង​សសរ​​ខាង​ក្រៅ​​ទុក​​ជា​​ផ្ទៃទំនេរដែល​ហាក់​ដូច​ជា​ខុស​ពីសាច់រឿង​ក្នុង​សិល្បៈ​​​ចិន​លម្អ​​​​ជុំវិញ​​សសរទាំង​បួ​ន​ជុំវិញបល្ល័ង្កព្រះជីវ៍។

ចំណែកឯគំនូររឿង​ពុទ្ធប្រវត្តិ​លើ​ជញ្ជាំងជុំវិញ ​ចាប់ផ្តើម​សាច់រឿង​នៅ​ផ្ទាំង​ទី២ នៅ​លើ​​ជញ្ជាំង​​ខាងកើត ត្រង់​ឈុត​ទេវតា​យាង​​សន្តុ​សិត​ទេវបុត្រ​ឱ្យច្យុត​មក​ចាប់កំណើត ព័ទ្ធ​ប្រទក្សិណ​​ រហូត​មក​បញ្ចប់​ត្រង់​ឈុត​ចែក​ព្រះ​​បរម​សារីរិក​​ធាតុ​។ ​លក្ខណៈ​ពិសេស​នៃ​គំនូរ​​រឿង​ពុទ្ធប្រវត្តិ​ក្នុង​ព្រះ​វិហារ​នេះ គេគូរ​ជា​ផ្ទាំង​ធំៗដោយ​ពុំមាន​​គំនូរ​រឿង​ជាតក​​​នៅ​បន្ទាត់​​ខាង​ក្រោម​ឡើយ។ លក្ខណៈ​ពិសេស​មួយ​ទៀត​នៃគំនូរ​នេះ គេ​ឃើញ​​ព្រះ​រាជ​​វត្ត​មាន​ ព្រះបរម​រតន​កោដ្ឋ ក្នុង​ឈុត​សំខាន់ពីរ​គឺ ត្រង់ព្រះ​ពុទ្ធ​អង្គ​យាង​​ចូល​បរិនិព្វាន និង​ត្រង់​​ឈុត​​ចែក​ព្រះ​បរម​សារីរិក​ធាតុ​របស់​ព្រះសម្មាសម្ពុទ្ធ​ដល់​បណ្តា​​នគរ​ផ្សេងៗ។

នៅត្រង់​ឈុត​ព្រះពុទ្ធអង្គ​យាង​ចូលនិព្វាន​ខាងលើនេះ គេ​គូរ​បង្ហាញ​ពី​ ព្រះបរម​រតន​​កោដ្ឋ ទ្រង់​ឈរ​ក្នុង​ឯក​សណ្ឋាន​ជា​​នាយ​ទាហាន​ជាន់ខ្ពស់ នៅ​ខាង​ចុង​ព្រះបាទ​ព្រះ​ពុទ្ធអង្គ ដែល​អ្នក​ស្រាវជ្រាវ​យល់ឃើញ​ថា​ព្រះ​អង្គទំនង​ជា​តំណាង​ឱ្យ​ព្រះបាទ​មល្លក្សត្រ ជា​​ស្តេច​នៃនគរ​ដែល​ព្រះពុទ្ធអង្គ​​ចូល​ព្រះ​បរិនិព្វាន​។ ទន្ទឹម​​នឹងនេះ នៅត្រង់​ឈុត​​ចែក​ព្រះ​​បរម​សារី​រិក​ធាតុ គេ​ក៏សង្កេត​ឃើ​ញ​រាជវត្ត​មាន​នៃ ​​ព្រះបរម​រតន​​កោដ្ឋ ទ្រង់​ឈរ​ចាំ​ទទួល​​ព្រះបរមសារីរិកធាតុ​ដែរ។ មិនតែប៉ុណ្ណោះ នៅលើផ្ទាំង​គំនូរ​រឿង​ពុទ្ធប្រវត្តិ​ខ្លះនៃ​ព្រះ​វិហារ​​នេះ គេ​ឃើញ​មាន​ចំណារ​​​ព័ត៌មានខ្លីៗ​​មួយ​ចំនួន​ដូចជា​ ឈ្មោះ​​ជាង​គំនូរ ហ៊ុន សុត ហើយ​​គំនូរ​ទាំង​​នោះ​សោត​គូរ​ក្នុង​ឆ្នាំ​​​១៩៥០ រហូត​បញ្ចប់​ក្នុង​ឆ្នាំ​១៩៥១។  ​ប៉ុន្តែ​​តាម​​ការ​សិក្សា​​របស់​ Daniel Guéret និង Doninique-Pierre Guéret បញ្ជាក់ថា​ ព្រះ​វិហារ​​កសាងតាំង​ពី​​ឆ្នាំ​​​១៩២៥ ហើយ​​ជួស​ជុល​​ក្នុង​​ឆ្នាំ​១៩៤២ និង​គូរ​គំនូរ​​ក្នុង​ឆ្នាំ​១៩៤៩។ ដូច្នេះជារួមមក ព្រះវិហារ​​វត្ត​ពាម​មង្គល​​មាន​អាយុកាល​ជិត​១០០ឆ្នាំ​ ហើយ​បាន​ជួស​ជុល​ក្នុង​​ឆ្នាំ​១៩៤៣ ព្រម​ទាំង​គូរក្នុង​ដើម​សម័យ​សង្គម​រាស្រ្តនិយម៕

អត្ថបទដោយ៖ ហៀន សុវណ្ណមរកត

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!