ទំព័រដើមនិទានកថារឿងពុទ្ធសែន នាងកង្រី (ភាគទី៤)

រឿងពុទ្ធសែន នាងកង្រី (ភាគទី៤)

 រថសិទ្ធិក្សត្រាទ្រង់សណ្តាប់ហើយ សព្វព្រះទ័យនឹងពុទ្ធិសែនយ៉ាងខ្លាំង ព្រះអង្គមានបន្ទូលថាៈ យើងគ្រាន់តែប្រលងលេងជាមួយអ្នកតែប៉ុណ្ណោះ បើយើងចាញ់អ្នកយើងនឹងប្រគល់បាយ១២កញ្ចប់ឲ្យអ្នក”។ ការប្រលងបាញ់អង្គុញរវាងបិតានិងបុត្រ ក៏ចាប់ផ្តើម ឡើងទោះបីរថសិទ្ធិស្តេចខំប្រឹងបាញ់យ៉ាងណាក៏មិនអាចទទួលជ័យជំនះបានដែរ។ ទីបំផុតដោយមានទេវតាជួយឃុំគ្រងថែរក្សាពុទ្ធិសែនក៏បានទទួលជ័យជំនះលើបិតា។ បន្ទាប់ពីរៀបចំបាយទឹករួចហើយព្រះអង្គរថសិទ្ធិក៏បានប្រាប់អាមាត្យជំនិតថាៈ   “ចូរឯងទៅតាមមើលដំណើរក្មេងម្នាក់នេះ ថាតើជាកូនចៅរបស់អ្នកណា?”។ ពេលដែលពុទ្ធិសែនក្រាបបង្គុំលាស្តេចបិតាចេញទៅ អាមាត្យជំនិតក៏បានជួយយួរបាយចេញទៅដែរ តែដល់ពាក់កណ្តាលផ្លូវ ពុទ្ធិសែនក៏សុំកញ្ចប់បាយ ហើយលាចេញទៅ ប៉ុន្តែអាមាត្យត្រឡប់ដើរតាមក្រោយដោយមិនឲ្យដឹងរហូតដល់ទីកន្លែង។ ពេលត្រឡប់មករាជវាំងវិញ អាមាត្យក៏បានទូលស្តេចតាមដំណើររឿងទាំងអស់មិនមានចន្លោះឡើយ។ លុះស្អែកឡើងព្រះអង្គក៏ប្រើអាមាត្យទៅនាំកុមារនោះចូលមកទៀត ហើយក៏បានសួរនាំរកឪពុកម្តាយ។ ពុទ្ធិសែន ស្តាប់ហើយក៏ក្រាបទូលវិញថាៈ “ទូលបង្គំជាខ្ញូំ ជាកូននាងពៅ ដែលមានឋានៈខ្ពង់ខ្ពស់ប៉ុន្តែឥឡូវត្រូវមានគ្រោះចង្រៃទៅនៅក្នុងរណ្តៅយ៉ាងធំមួយ។ ម្តាយខ្ញុំប្រាប់ថា ឪពុករបស់ខ្ញុំជាព្រះរាជាដ៏មានអំណាចពេកក្រៃ។ ព្រះអង្គរថសិទ្ធិស្តាប់ពុទ្ធិសែនហើយញាប់ញ័រអស់ប្រាណ រួចព្រះអង្គក៏ស្ទុះទៅអោបបុត្រ ហើយមានបន្ទូលថាៈ បុត្របិតា តាំងពីមុនមកបិតាមិននឹកស្មានថាជាបុត្ររបស់បិតាទេ បិតាចាស់ហើយពេលនេះ បិតាបានជួបបុត្រ បិតាសែនត្រេកអរណាស់”។ បន្ទាប់ពីបានដឹងរឿងរ៉ាវសព្វគ្រប់ហើយ ព្រះអង្ករថសិទ្ធិក៏បានសម្រាលទុក្ខទោសឲ្យបុត្រ។ មិនយូរប៉ុន្មានដំណឹងនេះក៏បានឮដល់ស្រីយក្សសន្ធមារ។   សន្ធមារមានចិត្តខឹងនឹងពុទ្ធិសែនជាខ្លាំង ក៏ប៉ុន្តែខំប្រឹងទប់ខ្លួន ហើយធ្វើដូចជាស្រលាញ់ពុទ្ធិសែនប្រៀបបាននឹងកូនបង្កើតរបស់ខ្លួន។ ច្រើនឆ្នាំកន្លងផុតទៅ ពុទ្ធិសែនក៏ធំពេញរូបពេញរាង សន្ធមារបានក្រាបទូលព្រះអង្គសុំឲ្យពុទ្ធិសែនទៅនគរខ្លួន ដើម្បីយកថ្នាំមកព្យាបាលជំងឺ។ ដោយកំលាំងសិល្បិ៍មន្តស្នេហ៍របស់សន្ធមារ ព្រះអង្គរថសិទ្ធិមិនបានគិតអ្វីទាំងអស់ ព្រះអង្គបានសុំឲ្យពុទ្ធិសែនទៅយកថ្នាំតាមសំណូមពររបស់សន្ធមារទាំងមិន បានដឹងសោះថា សន្ធមារប៉ងនឹងសំលាប់បុត្ររបស់ខ្លួននោះទេ។ ពីដំបូងពុទ្ធិសែនហាក់ដូចជាមិនចង់ទៅទេ ព្រោះគ្មាននរណានៅថែមាតានិងអ៊ំទាំង១១នាក់ ប៉ុន្តែដោយសារព្រះអង្គរថសិទ្ធិជាបិតាបានធានាអះអាងថាព្រះអង្គនឹងថែរក្សាមាតាទាំង១២នាក់ ជំនួសនោះទើបពុទ្ធិសែនយល់ព្រមទៅ។ ក្នុងចំណោមសេះដ៏ច្រើនលើសលប់ ព្រះអង្គពុទ្ធិសែនបានជ្រើសយកសេះតែមួយ ដែលជាសេះដែលពូកែបំផុត ចេះនិយាយភាសាមនុស្ស ហើយថែមទាំងចេះហោះផង សេះនោះឈ្មោះហៅថា មណីកែវ។ បន្ទាប់ពីទទួលសារពីសន្ធមាររួចហើយ ពុទ្ធិសែនក៏ក្រាបបង្គំលាព្រះបិតារួចឡើងជិះសេះសំដៅកន្លែងមាតា។ ទទួលបានដំណឹងនេះភ្លាម នាងពៅជាមាតាហាក់ស្រយុតស្រយុងអស់រាងកាយស្ទើរគ្មានដង្ហើម ចំណែកម្តាយធំទាំង១១នាក់នោះយំអោបពុទ្ធិសែនរៀបរាប់មិនចេះចប់ដោយគិតថា នេះជាគ្រោះថ្នាក់ធំណាស់ សម្រាប់បុត្រជាទីស្រលាញ់។ ពុទ្ធិសែនខំប្រឹងពង្រឹងស្មារតីលួងលោមមាតានិងម្តាយធំកុំឲ្យសោកសង្រេងខ្លាំងពេក ព្រោះថាខ្លួនគេ ប្រាកដជានឹងត្រឡប់មកវិញមិនខាន។ ចំឡែកសេះមណីកែវ ក៏បានអះអាងដែរថា នឹងនាំពុទ្ធិសែនមកប្រគល់ឲ្យវិញមិនខាន។ ឮសំដីនេះភ្លាម ម្តាយធំទាំង១១នាក់ ឈប់យំ ហើយជូនពរជ័យដល់បុត្រ ដើម្បីឲ្យទទួលបានជ័យជំនះ និងឆាប់ត្រឡប់មកវិញ។

         ចំណែកនាងពៅបានផ្តែផ្តាំបុត្រជាច្រើន ទាំងពេលធ្វើដំណើរ ទាំងពេលគេងគឺសុទ្ធតែត្រូវប្រយ័ត្នខ្លួនទាំងអស់ ទីបញ្ចប់នាងបានផ្តាំបុត្រឲ្យជួយយកកែវភ្នែកទាំង១២របស់មាតាផង។ ចប់ការផ្តែផ្តាំ ពុទ្ធិសែនក៏សំពះលាមាតា និងម្តាយធំទាំង១១នាក់ រួចជិះសេះហោះចេញទៅ។ ក្នុងពេលនោះដែរ ព្រះឥន្ទ្រទ្រង់ឈ្វេងយល់ពីគ្រោះថ្នាក់របស់ពុទ្ធិសែននឹងឈានដល់ក្នុងពេលខាងមុខ ព្រះអង្គក៏បង្កើតជាខ្យល់យ៉ាងខ្លាំងបណ្តាលឲ្យសេះមិនអាចហោះទៅមុខបាន។ ចំណែកពុទ្ធិសែនមិនអាចទ្រាំនឹងកំលាំងខ្យល់បានក៏សន្លប់បាត់នៅលើខ្នងសេះនោះទៅ។ មណីកែវដែលជាសេះអាចនិយាយភាសាមនុស្សបាន ឃើញដូច្នោះក៏ប្រញាប់នាំពុទ្ធិសែនទៅកាន់អាស្រមតាឥសី។ ពេលដែលពុទ្ធិសែនដឹងខ្លួនឡើងវិញលោកតាមុនីឥសីក៏ប្រាប់ថាៈ ចៅចាញ់កល្បរបស់សន្ធមារហើយ គេប្រើចៅឲ្យ ទៅស្លាប់ហើយ ព្រោះនៅក្នុងសារសរសេរថា ពេលទៅដល់យប់ឲ្យសំលាប់យប់ ទៅដល់ថ្ងៃឲ្យសំលាប់ថ្ងៃ”។ ពុទ្ធិសែនដឹងហើយតក់ស្លុតយ៉ាងខ្លាំងគិតថាពេលនេះមិនអាចត្រឡប់ទៅជួបមាតាវិញបានទេ ព្រះអង្គទំលាក់ខ្លួនចុះក្បែរមណីកែវដោយអស់សង្ឃឹម ឃើញដូច្នោះតាឥសីក៏ប្រាប់ថាៈ

         “ចៅកុំព្រួយតាបានដូរសេចក្តីក្នុងសារនេះហើយ ថាបើទៅដល់ថ្ងៃឲ្យទទួលរៀបការពេលថ្ងៃ បើទៅដល់យប់ឲ្យទទួលរៀបការពេលយប់”។ បន្ទាប់ពីរៀបចំដំណើររួចហើយ ពុទ្ធិសែនក៏ក្រាបលាសំពះតាឥសី ហើយឡើងជិះសេះហោះចេញទៅ។ គ្រាន់តែហោះឆ្លងដល់នគរយក្សភ្លាម ស្រាប់តែមានយក្សជាច្រើនចេញមកវាយប្រហារពុទ្ធិសែន ប៉ុន្តែព្រះអង្គវ័យឆ្លាតក៏បានបោះសារនោះឲ្យទៅយក្ស។ ឃើញសារភ្លាមយក្សទាំងអស់ស្គាល់ថាជាសាររបស់សន្ធមារ ក៏នាំគ្នាយកទៅថ្វាយនាងកង្រី។ បន្ទាប់ពីអានសារចប់ក៏ប្រញាប់ឲ្យគេទទួលព្រះអង្គពុទ្ធិសែនចូលរាជវាំង។ កាលនោះមានហោរាម្នាក់បាននិយាយប្រាប់នាង   កង្រីថា សារក្នុងនេះមិនមែនជាសារពិតទេ គឺជាសារកែប្រែហើយ បើនាងមិនជឿទេបីឆ្នាំក្រោយប្រាកដជាត្រូវរលាយនគរជាមិនខាន។ កង្រីស្តាប់តាហោរាហើយ ក៏មានចិត្តខឹង   ច្រលោតនឹងហោរាយ៉ាងខ្លាំង ហើយក៏ស្តីបន្ទោសតាហោរាជាច្រើនរហូតដល់តាហោរាបាត់មាត់លែងហ៊ានស្តី។ បន្ទាប់មក ពិធីរៀបអភិសេករវាងពុទ្ធិសែន និងនាងកង្រីក៏ចាប់ ផ្តើមឡើង។ 

រៀបរៀងដោយ៖ កញ្ញា មាស សុភាព

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!