ទំព័រដើមនិទានកថាអក្សរសិល្ប៍ខ្មែរ៖ រឿង មហាចោរនៅទល់ដែន (ភាគ៦៣)

អក្សរសិល្ប៍ខ្មែរ៖ រឿង មហាចោរនៅទល់ដែន (ភាគ៦៣)

(ក្បួនការពារឯករាជ្យ)    

            អឺ! បងសល់តែអនុស្សាវរីយ៍គាត់ទេ! ប្អូនដឹងទេ? គាត់ទៅណាហើយ។ ទៅនៅព្រៃ? ទេ! គាត់ទៅ…ទៅ…ឳទៅស្ថានដែលមនុស្សលែងវិលត្រឡប់មកវិញ…ទៅនៅស្ថានលើ! ស្ថានក្រោម! ស្ថាន មរណៈ! ស្ថានខ្មោច! វាស្លាប់ហើយ!

            នាងមាលារាដៃ បើកភ្នែកក្រឡោត ដង្ហើមទាញឮងឹក

            ស្លាប់…ស្លាប់ហើយ!

            ព្រះនាងឆ្លើយតបមួយៗ៖

            អឺ! វាស្លាប់ហើយ! ស្លាប់បួនថ្ងៃហើយ វាស្លាប់យ៉ាងអស្ចារ្យណាស់! ស្លាប់ក្នុងជុចដូចត្រី! ស្លាប់នឹងដៃខ្ញុំ។ ពីថ្ងៃនេះទៅ ខ្ញុំលែងបានឃើញមុខខ្មាំងដ៏ធំបំផុត ដែលខ្ញុំស្រលាញ់នេះហើយ។ ពីថ្ងៃនេះទៅ បងកាមារស់បានដោយស្រួលត្បិតគាត់លែងបានឮឈ្មោះសត្រូវរបស់គាត់នេះទៀតហើយ។

            ព្រះនាងបិទភ្នែកផ្តួលខ្លួនទៅលើពូកជាថ្មីម្តងទៀត។

            នាងមាលាចង់សាកសួរព្រះនាងតទៅទៀតណាស់ អំពីដំណើរយ៉ាងណាក៏ចាប់មានន្ទបាន រួចតើស្លាប់ក្នុងជុចនោះ ស្លាប់បែបណា? តែព្រះនាងនៅស្ងៀម នាងក៏ហើបមាត់សួរពុំឆ្លើយ។ ស្រីទាសី សុខចិត្តខំអត់សង្កត់ចិត្តក្រែងលោព្រះនាងដឹងថាមកបម្រើនេះ គ្មានអ្វីក្រៅពីមកស៊ើបការណ៍ទេ។

            ព្រះនាងងើបអង្គុយឡើងជាថ្មី មានទឹកមុខមានទឹកមុខដ៏ក្រៀមក្រោះដែលដូចមុនហើយបន្តកិច្ចចរចាសម្ងាត់ដូចខាងក្រោមនេះ៖

            ច៎ាះ! ប្អូនៗ ! ខ្ញុំព្រួយមែន​ តើប្អូនដឹងការរាក់ជ្រៅក្នុងអាណាខេត្តយើងអស់ទេ?

            នាងមាលាដាក់ភ្នែកចុះ ឆ្លើយដោយរាយមាយថាៈ

            ទេ!

            ចាំបងប្រាប់! អើបងប្រាប់អោយអស់ថ្ងៃនេះ ត្បិតពេលផ្តាច់ព្រ័ត្រមកដល់ហើយ។

            បងមានផែនការបីយ៉ាងៈ ផែនការទីមួយគឺសម្លាប់បងមានន្ទអោយបាន! ឥឡូវផែនការនេះសឹងបានសម្រេចដូចបំណងបងស្រេច។ បន្តិចទៀតក្នុងថ្ងៃស្អែក គឺកាលណាយើងទៅដល់ស្រុកមង្គលបុរីបងនឹងអនុវត្តផែនការណ៍ទីពីរ។

            គឺអ្វី?

            គឺសម្លាប់ព្រះកម្ពុតជាមាបងចោល!

            ហ៎ ម៉េចក៏ចុះ?

            ហាស៎ៗ! អូននៅខ្ចីណាស់! អូនមិនយល់ទេ! ត្បិតព្រះកម្ពុតធ្វើការមិនរហ័សដូចចិត្តសោះ។ មនុស្សចាស់គិតយូរ ចាត់ការមិនល្អ! ដើរមិនទាន់សម័យ! ដំណើរយឺត! ចិត្តសាញ! ខ្លាច! រឿងនេះព្រះ កម្ពុតជារនាំងស្ទះផ្លូវ មិនឲ្យការងារជាប្រយោជន៍សម្រេចបាន។

            ចុះរដ្ឋាភិបាលព្រះចៅសៀមថាយ៉ាងណាទៅបើដល់ព្រះកម្ពុតស្លាប់នោះ? ក្រែងអ្នកជំនួសក្រោយចិត្តមិនបានដូចព្រះកម្ពុតឬ?

            ហ៊ឺ! ឆោតមែន! សព្វថ្ងៃបងកាមាបម្រុងនឹងកាន់កាប់ការជំនួសព្រះកម្ពុតទាំងអស់។ និលពេជ្រនឹងទៅជាមេទ័ពជំនួសបងកាមានេះឯង។ និលឯកនឹងទៅជាមេទ័ពទៀត។ យើងទាំងអស់គ្នាយល់ព្រមគ្នាជាស្រេចហា៎ាសៗ! ជាស្រេច! សម្លាប់ព្រះកម្ពុតហើយ រួចរាជការមុខជាចាត់បងកាមាដើម្បីបន្ត ការងារមិនខាន។

            ចុះបើគេមិនតាំង?

            អើឆ្លាតគ្រាន់បើ! តែដើម្បីដោះស្រាយចំណោទនេះ តោងដឹងផែនការទីបីរបស់យើងទៀត។ បីថ្ងៃមកហើយ ពួកយើងបានលួចទ្រព្យសម្បត្តិរបស់ព្រះកម្ពុតអស់រលីង។ លួចបាននោះទ្រព្យធំៗមាន មាសប្រហែល៣ហាប ប្រាក់ប្រហែល៥ហាប។ យើងអោយពួកយើងធ្វើចោរ “មានន្ទ” ដែលទៅប្លន់ ប្រាសាទព្រះកម្ពុត។​ ឥឡូវមាសនោះនៅក្នុងកណ្តាប់ដៃយើងអស់ហើយ។ ឥឡូវប្រាសាទព្រះកម្ពុត ទៅផេះអស់រលីង។ ឥឡូវព្រះកម្ពុតជាអ្នកក្រ រួចនៅតែស្លាប់ខ្លួនទៀតតែប៉ុណ្ណោះ។

            អូ! ខ្ញុំឮគេខ្សឹបខ្សៀវគ្នាថា មានចោរប្លន់សិរីសោភ័ណនោះមែនឬទេ?

            នុ៎ះឯង! កុំមាត់! នៅឲ្យស្ងៀម! កុំឲ្យឮច្រើនគ្នា។

            អើបន្តិចទៀត! បងផុតទុក្ខហើយ! រួចបងទេជាអគ្គមហេសីស្តេចសឹកក្មេងមួយអង្គដែលអូន ស្គាល់ស្រាប់ គឺបង កាមានេះឯង!

            លោកកាមាសុខចិត្តសម្លាប់ឪពុកលោកដែរ?

            ព្រះនាងញញឹមងក់ក្បាលៈ

            ព្រះពុទ្ធលោកថា បុណ្យសក្តិ លោភោ ទោសោ មោហោ អំពើទាំងនេះ បិទភ្នែកមនុស្សឲ្យលែង ឃើញវត្ថុត្រូវ។ អំពើទាំងនេះ បិទខួរក្បាលមនុស្សឲ្យគិតលែងត្រូវ! ទេ! ទេ! គ្មានព្រះគ្មានអាទិទេពឯណាទេ គឺមនុស្សៗធ្វើការមនុស្សឈ្នះ។ មនុស្សខ្លាំងពូកែត្រូវតែដឹកក្បាលមនុស្សខ្សោយរាប់លាន់នាក់ បាន។

            ថាហើយព្រះនាងផ្តួលខ្លួនទៅលើពូកជាលើកទីបី ក្នុងព្រះរាជរថយើងបរយឺតៗតាមផ្លូវមកស្រុកថ្មគោល។

            នៅថ្មគោលយប់នោះឯទីផ្សារល្បែងផងទាំងពួងបន្លឺស្គរ និងសំរែកទ្រហឹងអឺងកងក្រោមពន្លឺ ចន្លុះព្រោងព្រាត។ មនុស្សដើរខ្វែងខ្វាត់ចុះឡើងៗមីរដេរដាស។ អ្នកលក់ម្ហូបចំណីអង្គុយត្រៀបត្រាជាជួរ។

            ព្រះនាងមណី កាមា ព្រះកម្ពុត នៅសម្រាកក្នុងគេហដ្ឋានមួយដ៏ស្តុកស្តមជាងគេជាធម្មតា ហើយជាធម្មតាមានទាហានយាមឥតធ្វេសប្រហែសមួយនាទីឡើយ។

            ក្នុងហ្វូងអ្នកស្រុកដែលកំពុងអ៊ូរអរ មានជនប្រាំនាក់ដើរបន្លំជាមួយគេឯង តែភ្នែករវៀសប្រុងមើលឆ្វេងស្តាំជានិច្ច។ ជនចម្លែកទាំងប្រាំនាក់ គឺមហាកាល អារុណ វីរៈ នាយកត និងនាយឡំ។

                         (សូមរងចាំតាមដានភាគទី៦៤ នៅសប្តាហ៍ក្រោយ)        

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,000SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!