ទំព័រដើមសិល្បៈតន្ត្រីវង់ភ្លេងពិណពាទ្យ

វង់ភ្លេងពិណពាទ្យ

បុព្វបុរសខ្មែរបានបន្សល់ទុកវប្បធម៌ និងអរិយធម៌ដ៏រុងរឿងក្នុងសម័យអង្គរដែលជា តឹកតាងស្នាដៃដល់ខ្មែរជំនាន់ក្រោយឱ្យបានស្គាល់ ដោយមានបង្ហាញតាមរយៈសិលាចារឹក បុរាណ ចម្លាក់ផ្សេងៗនៅលើជញ្ជាំងប្រាសាទ របាំបុរាណ (ស្រីទេពអប្សររេរាំ) ព្រមទាំង ឧបករណ៍តន្ត្រីជាច្រើន​មានត្រែ ស័ង្ខ ស្រឡៃ ស្នែង ពិណ ខ្សែមួយ​ ទ្រខ្មែរ ម៉ិម ពាទ្យ គង ឈឹង ស្គរ សម្ភោរ។ល។ ដោយឧបករណ៍តន្ត្រីទាំងនេះ គេប្រើនៅក្នុងវង់តន្ត្រីផ្សេងៗ ដូចជា អារក្ស អាពាហ៍ពិពាហ៍ មហោរី និងពិណពាទ្យ ជាដើម។ មុននឹងចូលដល់ការបកស្រាយ លម្អិអំពីវង្សភ្លេងពិណពាទ្យ ខ្ញុំសូមពន្យល់ន័យខ្លះៗពីពាក្យពិណពាទ្យ។

ពាក្យពិណពាទ្យ“ពិណ” ជាឧបករណ៍គ្រឿងខ្សែកេះដោយប្រើម្រាមដៃមានឆ្លាក់ នៅប្រាសាទអង្គរវត្ត បាយ័ន លានជល់ដំរី សំបូរព្រៃគុក និងបន្ទាយឆ្មារ។ រីឯ “ពាទ្យ” ជាប្រភេទឧបករណ៍គងដោះ  មានឆ្លាក់នៅលើជញ្ជាំងប្រាសាទអង្គរវត្តមានផ្លែ៨ និង៩។ សម្តេចសង្ឈ ជួន ណាត បានពន្យល់ថា ពិណពាទ្យ ជាវង់តន្ត្រីដែលនាំមុខ ដោយឧបករណ៍ ពិណ។

វង់តន្ត្រីពិណពាទ្យ ជាវង់តន្ត្រីដែលមានអាយុកាលចាស់នៅក្នុងចំណោមវង់តន្ត្រីខ្មែរ។ តន្ត្រីពិណពាទ្យវង់ធំបច្ចុប្បន្ន មានរនាតឯក រនាតដែក​ រនាតធុង គងតូច គងធំ ស្រឡៃតូច ស្រឡៃធំ សម្ភោរ ស្គរធំ និងឈឹង ដែលស្ទើរតែទាំងអស់ លើកលែងតែរនាតចេញ គឺមាន ឆ្លាក់នៅលើជញ្ជាំងប្រាសាទអង្គរវត្តថែវខាងជើង។ វង់តន្ត្រីពិណពាទ្យ មានសូរខ្លាំងជាង វង់តន្ត្រីខ្មែរឯទៀត ដែលខ្មែរយើងជ្រើសយកមកប្រើសម្រាប់កំដរល្ខោន និងរបាំក្បាច់ បុរាណខ្មែរ ល្ខោនខោល និងល្ខោនស្បែក ដែលសុទ្ធតែសម្តែងរឿងពាក់ព័ន្ធនឹងចម្បាំង រាំងជល់ជាពិសេសរឿងរាមកេរ្តិ៍។

វង់តន្ត្រីពិណពាទ្យ មានពីរប្រភេទ គឺវង់តូច និងវង់ធំ៖

ពិណពាទ្យវង់តូច ពិណពាទ្យអង្គ ៥គ្រឿង ៥

១. រនាតឯក

២. គងធំ

៣. ស្រឡៃធំ

៤. សម្ភោរ

៥. ស្គរធំ។

រឿងព្រេងពាក់ព័ន្ធនឹងពិណពាទ្យអង្គ ៥ ដំណាលថា៖ មានថ្ងៃមួយ ព្រះឥន្ទ្រលោកអផ្សុកក៏ត្រាស់ប្រើឲ្យបរិវាររៀបចំរាជរថ នាំព្រះអង្គទៅក្រសាលព្រៃ។ នៅពេលធ្វើដំណើរ ព្រះអង្គបានឮសូរលាន់ចេញពីរាជរថ  រួចក៏បញ្ជាឲ្យគេធ្វើឧបករណ៍តន្ត្រីត្រាប់តាម សូររបស់បំណែកផ្សេងៗនៃរាជរថនោះ គឺ៖

១. ព្រែក-ង             ជា      រនាត

២. ព្រែកត្រង់          ជា      ស្រឡៃ

៣. កង់                  ជា      គងវង់

៤. ដុំរទេះ              ជា      សម្ភោរ និង

៥. ដុំកង់                ជា      ស្គរធំ

រីឯរឿងព្រេងមួយផ្សេងទៀតដែលដំណាលពីការពាក់ព័ន្ធនឹងវង់តន្ត្រីពិណពាទ្យ និទានថា

«វាយគោពីរ           (វាយស្គរធំពីរ)

ស៊ីដុំរទេះ               (ផ្លុំស្រឡៃ)

គោមួប្រឡាក់ផេះ     (បិទបាយសម្ភោរ)

កេះដោះនាង          (វាយគងដោះ គឺគងវង់)

ផ្អៀងមើលឫស្សី       សំឡេងដូចរៃ សម្តីមួយៗ (រនាត)»

តួនាទីតន្ត្រីពិណពាទ្យ

គេប្រើតន្ត្រីពិណពាទ្យដើម្បីកំដររបាំក្បាច់បុរាណខ្មែរ ល្ខោនខោល ល្ខោនស្បែក និង ពិធីបុណ្យទានផ្សេងៗទៀត។ បទភ្លេងពិណពាទ្យមានលក្ខណៈពិសេសមួយ ដែលជាការ កត់សម្គាល់គឺ “ភ្លេងសកម្មភាព ឬភ្លេងស្គរ” (Action Tunes) ដែលកំដរដោយជើងស្គរពិសេស របស់បទនីមួយៗ ជាបណ្តុំបទភ្លេងសម្រាប់កំដរចលនាពិសេសរបស់រឿង ឬរបាំនៅលើឆាក មានដូចជាភ្លេងសាធុការ សម្រាប់រំឭកគុណគ្រូ ភ្លេងផ្លិ សម្រាប់សត្វស្លាប ភ្លេងបាធំ (បឋម ឬ ប្រធំ) សម្រាប់ស្វា ភ្លេងពញាដើរ សម្រាប់ដំណើរ ភ្លេងក្រៅណៃ សម្រាប់ទ័ពស្វា ភ្លេងក្រៅណក សម្រាប់ទ័ពយក្ស ភ្លេងអូត សម្រាប់សោកសៅ ជាដើម។

មានខ្មែរយើងមួយចំនួនយល់ច្រឡំថា ភ្លេងពិណពាទ្យ ដែលជាភ្លេងខ្មែរសុទ្ធ ជា ភ្លេងសៀម ហើយគាត់ហៅដោយភ័ន្តច្រឡំ។​ ដោយឡែក អ្នកដែលចេះភាសាសៀម (ថៃ) ចូលចិត្ត និងទៅជាទម្លាប់ហៅដូច្នេះ ដូចជាហៅភ្លេងពិណពាទ្យថា “ភ្លេងពីផាត” ឬ “ភ្លេងសៀម”។ ពិណពាទ្យ ជាភ្លេងរបស់ខ្មែរសុទ្ធ (មើលចម្លាក់លើជញ្ជាំងប្រាសាទអង្គរវត្ត)។ ឧកញ៉ា ឈឹម​ ក្រសេម បានអះអាងថា៖ “វិជ្ជាតូរ្យតន្ត្រី និងគ្រឿងតន្ត្រីរបស់ខ្មែរបានផ្សាយចេញទៅប្រទេសសៀមក្នុងសម័យស្រីអយុធ្យា” រវាងព.ស. ១៨៩៣-២៣១០ (១៣៥០-១៧៦៧)។ ដោយសារឧបករណ៍ដែលមាននៅក្នុងវង់តន្ត្រីពិណពាទ្យស្ទើរតែទាំងអស់ លើកលែង តែរនាតចេញ មានឆា្លក់នៅលើជញ្ជាំងប្រាសាទអង្គរវត្ត យើងក៏អាចសន្មតបានថា វង់តន្ត្រីនេះមានដើមកំណើតតាំងពីសម័យអង្គរ ឬមុននោះទៅទៀត។ នេះជាកត្តាឬចំណុចសំខាន់ នៃ “ស្មារតីជាតិ” ឱ្យតម្លៃមានមោទនភាព និងធ្វើខេមរភាវូបនីយកម្មដែលជាកាតព្វកិច្ចរបស់ខ្មែរគ្រប់គ្នា។

អត្ថបទដើម៖ លោកបណ្ឌិត សំ សំអាង

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!