ទំព័រដើមទំនៀមទម្លាប់បុរាណជំនឿរបរក្រងស្បូវនៅភូមិកោះកេរ (កម្ពេច)

របរក្រងស្បូវនៅភូមិកោះកេរ (កម្ពេច)

នៅតាមសហគមន៍មនុស្ស តែងតែមានមុខរបរចិញ្ចឹមជីវិត ដែលអាស្រ័យផលទៅតាមធម្មជាតិ ទៅតាមតំបន់របស់សហគមន៍នោះរស់នៅ។ ពោលគឺអ្នកដែលរស់នៅតំបន់ព្រៃភាគច្រើន តែងតែធ្វើរបរដែលអាស្រ័យផលទៅលើព្រៃនោះ។ ជាក់ស្តែងដូចជានៅភូមិកោះកេរ (កម្ពេច) ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ ជាភូមិមួយដែលស្ថិតក្នុងតំបន់ខ្ពង់រាប គ្របដណ្តប់ទៅដោយព្រៃឈើ ដោយសង្កេតឃើញថាមនុស្សដែលរស់នៅក្នុងតំបន់នោះ បានទាញយកផលប្រយោជន៍ពីព្រៃឈើ ដើម្បីយកមកផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃ។ ភូមិកោះកេរនេះ មានតំបន់មួយដែលស្ថិតនៅខាងចុងភូមិដែលគេនិយមហៅថាកម្ពេច។ ប្រជាជននៅក្នុងតំបន់នេះភាគច្រើនជាប្រជាជន ជាអ្នកចំណូលស្រុក មកពីខេត្តសៀមរាប។ អ្នកនៅតំបន់នេះមានមុខរបរមួយដែលតែងតែផ្ដល់ចំណូល ក្រៅពីធ្វើស្រែចម្ការ គឺរបរក្រងស្បូវ។ របរក្រងស្បូវនេះ ជារបរមួយមានយូរណាស់មកហើយរបស់ប្រជាជនមិនថាចាស់ឬក្មេងក្នុងតំបន់នេះ តែងតែធ្វើដើម្បីរកប្រាក់ចំណូលបន្ថែម។ ការក្រងស្បូវនេះគេត្រូវមានវត្ថុធាតុដើមសំខាន់ៗមួយចំនួនដូចជា ស្បូវ ដងកណ្តប ខ្សែចំណង និងក្រង់ក្រងស្បូវ។ មុននឹងធ្វើការក្រងស្បូវបាន គេត្រូវច្រូតស្បូវមកហាលទុកដែលជាទូទៅស្បូវដែលអាចច្រូតបានមាននៅចន្លោះខែធ្នូ ដល់ ខែមីនា ដែលមានប្រវែងត្រឹមចុងដង្ហើម (ចន្លោះពី១ម៉ែត្រ ទៅ ១ម៉ែត្រកន្លះ)។ ចំពោះស្បូវដែលគេច្រូតហើយ គេអាចយកមកហាលឱ្យស្ងួតប្រហែលពី៣ទៅ៥ថ្ងៃ រួចចងជាបាច់ៗទុក។ ក្រោយពីប្រមូលស្បូវបានហើយ បន្ទាប់មកគេធ្វើដងកណ្តបសម្រា​ប់ក្រងស្បូវម្តង ដែលដងកណ្តបនេះធ្វើពីដើមឫស្សី គេកាត់ប្រវែង១ម៉ែត្រកន្លះ និងច្រៀកទំហំប្រមាណប៉ុ​នម្រាមដៃ។ ការក្រងស្បូវ ​គេត្រូវមានខ្សែចំណងទើបអាចក្រងស្បូវបាន។ ខ្សែចំណងសម្រាប់ក្រងស្បូវគេប្រើប្រាស់សំបករុក្ខជាតិម្យ៉ាងហៅថា ដើមព្រៀល ដែលគេយកផ្នែកសំបកមកប្រើប្រាស់។ ក្រៅពីមានវត្ថុធាតុដើមហើយ ជំហានបន្ទាប់គេមានឧបករណ៍សម្រាប់ក្រងស្បូវដែលគេហៅថា ក្រង់។ ចំពោះបច្ចេកទេសសម្រាប់ក្រងស្បូវ ដំបូងគេយកស្បូវមកដាក់រាយលើក្រង់ ទើបដាក់ដងកណ្តបចូល  បន្ទាប់មកចាប់ស្បូវ ដែលនៅលើក្រង់នោះមួយបាច់ទំហំប៉ុនមេដៃ ហើយដាក់លើដងកណ្តបត្រឹមពាក់កណ្តាលរបស់ស្បូវ រួចបត់ស្បូវជាពីរហើយយកខ្សែចំណងមករឹត ដោយគេធ្វើបែបនេះរហូតដល់ទៅពេញបានមួយកណ្តប។ បើនិយាយពីចំណូលដែលគេរកបានពីការក្រងស្បូវនេះ ឃើញថារកបានក្នុងមួយដងកណ្តប១០០០រៀល ដោយក្នុងមួយថ្ងៃគេអាចក្រងបាន ពី១០ ទៅ ១៥ កណ្តប។ ដូច្នេះរបរក្រងស្បូវ និងរុក្ខជាតិស្បូវនេះមានសារៈសំខាន់សម្រាប់ប្រជាជនប្រើប្រាស់តាំងពីបុរាណមក និងអាចប្រើប្រាស់ជាប្រយោជន៍ផ្សេងទៀត៕

អត្ថបទដោយ៖ ព្រាន់ សុភារៈ ថន លឹមសាយ និងថូ ថុន

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!