អង្គរវត្ត កសាងឡើងក្នុងរាជ្យព្រះបាទសូរ្យវរ្ម័នទី២ (១១១៣-១១៥០) ឧទ្ទិសដល់ទេពក្នុងព្រហ្មញ្ញសាសនា។ តាមរយៈសិលាចារឹកចារនៅក្នុងរវាងសតវត្សរ៍ទី១៦-១៨ គេសម្គាល់ឃើញតែងហៅប្រាសាទនេះថា “ព្រះពិស្ណុលោក” ជាព្រះបរមមរណនាមព្រះបាទសូរ្យវរ្ម័នទី២។ ក្នុងគ្រានោះដែរ គេយល់ថាប្រាសាទនេះបានប្តូរជាប្រាសាទពុទ្ធសាសនា ឬខ្លះទុកថាជា“វត្តជេតពន”ផង។ ក្នុងសិលាចារឹកសម័យកណ្តាលខ្លះទៀតឱ្យដឹងថា អង្គរវត្តជាទីប្រជុំទេពនិករ និងអារក្ស អ្នកតា បង់បត់ផ្សេងៗ ដែលខ្មែរជឿ និងគោរពតាំងពីបុរាណកាល។ មិនតែប៉ុណ្ណោះ មកដល់សព្វថ្ងៃគេដឹងថាមានអ្នកតាបួនប្រចាំនៅខ្លោងទ្វារអង្គរវត្តគឺ តារាជនៅខ្លោងទ្វារខាងលិច តាពេជ្រនៅខ្លោងទ្វារខាងត្បូង តាគូនៅខ្លោងទ្វារខាងកើត និងតាឡឹកនៅខ្លោងទ្វារខាងជើង (រូបលេខ១)។
ជាការពិត ពេលធ្វើដំណើរចូលប្រាសាទអង្គរវត្ត ឆ្លងកាត់តាមខ្លោងទ្វារខាងលិច គេនឹងឃើញបដិមាធំមួយ សាងពីថ្មភក់ តម្កល់នៅបន្ទប់ខាងស្តាំដៃ (រូបលេខ២-៣)។ បដិមានេះមានកម្ពស់ប្រហែល៣ម៉ែត្រ ហើយនៅក្នុងព្រះហស្ត៨ មានកាន់កេតនភណ្ឌផ្សេងៗដែលមើលពុំស្គាល់ជាក់ជាអ្វីឱ្យប្រាកដ។ ចំពោះអ្នកស្រុកហៅបដិមានេះថា“តារាជ” ដែលគេឱ្យន័យថា ជាស្តេចនៃទេពនិករទាំងពួងដែលថែរក្សាអង្គរវត្ត។ ក្នុងជំនឿអ្នកស្រុក បដិមានេះគឺជាអ្នកតាដ៏មានឫទ្ធិបារមី ហើយសូម្បីតែក្នុងអត្ថបទ “និរាសនគរវត្ត” ដែលកវីសុត្តន្តប្រីជា ឥន្ទ លើកជាកាព្យតាំងពីដើមសតវត្សរ៍ទី២០ ក៏បញ្ជាក់ថាអ្នកស្រុកហៅបដិមានេះថា “អ្នកតាមហារាជ”។ ប៉ុន្តែយ៉ាងណាក្តី តាមយោបល់ខ្លះយល់ថា តារាជគឺជាបដិមាព្រះនារាយណ៍។
តារាជ គឺជាអ្នកតាដ៏ល្បីល្បាញដែលអ្នកផងជិតឆ្ងាយតែងចូលគោរពបូជាស្ទើរមិនហ៊ានរំលងឡើយ។ ប្រសិនបើសង្កេតឱ្យដិតដល់ គេឃើញមានសំណែនផ្សេងៗថ្វាយតារាជពោរពាសពុំលុះពេល ពោលគឺរាប់ទាំងគ្រឿងស្លៀកដណ្តប់ ស្លាធម៌ បាយស្រី បង្អែមចម្អាបនានា តាមសេចក្តីជ្រះថ្លារបស់អ្នកមានជំនឿ (រូបលេខ៤-៦)។ វត្ថុទាំងអស់នោះស្តែងឱ្យឃើញថា តារាជពុំមែនគ្រាន់តែជាអ្នកតាសំខាន់សម្រាប់តែអ្នកស្រុកអាយទេ តែក៏សំខាន់ក្នុងជំនឿរបស់អ្នកចម្ងាយដែរ។ លើសពីនេះ នៅរៀងរាល់ថ្ងៃ៣ កើត ខែមាឃអ្នកស្រុកតែងធ្វើពិធីតាមទំនៀមនៅមុខប្រាសាទអង្គរវត្ត ដែលហៅថា “ឡើងមាឃ” ហើយ មានទាំងកិច្ចបញ្ចូលបញ្ជាន់រូបអ្នកតាផ្សេងៗរួមទាំងតារាជផង។
ដោយឡែកចំពោះតាពេជ្រស្ថិតនៅខ្លោងទ្វារខាងត្បូង ឬហៅថា “គុកតាពេជ្រ” (រូបលេខ៧) គឺជាអ្នកតាដែលសូវល្បីល្បាញដូចតារាជទេ តែតាំងពីដើមរហូតមកដល់សព្វថ្ងៃអ្នកតានេះក៏ហាក់មិនកំបាំងភ្នែកអ្នកមានជំនឿដែរ។ បើយោងតាមអ្នកស្រាវជ្រាវយល់ថា តាពេជ្រ គឺជាបដិមាព្រះពុទ្ធប្រក់នាគ (រូបលេខ៨-៩)។ ចំណែកអ្នកស្រុកយល់ថារូបតា ពេជ្រកើតពីដីដំបូកសុទ្ធសាធ ពោលគឺពុំមានព្រះពុទ្ធបដិមានៅខាងក្នុងទេ។ តាមជំនឿអ្នកស្រុកខ្លះជឿថា តាពេជ្រជាគឺជាអ្នកតាដែលកបនឹងការបន់ស្រន់ព្យាបាលជំងឺ ឬហៅថា “គ្រូថ្នាំ” ហើយខ្លះទៀតយល់ថា តាពេជ្រជាមេទ័ពដ៏ខ្លាំងពូកែជាដើម។
បច្ចុប្បន្ន ឫទ្ធានុភាពរបស់តាពេជ្រហាក់មិនថមថយឡើយ។ នៅចំពោះមុខតាពេជ្រ គេឃើញតង្វាយគ្រឿងសក្ការៈយ៉ាងភ្លឺផ្លេកស្កេកស្កះ។ មិនតែប៉ុណ្ណោះនៅគុកតាពេជ្រ អ្នកផងពុំហ៊ានសូម្បីពាក់ស្បែកជើង ឬពាក់មួកដើរឆ្លងកាត់ចេញចូលទេ។ បើរម្លឹកកាលពីសម័យមុនផង គេដឹងថាតាពេជ្រមានបារមី និងមានចារឹកកាចខ្លាំងណាស់ សូម្បីតែសត្វស្លាបដែលហើរកាត់ក៏ត្រូវធ្លាក់ងាប់ដែរ។ លើសពីនេះ គេតែងហាមស្រ្តីមានផ្ទៃពោះមិនឱ្យដើរទៅក្បែរនោះសោះឡើយ។ គេនិទានថានៅសម័យបារាំង ក្នុងអាណត្តិរបស់លោក ហង់រី ម៉ាកហ្សាល់ (Henri Marchal) ធ្វើជាប្រធានអភិរក្សដ្ឋានអង្គរ (១៩១៦-១៩២០, ១៩២២-១៩៣៦ និង១៩៤៨-១៩៥៣) គេហាមកម្មករមិនឱ្យទៅក្បែរខ្លោងទ្វារតាពេជ្រ។ កាលនោះគេថែមទាំងជឿថា មរណភាពរបស់លោក ហ៊្សក ទ្រូវេ (Georges Trouvé, 1902-1935) ដែលជាអ្នកស្រាវជ្រាវជាតិបារាំង មកស្លាប់នៅស្រុកខ្មែរទាំងក្មេងវ័យ គឺមកពីហេតុធ្វើឱ្យប៉ះពាល់ដោយប្រការណាមួយលើតាពេជ្រ។
ចំណែកឯតាឡឹកស្ថិតនៅខ្លោងទ្វារខាងជើង (រូបលេខ១០) គឺជាអ្នកតាដែលគេដឹងថាពុំមានរូបសំណាកអ្វីជាសម្គាល់ឡើយ។ ប៉ុន្តែនៅខ្លោងទ្វារនេះ គេឃើញមានអាសនៈនិងគ្រឿងសក្ការៈតម្កល់នៅក្នុងបន្ទប់ទាំងសងខាង។ នៅក្នុងបន្ទប់ខាងកើត គឺមានតង្វាយបាយសីប្រាំថ្នាក់១គូ បាយសី៣ថ្នាក់១គូ និងបាយសីប៉ាក់ឆាម១គូ ដែលធ្វើពីក្រដាសពណ៌មាសយ៉ាងភ្លឺផ្លេក (រូបលេខ១១)។ ចំពោះនៅក្នុងបន្ទប់ខាងលិចវិញ គេឃើញមានអាសនៈខ្ពស់មួយធ្វើអំពីឈើ ហើយចែកជាថ្នាក់ៗ។ នៅថ្នាក់លើបំផុត គេតម្កល់បាយសី៧ថ្នាក់ រៀងចុះរហូតមកដល់បាយសីប៉ាក់ឆាម១គូៗ ដែលមូរពីក្រដាសពណ៌បៃតង។ មិនតែប៉ុណ្ណោះ នៅលើអាសនៈនេះគេឃើញមានស្លាធម៌ បាយសី ផ្កាឈូក និងតង្វាយថ្មីៗផ្សេងៗទៀតដែរ (រូបលេខ១២-១៣)។ គ្រឿងសក្ការៈ និងតង្វាយទាំងអស់នេះគេសម្គាល់ឃើញមានគេយកមកថ្វាយជារឿយៗពុំសូវដាច់រយៈដែរ ជាពិសេសគឺនៅក្នុងថ្ងៃសីល ឬថ្ងៃពេញបូរមីជាដើម។
រីឯអ្នកតាគូ ឬតាគូ ដែលស្ថិតនៅខ្លោងទ្វារខាងកើតវិញ ក៏ជាអ្នកតាដែលពុំមានរូបសំណាកជាសម្គាល់ដូចតាឡឹកនៅខ្លោងទ្វារខាងជើងដែរ។ ប៉ុន្តែនៅត្រង់កណ្តាលបន្ទប់នៃខ្លោងទ្វារតាគូ ឬគុកតាគូនេះ គេឃើញមានគំនរបំណែកថ្មប្រាសាទតម្រៀបលើកំណល់ស៊ីម៉ងត៍រាងបួនជ្រុង និមិត្តឱ្យតាគូ(?)។ បំណែកថ្មប្រាសាទទាំងនោះ គេរុំក្រណាត់មួយផ្ទាំងលំនាំដូចតង្វាយសម្លៀកបំពាក់ ឬគ្រឿងដណ្តប់ផ្សេងៗដល់បដិមាដែរ។ នៅខាងមុខនោះគេក្រាលក្រណាត់សមួយផ្ទាំង និងមានកន្លែងសម្រាប់អុជធូបមួយ។ អ្វីដែលគួរឱ្យកត់សម្គាល់ គេឃើញកន្ទុយបារីយ៉ាងស្អេកស្កះក្នុងកន្លែងអុជធូបនោះ (រូបលេខ១៤-១៥)។ ទិដ្ឋភាពនេះទំនងឱ្យគេកាត់យល់បានថា តង្វាយពិសេសសម្រាប់តាគូគឺបារី។
សរុបសេចក្តីមក នៅតាមខ្លោងទ្វារទាំងបួនទិសនៃប្រាសាទអង្គរវត្តសុទ្ធសឹងតែមានអមនុស្សចាំថែរក្សា។ ប៉ុន្តែក្នុងចំណោមនោះ តារាជជាអ្នកតាមានឫទ្ធិបារមី និងល្បីល្បាញទាំងក្នុងក្រសែភ្នែកអ្នកស្រុក និងភ្ញៀវទេសចរ។ រីឯតាពេជ្រ ជាអ្នកតាដែលអ្នកស្រុកគោរព និងស្គាល់ច្បាស់ដូចតារាជដែរ។ ចំពោះតាឡឹក និងតាគូ ជាអ្នកតាដែលពុំមានរូបតំណាងហើយទំនងជាស្គាល់ច្បាស់តែក្នុងភ្នែកអ្នកស្រុក ដ្បិតរាល់ពេលគេធ្វើពិធីឡើងមាឃម្តងៗ គេតែងអំពាវនាវហៅអ្នកតាទាំងបួនទិសនោះ។ ប៉ុន្តែយ៉ាងណាក្តី មុខងារជាក់លាក់របស់អ្នកតាទាំងនោះក្នុងជំនឿរបស់អ្នកស្រុក គួរតែជាប្រធានបទសិក្សាវែងឆ្ងាយទៅមុខ៕
អត្ថបទដោយ៖ ហៀន សុវណ្ណមរកត