ថ្មចម្រូងជាទីតាំងនៃបាតុភូតធម្មជាតិដ៏កម្រមួយកន្លែង ដែលស្ថិតនៅ ភូមិពូតាង ឃុំពូជ្រៃ ស្រុកពេជ្រជតា ខេត្តមណ្ឌលគិរី ក្នុងភូមិសាស្ត្រដែនជម្រកសត្វព្រៃភ្នំព្រេច មានចំនុចនិយាមការ X 710791 Y 1416968 មានកម្ពស់ ២៦៣ម ធៀបនិងនីវ៉ូទឹកសមុទ្រ។ ទីតាំងនេះ ជាទីតាំងដែលមានសក្តានុពលវិស្ស័យទេសចរណ៍ធម្មជាតិផងដែរ។ តើទីតាំងនេះមានជំនឿយ៉ាងណា និងមានបាតុភូតយ៉ាងណា?
រឿងរ៉ាវខ្លះទាក់ទងនឹងថ្មចម្រូងមានដំណាលថា នៅភ្នំគង់ស្យាលពីដើមឡើយ ភ្នំនេះគឺជាភូមិមួយ ហើយភ្នំណាមរ៉ាមក៏ជាភូមិមួយ។ ថ្ងៃមួយមានកំលោះ ភូមិភ្នំគង់ស្យាល ទៅជំរិតយកកូនក្រមុំ នៅភូមិភ្នំណាមរ៉ាម ទុកធ្វើជាប្រពន្ធខ្លួន។ ហើយដោយសារខ្លាច អ្នកភូមិភ្នំណាមរ៉ាមដណ្តើមយកកូនក្រមុំយកទៅវិញ អ្នកភូមិភ្នំគង់ស្យាលក៏នាំគ្នា ធ្វើជញ្ជាំង និងចម្រូង ការពារភូមិរបស់ខ្លួន កុំឱ្យអ្នកភូមិភ្នំណាមរ៉ាមយកកូនក្រមុំវិញបាន។ ដោយសារតែ សូគ្រាស ងងិតត្រជាក់ខ្លាំង ធ្វើឱ្យមនុស្ស នៅភូមិភ្នំគង់ស្យាល បានស្លាប់ ផ្ទះ ជញ្ជាំងការពារ និងចម្រូងត្រូវកករឹងទៅជាថ្មរហូតដូចសព្វថ្ងៃនេះទៅ នេះបើតាមចាស់ៗ និយាយតៗគ្នា។
តំបន់ថ្មចម្រូង ជាបាតុភូតធម្មជាតិមួយ ដែលលេចចេញក្នុងបរិវេណប្រមាណ ២.៥គីឡូម៉ែត្រ ហើយលេចចេញច្រើនក្នុងប្រហែល៥០០ម៉ែត្រលើកូនភ្នំមួយ។ ថ្មចម្រូងជាប្រភេទថ្មភក់ ដែលរាងជាសាជី មូលស្រួចទៅខាងលើ ខ្លះមានកម្ពស់រហូតដល់៨ម៉ែត្រ។ តើបាតុភូតថ្មចម្រូងទាំងនេះកើតឡើងយ៉ាងដូចម្តេច?
ដំណាក់កាលទីមួយ កើតឡើងដោយការចាក់បង្គ ដោយស្រទាប់ខ្សាច់ និងល្បាប់ ជាស្រទាប់ផ្តេកៗ ត្រូតពីលើគ្នា តាំងពីរាប់រយលានឆ្នាំមកហើយ។ ស្រទាប់ដីខ្សាច់ និងល្បាប់ ត្រួតលើគ្នាជាបន្តបន្ទាប់ ដោយសារសម្ពាត និងទំងន់ដ៏ធ្ងន់ និងដោយការប្រែប្រួលនៃធម្មជាតិ បានធ្វើឱ្យស្រទាប់ដីមួយចំនួនក្លាយទៅជាថ្មដែលប្រភេទថ្មនោះហៅថាថ្មភក់ (Sandstone)។ នៅក្នុងតំបន់នេះត្រូវបានកំណត់សំគាល់ T3-J1ss ថាមានកំណើតក្នុងអំឡុងសម័យកាល Triassic និងសម័យកាល Jurassic ដែលមានអាយុកាលចន្លោះ (២៦១ មក១៦១លានឆ្នាំ)។
ដំណាក់កាលទី២ ស្រទាប់ថ្មភក់ទាំងនោះមានលក្ខណៈ ក៏បានទទួករងនៅបាតុភូតធម្មជាតិមួយចំនួនទៀតដូចជា បាតុភូតពំនើងផ្នត់ អាចមានច្រើនដំណាក់កាល ឥទ្ធិពលនៃបន្ទុះភ្នំភ្លើង ដែលមាននៅខេត្តមណ្ឌលគិរី និងខ្លះនៅក្នុងខេត្តរតនគិរី ដូចជានៅបឹងលំកុដិ បឹងយ៉ាកអោយយ៉ាកការ៉ា បឹងយ៉ាកម៉ាយ ដែលនៅស្ថិតនៅប្រមាណ ៥០គីឡូម៉ែត្រពីតំបន់ទាំងនោះ។ ទាំងនេះសុទ្ធតែជាមូលហេតុដែលបានជម្រុញអោយតំបន់នេះមានការប្រែប្រួលពីតំបន់ដែលធ្លាប់នៅក្នុងសមុទ្រ ក្លាយជាតំបន់គោក និងបានធ្វើស្រទាប់ថ្មភក់ដែលផ្តេកនោះទៅជាបញ្ឆិត និងពេលខ្លះអាចរុញទៅបញ្ឈរបាន។
ដំណាក់កាលទី៣ ស្រទាប់ថ្មភក់ដែលផ្តេកបានរុញទៅជាស្រទាប់បញ្ឈរ ហើយស្រទាប់ថ្មភក់នីមួយៗមានភាពរឹងមិនដូចគ្នាទេ។ ដូចជាជួរថ្ម នៃថ្មចម្រូងដែលលេចចេញជាថ្មចម្រូងនោះគឺជាផ្នែករឹង ចំណែកផ្នែកដែលផុយត្រូវបានហូរច្រោះដោយទឹក បង្កើតបានជាផ្ទៃដែលផត។
ដំណាក់កាលទី៤ យើងលើកយកពីថ្មមួយជួរមកពន្យល់ ថ្មនោះបានប្រេះជាពីរផ្នែក តាមផ្នែកបញ្ឈរ បន្ទាប់មកក៏មានការប្រេះបែកជាចំណែកផ្សេងៗ ដោយកំដៅ ចេញជាបំណែកស្តើងៗ ដែលមានកម្រាស់ប្រមាណ២ស.មទៅ៥ស.ម បណ្តោយ៤០ ឬ៥០ស.ម ដែលអាចធ្វើអោយថ្មនោះកាន់តែបែកចេញបីគ្នា រយៈពេលក្រោយមកក៏កើតបានជាថ្មចម្រូងដែលយើងឃើញនោះផងដែរ ថ្មខ្លះនៅតែបន្តប្រែប្រូល។ លក្ខណៈបែបនេះជាបាតុភូតដ៏កម្រមួយ ថ្វីត្បិតតែប្រភេទថ្មភក់មានច្រើនកន្លែងនៅប្រទេសកម្ពុជា។ តែការកកើតមិនដូចគ្នាទេ ដែលវាអាស្រ័យលើបំរែបម្រួលធម្មជាតិ សាធាតុដែលមាននៅក្នុងថ្ម កំរិតរឹង ទីតាំងដែលកើតឡើង សុទ្ធតែអាចធ្វើអោយថ្មប្រភេទមួយមានលក្ខណៈមិនដូចគ្នា៕










