ទំព័រដើមទំនៀមទម្លាប់បុរាណជំនឿតាគង់ និងពិធីឡើងមាឃនៅវត្តខ្នាត

តាគង់ និងពិធីឡើងមាឃនៅវត្តខ្នាត

ពិធីឡើងមាឃ ឬឡើងអ្នកតា ជាទំនៀមទម្លាប់ដែលតែងធ្វើនៅពេលការប្រមូលផលស្រូវចាប់រួចរាល់សព្វគ្រប់ទាំងស្រុង។ ពីដើមមក គេតែងធ្វើជាទៀងទាត់នៅថ្ងៃ៣កើតខែមាឃ។ នៅវត្តខ្នាតនេះក៏នៅប្រព្រឹត្តតាមទម្លាប់ពោលគឺ ថ្ងៃ៣កើតខែមាឃជាទៀងទាត់ដែរ។ សូមបញ្ជាក់ថា ភូមិខ្លះអាចធ្វើនៅថ្ងៃផ្សេងៗគ្នា ត្បិតអាស្រ័យលើការមូលមតិគ្នារបស់អ្នកភូមិផ្ទាល់ ទោះយ៉ាងនេះក្តីក៏ច្រើនតែរើសក្នុងខែមាឃ។ ជួនកាលទៀតក៏អាស្រ័យលើស្ថានភាពជាក់ស្តែងរបស់ទីតាំងដែលត្រូវកិច្ចពិធីនោះដែរ។ គិតមកត្រឹមពេលថ្មីៗនេះ ប្រធានបទអំពីឡើងមាឃមានការសិក្សាច្រើនគួរសមដែរ។ រីឯអត្ថបទនេះខ្ញុំលើកយកករណីពិធីឡើងមាឃនៅវត្តខ្នាតដែលខ្ញុំបានសង្កេតនៅឆ្នាំ២០២៣មកបង្ហាញជូន។

វត្តខ្នាតស្ថិតនៅភូមិខ្នាត ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប ជាប់ផ្លូវជាតិលេខ៦ ទិសនិរតីបារាយណ៍ទឹកថ្លា។ វត្តនេះស្ថិតនៅលើបុរាណដ្ឋានចាស់ដែលមានសំណង់ប្រាសាទសាងសង់ក្នុងសម័យមុនអង្គរ និងសាងសង់បន្ថែមក្នុងសម័យអង្គរ។ ទីតាំងប្រាសាទស្ថិតនៅក្រោមព្រះវិហារសព្វថ្ងៃនេះឯង។ នៅក្នុងដំណើរធ្វើបញ្ជីប្រាសាទខ្មែរដំបូងៗ អ្នកស្រាវជ្រាវបានកត់សម្គាល់ថា វត្តមានប្រាសាទឥដ្ឋដែលបាក់បែកខ្លាំង។ ទីនោះគេបានប្រទះសិលាចារឹក (K.259) ព្រមទាំងប្រែសេចក្តីសង្ខេបខ្លះៗផង។ ថ្មភក់ និងថ្មបាយក្រៀមជាដើមត្រូវព្រះសង្ឃយកប្រើឡើងវិញសម្រាប់ការសាងសង់ព្រះវិហារ។ តាមការកំណាយស្រាវជ្រាវបានរកឃើញតឹកតាងនៃដំណាក់កាលសំខាន់ៗក្នុងបរិវេណប្រាសាទ។ ចំណែកសិលាចារឹកនោះនិយាយអំពីដង្វាយចំពោះព្រះនារាយណ៍ព្រះនាម «ឝ្រីលោកនាថ» ដែលតម្កល់ក្នុងប្រាសាទ។ នៅខាងកើតព្រះវិហារមានសល់ស្រះតូចមួយទំហំប្រហែល៥ម៉ែត្រX៥ម៉ែត្រ ដែលទំនងជាស្រះសល់ពីសម័យបុរាណមកដែរ។ ថ្មភក់ដែលគទុកខាងក្រោយខ្ទមអ្នកតាយកចេញពីស្រះនេះក្នុងពេលដែលព្រះសង្ឃមានបំណងរៀបខឿនស៊ីម៉ងត៍ជុំវិញស្រះ។ ដើមឡើយ ស្រះនេះ គឺជាប្រភពទឹកយ៉ាងសំខាន់សម្រាប់ប្រើប្រាស់ក្នុងភូមិ មុនគ្រួសារនីមួយៗមាន    អណ្តូងទឹកប្រើតាមផ្ទះ។

ក្នុងឆ្នាំ២០២៣ គេរៀបចំពិធីនៅខាងមុខខ្ទមអ្នកតាក្រោមដើមពោធិ៍ ខាងកើតព្រះវិហារ។ តែមុនសម័យខ្មែរក្រហម ខ្ទមអ្នកតាស្ថិតនៅក្រោមដើមច័នត្រង់ទិសឦសានជាប់ខឿន ព្រះវិហារតែម្តង។ លុះដល់ក្រោយចប់សម័យខ្មែរក្រហមបានបន្តិច ទើបគេមកធ្វើខ្ទមនៅលើទីតាំងបច្ចុប្បន្នជាប់នឹងទ្វារចេញចូលវត្តពីខាងកើត។

អ្នកតាក្នុងខ្ទមនេះ គឺតាគង់ ដែលជាអ្នកតាប្រចាំវត្ត និងប្រចាំភូមិខ្នាត។ សព្វថ្ងៃមានរូបសំណាកមនុស្សប្រុសឈរដៃកាន់ត្រីសូរ ដែលជារូបថ្មីដែលគេទើបតែដាក់ចូលនៅឆ្នាំ២០២២។ តែមុននេះ គឺជារូបចម្លាក់ធ្វើពីស៊ីម៉ងត៍ អង្គុយដាក់ដៃលើភ្លៅ។ នៅដើមស.វទី២០ លោក Lajonquière បានកត់សម្គាល់នៅទីតាំងនេះថា បុរាណដ្ឋាននេះមានបដិមាធំមួយដែល«ចម្លង»ចេញពីបដិមាស្តេចគម្លង់នៅក្រុងអង្គរធំ។

នៅឆ្នាំ១៩៣០ រេស៊ីដង់ខេត្តសៀមរាបបានយកបដិមានោះមកដាក់នៅជិតមាត់ស្ទឹងតាមផ្លូវជាតិលេខ៦ ក្នុងក្រុងសៀមរាបសព្វថ្ងៃ។ អ្នកស្រុកចំណុះជើងវត្តខ្នាតនិយាយតៗគ្នាថា ចម្លាក់តាគង់ត្រូវគេដឹកតាមរទេះទៅដល់មុខរាជដំណាក់ក្រុងសៀមរាបក៏សម្រាកមួយយប់។ លុះព្រឹកឡើងក៏ត្រូវគេលួចកាត់ក្បាលយកទៅបាត់ ទើបគេក៏រក្សាទុកនៅទីនោះរហូតមក។ នៅសម័យខ្មែរក្រហម គេយកបដិមានេះទៅបោះចូលស្រះក្នុងវត្តដំណាក់។ ទើបនៅឆ្នាំ១៩៨៥ អភិរក្សដ្ឋានអង្គរ និងអ្នកស្រុកសៀមរាបយកមកដាក់នៅទីតាំងខាងជើងព្រះរាជដំណាក់មកដល់បច្ចុប្បន្ន ដែលគេស្គាល់បដិមានេះជាទូទៅថា «យាយទេព»។

ត្រឡប់ទៅមើលពិធីឡើងមាឃវិញគឺថា ពិធីនេះធ្វើតែមួយរសៀលប៉ុណ្ណោះ។ នៅទីនេះ ថ្វីត្បិតតែឡើងមាឃក្នុងបរិវេណវត្តក៏ដោយ តែយើងពុំទាន់ឃើញមានវត្តមាន ឬតួនាទីព្រះសង្ឃនៅក្នុងកិច្ចពិធីនោះទេ ខុសពីពិធីឡើងមាឃតាមភូមិមួយចំនួនដែលមានតួនាទីព្រះសង្ឃក្នុងនោះដែរ ហើយច្រើនតែធ្វើនៅតាមសាលាបុណ្យក្នុងភូមិ។ នៅម៉ោង៣រសៀល អ្នកស្រុកមកជុំគ្នានៅខាងមុខខ្ទមអ្នកតា។ គ្រឿងរណ្តាប់មានដូចជា បាយសី ជមរូប បាយសម្ល នំបញ្ចុក មាន់ស្ងោ ក្បាលជ្រូក បង្អែម ផ្លែឈើ ទឹកក្រូច កាហ្វេ។ល។

ក្នុងកម្មវិធីនេះមានបញ្ចូលរូបអ្នកតាឱ្យរាំលេងសប្បាយ និងដើម្បីឱ្យអ្នកស្រុកជួបអាស្រ័យនឹងអ្នកតាគង់។ នៅពេលអ្នកតាចូល រូបយកខោអាវពណ៌ក្រហមមកប្រើ និងយកកន្សែងក្រហមមកឈ្នួតក្បាលរាំរែកជាមួយភ្លេងពិណពាទ្យ។ នៅពេលរាំសប្បាយរួចរាល់ អ្នកតាប្រោះទឹកលើអ្នកចូលរួមឱ្យមានភាពត្រជាក់ត្រជុំក្នុងគ្រួសារ និង  បញ្ជៀសជម្ងឺផ្សេងៗ។ កម្មវិធីបញ្ចប់នៅម៉ោង៥ល្ងាចនាថ្ងៃដដែលនោះ។

ជារួម តាមការសង្កេតជាទូទៅ ថ្វីត្បិតតែរូបចម្លាក់តាគង់ត្រូវគេយកចេញពីវត្តតាំងពីយូរមកហើយក្តី ក៏ប៉ុន្តែអ្នកតាគង់នៅតែដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចពិធីទាក់ទងនឹងកសិម្មនៅខែប្រមូលផលស្រូវចប់រួចរាល់ជាស្ថាពរនេះ។ ម្យ៉ាងទៀតពិធីធ្វើនៅក្នុងទីធ្លាវត្តមែនក៏នៅមិនទាន់ទទួលឥទ្ធិពលពុទ្ធសាសនាខ្លាំងក្លានោះឡើយ បើធៀបនឹងតំបន់ដទៃ។ ពិធីនេះសំខាន់សម្រាប់អ្នកភូមិពឹងអាស្រ័យ ពិសេសរឿងស្រូវដែលស្ទើតែទាំងស្រុងនៃអ្នកភូមិទីនេះជាអ្នកធ្វើស្រែ៕

អត្ថបទដោយ៖ អ៊ូ គង្គា

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!