ទំព័រដើមសិល្បៈព្រះវិហារ​វត្ត​រាជបូណ៌និង​គំនូរ​បុរាណរឿង​រាមកេរ្តិ៍

ព្រះវិហារ​វត្ត​រាជបូណ៌និង​គំនូរ​បុរាណរឿង​រាមកេរ្តិ៍

​ស្ថិតនៅតាម​បណ្តោយ​ដងស្ទឹង ចំកណ្តាល​ក្រុង​សៀមរាប មានវត្ត​ជាច្រើន​កសាង​ឡើង​​ប្រកប​ដោយ​​ទឹក​ដៃ​សិល្បៈ​យ៉ាង​​​វិសេស​ក្រៃលែង។ ​ក្នុង​បណ្តា​វត្ត​ទាំងអស់​នោះ វត្ត​រាជបូណ៌ (ឬ​វត្ត​បូណ៌) ជា​វត្ត​ដែល​មាន​​ព្រះវិហារ​ដ៏​ចំណាស់​មួយ​​ស្ថិត​នៅ​ត្រើយខាង​កើត​នៃ​ដង​ស្ទឹង​។ អ្នក​ស្រាវជ្រាវ​ទូទៅយល់ថា ព្រះ​វិហារ​​វត្ត​រាជបូណ៌​កសាងឡើង​តាំង​ពី​ដើម​សត​​វត្សទី​២០ ហើយ​ជា​ព្រះវិហារ​ដែល​មាន​គំនូរ​បុរាណ​​រឿង​រាមកេរ្តិ៍​ ​គូរ​លើ​ជញ្ជាំង​​ច្រើន​ឈុត​​ជាង​​គេ​​នៅ​កម្ពុជា។ ដោយ​មើល​ឃើញ​​តម្លៃនៃសំណង់​ខាងលើ ចាប់ពីឆ្នាំ​២០១៧ ពុទ្ធ​បរិស័ទនិង​ព្រះសង្ឃ ​សហការ​ជាមួយ​អាជ្ញាធរជាតិ​​​​អប្សរា​ បាន​រៀបចំ​ជួស​ជុល​លើក​តម្លៃ​​ជា​សំណង់បេតិកភណ្ឌ​ស្រប​តាមគោលការ​ណ៍​អភិរក្ស​របស់​រាជរដ្ឋាភិបាល​រហូត​បញ្ចប់​នៅឆ្នាំ​២០២១​។

ព្រះវិហារវត្ត​រាជបូណ៌មុនសម័យ​កម្ពុជា​ប្រជាធិបតេយ្យ (រូបថត៖ Madelein Giteau)

ជាការពិត វត្ត​រាជបូណ៌​ជា​អតីតវត្ត​ដែល ​សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី​កិត្តិ​ឧទ្ទេស​បណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជាគណៈមហានិកាយ នៃព្រះរាជាណា-​ចក្រ​កម្ពុជា ធ្លាប់គង់នៅ។ តាមឯកសារ​បញ្ជាក់ថា ព្រះ​អង្គ​គង់​នៅ​ផ្ទាល់​ក្នុង​ព្រះវិហារ ហើយ​​ក្នុង​សម័យ​សង្គមរាស្រ្ត​និយម​ វត្ត​នេះ​មា​ន​ព្រះសង្ឃ​ប្រមាណ​​ជា​​៨០​ ទៅ​១០០អង្គ និង​​ជា​វត្ត​ធំ​ជាង​គេ​បង្អស់​នៅ​ក្នុង​​ទី​រួម​ខេត្ត​។ ចំពោះព្រះវិហារ​ ​កសាងឡើង​អំពី​ឥដ្ឋ​បូក​កំបោរបាយ​អ និង​មាន​គ្រឿង​បង្គំ​​ឈើ។ អ្នក​ស្រាវជ្រាវ​បាន​ចាត់​ទុក​ថា ព្រះវិហារ​វត្ត​រាជបូ​ណ៌​​គឺ​​ជា​​ប្រភេទ​ព្រះវិហារ​ព្រះ​វិហារ​​ជហ្វា​៦។ មិន​តែប៉ុណ្ណោះ​ នៅតាម​សន្លឹក​​ទ្វារ​​បង្អួច និង​ក្បាច់​ស៊ុម​ទ្វារ-បង្អួច​​​ជុំវិញ ​សុទ្ធតែ​ឆ្លាក់​លម្អ​ដោយ​ក្បាច់​រចនា​យ៉ាង​វិចិត្រ​គួរឱ្យ​កោត​​សរសើរ។

គេសង្កេតឃើញថា ព្រះវិហារ​វត្ត​រាជបូណ៌​ គឺជា​លំនាំ​ស្ថាបត្យកម្ម​ទំនើប​និង​បុរាណ​​បញ្ចូល​គ្នា​ ពោល​​គឺ​តួ​ព្រះវិហារ​កសាងឡើង​អំពី​ឥដ្ឋ​និង​កំបោរបាយអ ​រចនា​ក្នុង​របៀបជា​សំណង់​​ទទួល​ឥទ្ធិ​ពល​សិល្បៈ​សំណង់សម័យ​បារាំង​​ ហើយដំបូល​ខាងលើ​ កសាងឡើង​ជា​​បែប​ដំបូល​ព្រះ​វិហារ​បុរាណ​​។​ ព្រះវិហារ​​នេះ​កសាងឡើង​នៅលើ​ខឿន​​ពីរថ្នាក់ ដែល​តួ​ព្រះ​វិហារ​​មាន​បណ្តោយ​ប្រហែល​ជាង​២០ម៉ែត្រ និងទទឹង​ប្រហែល១៦ម៉ែត្រ។ ដំបូល​ព្រះ-​វិហារ​​ជា​ដំបូលកិង ខ្ពស់ស្រឡះ ប្រក់​ក្បឿង​ស្រកាលេញ ជ្រាល​ចុះ​ម្ខាង​៤ថ្នាក់ ហើយ​នៅ​​ចុង​ព្រំ​ដំបូល​ខាងមុខ​បំពាក់​ជហ្វា​៣ ចុង​​ព្រំ​ដំបូល​ខាង​ក្រោយ​​បំពាក់​ជហ្វា​៣។ នៅលើ​ព្រំ​ដំបូល​មាន​លម្អ​ដោយ​​ក្បាច់​មួយ​ខ្សែ​ (នាង​​ច្រាល?) ភ្ជាប់ពីចុងម្ខាងទៅម្ខាងយ៉ាងល្អប្លែក។ រីឯ​​នៅតាម​ចែង​ដំបូល​​​នីមួយៗ គេឃើញ​មាន​​លម្អ​នាគចែង ទេពប្រណម និង​រូប​ផ្សេងៗ​ទៀត​​​ប្លែក​ពី​ព្រះ​វិហារ​​ទីទៃ។ មិន​តែប៉ុណ្ណោះ ​ជហ្វានីមួយៗ​គេ​សង្កេត​ឃើញ​​​​មាត់ ពុកមាត់ ចង្កូម​ (ពាំកែវ?) និង​ភ្នែក ហើយ​គល់​ជហ្វា​គេ​ឆ្លាក់​ជា​រូប​ស្រដៀង​នឹង​មុខ​រាហូ ឬព្រះកាល។ លក្ខណៈ​ជហ្វា​នេះ ប្រហាក់ប្រហែល​នឹង​ជហ្វា​ឈើ​នៃព្រះវិហារ​​បុរាណ​វត្ត​ល្អក់​​​ ដែលស្ថិត​ក្នុង​ស្រុក​ប្រាសាទ​បាគង ខេត្ត​សៀមរាបដែរ។

ចំពោះការ​លម្អ​លើ​ហោជាង​ទាំងពីរ​​នៃព្រះវិហារ​វត្ត​រាជបូណ៌ គឺជា​ចំណុច​ពិសេស​​បំផុត​ដែល​​អ្នកសិក្សា​ស្រាវជ្រាវ​តែង​ចាប់អារម្មណ៍។ ហោជាង​ទាំង​ពីរ​ ឆ្លាក់​អំពីឈើ​ ដាំ​កញ្ចក់​​​លម្អ ​មាន​ក្បាច់​លម្អ​គល់​ហោជាង និង​មាន​ចម្លាក់ព្រះនារាយណ៍គង់គ្រុឌ​ស្ថិត​​​​នៅ​ចំកណ្តាល​ក្បាច់​ភ្ញី​ទេស​។ ប៉ុន្តែ​នៅ​លើ​ហោជាង​​ខាង​កើត គេឆ្លាក់​រូប​ព្រះនារាយណ៍​ឈរ​លើ​​ស្មា​គ្រុឌ​ មាន​ព្រះហស្ត​​ពីរ​ច្រត់​​លើ​ភ្លៅ និង​ព្រះ​ហស្ត​ពីរ​ទៀត​លើកឡើង​លើ។ ចំណែក​ឯ​ហោជាង​ខាង​លិច​ គេ​ឆ្លាក់​​រូប​ព្រះ​នារាយណ៍​គង់​គ្រុឌដែរ តែបង្ហាញ​ចំហៀង​​ខ្លួន ដោយមាន​ព្រះហស្ត​ពីរ​​ច្រត់​ចង្កេះ​ និង​ព្រះ​ហស្ត​​ពីរ​ទៀត​ចង្អុល​ទៅមុខ​មួយ និង​​មួយ​ទៀត​កាន់​កេតនភណ្ឌ (ធ្នូ?)។ សូមបញ្ជាក់​ដែរ​ថា រូបគ្រុឌ​នៅលើ​ហោជាង​ទាំងពីរនេះ ​គេ​ឆ្លាក់​ឈរ​ជាន់​​ក​នាគ​ម្ខាង​មួយ ហើយ​ដៃទាំង​សងខាង​ចាប់​កាន់​កន្ទុយ​នាគ​ឡើង​លើ​យ៉ាង​អង់អាច​ក្រៃលែង។

ដោយ​ឡែក​ ការ​លម្អ​លើ​​​ជញ្ជាំង​ ទ្វារ និង​បង្អួច គេសង្កេត​ឃើញ​មាន​ក្បាច់​រចនា​ឆ្លាក់​អំពី​ស៊ីម៉ងត៍​យ៉ាង​រស់រវើក​។ លើស​ពីនេះ ការ​លម្អ​នៅតាម​​ស៊ុម​ទ្វារ​​និង​បង្អួច​នីមួយៗ គេ​​ឆ្លាក់​​ជា​រូប​តួ​អង្គ​ផ្សេងៗ​ក្នុង​រឿង​រាមកេរ្តិ៍ ដែល​ឈុត​ខ្លះ​ហាក់​ដូច​ជា​បង្ហាញ​ពី​ការ​ប្រយុទ្ធ​តតាំង​គ្នា​។ អ្វីដែលកាន់តែពិសេសជាង​នេះ នៅលើ​ស៊ុមទ្វារ​គេសង្កេត​ឃើញ​មាន​ឆ្លាក់​រូប​ព្រះ​លញ្ជករ​ ​មាន​លក្ខណៈ​ស្រដៀង​​ទៅ​នឹង​ការ​ឆ្លាក់​នៅ​​វត្ត​ដំរីស​ ក្នុងខេត្ត​បាត់ដំបង ដែល​អ្នកខ្លះយល់ថាតំណាង​​ឱ្យ​ស្តេចសៀម។​ ក្បាច់ និង​ចម្លាក់លម្អទាំងអស់នេះ គេលាបពណ៌​ទឹកប្រាក់។ រីឯ​ការ​លម្អ​លើ​សន្លឹក​ទ្វារ និង​បង្អួច​នីមួយៗ គេឆ្លាក់​ជា​រូប​ក្បាច់​រចនា​​ ព្រមទាំង​រូប​យក្ស សត្វ និង​ទេពនិករ​ផ្សេងៗ​។ ប៉ុន្តែ​ក្រោយ​ជួស​ជុល​រួច​រាល់ ក្បាច់​លម្អ​តាម​ស៊ុម​ទ្វារ និង​បង្អួច​នីមួយៗ​​​បាន​លាបពណ៌ទឹកមាសជំនួស​វិញ។ សូម​បញ្ជាក់ថា ព្រះវិហារ​វត្ត​រាជបូណ៌​​នេះមានទ្វារ​ខាងមុខ​៣ ទ្វារ​ខាងក្រោយ​២​ និង​​បង្អួច​នៅ​ចំហៀង​សងខាងសរុប​ចំនួន​​១៨។

ផ្នែក​ខាងក្នុង​នៃព្រះវិហារ គេរៀប​ជា​ខឿន​ទាប​មួយ​ត្រង់​ចន្លោះ​ល្វែង​គ្រឹះ ហើយ​នៅ​ជុំវិញ​នោះ​មាន​ដាំ​សន្លឹក​សីមា​តាម​ទិសសំខាន់ៗផង។ ចំណែក​ឯ​នៅចុង​ខាងលិច​​នៃ​ល្វែង​គ្រឹះ គឺ​ជា​បល្ល័ង្កព្រះជីរ៍ ដែលគេឃើញ​មាន​ចំណារ​​ពុទ្ធ​សករាជ​២៤៧៥ (ឆ្នាំ​១៩៣២) តម្កល់​​ព្រះពុទ្ធបដិមា​ធំមួយ​គង់​ក្នុង​កាយវិការ​ផ្ចាញ់មារដូច​​បណ្តា​​ព្រះវិហារ​ផ្សេងៗដែរ។

នៅផ្នែក​ខាងលើ គឺជា​ពិតាន​​បេតុង​​លាត​ ពុំឃើញមាន​គំនូរ​ ឬក្បាច់​លម្អ​អ្វី​ឡើយ។ ប៉ុន្តែ​នៅតាម​ផ្ទៃជញ្ជាំង​​ជុំវិញ​គឺ​ជាគំនូរ​​បុរាណ​ រៀបរាប់​​រឿង​រាមកេរ្តិ៍​ ជាច្រើន​ផ្ទាំង។ ការ​គូរ​បង្ហាញ​សាច់​រឿង​​ទាំង​អស់​នោះ គេ​សង្កេត​ឃើញ​វិចិត្រករ​​​​គូរ​តាម​បែប​គំនូរ​បុរាណ​ ហើយ​របៀប​ចែក​ឈុត​នីមួយៗ​គឺខុស​គ្នា​តាមពណ៌​ដែល​លាប​ធ្វើ​ផ្ទៃ​ខាងក្រោយ តែ​ផ្ទាំង​នីមួយៗ​ពុំ​រត់ត្រង់បន្ទាត់​គ្នា​ដូច​គំនូរ​សព្វថ្ងៃឡើយ (រូបលេខ១៣-១៥)។ មិន​តែប៉ុណ្ណោះគេ​ពុំអាច​កំណត់​បាន​ជាក់​លាក់ថា ខ្លឹមសារ​រឿង​ដែល​លើក​យកមកគូរ​ក្នុង​ព្រះវិហារ​នេះ ​ចាប់ផ្តើម​ពីត្រឹម​ណា ហើយ​បញ្ចប់ត្រឹមណា​ដូច​ក្នុង​រឿង​ពុទ្ធប្រវត្តិទេ។ ប៉ុន្តែ​អ្វីដែល​គេ​សង្កេត​ឃើញ​គួរ​​ឱ្យ​កត់​សម្គាល់ ​គឺ​វិចិត្រ​ករ​បាន​បញ្ចូល​ទិដ្ឋភាព​អ្នកស្រុក ឬផ្សារ​លក់ដូរ​ ឬកង​ទ័ព​បារាំង​ទៅ​ក្នុង​​​ឈុត​​ខ្លះ​។​ ចំពោះការ​លើកយក​រឿង​រាមកេរ្តិ៍​មកគូរ​លើ​ជញ្ជាំង​ព្រះវិហារ​នេះ គេ​សម្អាង​ថា​អ្នក​ស្រុក​តំបន់អាស៊ីខ្លះ​ចាត់ទុកព្រះរាមជាព្រះពោធិសត្វ។

សង្ខេបសេចក្តីមក ព្រះវិហារ​វត្ត​រាជបូណ៌គឺជា​សំណង់​ស្ថា​បត្យកម្ម​ព្រះពុទ្ធសាសនា​ដ៏​ស្កឹមស្កៃ​មួយ​នាដើម​សតវត្សទី​២០។ ព្រះវិហារ​នេះ ជា​មត៌ក​ដែលអ្នកស្រាវជ្រាវចាត់ទុក​ថា​ ជា​ព្រះវិហារ​បុរាណ​ដែល​មានគំនូររឿង​រាមកេរ្តិ៍​​ច្រើន​ឈុត​ដ៏កម្រ និង​តែមួយគត់​​នៅ​កម្ពុជា​។ ចំពោះលក្ខណៈ​នៃគំនូរ​ទាំងនោះសោត គេសង្កេត​ឃើញ​ប្រហាក់​ប្រហែល​គ្នា​នឹង​សិល្បៈ​មួយ​បែបទៀត​គឺ ការ​ដាច់ឆ្លាក់​តួ​អង្គ​ល្ខោន​ស្បែក ដែល​គួរ​តែ​មាន​ការ​សិក្សា​ស្រាវ​ជ្រាវ​លម្អិត៕

អត្ថបទដោយ៖ ហៀន សុវណ្ណមរកត

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,000SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!