ទំព័រដើមនិទានកថាអក្សរសិល្ប៍ខ្មែរ៖ រឿង មហាចោរនៅទល់ដែន (ភាគ៧២)

អក្សរសិល្ប៍ខ្មែរ៖ រឿង មហាចោរនៅទល់ដែន (ភាគ៧២)

(ជោគជ័យ)

            តែប្រហែលផែនការទីពីររបស់ស្រីកំណាចមិនបានសម្រេចទេ ពីព្រោះយើងបានដឹងថ្មីៗនេះ ទៀតថា ដារាសុខចិត្តមិនសម្លាប់ព្រះកម្ពុត តាមសេចក្តីស្នើរបស់មានន្ទក្នុងផ្ទះតៀម។

            អូស! បានធូរទ្រូងបន្តិច! តែទេ ការពិតព្រឹត្តិការណ៍មិនទាន់បានធូរដូចយើងស្មាននោះទេ។ តោងយើងដឹងសុភាសិតបុរាណដែលចែងថាៈ “ធ្វើស្រែកនឹងទឹក ធ្វើសឹកនឹងបាយ”។ ហេតុនេះទោះ ផែនការទីមួយ និងទីពីរមិនបានសម្រេចក៏ដោយ ក៏ព្រះនាងអាចបន្តសង្រ្គាមយ៉ាងម៉ឹងម៉ាត់មិនខាន ដោយព្រះនាងបានលួចយកអស់ទ្រព្យសម្បត្តិព្រះកម្ពុតទៅហើយ។

            ម្យ៉ាងទៀត កាលមុនគិតគូរគ្រោងការណ៍ធ្វើក្បួនហែរ “ការពារឯករាជ្យ” នោះព្រះនាងបាន បញ្ជូនបេសកជនសម្ងាត់បីនាក់ទៀតទៅសុំកម្លាំងទ័ពពីឪពុកនាងឯសុរិន្ទ្រ និងសុំកម្លាំងទ័ពថ្មីពីព្រះ ចៅក្រុងអយុធ្យានៃប្រទេសសៀម។

            ដូចនេះ ខាងព្រះនាងឃើញថា នៅមានកម្លាំងខ្លាំងដូចដំរីសារនៅឡើយ។

            ឳ! កាលបើស្រីមានជ័យជម្នះហើយយើងអ្នកអានមុខជាក្រៀមក្រំមិនខាន ព្រោះខាងមានន្ទ អ្នកតស៊ូដើម្បីយើងទាំងអស់គ្នានោះ មុខជាបរាជ័យហើយ។​

            តែឥឡូវនេះ វែកញែកមើលកម្លាំងខាងមានន្ទមើល តើខ្លាំងប៉ុនណា? អាចស៊ីសងបានឬទេ?

            អូ! គួរអោយអាសូរណាស់ មានន្ទដើរមកស្រុកមង្គលបុរី តែពីរនាក់តាសុមេរុ។​ រួចណាមួយថ្ងៃ នោះ ព្រះអាទិត្យបាំងឆ័ត្រពីរជាន់ទៀត។

            តែប្រវត្តិសាស្រ្តឆ្លើយថាៈ ខ្មែរឈ្នះ! ឈ្នះព្រោះកម្លាំងខាងមានន្ទពឹងផ្អែកលើកម្លាំងរាស្រ្ត ហើយកម្លាំងប្រជារាស្រ្តតែឈ្នះដរាប។​

            ព្រឹកនេះ មនុស្សមកកុះករហែព័ទ្ធបីជុំ ជុំវិញឆាកដែលគេតុបតែងលំអរដោយស្លឹកឈើ និងផ្កា ភ្ញីសម្រាប់ព្រះសង្ឃសូត្រជយន្តោ។ គេឮសូរតែសម្រែកហ៊ោ “ជយោ! ព្រះកម្ពុត ជយោ! ព្រះកម្ពុត”។ រួច គេបានសប្បាយនឹងមើលក្បួន សេះ ដំរី ដែលដើរជាជួរប្រដាប់ដោយគ្រឿងប្លែកអស្ចារ្យ ដែលពណ៌ លឿង ខៀវ ក្រហម ស លេចឃើញជាងគេ។

            ព្រះខត្តិយាណី និងនាងមាលា មើលក្បួនតាមចន្លោះបង្អួចដែលនៅក្នុងផ្ទះស្ងាត់តូចមួយជិត នោះ។ ទឹកមុខព្រះនាងខត្តិយាណីមាំកាច។ ធីតាចាំមើលអាចារ្យដារាសម្លាប់ព្រះកម្ពូតនឹងភ្នែកស្រី។

            គ្មាននរណាមួយនឹកសង្ស័យដល់អាចារ្យនោះឡើយ។ ឯចំណែកព្រះកម្ពុត បានបង្គាប់មិនឲ្យ គេយាមព្រះអង្គឡើយ ដើម្បីបង្ហាញអោយគេឃើញថារាស្រ្តស្រលាញ់មែន។

            ស្លៀកស្បៃរំលេចរំយោលពណ៌មាសភ្លឺផ្លេកៗ ជើងទទេ ដៃកាន់ថាសដែលមានទៀនធូប ក្បាលអោន ព្រះកម្ពុតដើរមួយៗ ចូលមកថ្វាយបង្គំព្រះសង្ឃដែលគង់ចាំនៅត្រៀបត្រា។

            អ្នកស្រុកផងទាំងពួង មិនថាចាស់ ឬក្មេង ស្រីឬប្រុស ងាកមើលមកលោកគ្រប់ៗគ្នា។

            កិច្ចសូត្រធម៌ថ្វាយបង្គំព្រះ ក៏ចាប់ផ្តើមឡើងយ៉ាងពិរោះ។ ព្រះកម្ពុតបត់រឿងរម្យទម សំពះព្រះ សង្ឃ។ រួចយើងរាល់គ្នាស្តាប់លោកសូត្រធម៌ប្រស់ទឹក។ ធម៌ជយន្តោមកដល់។ ព្រះសង្ឃសូត្រចប់។ អាចារ្យមួយរូបស្លៀកស ពាក់ស ទទូរស ចេញមកពីមាត់ទ្វារដើម្បីមកប្រស់ទឹកជូនព្រះកម្ពុត។

            ព្រះនាងខត្តិយាណីរំភើបក្នុងចិត្ត កាលបើឃើញអាចារ្យនេះចេញមក។ ព្រះនាងនឹកថាៈ

            នុ៎ះ! ឃាតការចេញមកហើយ។

អាចារ្យប្រស់ទឹកឲ្យពរដល់ព្រះកម្ពុតដែលលុតជង្គង់នេះឡើងសំពះទទួលពរជ័យ។ ព្រះនាង ដែលលបមើលរឿងនេះ ទន់អស់ជើងដៃស្ទើរដួល។ ពេលដែលសំខាន់មកដល់…។ គឺពេលដែលព្រះ កម្ពុតលុតជង្គង់នេះហើយដែលដារាត្រូវចាក់សម្លាប់វិញ។

            ព្រះកម្ពុតបត់ជើងចុះទៅវិញ។ ព្រះនាងខត្តិយាណីអោនខ្លួនបន្តិចដើម្បីប្រឹងមើលឲ្យបាន ច្បាស់។ រួចក្នុងពេលនោះ ហើយដែលអគ្គីឆួលឆេះក្នុងទ្រូងនាង។

            ព្រះកម្ពុតបត់ជើងទៅវិញ…រួចអាដារាវាមិនសម្លាប់…!

            ព្រះនាងខាំធ្មេញនិយាយក្នុងចិត្តថាៈ

            រឿងអី? ហេតុម៉េចក៏ដូច្នោះ?

            សូរសូត្រ “យំកិញ្ចិ” ក៏លាន់ឮឡើងយ៉ាងយឺតៗ។ ព្រះនាងខត្តិយាណី លុតជង្គង់ចុះដោយឈរ មើលទៀតលែងកើត។

            តើព្រះនាងនឹកយ៉ាងណាក្នុងពេលដ៏អស្ចារ្យនេះ? មួយស្របក់ព្រះនាងសួរថាៈ

            ម៉េចក៏ឯងមិនសម្លាប់? យ៉ាងណា? រឿងអី្វ? ហ៊ឹះ! ហ៊ឹះ!…ថាមើល!

            តែរូបអាចារ្យដែលស្លៀកសពាក់សនៅស្ងៀមឥតឆ្លើយឡើយ។ ក្នុងពេលដដែលនោះស្រីហូត កាំបិតស្នៀតខ្វាកពីចង្កេះនាង ដែលនាងសៀតមិនដែលដាច់ឡើយ។

            អាចារ្យកម្រើកខ្លួនបន្តិច។ រួចសើចឮឃឹសៗ!

            ព្រះនាងឮសំណើច ទុចង៉ក់ភ្នែកឆ្លេឆ្លា។ ទើបព្រះនាងឮសំដីថាៈ

            សួស្តីអូនមណី! បងមិនចាំបាច់ឃើញមុខអូនទេ បានស្គាល់អូននោះ។ បងគ្រាន់តែឮសូរសំដី អូន ក៏ស្គាល់អូនស្រេចទៅហើយ ពីព្រោះសូរសំដីរបស់អូនជាសូរសំដី ដែលគេមិនអាចភ្លេចបានទេ ទោះនៅក្នុងជុចក៏មិនភ្លេចដែរ…។ អូនចង់ដឹងថាបងជាអ្នកណា?…មើលចុះ…។

            ព្រះនាងថយក្រោយបីជំហានខ្សាកទៅក្រោយ។ មុខស្រីឡើងស្លាំងដូចមនុស្សស្លាប់រួចក្នុង ពេលអាចារ្យកំពុងនិយាយ ព្រះនាងនឹកថាៈ

            គឺសំឡេងបងមានន្ទហើយ! ប្រាកដហើយ! រួចការស្លាប់នោះវាទៅជាយ៉ាងណាវិញ? គឺ សំឡេងនេះហើយដែលអញស្អប់…គឺសំឡេងនេះហើយដែលអញស្រលាញ់…។ (សូមរងចាំតាមដានភាគទី៧៣ នៅសប្តាហ៍ក្រោយ)

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!