ទំព័រដើមនិទានកថាអក្សរសិល្ប៍ខ្មែរ៖ រឿងមហាចោរនៅទល់ដែន (ភាគ៧៣)

អក្សរសិល្ប៍ខ្មែរ៖ រឿងមហាចោរនៅទល់ដែន (ភាគ៧៣)

(ជោគជ័យ)

          ស្រីនៅស្ងៀមធ្មឹង ទន្ទេញតែក្នុងពោះថាៈ

            គាត់ស្លាប់បាត់ទៅហើយ! អញប្រាកដជាគាត់ស្លាប់ រួចឥឡូវគាត់និយាយរកអញ! រួចគាត់មក នៅនឹងមុខអញទៀត!

            ពេលនេះ មានន្ទបើកកន្សែងដែលដែលទទូរមុខឡើង។ ព្រះនាងខត្តិយាណីញ័ររន្ធត់សព្ទ សាច់។ វិញ្ញាណហិចហើរទៅណាអស់រលីង។ ចិត្តចង់សម្លាប់មានន្ទ សេចក្តីស្រែកឃ្លានចង់ស៊ីសាច់ សេចក្តីខ្លាច ស្លាប់នឹងដៃមានន្ទវិញ ក៏ហូរមកក្នុងចិត្តស្រីបន្តៗគ្នាឥតស្រាកស្រាន្ត។ ស្ទុះភ្លែតយារ កាំបិតហៀបចាក់ មានន្ទសើចធ្មេចភ្នែកនៅស្ងៀមធ្មឹង ហាក់ទទួចចង់កាំបិកនេះដោយរីករាយ។

            ព្រះនាងដែលឆេះពេញខ្លួនមកចាញ់ៗៗ ទឹកមុខ ទឹកចិត្តដ៏ត្រជាក់នេះជាថ្មីម្តងទៀត។

            កាំបិតធ្លាក់ពីដៃស្រីប្រូសទៅលើក្តារ។ មានន្ទទៅជិតព្រះនាង មុខស្ងួតពោលថាៈ

            អូន! អនុញ្ញាតឲ្យបងប្រាប់អូនម្តងទៀតចុះថាៈ អូនមានរូបល្អអូននៅក្មេង! ត្រឡប់ទៅសុរិន្ទ្រ វិញទៅ! ធ្វើជាស្រីធម្មតា ដូចស្រីឯទៀតប៉ុណ្ណោះបានហើយ! អូនមុខជាបានសុខមិនខាន…។ តោងអូន ស្រលាញ់សេចក្តីស្នេហា។ សេចក្តីស្នេហា គឺជាចរិករបស់ស្រ្តីទាំងអស់ និងជាចរិករបស់បុរសទាំង អស់។ ទោះព្រះរាជាក្តី គេតែងតែស្រលាញ់ដរាប។ ទៅ! អូន ទៅចុះ! រួចសុំទុកអោយពួកយើងទាមទារ ដណ្តើមយករស្មីជីវិត គឺឯករាជ្យជាតិ និងសេរីភាពប្រជារាស្រ្តដែលមនុស្សត្រូវតែបាន មិនថាសៀម ចិន ភូមា ឬខ្មែរទែ។ អូនចង់សម្លាប់បង! ប៉ុន្តែអូនយំ។ ហេតុនេះហើយបានជាបងសូមប្រាប់អូនដោយ មេត្រីភាពដូចបានរៀបរាប់មកស្រាប់។

តែបើអូនមិនស្តាប់បងទេ…អូនបង្ខំអោយបងប្រព្រឹត្តឃាតកម្មឧក្រិដ្ឋមិនខាន។ បងមិនចង់ សម្លាប់មនុស្សទេ តែបើមនុស្សនោះចេះតែចង់រស់ម្នាក់ឯងហួសហេតុពេក បងប្រែជាចង់សម្លាប់ មនុស្សនោះបែបនេះណាស់ទៅវិញ។

            ព្រះនាងខត្តិយាណីពេបមាត់បញ្ចេញអាការៈកាច។ នាងហាក់ដូចគ្មានព្រឺអ្វីនឹងសំដីចុងបំផុត របស់មានន្ទឡើយ។ តើអ្នកណាអាចដឹងថា ធីតាមានគ្រោងការណ៍អ្វីទៀត។ ស្រីនិយាយតបថាៈ

            យើងជាខ្មាំងនឹងគ្នាជាដរាប។

            មានន្ទចងចញ្ចើមមុខឡើងក្រហម ដូចគេរោលភ្លើង។

            បើដូច្នោះ គ្មានអ្វីផ្សះផ្សាយើងបានទេ! មានតែអាវុធ។

            មានន្ទហូតដាវផ្ទាប់គល់កព្រះនាងឥតបង្អង់ឡើយ។ ព្រះនាងពេបមាត់។ ស្រីលាតត្រដាង ដៃស្តាំទៅមាត់ទ្វារមួយជិតនោះ ដើម្បីអោយមានន្ទមើលតាម។

            គាប់ជូនពេលនោះ ទ្វារបើកភ្លែតឡើង។

            ទាហានចូលមក។ លុះឃើញមានន្ទដែលតម្រង់ចុងដាវគល់កព្រះនាង ទាហានដកដាវខ្លួន គិតស្ទុះចូលមក តែធីតារាដៃៈ

            កុំ! កុំ មានការអី?

            ព្រះបាទម្ចាស់មាសំបុត្រមួយមកពីព្រះចៅក្រុងអយុធ្យា។

            អើ! យកមកមើល។

            ទាហានចូលមកធ្វើគារវកិច្ច រួចហុចសំបុត្រ។ ព្រះនាងលាមើលរួចហុចសំបុត្រនេះទៅឲ្យ មានន្ទមើលដូចតទៅៈ

            ពីព្រះចៅក្រុងអយុធ្យា ដល់ព្រះនាងខត្តិយាណីកែវមណី

            ខ្ញុំព្រះចៅក្រុងអយុធ្យា បានទទួលលិខិតរាយការណ៍ អំពីមហាចោរមានន្ទហើយ និងអំពី កម្លាំងទ័ពយើង ដែលនៅស្តួចស្តើងនៅឡើយ។

            ជាដំបូងខ្ញុំមានព្រះទ័យត្រេកអរនិងព្រះនាងណាស់ ដោយបានប្រឹងប្រែងពុះពារការលំបាក គ្រប់យ៉ាងដើម្បីទប់ទល់ការគ្រប់គ្រងរបស់ជាតិសៀមយើងក្នុងអាណាខេត្តសិរីសោភ័ណ។ សូមព្រះ នាងបន្តការងារយើងទៅទៀត។ ខ្ញុំបញ្ជូនមកជាមួយនេះនូវកងពលចំនួនប្រាំពាន់អ្នក ក្រោមការដឹក នាំរបស់សេរីវង្សម្កុដជាមួយនឹងមាសចំនួនកន្លះហាប ដើម្បីបង្រ្កាបចលាចល សូមព្រះនាងប្រើប្រាស់ តាមតម្រូវការ។

            ខ្ញុំសូមអោយទេ​វតាជួយថែរក្សាព្រះនាង និងស្វេតឆ័ត្រឲ្យបានគង់វង្សយ៉ឺនយូររាប់លានឆ្នាំទៅ មុខកុំខាន។

                                                                                                                        ព្រះចៅក្រុងអយុធ្យា

            ព្រះនាងញញឹម ងក់ក្បាលបញ្ជាឲ្យទាហានៈ

            ទៅចុះ! ឯចំណែកខាងបង សុំដាក់ដាវចុះ។

            មានន្ទញីសំបុត្រទៅលើក្តារ។ ព្រះនាងបន្តទៀតថាៈ

            បងចង់សម្លាប់ប្អូន? ហ៊ឹះ! បងមិនយំ ដូចប្អូននឹងបងទេ! ទេៗ កុំសម្លាប់ពីព្រោះ…គ្រាន់តែថា ប៉ុណ្ណោះទ្វារមួយទៀតបើកឡើង។ ពេជ្ឍឃាតពីរនាក់មកចាប់ដៃ នាងទេវីម្នាក់ម្ខាងៗ ផ្តោតចុះកាំបិត នឹងកនាង។ មាត់នាងត្រូវគេចុកណែនរកស្រែកពុំរួច។

            កាលបើឃើញមានន្ទ នាងកញ្ជ្រោលអស់ទំហឹងចង់ស្ទុះមករកមានន្ទ។​

            រីឯមានន្ទ កាលបើឃើញនាងទេវីដែលអ្នកស្មានថា ស្លាប់បាត់ទៅហើយនោះ បុរសហៀបស្ទុះ ទៅចាប់ តែសំលេងនាងមណីគំហ៊កថាៈ

            នៅស្ងៀម! បើបងកម្រើកតែបន្តិច ទេវីស្លាប់ហើយ!

            មានន្ទមុខឡើងស្លាំង ញ័រដូចកូនសត្វ។ តើធ្វើយ៉ាងណា?

            នាងមណីធ្វើព្រងើយ ផ្អែកខ្នងទៅនឹងសសរ និយាយថាៈ

            ដាវបងនៅមួយចំអាមពីកខ្ញុំ។ ដាវខ្ញុំនៅជាប់នឹងកនាងទេវី។ បងឃើញទេ? ខ្ញុំដើរមុខបងជា និច្ច។ ឥឡូវសម្រេចយ៉ាងណាសម្រេចទៅ! ឬមួយលែងខ្ញុំអោយរស់ នាងទេវីក៏រស់ ឬមួយសម្លាប់ខ្ញុំ នាងទេវីក៏ស្លាប់។

            មានន្ទប្រឹងនៅស្ងៀម។ ក្នុងវិនាទីនេះ ចិត្តពីរបញ្ច្រាស់គ្នាមកទង្គិចគ្នាយ៉ាងខ្លាំងក្នុងខ្លួនអ្នក។ ចិត្តទីមួយ អាណិតស្រណោះ ស្រលាញ់នាងទេវីបណ្តូលចិត្តដោយព្រាត់យូរហើយៗ ដែល ជាទីគោរពក្រៃពេក។ ស្រីស្រស់ល្អបរិសុទ្ធរកគ្មាន ថែមទាំងមានចិត្តស្នេហាអ្នកពិតៗពេញសុដនស្រី។ មើលចុះទឹកមុខនាងដែលពុំដែលបានសប្បាយ ចិញ្ចើមនាងដែលខ្មៅដូចគេគូរ ភ្នែកនាងដែលរលើប រលង់ទៅដោយទុក្ខ…(សូមរងចាំតាមដានភាគទី៧៤ នៅសប្តាហ៍ក្រោយ)

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!