ទំព័រដើមនិទានកថាអក្សរសិល្ប៍ខ្មែរ៖ រឿង មហាចោរនៅទល់ដែន (ភាគ៧៥)

អក្សរសិល្ប៍ខ្មែរ៖ រឿង មហាចោរនៅទល់ដែន (ភាគ៧៥)

(ជោគជ័យ)

          នាងមាលាកំពុងឳបប្រយ័ត្នប្រតោងនាងទេវី។ ស្រីជាទាសីត្រូវព្រួញនិលឯកផាំងដួល ខ្ពោក។ មានន្ទរត់ហេទៅត្រកងបីស្រីឆ្នើមដែលនិយាយតិចៗថាៈ

          ប្អូនសូមលា! ស្តាយណាស់…ការបដិវត្តន៍យើងមិនទាន់ចប់…

            មានន្ទមុខស្រងូតឆ្លើយថាៈ

            កូនចៅយើងមុខជាបានឃើញមិនខាន។

            នាងមាលាញញឹមងក់ក្បាលបន្តិច រួចទន់ខ្លួនស្រិបមួយរំពេច។ មានន្ទក្រោករត់ទៅចាប់ដៃ ”មនុស្សឥតឈ្មោះ” ដែលបានជួយនាងទេវីកាលនៅបាត់ដំបងបញ្ជូនទៅកៀនមួយសួរយ៉ាងប្រញាប់ ថាៈ

            លោកគ្រូ! ម៉េចបានទ័ពរបស់រាជរដ្ឋាភិបាលទេ?

            បាន! កំពុងតតាំងគ្នាហ្នឹងហើយ

            អុស! ជយោលោកគ្រូ! ខ្ញុំស្មានតែទ័ពរបស់បងកាល។

            ទេ! ទេ! ទ័ពនេះ មកពីរាជធានីឧត្តុង្គមានជ័យណ៎ា

            អ្នកណានាំមក?

            ខ្ញុំ

            ជយោ! លោកគ្រូ! ប៉ុន្មាននាក់?

            ប្រាំពាន់

            ជយោ! លោកគ្រូ! មានសំបុត្រទេ?

          មាន

          ថាយ៉ាងម៉េចខ្លះ?

          ចាំមើលជាក្រោយ! ឥឡូវវាយទៅឲ្យអស់ដៃ។

          មានន្ទស្រែកបញ្ជាថាៈ

          វាយ! អាកូន! ចូលលុក!

          មានន្ទបង្វិលខ្លួនទៅជិតមហាកាលសួរថាៈ

          បានមាសទេ?

          បានស្រេច លោកគ្រូ!

          ជយោ! យើងអាចច្បាំងម្ភៃឆ្នាំទៀត! ចូលអាកូន!

          ឥឡូវនៅឯណាមាសនោះ?

          យកទៅដល់កន្លែងហើយ!

          ការប្រឡូកប្រកាប់ប្រចាក់ក៏កើតមានយ៉ាងសាហាវ។ គេឮសូរតែដាវដែលទង្គិចគ្នា និង សម្រែកក្មេងចាស់ដែលភ័យផ្អើល។ មានន្ទវាយថយទៅជិត”លោកគ្រូឥតឈ្មោះ” ថាៈ

          លោកគ្រូ! ធ្វើយ៉ាងម៉េចចាប់ឪពុកខ្ញុំបានណា?

          បាទ!

          រីឯកាមា ដល់ឃើញពលរេហ៍ខាងខ្លួនមានចំនួនតិចជាងក៏វាយថយខ្ទប់ទ្វារជាប់ រត់ ទៅចាប់ចេះមួយបំផាយវឹងទៅទិសខាងលិច។ គឺចំលើផ្លូវទៅក្រុង”អយុធ្យា”។ មានន្ទរត់ស្កាត់ ដោយបានផ្លោះទៅតាមបង្អួច។ កាមាទើបបានចម្ងាយប្រមាណដប់ម៉ែត្រ។ យកធ្នូបាញ់ម៉ាំង ព្រួញហោះឆាល់ទៅត្រូវខ្នងកាមាពឹប តែសេះផាយយ៉ាងលឿនទៅទៀត។ កាមាដួលខ្ពបឳប ខ្នងសេះ រួចមិនយូរប៉ុន្មានបុរសក៏ធ្លាក់ដាំដូងពីខ្នងអាជានេយ្យ។

          ពលរេហ៍កាលបើអស់មេបញ្ជាក៏រត់ខ្ចាត់ខ្ចាយ។ តែពួកកងពលខាងយើងអត់ឲ្យរត់រួច ឡើយ នាំគ្នាដេញតាមវាយប្រហារយ៉ាងឃោរឃៅ។ ក្រឡេកមើលទៅខាងត្បូង មានន្ទឃើញ សេះសមួយបោលទៅឆ្ងាយ។ លើអស្សពាហ៍ បុរសស្គាល់ជាក់ជានាងទេវី ភរិយាសម្លាញ់តែ មួយដែលប្រាកដជាអាក់អន់ចិត្តរត់ចោលអ្នកវិញ។ មាណពចាប់បានសេះមួយបំផាយតាម ឥតបង្អង់ឡើយ។ លឿនប្រិចៗ សេះមានន្ទកាន់តែជិតសេះស្រីវរលក្ខណ៍ឡើងជិតឡើង។ លុះ ដល់កណ្តាលវាលជិតដើមពោធិ៍ ដែលកាលប្រាំឆ្នាំមុន បានប្រកាប់គ្នាជាមួយកាមា បុរស​លោតផ្លោតទៅចាប់នាងទេវីដែលដួលទៅនឹងដី។ នៅពីក្រោមស្វាមី ស្រីបម្រះយ៉ាងអស់ ទំហឹង តែមានន្ទសង្កត់ជាប់។ មួយស្របក់ធំ កម្លាំងនាងទេវីក៏ល្អក៏អស់ ហេវញើសចេញពេញ មុខ។ ស្រីធ្មេចភ្នែក ដើម្បីកុំអោយឃើញមុខប្រុសកំណាច ដែលនាងស្រលាញ់យូរណាស់មក ហើយៗ ដែលជាហេតុនៃកងទុក្ខរបស់នាងនេះ។

          មានន្ទឳបរឹតស្រីដែលគេចមុខចុះឡើងលើធរណី ដើម្បីកុំអោយស្វាមីដែលទើបចង់ សម្លាប់ថ្មីៗនេះដាក់ច្រមុះជិតនាងបាន។

          មានន្ទបេ្តជ្ញាថា ដរាបណាប្អូនទេវីសម្លាញ់ចិត្តិនទាន់អស់ខឹងទេដរាបនោះ អ្នកមិន លែងសង្កត់នាងឡើយ។

          ជនទាំងពីរឥតនិយាយអ្វីឡើយ រងចាំតែកាយវិការប៉ុណ្ណោះឯង លែងសម្តែងទឹកចិត្ត រៀងៗខ្លួន។ នាងទេវីទន់អស់ដៃជើង ប្រឹងបម្រះទៅទៀតលែងរួចឡើយ គឺនៅតែក្បាលដែល រេចុះឡើងលើស្មៅខ្ចី។ យូរមកសេចក្តីរលឹកប្តី សេចក្តីស្នេហា សេចក្តីគោរព បើកទ្វារក្នុងដួច ចិត្តធីតាបន្តិចម្តងៗ។

          ទ្វារកាមគុណនេះ ធ្វើឲ្យទឹកភ្នែកស្រីហូរជាថ្មី នេត្រាកំសត់នេះក៏មើលចំនេត្រាស្វាមី។ នាងឃើញរូបនាងនៅក្នុងកែវភ្នែកប្តីកំសត់នេះ ដែលអង្វរសូមទោសនាងហើយ។ សេចក្តី អាណិតចូលមកបន្ថែមលើកម្លាំងស្នេហាទៀត ដៃស្រ្តីក៏រួមៗឳបសង្សារកាន់តែតឹងឡើងៗ។

         មានន្ទខ្សឹបដាក់ត្រចៀកនាង សួរថាៈ​

         កូនយើងនៅឯណា?

         នៅភូមិថ្មី​ ផ្ទះយាយម៉ារ៉ា

         អូនឯងមកនៅផ្ទះដែលមណីស្លាប់ ប៉ុន្មានថ្ងៃហើយ?​

         ពីរថ្ងៃ

         អូនមកជាមួយអ្នកណា?

         ជាមយទាហាន

         គេចាប់ឬ?

         ច៎ាះ! ពីមុនខ្ញុំនៅបាត់ដំបង តាម្នាក់ជួយខ្ញុំ យកខ្ញុំមកនៅភូមិថ្មី។ ពីរថ្ងៃមុននេះ មានទាហានទៅព័ទ្ធចាប់ខ្ញុំមក។

         មានន្ទអោបរឹងថើបស្រីយ៉ាងខ្លាំង ដែលនិយាយទៅទៀតលែងរួច។

         នៅឯសមភូមិ សូរត្រែបញ្ឈប់សង្រ្គាមក៏លាន់ឮឡើង។

         មានន្ទលើកស្រីអោយក្រោកឈរ។ អ្នកបីបមធីតាដាក់លើខ្នងសេះ រួចឳបស្រី បញ្ជិះទៅឯទ័ពឯភូមិវិញ។

         មាហាកាល អារុណ លោកគ្រូឥតឈ្មោះ វីរៈ នាយកត បញ្ជាឲ្យទាហានឈរជា ជួររងចាំធ្វើគារវកិច្ចចំពោះមេទ័ពយើង។

         មហាជនរាប់ពាន់នាក់ ឈរត្រៀបត្រាស្រែក”ជយោ! មានន្ទ! ជយោ! មានន្ទ! ជយោ! ឯករាជ្យ! ជយោ! ឯករាជ្យ!”

         មានន្ទ និងទេវី លើកដៃគ្រវីជាសញ្ញាតបអំណគុណវិញ ដោយងាកមើលមុខគ្នា ទៅវិញទៅមកយ៉ាងញឹកញយបំផុត។

(ចប់ដោយបរិបូណ៍)

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!