ទំព័រដើមទំនៀមទម្លាប់បុរាណជំនឿតង្វាយចំពោះ​អ្នកតាមេ-ស

តង្វាយចំពោះ​អ្នកតាមេ-ស

ដូចបាន​ដឹងស្រាប់ថា “អ្នកតា​មេ-ស” គឺជាអមនុស្សដែល​អ្នកស្រុក​ជឿថា​​មាន​នាទី​ជា​​អ្នកតាធំ​​​ប្រចាំ​ស្រុក។ ជា​រៀង​រាល់ឆ្នាំ ​​គេ​​តែង​តែ​រៀបចំ​​ធ្វើ​បុណ្យឡើង​អ្នកតា​​​​​ថ្វាយ ​​​​៣​យប់​​៣ថ្ងៃ នៅ​ក្នុង​រវាង​ចុង​ខ្នើត​ខែជេស្ឋ (ឆ្នាំនេះ​ប្រារព្ធថ្ងៃ១៤-១៥កើត ដល់​ថ្ងៃ​ ១ រោច​ ខែ​ជេស្ឋ) ពោល​​គឺ​មុន​​នឹង​ចូល​ដល់​​រដូវ​ធ្វើស្រែ​។ ​តាម​ព្រេង​និទាន​ គេ​តែង​បូជា​មនុស្ស​​​ទុក​ជា​តង្វាយ​​សំខាន់​​​ប្រចាំ​ឆ្នាំ​ដល់​​អ្នក​តា​មេ-ស ​​​​ដើម្បី​​បួង​សួង​សូម​ឱ្យ​មនុស្ស ​​និង​សត្វ​​ក្នុង​ភូមិរស់​នៅ​​​​បាន​សុខ​សប្បាយ​ មាន​ភ្លៀង​​ធ្លាក់​គ្រប់​គ្រាន់។ ប៉ុន្តែ​​តង្វាយ​​នេះបានប្តូរផ្លាស់​​ជា​បន្ត​បន្ទាប់​ ហើយអ្នក​ស្រុក​និទាន​​ថា​​​ក្រោយ​​មកទៀត​គេតែង​បូជាក្របី ឬជ្រូក​ជំនួស​ការ​បូជា​​​មនុស្ស​ ​​​​​​​រហូត​​មក​ដល់​សព្វ​ថ្ងៃ​​​​គេ​ថ្វាយ​​​ជ្រូក​ខ្វែ​ជា​តង្វា​យ​​​។ ជាការ​ពិត​ តាំងពីដើម​រៀងមកទំនៀម​បុណ្យឡើង​អ្នកតា​មេ-ស​តែង​ប្រារព្ធឡើង​​នៅ​ជាប់​ជើង​ភ្នំ​ឈើកាច់ ក្នុង​ស្រុក​បាភ្នំ ខេត្ត​ព្រៃវែង ដែល​នៅ​ក្បែរ​នោះមាន​កូន​ភ្នំ​តូច​មួយ​​​​ជាទី​​តម្កល់​រូបសំណាក​អ្នកតាមេ-ស។ មិន​តែ​ប៉ុណ្ណោះ គេតែងសម្គាល់​ឃើញ​ថា​អ្នក​មាន​សទ្ធា​ផ្ចុង​ផ្តើម​ឧបត្ថម្ភគាំទ្រ​ពិធីបុណ្យនេះ រាប់តាំងពី​​​​អ្នក​​ស្រុកអ្នក​ភូមិ​ មន្រ្តី​​រាជការ​​​ថ្នាក់​​មូលដ្ឋាន​ រហូតដល់​​ថ្នាក់ដឹកនាំ​ជិត​ឆ្ងាយ និង​សប្បុរស​ជន​​ក្រៅប្រទេស​​ផង។ ថ្ងៃទី១ គេហៅថាថ្ងៃ​ក្រុង​ពាលី សូត្រមន្ត ឬជាទូទៅ​ហៅ​​សាមញ្ញ​ថាថ្ងៃ​ចូល​​រោង។ ក្នុង​ថ្ងៃនេះគេធ្វើ​កិច្ច​​ក្រុង​ពាលី​នៅវេលារសៀល បន្ទាប់មក​គឺការចុះ​​សំណេះ​សំណាល​​សួរ​សុខ​ទុក្ខរវាង​ថ្នាក់ដឹកនាំ​ ជាមួយ​​ប្រជា​ពលរដ្ឋ​​​នៅតាមរោង​មណ្ឌល​ និង​រោង​​បុណ្យ​ប្រចាំឃុំនីមួយៗ​។ ថ្ងៃទី២ គេ​ហៅ​​ថា “ថ្ងៃហែ” ​ជា​ថ្ងៃ​ប្រាព្ធកិច្ច​ដង្ហែ​គ្រឿង​សក្ការៈ និង​តង្វា​យ​​ចេញ​ពី​រោង​បុណ្យ​​ឆ្ពោះ​ទៅកាន់ខ្ទមម​អ្នកតា​មេ-ស។ ចំណែកឯថ្ងៃទី៣ គឺជា “ថ្ងៃឆ្លង” មាន​កិច្ច​រាប់បាត្រ​ព្រះ​សង្ឃ​ច្រើន​រយ​អង្គ​​ឆ្លង​បុណ្យ​​នៅ​វេលា​​ព្រឹក ក្រោម​វត្ត​មាន​អ្នក​មុខ​អ្នកការ​តូច​ធំ​ផង។

កូនភ្នំអាស្រមអ្នកតាមេ-ស

ចំពោះទំនៀម​ឡើង​អ្នកតា​ខាងលើនេះ គេក៏​ពុំ​ដឹងថាចាប់​ប្រារព្ធ​​ពីត្រឹម​សម័យ​ណា​ឡើយ។ ប៉ុន្តែ​ចូល​មក​ដល់​សម័យ​​សង្រ្គាម​ ទំនៀម​​នេះបានផ្អាក ហើយ​​រហូត​ដល់​រវាង​ឆ្នាំ​១៩៩៥ ទើប​អ្នក​ស្រុក​ជិត​ឆ្ងាយបាន​​​មូល​មាត់​គ្នាសង់​ខ្ទម​​​ថ្មី​ជំនួសខ្ទម​ចាស់ ព្រម​ទាំង​​ចាប់​ផ្តើម​រៀបចំ​ធ្វើបុណ្យឡើង​អ្នក​តា​មេ-ស​តាម​ទំនៀម​ឡើង​វិញ ហើយ​សព្វ​ថ្ងៃ​នៅ​ក្នុង​​ខ្ទម​​អ្នកតា​មេ-ស គេឃើញ​​មាន​​​បដិមា​ធំ​បី​តម្កល់​​ជា​ជួរ​​​ទន្ទឹម​គ្នា​លើ​​បល្ល័ង្ក​​កម្ពស់​​ត្រឹម​​ចង្កេះ។

ខ្ទមចាស់តម្កល់រូបសំណាក​អ្នកតា​មេ-ស (ប្រភព៖ ?)

លើស​ពីនេះ ក្នុង​ឆ្នាំ​២០១១ក្រសួង​វប្ប​ធម៌​និង​វិចិត្រ​សិល្បៈ​បាន​កំណត់​កូន​ភ្នំនោះ​ជា​​ស្ថានីយបុរាណក្នុង​ន័យ​​​ថែរក្សា និង​អភិរក្ស។ មិន​តែប៉ុណ្ណោះ មន្ទីរ​វប្បធម៌​និងវិចិត្រ​សិល្បៈថែម​ទាំង​​បានរៀបចំ​​ដំឡើង​“របាំ​ឡើង​អ្នកតា​មេ-ស” ជាទម្រង់​​សិល្បៈ​​​ទស្សនីយភាព​ សម្រាប់​​សម្តែង​​បង្ហាញ​សាធារណ​ជន​​​​​ទស្សនា​កម្សាន្ត និង​ស្វែង​​យល់​ពីទំនៀម​បុណ្យនេះ​ផងដែរ។

របាំឡើង​អ្នកតា​មេ-ស (ប្រភព៖ ភ្នំពេញប៉ុស្តិ)

បើតាម​ការ​និទានក្នុងប្រជុំរឿងព្រេងរំឭកទៅរវាង​ចុង​សតវត្សទី​១៩ថា កាល​ពីដើម​​គេ​ធ្វើ​​រោង​បុណ្យ​នៅ​ទីវត្ត​វិហារ​ធំ ព្រម​ទាំង​​និមន្ត​ព្រះសង្ឃ​ដារ​​នៅ​ទី​អ្នក​តា​ផ្សេងៗ​​ដូចជា​ អ្នកតា​​មេ-ស ​អ្នក​តា​ក្រហម​ក (​ខាង​ជើង​ភ្នំ) អ្នក​តា​សព្វឋាន (ត្រង់​ចង្កេះ​ភ្នំខាង​លិច​) ​និង​អ្នកតា​​ទួល​ឈ្នាង (លើ​ភ្នំទួល​ឈ្នាង)។ ដោយឡែក ចំពោះ​តង្វាយ​អ្នកតា​មេ-ស​ពីបុរាណ​កាល​ដែល​អ្នក​ស្រុក​​ចងចាំគឺការ​សម្លាប់មនុស្ស​បូជា។ និទាន​នោះ​និយាយថា មនុស្ស​ដែល​ត្រូវ​សម្លាប់ គឺយក​មនុស្ស​ណា​មាន​ទោស​ធ្ងន់។ មុននឹង​សម្លាប់ ​គេ​បាន​​ប្រាប់​សាមីខ្លួន​ឱ្យ​ដឹង​ជា​មុន ឱ្យ​ស៊ីផឹក​ឆ្ងាញ់​តាម​ចំណង់ នាំ​មើល​ល្បែង​ មើល​បុណ្យ​​​ធម្មតា​ដូច​មនុស្ស​គ្មានទោស​។ លុះ​ដល់​ថ្ងៃ​សម្លាប់ គេរៀបចំ​ដាក់​ឃ្នាង ដង្ហែ​ចេញ​ពី​ទី​ប្រជុំ​បុណ្យ​យ៉ាង​អធឹក​អធម មាន​ទាហាន​​កាន់​សាស្រ្តា​វុធ ឬ​កាំភ្លើង​មុខក្រោយ​ ព្រម​ដោយ​​អ្នក​ស្រុក​រាប់​ពាន់​នាក់​ហែ​​​ទៅកាន់​ទី​អ្នក​តាមេ-ស។ ដល់​ហើយ​ គេរៀប​ចំ​បួង​សួង​បន់​ស្រន់​សូម​ឱ្យ​អ្នកតា​មេ-ស​ជួយឱ្យ​ស្រុក​បាន​សុខ​សប្បាយ ជួយរក្សា​អភិបាល​ស្រុក​ នាម៉ឺន​សព្វ​មុខ​មន្រ្តី និង​បណ្តា​រាស្រ្ត​ ព្រមទាំង​ឱ្យ​ទឹក​ភ្លៀង​​ធ្លាក់​ចុះ​មក​តាម​រដូវ​កាល ។ល។ រួចហើយ គេស្រែក​ភូមា (យក្សអឺ!)​ ៣ដង ទើប​អ្នក​សម្លាប់​ កាន់ដាវ​រាំរែក​ក្រឡឹង​ជុំវិញអ្នក​ទោស​នោះ ងារ​ដាវ​កាប់​តែ​១ ខ្វាប់​​ដាច់​ក​តែម្តង។ ការ​​សម្លាប់​មនុស្ស​បូជា​អ្នកតា​មេ-ស​នេះ គេ​សម្គាល់​មើលថា​ បើ​ឈាម​បាញ់​ទៅលើ ទៅ​ខាង​ស្មើ​គ្នា ថា​ទឹក​ភ្លៀង​នឹង​ធ្លាក់​ស្មើ​គ្រប់​ស្រុក។ ប៉ុន្តែ​បើ​ឈាម​បាញ់​ទៅ​តែខាង​ណា​ច្រើន​ជាង គេជឿថា​ភ្លៀង​នឹង​ធ្លាក់​តែ​នៅ​ស្រុក​​នោះ​ចំទិស​នោះ​ច្រើនដែរ​។ ​ទន្ទឹម​នឹង​នេះ ក្នុង​​ពេល​ដំណាល​​គ្នា​នោះ មាន​បាញ់​កាំភ្លើង អុជ​ផាវ យ៉ាង​គគ្រឹក​គគ្រេង​ផង។ ចំណែក​ក្រុម​ដែល​នៅទីអ្នកតា​ក្រហមក អ្នកតា​សព្វឋាន និង​អ្នកតា​ទួល​ឈ្នាង​ ត្រូវ​បាញ់​កាំ​ភ្លើង និង​អុជផាវ​គំនាប់​​តាមក្រោយ បន្ទាប់​ពីឮស្នូរ​កាំភ្លើង​នៅទី​អ្នកតា​មេ-ស។ ចំពោះ​​មនុស្ស​ដែល​គេ​សម្លាប់ហើយ គេ​យក​ក្បាល និង​អារ​សាច់​​១០០​ច្រនួច​ដោត​​ថ្វាយ​អ្នកតា​មេ-ស និងអ្នកតាទាំងបីផ្សេងទៀត​៥០ ច្រនួច​ស្មើៗ​គ្នា។

គំនូរ​បង្ហាញទិដ្ឋភាពសម្លាប់មនុស្សថ្វាយអ្នកតាមេ-សផ្អែក​តាម​សៀវភៅ​ប្រជុំ​រឿង​ព្រេងខ្មែរ (គំនូរ៖ កញ្ញា ចាន់ រស្មី)

ទោះយ៉ាងណាក្តី មកដល់បច្ចុប្បន្នពុំមាននរណាម្នាក់​​អះអាង​ថា​ធ្លាប់បានឃើញ​ទិដ្ឋភាព​បូជា​មនុស្សដូចក្នុងនិទានខាងលើ​ដោយផ្ទាល់ភ្នែកឡើយ។ ប៉ុន្តែក្នុង​និទាន​ខាង​លើ​​​បន្តថា​ការ​បូជា​ថ្វាយអ្នកតា​នេះ ក្រោយមក​គេ​ជ្រើស​យក​ក្របី​ឡើង​ក​​​ជំនួស​វិញ។ ការ​សម្លាប់ក្របីនោះសោត គេ​ក៏​សម្គាល់​ប្រផ្នូល​​ឈាម​​ដូចសម្លាប់​មនុស្ស​ដែរ។ បន្ទាប់មក​សាច់​ក្របីនោះគេ​ចែក​១០០ច្រនួចថ្វាយ​អ្នកតា​មេ-ស ភ្លៅ១ថ្វាយ​អ្នក​តា​ក្រហម​ក និង​ភ្លៅ​១ ទៀត​​​​ថ្វាយ​អ្នក​តា​សព្វឋាន។ លុះ​ប្រហែល​ត្រឹម​ឆ្នាំ​១៩២០ គេឈប់​សម្លាប់​ក្របី ដោយ​សម្លាប់​​​​​ជ្រូក​ជំនួស​វិញ ហើយ​ប្រហែល​ក្នុងរវាង​​ដើម​ទសវត្សរ៍​ទី​៤០ គេ​យក​សាច់​ជ្រូក​១០០​ច្រនួច​​ទៅ​​ថ្វាយ​តែម្តង។

ដោយឡែក គេ​ពុំចាំឡើយថា​ទំនៀម​ថ្វា​យ​តង្វាយ​​ដូច​រៀបរាប់​ខាងលើ​​បាន​​បន្ត​មក​ដល់​ត្រឹម​ឆ្នាំ​​ណា​ឡើយ។ ប៉ុន្តែចាប់ពីរវាង​ដើម​ឆ្នាំ​២០០០ គេសង្កេតឃើញ​​អ្នកស្រុក​រៀបចំ​​ថ្វាយ​ជ្រូក​​មួយ​ទាំង​មូល​។ ជ្រូក​នោះគេសម្លាប់​ពីនាយមក ដោយគ្រាន់តែ​​កោស​សម្អាត​ ហើយ​​ធ្វើ​វា​មិន​ឱ្យ​ឆ្អិនឡើយ ពោលគឺ​នៅឃើញ​​រូបរាងជា​ជ្រូក​មួយតែម្តង។ ផុត​ពីការថ្វាយ​ជ្រូក​​ឆៅ គេ​បាន​រៀបចំថ្វាយ​ជ្រូកខ្វៃវិញ។ ចំពោះ​តង្វាយ​ជ្រូក​ខ្វៃ​នេះ គេសម្គាល់ឃើញថា​ក្នុង​ឆ្នាំ​ខ្លះ​មាន​ជ្រូក​ខ្វៃ​រហូត​ដល់​៥ ទៅ​៦ ក្បាល​ គឺ​អាស្រ័យ​តាម​សទ្ធា ឬអ្នកមាន​ជំនឿ​រៀបចំយក​មក​ចូលរួម។ ប៉ុន្តែ​ក្នុង​ឆ្នាំ​ខ្លះ មាន​ត្រឹម​តែ​ជ្រូក​ខ្វៃ​មួយ​ប៉ុណ្ណោះ ពោលគឺ​រៀបចំ​មិន​ឱ្យ​សោះខានឡើយ។ តង្វាយ​ជ្រូក​ខ្វៃនេះ គេឃើញ​មាន​ជា​ហូរ​ហែ​រហូត​មក​​ដល់សព្វថ្ងៃ។ ប្រភេទ​តង្វាយ​ចុង​ក្រោយ​នេះ បន្ទាប់​ពី​ធ្វើកិច្ច​បួង​សួង​ថ្វាយ​រួច​រាល់ហើយ គេត្រូវ​បែងចែកទៅតាម​រោង​​មណ្ឌល​ និង​រោង​ប្រចាំ​ឃុំ​នីមួយៗ​ផងដែរ។ រីឯ​តង្វាយ​​ដទៃទៀត​ក្រៅពីនេះ គេឃើញថា​ពុំសូវ​មាន​អ្វី​ធំ​ដុំ​ឡើយ​ ​មាន​បាយសី​ច្រើនថ្នាក់​ស្អេក​ស្កះទេ ពោលគឺមាន​តែ​ផ្កា​ឈូក​​ ផ្លែឈើ និង​ការ​រៀបចំ​ថ្វាយ​ភ្លេង​ក្នុង​កិច្ច​បួង​សួង​សុំ​សេចក្តី​សុខ​តែប៉ុណ្ណោះ។

ជ្រូកដែលគេ​សម្លាប់ថ្វាយ​អ្នកតា​​មេ-សក្នុង​ពិធីបុណ្យកាលដើមឆ្នាំ​២០០០ (រូប៖ MCFA)​

ជ្រូកខ្វៃ​ជា​ដង្វាយ​រៀបចំជា​ដង្វាយ​សម្រាប់​អ្នកតា​មេ-ស ក្នុង​ពិធីបុណ្យ​សព្វថ្ងៃ

សូម​បញ្ជាក់​ថាក្នុង​ពិធី​ឡើង​អ្នកតាមេ-ស​ ពុំមាន​កិច្ច​បញ្ចូល​បញ្ជាន់​រូប​ទេ​ ម្ល៉ោះ​ហើយ​​ពុំ​ឃើញ​មាន​រូប​សំណឹង​ឡើយ ពោលគឺ​មាន​តែ​កិច្ច​សែន​ព្រេន​បួងសួង​​ថ្វាយ​​តង្វាយ​ប្រចាំឆ្នាំ គ្រឿង​សក្ការបូជា​ផ្សេងៗ និង​ថ្វាយ​ភ្លេង​​តាម​ទំនៀម​តែប៉ុណ្ណោះ។ ប៉ុន្តែ​អ្វី​ដែល​គួរ​ឱ្យ​​​កត់​សម្គាល់ គឺចុង​ឃ្លា​នៃ​សេចក្តីបួង​សួង​នីមួយៗ គេ​តែង​ឮពាក្យ “សុំឱ្យ​សុខសប្បាយ ​សូម​ឱ្យ​មន្រ្តីរាជការ និង​​ថ្នាក់ដឹកនាំឱ្យឡើង​បុណ្យ ឡើង​ស័ក្តិ ឡើង​យស…”។ ​ឃ្លា​នេះ អ្នកស្រុក​ពន្យល់​ថា​បើ​ថ្នាក់ដឹក​នាំណាម្នាក់​​ពុំ​អើពើ​ ពុំ​ចូលរួម​រៀបចំ​ពិធី​ឡើង​អ្នក​តាមេ-ស​ ច្រើន​​តែ​ជួប​​គ្រោះ មាន​ធ្លាក់​​បុណ្យ​ ធ្លាក់​តំណែងជាដើម។ សរុបមក តង្វាយ​​សំខាន់​ចំពោះអ្នកតា​មេ-ស​ពីដើម​មក គឺជា​និទាន​មួយ​របស់​អ្នក​ស្រុក។ ប៉ុន្តែ​ប្រសិន​បើ​គេល្បង​​ពិចារណាខ្លះ ហាក់ដូចជា​តង្វាយ​ទាំង​​អស់​នោះ​បង្ហាញ​ឱ្យ​ឃើញ​​ពីទំនាក់ទំនង​ឈាម ឬសាច់ស្រស់​ចំពោះ​អមនុស្ស​ ទោះបី​ជា​តង្វាយ​នោះ​ប្តូរ​ពីការ​សម្លាប់មនុស្សមកសម្លាប់ក្របី ឬជ្រូកក្តី។ មិនតែប៉ុណ្ណោះ បើគេ​ពិនិត្យ​រូប​បដិមា​សំខាន់​​តម្កល់​ក្នុង​ខ្ទមអ្នកតា​មេ-ស ធៀប​នឹង​​ការ​បូជា​មនុស្ស ឬក្របី គេអាចស្រមៃឃើញ​ដល់​ទេព​កថា​នៃនាង​ទុគ៌ា ជា​មហេសី​​ព្រះឥសូរ ជាទេព​ឆ្នើម​ខាង​ច្បាំងប្រយុទ្ធ ជា​ពិសេសនៅ​​ក្នុង​សិល្បៈ​​ខ្មែរ​ គេតែង​ឆ្លាក់រំលេចត្រង់​ពេលនាង​សម្លាប់​បិសាច​​កាឡា​ខ្លួន​ជា​ក្របី ​(Durgā M​a​h-​iṣā​​su​ramardinī)​។ រីឯការរៀបចំតង្វាយ​ជ្រូកខ្វៃសព្វថ្ងៃនេះ ហាក់ដូច​ជា​ខិត​ជិត​ទៅរក​ការ​និយម​​តាម​បែប​ទំនើប​ដែលមានស្រាប់​ ​ឬ​ជា​តង្វាយ​ដែល​ឆ្លង​​ពីអារ្យធម៌ចិន​មក​​ខ្មែ​រ​៕

អត្ថបទដោយ៖  ហៀន សុវណ្ណមរកត

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!