ជារៀងរាល់ឆ្នាំ សហគមន៍ចាម្ប៍ និងសាសនិកឥស្លាមក្រុមកនអ៊ីម៉ាំសាន់ តែងប្រារព្ធ “បុណ្យម៉ៅឡត់ព្រះអ៊ីម៉ាំសាន់” ឬហៅខ្លីថា “បុណ្យម៉ៅឡត់” នៅវិហារឥស្លាមលើភ្នំឧត្តុង្គ។ ឆ្នាំនេះពិធីបុណ្យប្រារព្ធក្នុងថ្ងៃសៅរ៍ទី១០ និងថ្ងៃអាទិត្យទី១១ ខែមិថុនា។ មានសេចក្តីអះអាងខ្លះលើកឡើងថា ពិធីនេះប្រារព្ធដើម្បីរម្លឹកថ្ងៃកំណើតព្យាការីព្រះអល់ឡោះ ហើយខ្លះក៏យល់ថាបុណ្យនេះ គឺជាចំណែកនៃការរម្លឹកនូវព្រះមហាករុណាទិគុណព្រះមហាក្សត្រគ្រប់អង្គ និងរាជរដ្ឋាភិបាល ដែលតែងសន្តោសប្រណីចំពោះជនជាតិចាម្ប៍នៅកម្ពុជា។ វត្ថុជាតង្វាយយ៉ាងសំខាន់ក្នុងឱកាសបុណ្យខាងលើ គឺកាធ្វើនំប្រពៃណីច្រើនបែបយ៉ាងតាមផ្ទះនីមួយៗ រៀបចំតុបតែងសម្បូរបែប ដង្ហែមកធ្វើកិច្ចថ្វាយនៅក្នុងព្រះវិហារ ដែលទិដ្ឋភាពនេះគេមើលឃើញថា គឺជាផ្នែកមួយយ៉ាងល្អនៃការប្រវត្តិបត្តិវប្បធម៌ចាម្ប៍ និងភាពចម្រុះវប្បធម៌ក្នុងសង្គមខ្មែរ។
![](https://asset.ams.com.kh/khmercivilization/media/%E1%9E%9A%E1%9E%BC%E1%9E%94%E1%9E%9B%E1%9F%81%E1%9E%81%E2%80%8B%E1%9F%A1-%E1%9E%9F%E1%9E%B6%E1%9E%9F%E1%9E%93%E1%9E%B7%E1%9E%80%E1%9E%A5%E1%9E%9F%E1%9F%92%E1%9E%9B%E1%9E%B6%E1%9E%98%E2%80%8B%E1%9E%91%E1%9E%BC%E1%9E%9B%E1%9E%93%E1%9F%86%E1%9E%98%E1%9E%80%E1%9E%94%E1%9E%BB%E1%9E%8E%E1%9F%92%E1%9E%99%E1%9E%98%E1%9F%89%E1%9F%85%E1%9E%A1%E1%9E%8F%E1%9F%8B-copy-1024x768.jpg)
![](https://asset.ams.com.kh/khmercivilization/media/%E1%9E%9A%E1%9E%BC%E1%9E%94%E1%9E%9B%E1%9F%81%E1%9E%81%E2%80%8B%E1%9F%A2-%E1%9E%9C%E1%9E%B7%E1%9E%A0%E1%9E%B6%E1%9E%9A%E2%80%8B%E1%9E%96%E1%9F%92%E1%9E%9A%E1%9F%87%E1%9E%A2%E1%9F%8A%E1%9E%B8%E1%9E%98%E1%9F%89%E1%9E%B6%E1%9F%86%E1%9E%9F%E1%9E%B6%E1%9E%93%E1%9F%8B-copy-1024x726.jpg)
ជាការពិត បើផ្អែកតាមការសិក្សារបស់ក្រុមអ្នកស្រាវជ្រាវអំពីជាតិពន្ធុនៅកម្ពុជាឱ្យដឹងថាពិធីបុណ្យម៉ៅឡត់ ជាទំនៀមទម្លាប់ចាម្បយ៍ក្រុមកនអ៊ីម៉ាំសាន់ប្រារព្ធនៅតាមវិហារ សូត្រធម៌ឧទ្ទិសអបអរសាទរថ្ងៃកំណើតរបស់មហាម៉ាត់។ ចំពោះសហគមន៍ចាម្ប៍ក្រុមកនអ៊ីម៉ាំសាន់ តែងប្រារព្ធពិធីបុណ្យនេះលើភ្នំឧត្តុង្គ នៅក្នុងវិហារចាស់មួយហៅថា “វិហារព្រះអ៊ីម៉ាំសាន់” ឬហៅខ្លីថា “វិហារអូងតុសាន់”។ ជាទូទៅ មុនថ្ងៃកំណត់បុណ្យម៉ៅឡត់ព្រះអ៊ីម៉ាំសាន់មកដល់ មេដឹកនាំសាសនា (មានងារជា“ឧកញ៉ាឃ្នួរ”) បានចេញសេចក្តីជូនដំណឹងផ្ញើទៅដល់សហគមន៍ចាម្ប៍ទូទាំងប្រទេស ដើម្បីត្រៀមខ្លួនចូលរួមតាមទំនៀមទម្លាប់។ ពិធីបុណ្យនេះមានរយៈពេលពីរថ្ងៃ ហើយដល់ថ្ងៃកំណត់បុណ្យមកដល់ គេតែងនាំគ្នាមកធ្វើកិច្ចសូត្រធម៌បួងសួងក្នុងរាត្រីថ្ងៃទី១។ លុះព្រឹកឡើងចូលថ្ងៃទី២ សាសនិកជិតឆ្ងាញបន្តមកជួបជុំក្នុងបរិវេណវិហារ និងរៀបចំកិច្ចជាបន្តបន្ទាប់ទៀតរហូតចប់នៅវេលាម៉ោងប្រហែល៣រសៀល។ ទន្ទឹមនឹងនោះ គេតែងនាំគ្នាទៅសូត្រធម៌គោរពផ្នូរស្ថិតនៅខាងលិចវិហារ ដែលគេអះអាងថាជាផ្នូររបស់អ៊ីម៉ាំសាន់ (អូងតុសាន់) ជាមនុស្សបានលះបង់អ្វីៗគ្រប់យ៉ាង ដើម្បីស្វែងរកធម៌ និងបានក្លាយជាបុគ្គលដ៏អស្ចារ្យនៃជនជាតិចាម្ប៍។ ការសូត្រធម៌បួងសួងនៅផ្នូរនេះ គេធ្វើជាក្រុមបន្តគ្នាទាំងស្រីទាំងប្រុស រួចហើយគេទាញយកក្រណាត់សគ្របផ្នូរនោះមកច្រៀកចែកគ្នាសម្រាប់ចងដៃសុំសេចក្តីសុខ។
![](https://asset.ams.com.kh/khmercivilization/media/%E1%9E%9A%E1%9E%BC%E1%9E%94%E1%9E%9B%E1%9F%81%E1%9E%81%E2%80%8B%E1%9F%A4-%E1%9E%9F%E1%9E%BC%E1%9E%8F%E1%9F%92%E1%9E%9A%E1%9E%92%E1%9E%98%E1%9F%8C%E1%9E%93%E1%9F%85%E1%9E%95%E1%9F%92%E1%9E%93%E1%9E%BC%E1%9E%9A-copy-1024x771.jpg)
![](https://asset.ams.com.kh/khmercivilization/media/%E1%9E%9A%E1%9E%BC%E1%9E%94%E1%9E%9B%E1%9F%81%E1%9E%81%E1%9F%A3-%E1%9E%9F%E1%9E%BC%E1%9E%8F%E1%9F%92%E1%9E%9A%E1%9E%92%E1%9E%98%E1%9F%8C%E1%9E%93%E1%9F%85%E1%9E%95%E1%9F%92%E1%9E%93%E1%9E%BC%E1%9E%9A-copy-1024x771.jpg)
កិច្ចសូត្រធម៌បួងសួងនៅផ្នូរអ៊ីម៉ាំសាន់ខាងលិចវិហារ
ក្នុងទិដ្ឋភាពនិងកិច្ចសំខាន់ៗក្នុងថ្ងៃទី២នេះដែរ គេសង្កេតឃើញមានសភាពអធិកអធមជាងថ្ងៃទី១។ ក្នុងវេលាព្រឹកនោះក្រុមស្រ្តីមកពីភូមិនានានៃសហគមន៍ចាម្ប៍ ចាប់ផ្តើមរៀបចំតុបតែងនំ ដោយមានជំនួយកម្លាំងដៃជើងខ្លះពីបុរស។ ចំណែកឯកក្រុមបុរសនិងយុវជន ឬកុមារាមួយភាគធំ នាំគ្នាចូលវិហារសូត្រធម៌បួងសួងតាមលោកតាៗចាស់ៗ។ សូមបញ្ជាក់ថា ក្នុងថ្ងៃបុណ្យម៉ៅឡត់នេះ ស្រ្តីពុំចូលក្នុងវិហារឡើយ ហើយខ្លឹមសារនៃធម៌ដែលសូត្របួងសួងនោះ ជាសេចក្តីស៊ីជម្រៅដែលគួរសិក្សាផ្សេង។ នំដែលត្រូវរៀបចំសម្រាប់ថ្វាយក្នុងវិហារនោះគេហៅថា “កក់ឡួគ” ឬ “កក់តាឡាំ” ដែលជានំរៀបលើថាសតូចៗ និងមួយបែបទៀតហៅថា “កក់ឡាសៃ” ឬ“កក់ត្កោង” ដែលជានំរៀបចំតុបតែងជាដើមផ្កាធំៗ។ ចំពោះការរៀបចំតុបតែងនំទាំងនោះ គឺត្រូវរៀបលើថាស ឬកូនតុ តុបតែងឱ្យចេញរាងដូចដើមឈើ មានគល់ មានមែក មានផ្កា និងស្លឹកជាដើម។ នៅផ្នែកខាងគល់ គេយក “បាយរមៀត” (បាយដាំលាយរមៀត) មកពូតផ្តុំជុំវិញ រួចហើយគេដាក់សាច់ដូងកោសល្អិតៗ (សណ្ឋានដូចស្នូលនំគម) នៅខាងលើ។
![](https://asset.ams.com.kh/khmercivilization/media/%E1%9E%9A%E1%9E%BC%E1%9E%94%E1%9E%9B%E1%9F%81%E1%9E%81%E2%80%8B%E1%9F%A5-%E1%9E%85%E1%9E%B6%E1%9E%94%E1%9F%8B%E1%9E%95%E1%9F%92%E1%9E%8F%E1%9E%BE%E1%9E%98%E2%80%8B%E1%9E%9A%E1%9F%80%E1%9E%94%E1%9E%93%E1%9F%86-copy-1024x771.jpg)
![](https://asset.ams.com.kh/khmercivilization/media/%E1%9E%9A%E1%9E%BC%E1%9E%94%E1%9E%9B%E1%9F%81%E1%9E%81%E1%9F%A6-%E1%9E%9A%E1%9F%80%E1%9E%94%E1%9E%A2%E1%9E%93%E1%9F%92%E1%9E%9F%E1%9E%98-copy-1024x771.jpg)
ដំណាក់កាលដំបូងនៃការចាប់ផ្តើមរៀបតុបតែងនំ
បន្ទាប់មកពីររៀបចំបានមួយអន្លើដូចបញ្ជាក់ខាងលើហើយ ទើបគេយកចេកនិងនំច្រើនមុខដូចជា នំគម នំអន្សម នំកន្រ្ទាំ… រៀបតាមជ្រុងទាំងបួន។ ផុតពីនោះ ទើបគេដាក់តម្រៀបនំប្រពៃណីចម្អិនពីម្សៅដែលមានរូបរាង និងក្បូរក្បាច់ផ្សេងទៀតធ្វើដោយដៃដូចជា នំប៉ាក់ (នំផ្កា) និងនំតាប៉ៃជាល (នំសំបុកចាប)ជាដើម។ ចំណែកឯនៅផ្នែកខាងលើ គេរៀបបន្តុបនំធ្វើពីម្សៅ ដែលមានម៉ូតផ្សេងៗទៀតស្រោបស្ទើរដល់ពាក់កណ្តាលដើម។ ផុតពីនោះ គេដាក់ដោតពងទាមួយ (ពងទាឆ្អិន) រួចទើបគេរៀបនំបន្តពីលើទៀត។ រីឯនៅតាមមែកនីមួយៗ គេចងលម្អដោយនំ ផ្លែឈើ និងក្រដាសកាត់ជារាងផ្កាភ្ញី រាងស្លឹកឈើ ព្រមទាំងចងភ្ជាប់ក្រដាសប្រាក់ផង។ ដោយឡែក ក្រៅពីការរៀបនំហៅថាកក់ឡួគ (កក់តាឡាំ) ឬកក់ឡាសៃ (កក់ត្កោង)ដូចរៀបរាប់ខាងលើ គេសង្កេតឃើញមានរៀបនំ និងផ្លែឈើតាមចានតូចៗជាច្រើន ហើយអ្នកខ្លះមានរៀបតង្វាយផ្សេងក្រៅពីនំដែរដូចជា បាយរមៀត និងផ្លែឈើជាដើម។ សូមបញ្ជាក់បន្ថែមថា នៅពេលរៀបចំតុបតែងនំរួច គេតែងអុជខ្លឹមចន្ទន៍នៅក្រោមតុរៀបនំ ឬនៅក្បែៗនោះ ដោយគេពន្យល់ថា ជាការបួងសួងសុំសេចក្តីសុខសប្បាយ។
![](https://asset.ams.com.kh/khmercivilization/media/%E1%9E%9A%E1%9E%BC%E1%9E%94%E1%9E%9B%E1%9F%81%E1%9E%81%E2%80%8B%E1%9F%A7-%E1%9E%9A%E1%9F%80%E1%9E%94%E1%9E%85%E1%9F%86%E1%9E%8F%E1%9E%BB%E1%9E%94%E1%9E%8F%E1%9F%82%E1%9E%84%E2%80%8B%E1%9E%93%E1%9F%86-copy-1024x771.jpg)
![](https://asset.ams.com.kh/khmercivilization/media/%E1%9E%9A%E1%9E%BC%E1%9E%94%E1%9E%9B%E1%9F%81%E1%9E%81%E2%80%8B%E1%9F%A8-%E1%9E%9A%E1%9F%80%E1%9E%94%E1%9E%85%E1%9F%86%E2%80%8B%E1%9E%8F%E1%9E%BB%E1%9E%94%E2%80%8B%E1%9E%8F%E1%9F%82%E1%9E%84%E1%9E%93%E1%9F%86-copy-1024x771.jpg)
ការរៀបចំនំហៅថាកក់ឡួត (កក់តាឡាំ) ឬកក់ឡាសៃ (កក់ត្តោង) សម្រាប់បុណ្យម៉ៅឡត់
ចំពោះការរៀបចំនំមកចូលរួមក្នុងពិធីបុណ្យខាងលើនេះ អ្នកខ្លះបញ្ជាក់ថារៀបចំឡើង ដ្បិតដោយសារខ្លួនធ្លាប់បានបន់ស្រន់កន្លងមក សូមប្រាថ្នាឱ្យរកស៊ីមានបាន ឬសូមឱ្យបានសុខ ឬជាសះស្បើយជំងឺផ្សេងៗនៅក្នុងក្រុមគ្រួសារជាដើម។ ដូច្នេះនៅក្នុងឱកាសបុណ្យម៉ៅឡត់ គេត្រូវប្រឹងប្រែងលៃលកចំណាយប្រាក់រៀបចំនំធ្វើកក់ឡួគ ឬអាចរហូតដល់កក់ឡាសៃ ដើម្បីបួងសួងលាមាត់លាពាក្យ។ ក្នុងពេលនោះ ប្រសិនបើមានបងប្អូនញាតិមិត្តចង់ចូលរួមជាមួយក៏បានដែរ។ ប៉ុន្តែចំពោះអ្នកខ្លះ គេរៀបចំនំមកចូលរួមពិធីបុណ្យនោះដោយប្រតិបត្តិតាមប្រពៃណី ពុំមានជាប់បំណន់ ឬបួងសួងអ្វីកន្លងមកឡើយ។ នៅពេលការរៀបចំនំរួចរាល់ស្រេចបាច់ហើយ គេត្រូវជញ្ជូននំទាំងនោះទៅតម្កល់ក្នុងវិហារ ដើម្បីធ្វើកិច្ចបួងសួង។ លុះបួងសួងចប់ស្រេចហើយ ទើបគេស្រាយយកនំចំណីដែលដាក់តុបតែងយកចែកគ្នាទទួលទានតាមប្រពៃណី។
![](https://asset.ams.com.kh/khmercivilization/media/%E1%9E%9A%E1%9E%BC%E1%9E%94%E1%9E%9B%E1%9F%81%E1%9E%81%E2%80%8B%E1%9F%A9-%E1%9E%80%E1%9E%B7%E1%9E%85%E1%9F%92%E1%9E%85%E1%9E%94%E1%9E%BD%E1%9E%84%E1%9E%9F%E1%9E%BD%E1%9E%84-copy-1024x576.jpg)
![](https://asset.ams.com.kh/khmercivilization/media/%E1%9E%9A%E1%9E%BC%E1%9E%94%E1%9E%9B%E1%9F%81%E1%9E%81%E2%80%8B%E1%9F%A1%E1%9F%A0-%E1%9E%80%E1%9E%B7%E1%9E%85%E1%9F%92%E1%9E%85%E1%9E%94%E1%9E%BD%E1%9E%84%E1%9E%9F%E1%9E%BD%E1%9E%84-copy-1024x576.jpg)
កិច្ចថ្វាយនំក្នុងព្រះវិហារនិងសូត្រធម៌បួងសួង (ប្រភពរូប៖ ម៉ាត់ ម៉ៃសំ)
សរុបសេចក្តីមក ពិធីបុណ្យម៉ៅឡត់ព្រះអ៊ីម៉ាំសាន់នៅភ្នំឧត្តុង្គ គឺជាទំនៀមរបស់សហគមន៍ចាម្ប៍ក្រុមកនអ៊ីម៉ាំសាន់ ប្រារព្ធឡើងដោយរលឹកនឹកឃើញដល់គុណបុព្វបុរសរបស់ខ្លួន ដែលលះបង់អ្វីៗគ្រប់យ៉ាងដើម្បីសាសនា។ ទន្ទឹមនឹងនេះ ការចូលរួមពីសំណាក់ចាម្ប៍ជិតឆ្ងាយក្នុងឱកាសបុណ្យប្រពៃណីនេះ បង្ហាញឱ្យឃើញពីចំណងសាមគ្គីភាពនៃសហគមន៍សាសនាផង និងបង្ហាញឱ្យឃើញពីវត្តមាននៃសិល្បៈធ្វើនំប្រពៃណី និងការរៀបចំតុបតែងនំយ៉ាងសម្បូរណ៍បែបជាតង្វាយក្នុងពិធីបុណ្យផងដែរ៕
អត្ថបទដោយ៖ ហៀន សុវណ្ណមរកត