ទំព័រដើមសិល្បៈព្រះវិហារបុរាណវត្តដំណាក់

ព្រះវិហារបុរាណវត្តដំណាក់

នៅ​តាម​បណ្តោយ​ដង​ស្ទឹង​សៀមរាប ស្ថិត​នៅ​កណ្តាល​ក្រុង​សៀមរាប មាន​វត្ត​ជាច្រើន​ដែល​ទំនង​​​កសាង​ឡើង​​​ក្នុង​​កាល​បរិច្ឆេទ​​ប្រហាក់​ប្រហែលគ្នា ហើយ​មាន​​ទឹក​ដៃ​សិល្បៈ​​​យ៉ា​ង​​ល្អ​​ឯក​​​​គួរ​ឱ្យ​កត់​សម្គាល់​​។​ វត្តដំណាក់ស្ថិត​នៅ​ត្រើយ​ខាង​កើត ដង​ស្ទឹងដែល​មាន​​​ព្រះ​​វិហារ​បុរាណ​​មួយ​​​​សង់នៅ​​លើ​​ខឿន​ខ្ពស់ ជញ្ជាំង​ថ្ម ដំបូល​ប្រក់ក្បឿង​ស្រកាលេញ​យ៉ាង​​​ល្អ​ឆើត។ ​ព្រះវិហារ​នេះ​ត្រូវ​គេមើល​ឃើញ​ថា គឺ​ជា​សំណង់​​ព្រះ​​ពុទ្ធ​សាសនា​​ល្អ​​ប្លែក​​មួយ​​​​​នៅ​ក្នុង​តំបន់ ​​ដែល​លើក​យក​​អន្លើ​នានា​ក្នុង​​ទេពកថា​រាមកេរ្តិ៍​ឆ្លាក់​​នៅ​លើ​​​​សន្លឹក​ទ្វា​រ​ និងបង្អួច។ ចំណែក​លើ​ផ្ទៃជញ្ជាំង​ខាងក្នុង​ ពុំមាន​គំនូរ​​ដូច​បណ្តា​​ព្រះ​វិហារ​​ផ្សេងៗ​​​ឡើយ តែ​មាន​​​​សន្លឹក​សីមាថ្ម​ធំ​ៗ​ព័ទ្ធជុំវិញ​ល្វែង​គ្រឹះ។

ព្រះវិហារ​មើល​មើលពីជ្រុង​អាគ្នេយ៍

បើយោង​តាមការសិក្សារបស់ Daniel Guéret និង Dominique-Pierre Guéret សន្និដ្ឋាន​ថា​​ព្រះ​វិហារ​​វត្ត​ដំណាក់​សាងសង់​ឡើងនៅចុងសតវត្សទី១៩។ ប៉ុន្តែ​បើតាម​​សំណេរ​​​របស់​ Peter Olszewski ផ្សាយ​​​លើ​ទំព័រ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​យល់​ថា ព្រះវិហារ​​វត្ត​ដំណាក់​កសាង​​ឡើង​ក្នុង​​​រវាងឆ្នាំ​១៩១៩។ ការ​សន្និដ្ឋាន​របស់​ Peter Olszewski ប្រហែល​ផ្អែក​លើ​​ចំណារ​លេខ​​១៩១៩​នៅ​លើ​ជញ្ជាំង​ខាងជើង​ តែ​អ្នក​ខ្លះ​យល់ថា​គឺជា​ឆ្នាំ​ជួសជុល​​ព្រះ​វិហារ​លើក​ដំបូង​។ ប៉ុន្តែ​​បើផ្អែ​ក​លើ​លក្ខណៈ​ទូទៅ​នៃសំណង់ និង​រូបថត​ឯកសារ​​​ចាស់​បំផុត​របស់​បារាំង​​ពាក់​ព័ន្ធ​នឹង​វត្ត​ដំណាក់​ គេអា​ច​សន្និដ្ឋាន​បាន​ថា ព្រះ​វិហារ​​វត្ត​ដំណាក់​ប្រហែល​សាង​​សង់​ក្នុង​រវាងមុន​​​ទសវត្សរ៍​ទី​២០។ ប៉ុន្តែ​យ៉ាង​ណា​ក្តីគេ​មើល​ឃើញ​​ថា​ព្រះវិហារ​វត្ត​ដំណាក់ ​គឺជា​ព្រះវិហារ​បុរាណ​​​​ដ៏ល្បីល្បាញ​ក្នុង​ខេត្ត​សៀមរាប​​តាំង​​ពី​ដើម​រៀង​មក។ ​​នៅ​ក្នុង​​សម័​យ​​សង្គមរាស្រ្ត​និយម ព្រះវិហារវត្ត​នេះ​​​ក៏បាន​​​ស្ថិត​នៅ​លើ​ទំព័រ​ផ្សព្វ​ផ្សាយ​​អំពី​អនុស្សាវរីយ៍​​រីកចម្រើន​នៃរបបសង្គមរាស្រ្ត​និយមផងដែរ។

ព្រះវិហារ​វត្ត​ដំណាក់​ផ្សព្វផ្សាយ​ពីការ​រីកចម្រើន​ព្រះពុទ្ធសាសនា​ក្នុង​សម័យ​សង្គម​រាស្រ្ត​និយម
(រូបថត៖ ដកស្រង់ពី​សៀវភៅអនុស្សាវរីយ៍​សង្គមរាស្រ្ត​និយម)​

ព្រះវិហារ​វត្ត​ដំណាក់ គឺជា​ប្រភេទ​ព្រះវិហារ​បុរាណ ឬ​គេ​ហៅ​ថា​​វិហារ​​​​​​ជហ្វា​​៤។ ព្រះវិហារ​​សង់​នៅលើ​ខឿន​ជា​ថ្នាក់ៗ ​ហើយ​នៅ​តាម​ចំហៀង​ខឿន​​ជុំវិញ​ គេ​ឃើញ​​​​មាន​​​ស្លាក​ស្នាម​បញ្ចុះ​អដ្ឋិធាតុ​ ដែល​ជា​ទំនៀម​​ខ្មែរ​​ប្រតិបត្តិ​​មកតាំងពីបុរាណកាល​​។ ចំពោះ​​ផ្នែក​ខាង​មុខ​ព្រះវិហារ​ គេ​​សង់​បន្ត​​ជា​​​​​ដំបូលរាន​ហាល​នៅ​​ផ្នែក​ខាង​មុខ​​​ដូច​ព្រះវិហារ​វត្ត​រាជបូព៌​ ឬ​​ព្រះវិហារ​វត្ត​លោម​ព្រលឹង​​ ដែល​ជា​​ព្រះ​វិហារ​​​​បុរាណ​​​​ក្នុង​ខេត្ត​​​​សៀម​រាបដែរ។ ព្រះវិហារ​វត្ត​ដំណាក់​ គេ​រៀបចំ​ឱ្យមានជណ្តើរ​ឡើង​ទាំង​​បួនទិស​ ខាង​​កើត​​មាន​​ទ្វារ៣ ខាង​​លិច​មាន​ទ្វារ២ ចំហៀង​ទាំង​សងខាង​មាន​បង្អួច​​១៤ (ជើង៧ ត្បូង៧) ដំបូល​​​​​ប្រក់​ក្បឿង​​​ស្រកា​លេញជ្រាល​ចុះ​ពីរថ្នាក់។​ ចំណែក​ឯ​នៅ​​ផ្នែក​ខាង​ក្នុង​មាន​​​សសរ​ឈើ​៨ជ្រុង ចំនួន១២ដើម ទ្រ​គ្រឿង​បង្គុំ​ឈើ​​ផ្នែក​ខាង​លើ។ រីឯ​នៅ​លើ​ផ្ទៃ​ជញ្ជាំង​​​ខាង​ក្នុង​​ពុំ​មាន​គំនូរ ឬក្បាច់លម្អឡើយ ពោល​គឺជា​​ផ្ទៃលាត​លាប​​ពណ៌​លឿង​​​ស្រាល។ រីឯ​ផ្នែក​ខាង​លើ​ជាពិតានឈើ​ ហើយផ្ទៃធ្នឹម​លម្អ​ដោយ​​ក្បាច់​ពណ៌​​ទឹក​មាស​​​​​។ ដោយឡែក​នៅ​លើ​​ផ្ទៃ​​សន្លឹកទ្វារ និង​បង្អួច​ (ផ្នែក​ខាង​ក្រៅ) ទាំង​អស់ គេ​ឆ្លាក់​តួអង្គ​សំខាន់ៗ ឬទិដ្ឋភាព​ក្នុង​រឿង​រាមកេរ្តិ៍ ​លាបលម្អទឹកមាស​យ៉ាងរស់រវើក​គួរ​ឱ្យ​កោត​សរសើរ​។

ស្លាក​ស្នាម​នៃ​ទំនៀម​បញ្ចុះ​អដ្ឋិធាតុ និង​ឈ្មោះចារ​​នៅ​លើ​ខឿន​

ដោយ​ឡែក​​នៅលើ​ហោជាង​​ទាំង​សង​ខាង​នៃ​ព្រះវិហារ​វត្ត​ដំណាក់​ គេ​​​​ឆ្លាក់​ជា​ក្បាច់​រចនា​​​​អំពី​ស៊ី​ម៉ងត៍​ ​​ដែល​​​បង្ហាញ​អំពី​ទិដ្ឋ​ភាព​ជា​និមិត្ត​រូប​​ពាក់​ព័ន្ធ​នឹង​ព្រះពុទ្ធសាសនា​​។ ហោជាង​​​ខាងកើត​ គេ​ឆ្លាក់​​​ព្រះ​ស្តូប​ចេតិយ​​​មួយ​យ៉ាង​ធំ​ ដែល​​​​​​មាន​ពន្លឺ​ឆពណ្ណរង្សី​នៅ​កំពូល​​ខាងលើ អម​​ដោយ​ឆ័ត្រ​រួត​មួយគូ និង​ទេវតា​ពីរ​អង្គ​​ហោះ​ហើរ​​​ប្រោះ​ព្រំ​។ ចំណែក​នៅ​ផ្នែក​ខាងក្រោម​ អម​ព្រះស្តូបចេតិយ គេ​ឆ្លាក់​ជា​រូប​ទេពប្រណម្យ(?) ម្ខាង​​៤អង្គ។ ​ផ្ទៃ​ខាង​ក្រោយ​ គេ​ឆ្លាក់​​​​ក្បាច់​ភ្ញីទេស​យ៉ាង​រស់​រវើក។ រីឯនៅនៅ​លើ​ហោ​ជាង​ខាង​លិច​ គេ​​​ឆ្លាក់​​អន្លើ​សំខាន់​មួយ​​ក្នុង​រឿង​ពុទ្ធប្រវត្តិ គឺ​ត្រង់​​​ពេល​​ព្រះអង្គ​ចេញ​បួស​។ ចម្លាក់​ត្រង់​នេះ​​គឺ​មាន​តួ​អង្គ​​​​ព្រះ​សិទ្ធត្ថ​(អនាគតព្រះពុទ្ធ​អង្គ) គង់​​​លើ​ខ្នង​សេះ​​ ទ្រង់​គ្រឿង​ជា​ក្សត្រ​​ មាន​ទេវតា​បួន​អង្គ​​ទ្រ​ជើង​សេះ ​ទេពនិករ​​ហែ​ហម និង​​​អាមាត្រ​​តោង​ជាប់កន្ទុយ​សេះ។​ ចំណែក​ឯ​នៅ​ផ្ទៃ​ហោជាង​ខាងក្រោយ គេ​ឆ្លាក់​ក្បាច់​ភ្ញី​ទេស​យ៉ាង​រស់​រវើក​ដូច​ហោជាង​​ខាង​កើត​ដែរ។ គួរកត់សម្គាល់ដែរថា ការរចនា​ហោជាង​ធ្វើអំពី​ស៊ីម៉ងត៍​នៅលើ​​ព្រះ​​វិហារ​បុរាណ​បែបនេះក៏ជាការ​កម្រ និង​បង្ហាញ​ឱ្យ​ឃើញ​ពីភាព​ទំនើបក្នុង​សំណង់​ដែរ ដ្បិត​​ភាគ​ច្រើន​ព្រះវិហារ​បុរាណ​​គេ​និយម​​ឆ្លាក់ហោជាង​លើ​ឈើ។

ចំពោះ​រចនា​សម្ព័ន្ធ​សំណង់​ផ្នែក​ខាងក្រោម​ដំបូល​វិញ គេ​ឃើញថា​ព្រះវិហារ​នេះ​សង់​ឱ្យ​មាន​​បាំង​សាច​ខាងក្រៅ​ជញ្ជាំង​។ មិន​តែប៉ុណ្ណោះ ការ​លម្អ​ត្រង់​​ចន្លោះ​សសរ​ជុំវិញ​បាំង​សាច ​​​ដោយ​រចនា​​ជា​បន្ទាត់​កោង​ផ្កាប់ និង​ក្បាច់​លម្អ​​តូច​ៗ​ផងនោះ ហាក់​​បង្ហាញ​ឱ្យ​ឃើញលក្ខណៈ​ទំនើប​មួយ​ផ្នែក​ទៀត​នៅ​​ក្នុង​ស្ថាបត្យកម្ម ពោលគឺ​​ជា​ទម្រង់​​សិល្បៈ​បែប​បស្ចឹម​​​ប្រទេស​​ប្រើ​ជា​ផ្នែក​តូចមួយ​ក្នុង​សំណង់​បុរាណខ្មែរ។​ ប៉ុន្តែ​ទោះជា​បែបនេះក្តី គេ​មើល​ឃើញ​ថា​ការ​លម្អ​​​​នៅ​លើ​សន្លឹក​ទ្វារ និង​បង្អួច​នីមួយៗ​​​សុទ្ធ​តែ​ឆ្លាក់​បង្ហាញ​អន្លើ​​ផ្សេងៗ​ក្នុង​​រឿង​រាមកេរ្តិ៍​ ដែល​​ជា​លក្ខណៈ​ពិសេស​មួយ​នៃព្រះវិហារ​វត្ត​ដំណាក់។ ប្រសិនបើ​សង្កេត​ដោយ​ត្រួសៗ នៅលើសន្លឹកទ្វារ​ទាំង​បី​នៃជញ្ជាំងខាងកើត ត្រង់​ទ្វារ​កណ្តាល គេឆ្លាក់​បង្ហាញ​​ត្រង់​ព្រះលក្ស្មណ៍​ប្រយុទ្ធ​​​​​នឹង​វិរុល​មុខ​កុមារដែលកាឡា​ខ្លួនជា​ឥន្រ្ទជិត​នៅ​លើ​សន្លឹក​ទ្វារទាំង​សងខាង។ ចំណែក​ឯ​​នៅ​លើ​ទ្វារ​ខាង​ត្បូង​ សន្លឹក​ទ្វារ​ម្ខាងគេ​​ឆ្លាក់​​​ឥន្រ្ទជិត​បំបាំង​ខ្លួន​ក្នុង​ពពក ហើយ​សន្លឹក​ទ្វារ​ម្ខាងទៀត គេ​ឆ្លាក់​​សិម្ពលី​​គ្រុឌ​កំពុង​ឆាបឆក់​បំផ្លាញ​​សរ​នាគ​បាស​​របស់ឥន្រ្ទជិត ដែលមាន​ទ័ព​ស្វា​​​ជុំវិញ។

ចំណែក​ទ្វារខាងលិច លើទ្វារស្តាំគេឆ្លាក់រូប​តួ​អង្គ​សំខាន់​ពីរគឺ​ ​ហនុមាន​និង​​នាង​បុញ្ញកាយ។ សន្លឹក​ទ្វារ​ម្ខាង​ គឺ​ឆ្លាក់​ហនុមាន​ចាប់​នាងបុញ្ញកាយ​​ហោះ​ចេញ​ពីភ្លើង ហើយ​សន្លឹក​ទ្វារ​ម្ខាង​ទៀត ឆ្លាក់​រូប​ហនុមាន​ហោះ​ទ្រ​នាង​បុញ្ញកាយ ។​ ចំពោះ​ឈុត​​ត្រង់នេះ នៅក្នុងសាច់រឿង​រាមកេរ្តិ៍​រៀបរាប់ថា ក្រោយ​ព្រះរាម​ទតឃើញ​សពនាង​សីតា​​​ជា​​មហេសី (នាងបុញ្ញកាយកាឡាខ្លួន) អណ្តែតទឹក​នៅចំពោះព្រះភ័ក្រ្ត ហនុមាន​​​បាន​យក​សពសីតាទៅបូជា​ពិសោធរកការពិត ទើប​លេចនាង​បុញ្ញកាយ​ហោះចេញពីភ្លើង។ ប៉ុន្តែ​ពេល​ដឹង​ការ​ពិតដូច្នេះ ព្រះរាម​យល់ថានាង​ជាកូនរបស់ពិភេក ក៏ចាត់ឱ្យ​ហនុមាន​​ហោះ​ជូន​នាង​ទៅក្រុង​លង្ការ​វិញ។ រីឯ​នៅលើ​​ទ្វារ​ខាងឆ្វេង​នៃ​ទិស​ខាងលិច​នេះដែរ ប្រហែលគេ​ឆ្លាក់រូបនាងបុញ្ញកាយនិងក្រុងរាពណ៍ជា​ឪពុកមា​។

ក្រៅ​ពី​ការ​ឆ្លាក់​សាច់រឿង​នៅលើ​សន្លឹក​ទ្វារ​នៃព្រះវិហារ​វត្ត​ដំណាក់នេះ គេ​ឃើញ​ថា​​​​នៅ​លើ​សន្លឹក​បង្អួចទាំង១៤ ក៏​មាន​ការឆ្លាក់បង្ហាញ​ឈុត​ឆាក​ចម្បាំង​តទល់​គ្នា​រវាង​​ព្រះ​រាម-​​ព្រះលក្ស្ម​ណ៍ និង​ក្រុង​រាពណ៌​-ឥន្រ្ទជិត​​។ នៅលើបង្អួចខាងជើង ពល​ព្រះ​ព្រះរាម​ ចេញ​ក្បួន​ពីឆ្វេង ទ័ពឥន្រ្ទជិត​ចេញ​ពីស្តាំ។ រីឯលើ​សន្លឹក​បង្អួចខាងត្បូង​ ទ័ពព្រះរាម​​ចេញ​ពី​​ស្តាំ ទ័ពឥន្រ្ទជិតចេញពីឆ្វេង ហើយ​ចូលទល់ទ័ពប្រយុទ្ធគ្នា​នៅ​ចំត្រង់​បង្អួច​កណ្តាល​​។ សង្ខេបសេចក្តីមក ​ព្រះវិហារ​​វត្ត​ដំណាក់​ គឺជា​សំណង់​មួយ​ដែល​​បង្ហាញ​ឱ្យ​ឃើញ​ពី​ការ​​ចាប់ផ្តើមភាពទំនើប​នៃស្ថាបត្យកម្ម​ក្នុង​សំណង់បុរាណខ្មែរ។ ចំណែក​ឯ​កា​រលើក​យក​​ឈុត​ឆាក​ ទិដ្ឋភាព និងតួអង្គ​សំខាន់ៗនៃរឿង​រាមកេរ្តិ៍​ដូច​រៀបរាប់​ខាងលើ គេអាច​សន្និ​ដ្ឋាន​បាន​ថា​ គឺ​សាច់រឿង​ត្រង់​​អន្លើ​ចម្បាំងឥន្រ្ទជិត។ សាច់រឿង​អន្លើ​នេះផ្តើមពី​ក្រុង​រាពណ៍​បង្គាប់​នាងបុញ្ញកាយ​កាឡា​ខ្លួនជា​សាក​សព​នាងសីតាអណ្តែតទឹក​ ឱ្យ​ព្រះរាម​យល់​ថា​នាង​សីតា​ជា​មហេសី​សោយទិវង្គត។ ប៉ុន្តែផ្ទុយទៅវិញ ល្បិចនោះបានក្លាយជា​ហេតុ​នៃ​​ចម្បាំង​កាន់តែខ្លាំងក្លាដែល​គេ​ស្គាល់ជា​ទូទៅថា “ចម្បាំងឥន្រ្ទជិត” ហើយ​ល្បីល្បាញ​រហូត​​មាន​លើក​មក​សម្តែង​ក្នុងទម្រង់​ល្ខោន​ស្បែកធំទៀតផង៕

អត្ថបទដោយ៖ ហៀន សុវណ្ណមរកត

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!