ទំព័រដើមសិល្បៈព្រះវិហារ​វត្ត​ពុទ្ធានិង​គំនូរ​ដើម​សម័យ​សង្គម​រាស្រ្ត​និយម

ព្រះវិហារ​វត្ត​ពុទ្ធានិង​គំនូរ​ដើម​សម័យ​សង្គម​រាស្រ្ត​និយម

វត្ត​ពុទ្ធា​​ ស្ថិត​នៅក្នុង​ភូមិសាស្រ្ត​នៃ​ឃុំចក ស្រុក​អូររាំង​ឪ ខេត្ត​ត្បូងឃ្មុំ។ អ្នក​ស្រាវជ្រាវ​យល់ថាព្រះ​វិហារ​​​វត្ត​ពុទ្ធាក​​សាង​ឡើង​តាំងពី​ដើម​សតវត្សរ៍​ទី​២០ ជាប្រភេទ​ព្រះ​វិហារ​​​ឈើ​ តែ​​​​គ្មាន​​​​ជញ្ជាំង។ លុះចូល​ដល់​រវាង​ដើម​សម័យ​សង្គមរាស្រ្ត​និយម ព្រះវិហារ​នេះ​បាន​រៀប​ជញ្ជាំង​​ឥដ្ឋ​ និង​គូរ​គំនូរ​រឿង​រ៉ាវ​​ពាក់​ព័ន្ធ​នឹង​ពុទ្ធប្រវត្តិ ដោយគេ​ឃើញ​​មាន​បញ្ចូល​ទិដ្ឋភាព​​សង្គម​​​ក្នុង​​ខ្លឹមសារ​គំនូរ​ផង។ ក្នុង​ទសវត្សរ៍ទី​៩០ អ្នក​ស្រុក​បាន​មូល​មាត់​គ្នា​ជួស​ជុល​ជា​ថ្មី​ម្តងទៀត ជាពិសេស​ការរៀបចំ​គូរលម្អ​លើសសរទាំងអស់ ហើយ​ក្រោយ​មក​គេ​បាន​ជួស​ជុល​គំនូរលើ​ជញ្ជាំង​ត្រង់​ផ្ទាំង​​ខ្លះដែលរលុប​ខូចខាតខ្លាំង។ មក​ដល់សព្វថ្ងៃ​ ព្រះ​វិហា​រ​​វត្ត​ពុទ្ធា​អាច​រាប់បាន​ថាជាសំណង់​បេតិកភណ្ឌ​​ដ៏​​មាន​តម្លៃ​ ដែលមាន​គ្រឿង​បង្គុំ​និង​សសរ​ឈើ​​ធំៗ នៅ​ស្ថិត​ស្ថេរគង់វង្ស ​ស្ទើរតែ​រក​សំណង់​ណា​ប្រៀប​​ប្រដូច​បាន​នៅក្នុង​តំបន់​ជុំ​វិញ សម្រាប់ពុទ្ធសាសនិក​គោរព​បូជា​​​​​ជា​ច្រើន​តំណមក។

ជាការពិតគេ​មើល​ឃើញ​ថាព្រះ​វិហារ​វត្ត​ពុទ្ធា គឺ​ជា​សំណង់​បុរាណ​​ដ៏​រឹង​មាំ ​វិសេស​​ក្រៃលែង សង់​ឡើង​នៅលើ​ខឿន​​ខ្ពស់ ​ដែល​មាន​ដំបូល​ជា​​ទម្រង់​​ព្រះវិហារ​ជហ្វា​បួន​ និង​បើក​​​ល្វែង​​​ខាងក្នុង​៥​ប្រឡោះ​យ៉ាង​​ធំទូលាយ។ ថ្វីបើពុំមានចំណារ ឬកំណត់ត្រាណាចារ​បញ្ជាក់​អំពី​កាលបរិច្ឆេទ​កសាង​ព្រះវិហារ​វត្ត​​ពុទ្ធា តែអ្នក​ស្រា​វ​ជ្រាវ​ Daniel Guéret និង Dominique-Pierre Guéret យល់ថា​​ព្រះវិហារ​នេះកសាង​នៅ​រវាង​ឆ្នាំ​១៩៣៣ រៀប​ជញ្ជាំង​ឥដ្ឋ​​និង​គូរ​គំនូរ​​​​ក្នុង​ឆ្នាំ​១៩៥៩ ហើយ​បាន​ជួស​ជុល​កែ​លម្អគំនូរ​លើសសរ​ឈើ​ទាំង​អស់​​នៅ​ឆ្នាំ​១៩៩០។ ​បច្ចុប្បន្នគេមើល​ឃើញថា​ ព្រះវិហារវត្ត​ពុទ្ធា​គឺជា​ព្រះវិហារ​ជហ្វា​បួន​ ​ប្រក់​ក្បឿង​ស្រកា​លេញ​ និង​លម្អ​ដោយ​នាគ​ចែង​តាម​ចុង​ចែង​នីមួយៗ។​ ហោ​ជា​ងទាំង​ពីររចនា​ក្បាច់​លម្អ​អំពី​កំបោរបាយអ ដែល​គេ​យល់​ថា​ប្រហែល​​ធ្វើ​នៅ​ចុងទសវត្សរ៍​ទី​៥០ ​ជំនួស​​​ហោ​ជាង​ចាស់។ ប៉ុន្តែ​ហោ​ជាង​ទាំង​ពីរ​​មាន​លក្ខណៈ​ពុំ​ដូច​គ្នា​ឡើយ។ ​ហោជាង​ខាង​កើត​មាន​ផ្ទៃ​ពណ៌​​ផ្កា​ឈូក ​រចនា​ជា​រូប​ព្រះ​ពិស្ណុការ​គង់​លើ​ក្បាល​រាហូនៅ​ចំកណ្តាល​ហោជាង និង​ព័ទ្ធ​ជុំវិញ​​ដោយ​ក្បាច់​ភ្ញីទេស។​ ​ជ្រុង​ខាង​លើមាន​ឆ្លាក់​​រូប​ឆ័ត្រ​រួត​បីថ្នាក់(?) និង​រំភាយ​ក្រណាត់​​​លម្អផ្នែក​ខាង​ក្រោម។ រី​ឯ​នៅលើ​ហោជាង​ខាងលិច​មាន​ផ្ទៃពណ៌​ទឹកប៊ិកចាស់ រូប​នៅ​ចំផ្ទៃ​កណ្តាល​​ទំនង​​​​​​​គេឆ្លាក់​​​​តាម​គំរូ​ព្រះសង្ហារ ដែលតំណាង​ឱ្យអង្គព្រះមហាក្សត្រ​​ជាស្តេច​ផែនដី ដ្បិត​​​​​នៅ​គេ​ឃើញមាន​ម្កុដរាជ្យ និង​ព្រះខ័ន​រាជ្យ​​តម្កល់​លើ​ជើង​ពាន អម​ដោយ​រាជសីហ៍​និង​គជ​សីហ៍​​ឈរ​កាន់​ឆ័ត្រ​រួត​ ព័ទ្ធជុំវិញ​ដោយ​ក្បាច់​ភ្ញី​ភ្លើង។

ចំពោះ​រចនាសម្ព័ន្ធផ្នែក​ខាងក្រោម​ដំបូល ​នៅ​លើ​ជញ្ជាំង​​ខាងមុខ​និង​ខាង​ក្រោយ​មាន​​ជណ្តើរ​​ឡើង​ម្ខាង​ពីរ និង​ទ្វារ​​ម្ខាងពីរដូចគ្នា។ ប៉ុន្តែ​នៅលើ​ជញ្ជាំង​ចំហៀង​ពុំមាន​ទ្វារ​ឡើយ​ ពោលគឺ​​​​មាន​តែ​​​​បង្អួច​ម្ខាង​ប្រាំពីរ​ ហើយ​នៅតាម​ស៊ុមទ្វារ​​​និង​បង្អួច​នីមួយៗ​​ គេលម្អ​ដោយ​​ក្បាច់​​ពុម្ព​ស៊ីម៉ងត៍ភ្ជាប់​ដោយ​ទេពប្រណម្យ​​នៅកណ្តាល​ដូចៗ​​​គ្នា។​ មិន​តែ​ប៉ុណ្ណោះ ដោយសា​រព្រះវិហារ​វត្ត​ពុទ្ធា​ជា​ព្រះ​វិហារ​​​​មាន​ជញ្ជាំង​ជាប់​នឹង​សសរ​បាំង​សាច ដូច្នេះ​នៅ​ផ្នែក​​ខាងក្រៅ​គេ​លម្អ​ដោយ​រូប​គ្រុឌ​​តាម​ក្បាល​​សសរ​ចែង​ជញ្ជាំង និង​រូប​​​កិន្នរ​នៅតាម​​ក្បាល​​​សសរ​ចំហៀង​ទាំងអស់។ ដោយឡែក នៅ​ផ្នែក​ខាងក្នុង​ព្រះវិហារ​​គេ​ឃើញមាន​សសរ​ឈើ​ធំ​ៗចំនួន​​​៦០ដើម ដែល​គេ​រចនាលម្អ​ដោយ​រូប​នាគព័ទ្ធព័ន្ធចុះពីពិតាន និង​ក្បាច់រចនា​ផ្សេងៗ​លាយ​ចម្រុះ​​រូប​កិន្នរ រូប​សត្វស្លាប និង​រូប​មនុស្ស​ជាដើម។​ អ្វី​ដែល​គួរ​ឱ្យ​កត់​សម្គាល់ នៅតាម​គល់​សសរ​​ខ្លះ​​មាន​គំនូរ​រូបព្រះយមរាជ រូប​ហនុមាន ឬរូប​សិង្ហ​ជាដើម។ ចំពោះ​សសរ​ពីរ​ជួរ​​​​រត់​បណ្តោយ​​​ព្រះវិហារ​ ដែល​ស្ថិត​នៅអម​ល្វែង​គ្រឹះ​​​មាន​ទំហំធំ​ជាង​គេ ពោលគឺមាន​ទំហំ​​ធំ​ជាង​​មួយ​ឱបរបស់ក្មេង (មុខ​កាត់ប្រហែល៥​-៦តឹក)។ ចំណែក​ឯ​សសរ​​​របៀង ហាក់​ដូចជា​មាន​ទំហំ​តូច​ជា​សសរ​អម​ល្វែង​គ្រឹះ​បន្តិច ហើយ​សសរ​តាម​ជួរ​ជញ្ជាំង​ គឺ​មាន​ទំហំ​តូច​ជា​សសរ​របៀងបន្តិចដែរ។ ប៉ុន្តែយ៉ាង​ណាក្តី សសរឈើ​ក្នុង​ព្រះវិហារ​នេះ​មាន​ទំហំ​ធំៗស្ទើរ​រក​សសរ​ព្រះវិហារ​ណាប្រៀបពុំបានឡើយ ហើយក្នុង​រវាង​ឆ្នាំ​១៩៩០ គេ​បាន​​គូរ​លម្អ​ក្បូរក្បាច់ផ្សេងៗ​ដូររៀបរាប់ខាងលើ ព្រម​ទាំង​លាបពណ៌​តាម​ជើង​សសរ​ឱ្យ​មាន​សណ្ឋាន​ស្ទើ​រ​តែដូច​នឹង​សសរ​បេតុងដែរ។

ព្រះជីវ៍​ខាងក្នុង​ព្រះវិហារ គេ​សាង​ឡើង​នៅ​ចន្លោះ​ល្វែង​គ្រឹះ​ ​តម្កល់​លើ​បល្ល័ង្ក​ខ្ពស់​មួយ​​​នៅ​ផ្នែក​​ចុង​​ខាង​លិច។ ព្រះបដិមា​​ព្រះជីវ៍​អង្គនេះ​ សាងឡើង​​ពី​ស៊ីម៉ងត៍​ក្នុង​ទម្រង់​ជា​ព្រះពុទ្ធផ្ចាញ់​មារ​ ពោល​គឺ​ទ្រង់ព្រះព្នែន ចុងព្រះហស្ត​ស្តាំ​គង​លើ​ព្រះបាទ​ស្តាំ​ ​សំយុង​ចុះ​ក្រោម​ ព្រះ​ហស្ត​ឆ្វេង​​លា​ផ្ងារ​ដាក់​លើ​ព្រះបាទ។ ប៉ុន្តែយ៉ាង​ណាក្តី គេពុំ​ឃើញ​មាន​ចំណារ​ ឬ​ព័ត៌មាន​​អ្វី​បញ្ជាក់​ឱ្យ​ដឹង​ថា​ព្រះបដិមា​ព្រះជីវ៍​តម្កល់​ក្នុង​ព្រះវិហារ​​នេះ​​សាង​​ឡើង​ក្នុង​ឆ្នាំ​ណា​ជាក់លាក់ឡើយ។ ​ចំណែក​ឯនៅផ្នែក​ខាងក្រោយ​បល្ល័ង្ក​ គេ​ថែម​ទាំងគូរ​រូប​នាង​​គង្ហីង​ច្បូត​សក់​ដែល​យើងតែងឃើញ​ជា​និច្ច​ក្នុង​គំនូរ​ត្រង់ព្រះអង្គ​ផ្ចាញ់មារ។ សូម​រំលឹក​ថា​ អ្នក​ស្រាវជ្រាវ​​សម្គាល់​ឃើញ​ចម្លាក់​បង្ហាញត្រង់ឈុតផ្ចាញ់មារ ដែល​មាន​រូបនាង​គង្ហីង​ច្បូត​សក់​ភ្ជាប់​ជាមួយ គឺយ៉ាងហោចណាស់តាំងពីរវាងសតវត្សរ៍​ទី១២ និងបន្ត​ជា​ហូរហែ​មកដូច​ជា ​ឆ្លាក់​នៅ​ប្រាសាទ​​តាព្រហ្មនៅតំបន់អង្គរ ប្រាសាទតាព្រហ្ម​​នៅទន្លេ​បាទី ខេត្ត​តាកែវ​ និង​ប្រាសាទ​វត្ត​នគរ​បាជ័យ​ក្នុង​ខេត្តកំពង់ចាមជាដើម។

គំនូរ​ក្នុង​ព្រះវិហារ ជាទូទៅ​គេ​សង្កេត​ឃើញវិចិត្រករ​គូរ​បញ្ចូល​​​​ព្រះឆាយា​លក្ខណ៍​​ព្រះ​​មហា​ក្សត្រ​​​ខ្មែរ​​ រូប​បុគ្គល​ល្បី​ និង​​ទិដ្ឋភាព​ផ្សេងៗ​ក្នុង​សង្គម។ គំនូរ​នៅលើ​ជញ្ជាំង​​មាន​ពីរ​​​ជួរ ពោលគឺ​ជួរ​ខាងក្រោម​ជា​ឈុត​សំខាន់ៗ​ក្នុង​ជាតក និង​ជួរ​ខាងលើ​ជា​​ខ្សែ​រឿង​ក្នុង​​ពុទ្ធ​ប្រវត្តិ​ ហើយ​មាន​ចំណារ​ឆ្នាំ​បញ្ជាក់​ “ព.ស.​២៥០២ ឆ្នាំ​១៩៥៩” ក្បែរ​ឈុត​​ចុង​បញ្ចប់​នៃ​ខ្សែ​រឿង​។ ប៉ុន្តែ​គំនូរ​ជួរ​ខាងក្រោមដែល​ស្រង់យក​ពីរឿង​ជាតក​ស្ទើរ​តែ​ទាំង​អស់ បានគូរ​បន្ថែមឡើង​វិញ​នៅ​រវាង​ឆ្នាំ​២០០០​ប្លាយ​។ ទន្ទឹម​នឹង​នេះ​នៅ​ផ្ទៃ​​ជញ្ជាំង​​អម​​សង​ខាង​ទ្វារ​​នីមួយៗ គេ​គូរ​រូប​យោធា​សម័យ​​សង្គម​​រាស្រ្ត ​រូប​បុរស​ស្រ្តី​ស្លៀក​ពាក់​​បែប​ទំនើប និង​រូប​បុរស​​ស្ត្រី​ស្លៀក​ពាក់​របៀប​ពួក​ក្លឹង្គជាដើម។

ចំណែឯគំនូរ​លើ​ជញ្ជាំង​ដែលនិយាយអំពីរឿង​ពុទ្ធនៅក្នុង​ព្រះវិហារ​វត្ត​ពុទ្ធា គឺ​ចាប់​ផ្តើ​ម​ឡើង​នៅ​លើ​ជញ្ជាំង​ខាងត្បូង​ចុង​ខាងកើត​ សរុប​មាន​ចំនួន​២៨​ផ្ទាំង​ ពោលគឺ​ផ្ទាំង​ទី​១ “ទេវតា​យាង​សន្តុសិត​ទេវ​បុត្រឱ្យ​ច្យុត​មកចាប់កំណើត” រហូត​ដល់​ផ្ទាំង​ចុង​ក្រោយ​គឺ “ចែក​​ព្រះ​សារី​រិកធាតុ”។ ​ចាប់ផ្តើម និង​បញ្ចប់​រឿង​បែប​នេះ ​ហាក់​ដូចពុំ​ប្លែក​​ពី​ការ​សង្កេត​របស់​អ្នកស្រាវជ្រាវ​អំពីគំនូរ​នៅតាម​វត្ត​ឡើយ។ ប៉ុន្តែអ្វីដែលពិសេស និង​គួរ​ឱ្យ​កត់​សម្គាល់​ក្នុង​គំនូរ​ពុទ្ធប្រវត្តិនៃព្រះវិហារវត្ត​ពុទ្ធា គឺការ​គូរ​បញ្ចូល​ព្រះឆាយាលក្ខណ៍​អង្គ​ព្រះមហាក្សត្រ​ក្នុង​ឈុត​សំខាន់យ៉ាង​ណាស់​ពីរ “ព្រះអង្គ​យាង​ចូល​បរិនិព្វាន​ទៀប​នគរ​កុសិនារា” និង​ “កាល​​​ថ្វាយ​ព្រះ​ភ្លើង​ដល់​ព្រះសម្មាសម្ពុទ្ធ”។ ក្នុង​ឈុត​ដែល​ព្រះសម្មាសម្ពុទ្ធ​យាង​ចូល​ព្រះ​និព្វាន វិចិត្រករគូរ​ទិដ្ឋភាពទាំងមូល​នៅ​មុខ​ប្រាសាទ​អង្គវត្ត ហើយ​គូរ​ព្រះឆាយាលក្ខណ៍​ ព្រះបាទ នរោត្ដម សុរាម្រឹត និង ព្រះមហា​ក្សត្រី​យានី ព្រមទាំង​ ព្រះបាទ នរោត្ដម សីហនុ​​ គង់នៅក្រោយ​ព្រះសព​ព្រះសម្មាសម្ពុទ្ធ។ ព្រះឆាយាលក្ខណ៍ ព្រះបាទ នរោត្ដម សីហនុ​​ គេ​​​គូរជា​ពីរ​អង្គ ពោលគឺមួយបែបទ្រង់អាវធំ​របៀបផ្លូវការបែប​អឺរ៉ុប និងមួយទៀត​ទ្រង់​ព្រះភូសាកុតកពណ៌ស។​

រីឯនៅត្រង់ឈុត​ថ្វាយ​ព្រះភ្លើងដល់​ព្រះបរមសព​ព្រះសម្មាសម្ពុទ្ធ គេគូរ​ព្រះឆាយា​លក្ខណ៍​ ព្រះបាទ នរោត្ដម សីហនុ ទ្រង់​ឈរ ព្រះពស្រ្តក្បិន និង​ព្រះភូសាផាយ​។ ព្រះឆាយាលក្ខណ៍​បែបនេះ គេឃើញមាន​គូរច្រើនក្នុង​ព្រះវិហារ​កសាង​ឡើង​​ក្នុង​សម័យ​សង្គមរាស្រ្តនិយម។ ផ្សេងពីនេះ គេក៏សង្កេតឃើញផងដែរថា វិចិត្រករ​ថែម​ទាំង​​មាន​គូរ​រូប​​មហាត្មៈគន្ធី​ ដែលជាមេដឹកនាំ​ដ៏ល្បីល្បាញ​របស់ឥណ្ឌាកំពុង​អង្គុយ​បញ្ឈរ​​ជង្គង់​ លើក​​ដៃប្រណម្យក្បែរថាសបាយ​ និងព្រះបាទ នរោត្ដម សីហនុ (?) ទ្រង់​ព្រះ​ពស្រ្តក្បិន​ ព្រះ​ភូសាកុតក កាន់​ភាជន៍​បាយ រង់ចាំដាក់បាត្រ​​ព្រះសម្មាសម្ពុទ្ធ​និមន្ត​មក​ក្រុង​កបិល​ពស្តុ​។

ក្រៅពីនេះ គេក៏សង្កេតឃើញវិចិត្រករ​គូរភ្ជាប់មន្រ្តីរាជការ​ខ្មែរ​​ក្នុង​សម្លៀក​បំពាក់​ផ្លូវ​ការ​ក្នុង​ឈុត​ផ្សេងៗទៀត​នៃគំនូរដូចជា “ទ្រង់​លើកធ្នូសម្តែងឫទិ្ធ” ឬ “ពិធីអភិសេក​” ជាដើម។ ផ្ទុយ​ពីនេះចំពោះគំនូរនៅលើ​ពិតាន​ខាង​លើ ដែលជា​ពិតាន​​ឈើ​ គេគូរ​តែ​​​​​ព្រះ​អាទិត្យ​ ព្រះ​ចន្រ្ទ និង​ទេវតា​ហោះហើយត្រដែត​លើ​អាកាស​ប៉ុណ្ណោះ។ ប៉ុន្តែ​បើ​គំនូរ​នៅ​លើ​បន្ទះ​ក្តារហប់ខ្យល់ជុំវិញ គេគូរ​ទេសភាពនៃសង្គមមួយ​ដែលមាន​រូប​ឡាន ម៉ូតូ ដើម​ត្នោត​ វាល​ស្រែ សត្វស្រុក និ​ងសត្វព្រៃផ្សេងៗ ព្រម​ទាំង​គំនូរ​ពិសេស​មួយបង្ហាញ​ទិដ្ឋភាព​មុខ​ប្រាសាទអង្គរវត្ត។ សូមបញ្ជាក់ថា ចំពោះព្រះវិហារ​បុរាណ​នៅទីនានា ត្រង់​ហប់ខ្យល់នេះ គេច្រើនគូររឿង​ពុទ្ធប្រវត្តិ ឬរឿង​ជាតក​ត្រង់អន្លើ​សំខាន់​ណាមួយ ក្នុង​​ទម្រង់​ជា​គំនូរ​បុរាណ​តូចៗយ៉ាង​ល្អវិចិត្រ។

សង្ខេបសេចក្តីមក ព្រះវិហារ​វត្តពុទ្ធា​ គឺជាសំណង់​​ឈើ​​ដ៏​ល្អមួយ​នៅតាម​វត្ត​អារាម​ក្នុង​សង្គមខ្មែរ ដែលត្រូវ​ចាត់ទុក​ជា​សំណង់​បេតិកភណ្ឌ ​ប្រកប​ដោយ​​តម្លៃនិង​សិល្បៈ​ដ៏​សំខាន់​របស់​សហគមន៍។ ខ្លឹមសារ​គំនូរ​ពាក់​ព័ន្ធនឹង​ពុទ្ធប្រវត្តិ ឬរឿង​ជាតកនានា​ដែល​លើក​​​មក​គូរ​បង្ហាញ ក៏មាន​រួម​បញ្ចូល​នូវ​ទិដ្ឋភាព​សង្គមខ្មែរមួយក្នុង​អតីតកាល ជាពិសេស​​គឺ​ព្រះរាជវត្ត​មាន​ព្រះឆាយាលក្ខណ៍​ព្រះមហាក្សត្រ ព្រះមហាក្សត្រីខ្មែរ ព្រមទាំង​បុគ្គល​សំខាន់​ដ៏ល្បីលើពិភពលោក ដែល​គេអាច​ចាត់ទុកថាជា​លក្ខណៈ​លេចធ្លោតែមួយ​គត់​នៃ​ព្រះវិហារ​វត្ត​ពុទ្ធា៕

អត្ថបទដោយ៖ ហៀន សុវណ្ណមរកត

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!