ទំព័រដើមសិល្បៈព្រះវិហារ​ចាស់​នៅវត្ត​កណ្តាល

ព្រះវិហារ​ចាស់​នៅវត្ត​កណ្តាល

វត្ត​កណ្តាល ឬហៅថាវត្ត​សំរិទ្ធិជយារាម ស្ថាបនាឡើង​នៅ​ប្រប​តាមដងទន្លេធំ (ទន្លេ​មេគង្គ) ស្ថិត​ក្នុង​​ឃុំកោះអណ្តែត ស្រុកស្រីសន្ធរ ខេត្ត​កំពង់ចាម។ ​បើ​ផ្អែក​តាម​ចំណារ​​​​នៅខាងមុខបល្ល័ង្កព្រះជីវ៍​ឱ្យដឹង​ថា វត្តនេះមាន​ឈ្មោះដើម​ហៅ “វត្ត​ចុងកោះ​អណ្តែត”​។ បច្ចុប្បន្ន​​នៅក្នុង​បរិវេណ​វត្តមានព្រះវិហារ​ពីរ​ទន្ទឹម​គ្នា កសាង​ជាប់លើ​ខឿន​តែមួយ​។ ​ព្រះ​វិហារ​ចាស់​ស្ថិត​នៅខាងត្បូង​ ជា​ព្រះវិហារ​ដែលមានសសរ​ឈើ​​ និង​​គំនូរ​បុរាណ​​​​គូរ​លើ​ពិតាន​ឈើយ៉ាង​ល្អ​វិចិត្រ​ ហើយ​អ្នក​ស្រាវជ្រាវ​យល់​ថាព្រះវិហារ​នេះ​កសាង​​ឡើង​​តាំង​ពី​ដើម​​សតវត្សរ៍​ទី​២០។ ​នៅ​ក្នុង​សម័យ​សង្គមរាស្រ្តនិយម ពុទ្ធបរិស័ទ​បាន​រួមគ្នា​ជួស​ជុល​​កែ​លម្អ​​​ព្រះ​វិហារ​នេះ​​ម្តង ហើយរហូត​ដល់​ក្រោយ​សម័យ​កម្ពុជា​ប្រជា​ធិបតេយ្យ​ (​ប៉ុល ពត) ព្រះ​វិហារ​នេះបាន​ជួស​ជុល​ម្តង​ទៀត។ ​ប៉ុន្តែ​ក្រោយកសាងព្រះវិហារ​ថ្មីរួច​មក ព្រះ​​​វិហារ​​​ចាស់​​ដែល​មាន​អាយុកាល​ជាង​១សតវត្សរ៍​​នេះ ​ហាក់ដូចជា​ពុំមាន​តួនាទី​សំខាន់​សម្រាប់​​រៀបចំ​​​​​ពិធី​បុណ្យ​ទាន​តូចធំ ឬការ​គោរព​បូជា​​ផ្សេងៗ​​ដូច​បុរាណកាល​ឡើយ។

ព្រះវិហារ​ចាស់​ក្នុង​វត្ត​កណ្តាល ​សង់នៅលើ​ខឿន​​កម្ពស់​​ត្រឹម​ចង្កេះ ​​​ទទឹ​ង​​ប្រហែល​​​​៩​ម៉ែត្រ​កន្លះ និង​បណ្តោយ​​ប្រហែល​១៩ម៉ែត្រ​កន្លះ។ ព្រះវិហារ​នេះសង់អំពី​ឈើ ជញ្ជាំង​រៀប​​ឥដ្ឋ ជា​ប្រភេទ​ព្រះវិហារ​ជហ្វា​បួន ដំបូល​ប្រក់​ក្បឿង​ស្រកាលេញ។ ប៉ុន្តែ​​បច្ចុប្បន្ន​ព្រះ​វិហារ​​ខាងលើ​កំពុង​ស្ថិត​ក្នុង​សភាព​​ទ្រុឌ​ទ្រោម ពុកផុយ ខូច​ទាំង​ទ្វារនិង​បង្អួច​​ដោយ​​អន្លើៗ។ បើយោង​តាម​ការ​សិក្សា​របស់​ Danielle និង​ Dominique-Pieree Guéret យល់​ថា​ព្រះ​វិហារ​​ចាស់វត្ត​កណ្តាល​កសាង​ក្នុង​ឆ្នាំ​១៩០៩ ហើយ​គំនូរ​លើ​ជញ្ជាំង​គូរ​​នៅ​ក្នុង​​ឆ្នាំ​​១៩៦៤។ ប៉ុន្តែ​​បើ​​យោង​តាម​ផ្ទាំង​ចារឹក​មួយចារ​​ជាប់​បល្ល័ង្ក​ព្រះជីវ៍ ទីវត្ត​នេះ​កសាង​តាំង​​ពី​​ពុទ្ធសករាជ​​២៤៣៨ (ឆ្នាំ​១៨៩៥) ហើយ​ព្រះវិហារ​កសាងក្នុង​ឆ្នាំ​១៩០០។ មិនតែ​ប៉ុណ្ណោះ ​នៅលើ​ជញ្ជាំង​ខាងកើត មាន​​ចំណារ​​មួយផ្ទាំង​​តូច​​ទៀត​ដែល​មាន​សេចក្តី​ខ្លី​​ថា “បាន​​​​រូស(រុះ)រើជញ្ជាំង​ចាស់​ធ្វើ​ជា​ថ្មី​ឡើង​វិញ​ពីឆ្នាំ​ម្សាញ់ សប្តស័ក ព.ស.​២៥០៨”។ តាម​​សេចក្តី​​​នេះ​មាន​ន័យ​ថា ជញ្ជាំង​ព្រះវិហារ​សព្វថ្ងៃរុះរើរៀបថ្មី​ក្នុងឆ្នាំ​១៩៦៥។

ព្រះវិហារ​ចាស់វត្ត​កណ្តាល មើលពីជ្រុង​ពាយ័ព្យ និង​មើលពីខាងលិច

បច្ចុប្បន្ន គេមើលឃើញថាព្រះវិហារ​ចាស់វត្ត​កណ្តាល ជា​ព្រះវិហារ​​​​មាន​​លក្ខណៈ​ពិសេសគួរឱ្យ​កត់​សម្គាល់ ពោលគឺ​ទាំងគ្រឹះ ជណ្តើរ ជញ្ជាំង​ និង​ទ្វារ​-បង្អួច​​​ទាំង​អស់​ពុំមាន​ក្បាច់​លម្អឡើយ។ នៅផ្នែក​ខាង​មុខ និង​ខាងក្រោយ​​មាន​ជណ្តើរ​និង​ទ្វារម្ខាងពីរ​ដូចគ្នា។ ចំណែក​ខាងចំហៀង​ គឺមាន​បង្អួច​ម្ខាង៧ ដូចគ្នាដែរ។ ប៉ុន្តែ​ផ្នែក​គ្រឿង​បង្គុំ​ដំបូល ​ហោជាង គល់​ហោជាង រងស្បូវ​ សុទ្ធសឹង​ប្រកប​ដោយ​ក្បាច់​រនា​យ៉ាង​រស់​រវើក​​ក្រៃលែង។ ចំពោះ​ហោជាង​ខាងមុខរចនា​ពីឈើ លម្អដោយ​ក្បាច់​ភ្ញី​ភ្លើង​​ដែលមាន​រូប​ជើង​ពាន​​ទ្រ​ទាន​​៥ដើម​នៅចំកណ្តាល និង​មាន​ស្លឹក​ឈើ​ព័ទ្ធជាកម្រងពីក្រៅ។ នៅផ្នែក​ខាងលើ គេ​ឆ្លាក់​​​ក្បាល​ខាប​មួយយ៉ាងធំមើលចំពីមុខ។ នៅគល់ហោជាង គេរចនា​ក្បាច់ធ្មេញ​ក្របី​នៅ​ជួរ​​​ខាងលើ និង​ក្បាច់​ត្របក​ឈូក​នៅជួរ​ខាងក្រោម។ ចំណែកឯនៅ​លើ​ហោជាង​​ខាងលិច ក៏​ធ្វើពីឈើដែរ តែហោជាង​នេះ​​រចនា​ជា​ក្បាច់​ភ្ញីទេស​ ដែល​មាន​​ដើម​ប្រទាក់​គ្នា​យ៉ាង​ល្អវិសេស។ នៅផ្នែក​កណ្តាល​គេឆ្លាក់​ជា​រូប​ជើង​ពាន​ទ្រគម្ពីរ(?) និង​ឆ័ត្ររួត​មួយ​នៅខាងលើ ព្រម​ទាំង​ឆ័ត្រ​រួតមួយគូទៀត​អមសងខាង។ ទន្ទឹម​នឹង​នេះ​ផ្ទៃ​ហោជាង​ទាំងពីរ​សុទ្ធតែដាំកញ្ចក់លម្អយ៉ាង​ភ្លឺផ្លេកដូចគ្នា។

ដោយឡែកក្រៅពីក្បាច់រចនា​លម្អលើ​ហោជាងដូចរៀបរាប់ខាងលើ នៅលើ​រង​ស្បូវ​​នៃព្រះវិហារ​ចាស់ក្នុងវត្ត​កណ្តាល ក៏ឃើញមានក្បាច់​លម្អ​ឆ្លាក់ពីឈើ​គួរឱ្យ​ចាប់​អារម្មណ៍​។ រងស្បូ​វ​ព្រះវិហារ​នេះ លម្អដោយក្បាច់​កញ្ចាំងក្នុង​ទម្រង់ស្លឹក​ពោធិបញ្ឆិត​ទាំង​អស់​ ដែល​នៅ​ខាង​ចុង​សន្លឹកមាន​សណ្ឋាន​ដូច​​ក្បាច់ភ្ញីភ្លើង។ ប៉ុន្តែអ្វីដែល​កាន់តែ​ពិសេស​ គឺ​នៅ​លើ រង​ស្បូវ​​​​ចំហៀង​​ទាំង​សងខាង​នៃចុង​ដំបូលខាងលើ​បំផុត គេ​ឆ្លាក់ផ្នែក​កណ្តាល​នៃខ្សែក្បាច់​ជារូប​រាហូ។ ចំណែកឯ​នៅ​ខាង​ចុង​ខ្សែក្បាច់ទាំង​សងខាង គេឆ្លាក់រូប​ហនុមាន​ប្រយុទ្ធនឹង​យក្ស​។ ការ​ឆ្លាក់​លម្អលើ​រងស្បូវ​បែប​នេះ គេឃើញ​​ស្រដៀងនឹង​​រងស្បូវ​ព្រះ​វិហារ​​ចាស់​វត្ត​រកា​កណ្តាល នៅ​ខេត្ត​ក្រចេះ។ មិនតែប៉ុណ្ណោះ ​នៅលើ​សន្លឹក​ក្បាច់រង​ស្បូវ​នីមួយ​​ៗ​​សុទ្ធតែមាន​ដាំកញ្ចក់​ភ្លឺ​ផ្លេក​​ដូច​ការ​ដាំកញ្ចក់លម្អ​លើ​ហោជាង​ដែរ។

ក្បាច់លម្អ និងការឆ្លាក់​រូបផ្សេងៗនៅលើ​រងស្បូវ

ចំណែក​ខាង​ក្នុង​ព្រះវិហារ មាន​សសរ​ឈើ​​៣២​ដើម​​ ​​សង់​​​ឡើង​ជា​បី​ល្វែង ពោលគឺ​ល្វែង​​គ្រឹះ​នៅ​​កណ្តាល និង​របៀងសង​ខាង។ នៅ​ចុង​​​ខាង​លិច​​​ល្វែង​គ្រឹះ មាន​បល្ល័ង្កខ្ពស់មួយយ៉ាង​ល្អវិចិត្រ​តម្កល់​ព្រះបដិមា​ព្រះជីវ៍​ធំ​​។ ខឿន​បល្ល័ង្ក មាន​​គំនូរ​ពាក់​ព័ន្ធ​​រឿង​ពុទ្ធ​ប្រវត្តិ​ និងចំណារ​សារបាន​វត្ត​ចារ​នៅខាងមុខ ដែលនាំឱ្យដឹង​ថា​ព្រះជីវ៍​សព្វថ្ងៃ​កសាង​​ឡើង​​វិញក្នុងឆ្នាំ​១៩៨១។ ចំណុច​ពិសេស​នៃបល្ល័ង្កនេះ គឺនៅលើ​តួ​បល្ល័ង្ក​​​​​​រចនា​​ជា​ក្បាច់​ភ្ញើ និង​​រូប​ផ្សេងៗតាម​របៀប “​គំនូរ​បុក” ដែល​​​ឃើញ​និយម​ក្នុង​សិល្បៈ​ខ្មែរ​តាំងពី​ដើម​សតវត្ស​រ៍​​ទី​២០។ ចំពោះពិតានព្រះវិហារ​នេះ គឺជាពិតានឈើ​ដែល​​​រៀបចំ​​ឡើង​​តែ​លើ​ចន្លោះ​ល្វែង​គ្រឹះ​ប៉ុណ្ណោះ។ គំនូរ​នៃពិតាន ជា​ប្រភេទគំនូរ​បុរាណ​​ដែល​​អ្នក​ខ្លះ​​​យល់​​ថា​គូរ​ទន្ទឹម​ពេលគ្នា​នឹង​ការសង់ព្រះវិហារ។ ប្រធានបទ​សំខាន់ៗ​គូរ​លើ​ពិតាន​​ គឺ​រូប​​ព្រះ​​អាទិត្យ ព្រះចន្រ្ទ និង​ទេពនិករ​នានាលើ​អាកាស។

គំនូរលើ​ជញ្ជាំង​ជុំវិញ គូររៀបរាប់​អំពីរឿងពុទ្ធប្រវត្តិ ដោយ​ផ្តើម​ពី​ត្រង់​ព្រះអង្គ​ទ្រង់​ប្រសូត​លើ​ជញ្ជាំង​ខាងត្បូង​ ចុង​ខាងកើត​​ រួច​សាច់​រឿង​បន្តទៅជញ្ជាំងខាងលិច​ដែលមាន​ផ្ទាំង​សំខាន់គឺព្រះអង្គផ្ចាញ់មារ​​លើ​ជញ្ជាំង​ចំ​ខាង​ក្រោយបល្ល័ង្ក​ព្រះជីវ៍ រហូត​មក​បញ្ចប់​ត្រង់​ព្រះអង្គ​បរិនិព្វាន​ និង​ចែក​ព្រះ​បរម​សារី​រិក​ធាតុ​​លើ​ជញ្ជាំង​​​ខាង​កើតដូចព្រះវិហារ​ផ្សេងៗ​​ដែរ​។ បើ​ផ្អែក​តាម​ចំណារ​​មួយនៅលើ​ជញ្ជាំង​ខាង​កើត បញ្ជាក់ច្បាស់​ថា​ “ចាប់​ផ្តើម​កសាង​គំនូរ​នៅ​​ខែ​​​​ទុតិយាសាឍ ឆ្នាំ​កុរ​ បញ្ចស័ក ព.ស.​២៥២៦ ត្រូវ​នឹងថ្ងៃទី​១ ខែសីហា ឆ្នាំ​​១៩៨៣។ ក្នុងការ​កសាង​នេះ ពុទ្ធបរិស័ទខ្លះមានសទ្ធា​ចេញប្រាក់​ជួល​ជាងគូរតាមផ្ទាំង​មួយៗ [តាម]​គ្រួសារ​​​មួយៗ។ ពុទ្ធបរិស័ទខ្លះ​មានសទ្ធា​ឧបត្ថម្ភជាង​ទទួល​វេន​ធ្វើ​ម្ហូបអាហារ ដរាប​​ហើយ​ស្រេច​​​នៅ​ថ្ងៃ​១៥កើត ខែផល្គុណ​ ឆ្នាំដដែល​ ត្រូវ​នឹង​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​១៩៨៤”។ ដូច្នេះ​គំនូរ​​លើ​ជញ្ជាំង​ជុំវិញព្រះវិហារ ពុំមែន​សាងឡើង​ក្នុង​ឆ្នាំ១៩៦៤ ដូច Danielle និង​ Dominique-Pieree Guéret យល់ឡើយ ដ្បិត​ម្យ៉ាងទៀតជញ្ជាំង​ព្រះវិហារ​​នេះ​បាន​​រុះរើសាង​ថ្មី​ក្នុង​ឆ្នាំ​១៩៦៥។ ​បើតាម​​សង្កេត ចំណុច​ពិសេស​នៃ​គំនូរ​ពុទ្ធប្រវត្តិ​ក្នុង​ព្រះវិហារ​ខាងលើ គឺវិចិត្រ​ករ​​គូរ​​បញ្ចូល​តួអង្គ​អតីត​ព្រះ​​មហា​ក្សត្រ និងទិដ្ឋភាព​សង្គមខ្មែរខ្លះ​ ក្នុង​ឈុត​មួយ​ចំនួន​ដូច​ការ​​និយមា​​ក្នុង​សម័យ​​សង្គមរាស្រ្ត​និយម។ ឈុត​ព្រះអង្គទ្រង់ប្រសូត្រ គេ​គូរ​​​ពួក​ទេព​និករ​​​​នៅ​​ផ្នែក​ម្ខាង ឯផ្នែក​ខាងទៀតប្រហែលគេគូរ​បញ្ជាក់​ព្រះវត្ត​មានក្សត្រ និង​វត្ត​មាន​អ្នក​នគរ​ផ្សេងៗ ដែលក្នុង​នោះ​វិចិត្រ​ករ​ហាក់មាន​ចេតនា​ចង់គូរ​បង្ហាញតួ​អង្គ ​​​ព្រះ​បរម​រតនកោដ្ឋ​ ​​​​​​ទ្រង់​គ្រឿង​​ព្រះពស្រ្ត​ក្បិន​ពណ៌លឿង និង​ព្រះភូសាកុតកត្រង់ តែពុំមាន​ព្រះ​សុពណ៌បាទ​ឡើយ​។ រីឯគំនូរ​ត្រង់​ឈុត​ព្រះអង្គបិណ្ឌ​បាត្រ​នៅ​នគរ​កបិលភស្តុ ក្រៅពី​បង្ហាញ​ឱ្យ​ឃើញ​ពីព្រះអង្គនិមន្ត​នាំមុខ​ភិក្ខុ​​រាប់រយ​អង្គ​ ដោយ​​ព្រះវត្ត​មាន​ព្រះសុទ្ធោទន៍​​យាងមក​ថ្វាយ​បង្គំ វិចិត្រ​ករ​បាន​គូរបញ្ចូល​សំណង់​ខ្លះ​មាន​លក្ខណៈ​ស្ទើរដូច​ព្រះបរម​រាជ​វាំង​​​ក្រុងចតុមុខ។ មិនតែប៉ុណ្ណោះ អ្វីដែល​គួរឱ្យ​ចាប់​អារម្មណ៍​ គឺការ​គូរ​បង្ហាញ​​ទង់​ជាតិ​​នៃ​របប​សាធារណរដ្ឋប្រជាមានិតកម្ពុជា នៅ​ខាង​ចុង​នៃ​ជួរ​ភិក្ខុ​ទាំងឡាយ។

កាល​ព្រះអង្គទ្រង់ប្រសូត

ដូច្នេះតាម​រយៈ​ការ​រៀបរាប់ដោយសង្ខេបខាងលើ គេ​អា​ចយល់បាន​ថា​ ព្រះវិហារ​ចាស់នៅវត្ត​កណ្តាល ​គឺជា​សំណង់​​បេតិកភណ្ឌមាន​អាយុ​កាល​​ជាង​​១០០ឆ្នាំ​ កសាងឡើង​ប្រកប​ដោយ​​ទេពកោសល្យ និង​ទឹកដៃ​សិល្បៈ​យ៉ាង​ល្អឆើត ដែល​ធ្លាប់មានការ​ជួសជុល​ថែរក្សា​​រាប់តំណមក។ ការរចនា​ផ្សេងៗ រាប់​ទាំង​ជហ្វា នាគចែង ហោជាង រងស្បូវ​ ​គំនូរ​បុរាណលើ​ពិតាន​ និង​បល័ង្កព្រះជីវ៍ ក៏​ជា​ផ្នែក​យ៉ាង​សំខាន់​​នៃ​សិល្បៈ​ខ្មែរ​ដើម​សតវត្សរ៍​ទី​២០។ ប៉ុន្តែ​ចំពោះ​ជញ្ជាំង​ព្រះវិហារ​ គឺ​ជាជញ្ជាំង​ថ្មី​រៀប​ឥដ្ឋកាល​ពីឆ្នាំ​១៩៦៥ ហើយគំនូរ​នានាលើជញ្ជាំង​ ជាការ​រៀបចំ​គូរក្នុង​ឆ្នាំ​១៩៨៣ រហូត​បញ្ចប់​ក្នុង​ឆ្នាំ​១៩៨៤ ដែលខុស​ពី​ការ​យល់របស់​ Danielle និង​ Dominique-Pieree Guéret ថាជញ្ជាំង និងគំនូរសាងឆ្នាំ​១៩៦៤​ឡើយ។ មិន​តែប៉ុណ្ណោះ ចំណុច​ពិសេស​នៃគំនូរ​លើ​ជញ្ជាំង​ព្រះវិហារ​ខាងលើ គឺ​វិចិត្រ​ករ​បាន​បញ្ចេញ​សេរីភាព​សិល្បៈ បង្ហាញ​ទម្រង់​ព្រះភ័ក្រ្ត​អតីតព្រះមហាក្សត្រ នៅក្នុង​របប​ដឹក​នាំ​​ដែល​ពុំគាំទ្ររាជានិយម៕

អត្ថបទដោយ៖ ហៀន សុវណ្ណមរកត

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!