កាលដើមឡើយ វត្តព្រះធាតុនេះស្ថិតនៅក្នុងភូមិព្រះធាតុ ឃុំរលួស ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ ចាប់ពីឆ្នាំ២០១១មក ទីតាំងនេះត្រូវកាត់បញ្ចូលក្នុងសង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញវិញ។ យោងតាមគេហទំព័រ https://cisark.mcfa.gov.kh បានឱ្យដឹងថាក្នុងបរិវេណអារាមនេះ មានព្រះវិហារចំនួនពីរ និងកសិន្ធុព័ទ្ធជុំវិញចំនួន១។ ព្រះវិហារខាងត្បូង សាងសង់លើទីទួលប្រាសាទបុរាណ ដែលហៅថាទួលព្រះធាតុ។ ឈ្មោះព្រះធាតុនេះ តែងប្រទះឃើញនៅទីតាំងអតីតប្រាសាទបុរាណ ភាគច្រើនជាប្រាសាទព្រហ្មញ្ញសាសនា និងត្រូវកែមកជាទីតាំងពុទ្ធសាសនាវិញ។ ទីទួលនេះមានសំណល់ខឿនថ្មបាយក្រៀម មានផ្លូវចូលពីទិសខាងកើត។
សំណល់បុរាណវត្ថុនៅវត្តព្រះធាតុ (រូបថត៖ CISARK)
បើតាមសំណេះសំណល់នៅទីតាំងនេះ បញ្ជាក់ថាទីតាំងនេះជាស្ថានសាសនាតាំងពីសម័យមុនអង្គររហូតមកដល់ចុងស.វ.ទី១២និងដើមស.វ.ទី១៣ ក្នុងរាជ្យព្រះបាទស្រីជ័យវម៌្មទេវទី៧។ ភស្ដុតាងសម័យមុនអង្គរ មានដូចជា៖ ផ្ដែររចនាបថសម្បូរព្រៃគុហ៍ចំនួន២ បំណែកថ្មថ្លើមអណ្ដើកមួយចំនួនដែលមានទាំងស្នាណទ្រោនីផងដែរ និងសិលាចារឹកចំនួន២ផ្ទាំង។ ស្របនឹងភស្ដុតាងនេះ យើងក៏ឃើញមានទីតាំងសម័យមុនអង្គរសំខាន់ៗដែលនៅជុំវិញនោះ ដូចជាសំណល់ប្រាសាទនិងសិលាចារឹកនៅវត្តជើងឯក ក្រាំងព្រះពុទ្ធដែលរកឃើញផ្ទាំងសិលាចារឹក និងប្រាសាទវត្តប្រាសាទជាដើម។ ឯភស្ដុតាងសម័យអង្គរ មានវត្ថុសិល្បៈជាច្រើនស្ថិតក្នុងរចនាបថបាយ័នដូចជា៖ តោ នាគ បង្កាន់ដៃនាគ ព្រះពុទ្ធរូប បល្ល័ង្កជាដើម។ នៅរវាងដើមពាក់កណ្ដាលទី២នៃស.វ.ទី១២ ក៏មានផ្ទាំងសិលាចារឹកមួយផ្ទាំង រកឃើញនៅទួលអង្គក្រសាំងឆ្មារ ដែលមានចុះកាលបរិច្ឆេទនាមហាសករាជឆ្នាំ១០៨៤ ត្រូវនឹងគ្រិស្ដសករាជឆ្នាំ១១៦២ ក្នុងរាជ្យព្រះបាទយសោវម៌្មទេវទី២ គឺជាភស្ដុតាងបង្ហាញអំពីអត្ថិភាព នៃសាសនដ្ឋានតំបន់នោះផង។ គួរបញ្ជាក់ផងថា នៅទីតាំងនេះធ្លាប់ធ្វើកំណាយសង្គ្រោះ ដើម្បីជួសជុលប្រាសាទព្រះធាតុនេះផងដែរ ប៉ុន្តែគម្រោងជួសជុលនោះពុំបានសម្រេចចប់ចុងចប់ដើមនោះទេ។
ផ្តែរនៅវត្តព្រះធាតុ (រូបថត៖ CISARK)
នៅក្នុងអត្ថបទនេះ យើងនឹងលើកយកផ្ទាំងសិលាចារឹកមួយផ្ទាំងដែលមានចុះលេខសារពើភណ្ឌ K.៧៣ ឬ K.៧១៨ មកសិក្សា។ សិលាចារឹកនេះ ធ្លាប់បានសិក្សាចុះផ្សាយរួចមកហើយ គឺនៅឆ្នាំ១៩៥៤ លោកសាស្ត្រាចារ្យ ហ្សក សេដែស បានចុះផ្សាយសិលាចារឹកនេះក្នុងសៀវភៅសិលាចារឹកនៃប្រទេសកម្ពុជា ក្បាលទី៦ ទំព័រទី៣៧ ប៉ុន្ដែពុំមានការបកប្រែនោះទេ។ ក្នុងអត្ថបទនោះ លោកបញ្ជាក់ថាសិលាចារឹកនេះរកឃើញនៅវត្តព្រះធាតុ ក្បែរស្ទឹងព្រែកត្នោត ស្ថិតក្នុងស្រុកកណ្ដាលស្ទឹង ខេត្តកំពង់ស្ពឺ និងចុះលេខបញ្ជីសារពើភណ្ឌ K.៧៣។ នៅក្នុងឆ្នាំដដែល លោកក៏បានសិក្សាសិលាចារឹកនេះម្ដងទៀត ចុះផ្សាយក្នុងសៀវភៅតែមួយ នៅទំព័រ៥២ លោកបានចុះលេខបញ្ជីសិលាចារឹកនេះ K.៧១៨ ដោយដាក់ប្រភពសិលាចារឹកនេះមកពីទីតាំងមួយឈ្មោះពពេល ស្ថិតនៅក្នុងខេត្តតាកែវទៅវិញ។ សិលាចារឹកនេះនាំមករក្សាទុកនៅសារមន្ទីជាតិ នៅឆ្នាំ១៩៣២។ នៅឆ្នាំ១៩៧០ បានយកទៅរក្សាទុកនៅអភិរក្សដ្ឋានអង្គរ និងដឹកមករក្សាទុកក្នុងព្រះបរមរាជវាំងនៅឆ្នាំ១៩៩៣ ទើបយកមករក្សាទុកនៅសារមន្ទីរជាតិជាថ្មីម្ដងទៀតក្នុងឆ្នាំ២០០២ និងរក្សាទុករហូតមកដល់បច្ចុប្បន្ន។
អត្ថបទចារឹកចារនៅលើថ្មស្រទាប់ មានកម្ពស់៦៥ស.ម. បន្ទារ២៤ស.ម. និងមានកម្រាស់៨ស.ម.។ សិលាចារឹកនេះពុំមានចុះកាលបរិច្ឆេទទេ ប៉ុន្តែយោងតាមតួអក្សរ គួរតែជាអត្ថបទស្ថិតក្នុងស.វ.ទី៧នៃគ.ស.។ អត្ថបទសរុបមានចំនួន១៥បន្ទាត់ ប៉ុន្ដែពុំពេញលេញនោះទេ ដ្បិតមានការបាក់បែកខូចខាតដោយអន្លើ ដែលនាំឱ្យដាច់សេចក្ដីខ្លះៗ។ អត្ថន័យរបស់សិលាចារឹកនេះ គឺជាបញ្ជីរៀបរាប់អំពីតង្វាយថ្វាយចំពោះព្រះដោយម្ចាស់បុណ្យ មានអ្នកបម្រើប្រុសស្រី ស្រែ និងគោក្របី។
សិលាចារឹក K.៧៣ ឬ K.៧១៨ (រូបថត៖ CISARK)
អត្ថបទដើមជាអក្សរខ្មែរទំនើប
១- [[អំនោយ៑ជំន្វន៑]]តយជមាន[[តវ្រះ]]
២- [[បុណ្យ]]ម្រតាញ៑ចរន្តក្លោញ៑បោំ——
៣- —តវ្រះនក្កយជមានត(វ្រះក្ញុំ)[[វ្រះវា]]
៤- –លវាត្បូរ៑១វាក្ទោច៑១វាអនិស១កុ–
៥- –១កុក្ញំ១កុត្មាន៑១កុវ្រៅ១កុវោំតេង៑
៦- -ស្រេឰយ៑តេំស្លាង៑+ស្រេឰយ៑បិង៑
៧- ម្រសោយ៑+ស្រេឰយ៑ល្វាង៑ចារ+ស្រេ
៨- អំនោយ៑បោញ៑អទិត៑ឰយ៑វ្រះបាទ១
៩- ស្រេអំវិតបោញ៑ក្មន្នអំនោយ៑បោ
១០- ញ៑សុទេវឰយ៑តវ្រះបាទ១ត្មុរ៑
១១- ២០ក្រលា១តោង៑តេំ១០ស្រេឰ
១២- យ៑អំវេក្វោញ៑អំវិតវោ–
១៣- ម្រសិរ៌បាទ១ស្រេឰយ៑–
១៤- ចំបោក៑អម្វិតកុរាក៑[[ម្រសិ]]
១៥- រ៌បាទ៙
អត្ថបទប្រែសម្រួល
(១-៣) តង្វាយជំនូនរបស់យជមានគឺម្ចាស់បុណ្យ ថ្វាយចំពោះព្រះ គឺជាបុណ្យរបស់ម្រតាញចរន្ត ជាក្លោញ(មេ)បោំ—ថ្វាយចំពោះព្រះនិងជាអ្នកយជមានចំពោះព្រះ។
(៣-៥) អ្នកបម្រើព្រះ វា–ល វាត្បូរ១ វាក្ទោច១ វាអនិស១ កុ—-១ កុក្ញំ១ កុត្មាន១ កុវ្រៅ១ កុវោំតេង១។ (៦-១៥) ស្រែនៅឯដើមស្លែង ស្រែនៅឯបឹងម្រសោយ ស្រែនៅឯល្វាំងចារ ស្រែដែលជាអំនោយបោញអទិតថ្វាយដល់ព្រះបាទ ស្រែបានពីបោញក្មន្នជាអំណោយបោញសុទេវថ្វាយចំពោះព្រះបាទ។ គោ២០ក្បាល ក្របី១ក្បាល ដើមដូង១០ដើម។ ស្រែនៅឯអង្វេក្វោញបានពីបោញម្រសិរ១បាទ។ ស្រែនៅឯ–ចំបក់បានពីកុរាកម្រសិរ។
អត្ថបទដោយ៖ លោក ហ៊ុន ឈុនតេង