ទំព័រដើមទំនៀមទម្លាប់បុរាណជំនឿទំនៀ​ម​​ទម្លាប់ប្រពៃណីខ្លះ​ប្រារព្ធនៅចុងរដូវវស្សា (ភាគ១)

ទំនៀ​ម​​ទម្លាប់ប្រពៃណីខ្លះ​ប្រារព្ធនៅចុងរដូវវស្សា (ភាគ១)

ចុងរដូវ​វស្សា គឺជា​​​ពេលវេលាមួយរយៈខ្លី ​ដែលគេសង្កេតឃើញ​អ្នក​ស្រែ​ភាគ​ច្រើន​ទំនេរ​ដៃ ផ្អាកពី​ការងារ​ដក​ស្ទូង​ស្រូវ​ស្រែ។ ​ចំពោះ​​អ្នកស្រុក​រស់​នៅ​តាម​ដងទន្លេ ក្នុង​វេលា​ចុង​​រដូវ​វស្សា​ ឬគេតែង​ហៅ​ថា​​រដូវ​ទឹក​​ស្រក​ គឺជាពេល​ដែលគេ​រង់​ចាំទឹកស្រក​ដកថយ​ លេច​​​​បាន​​​ផ្ទៃដីធំទូលាយសម្រាប់​ដាំ​ដុះ​បង្កើ​បង្កើន​ផល​ដំណាំ​​ផ្សេងៗ​​​។  ក្នុ​ង​អំឡុង​ពេលខ្លី​នេះគេ​ក៏​អាច​​​ហៅ​ជា​រួម​បាន​ថា “​​ចុង​ឆ្នាំ” ពោល​គឺ​ឆ្នាំ​នៃ​វដ្ដ​ស្រូវ​ មុន​​នឹង​​​​ចូល​ឆ្នាំ​ថ្មីក្នុង​ខែ​ចេត្រ (ឆ្នាំ​ចន្ទ​គតិ)។ ក្នុង​ពេលនេះជា​ទូទៅ​គេ​សង្កេត​ឃើញ​អ្នក​ស្រុក​​​តាម​តំបន់​​នានា តែង​​ប្រារព្ធ​ពិធី​​ផ្សេងៗ​​តាម​ទំនៀម​ និង​ទម្លាប់​ស្រុក​ភូមិ​រៀងៗ​​​ខ្លួន ដោយ​​ពិធី​ខ្លះ​បាន​​ផ្សារ​ភ្ជាប់​នឹង​ព្រះពុទ្ធ​សាសនា​ផង​ ហើយ​ពិធី​ខ្លះ​​​ទៀត​មាន​រៀប​ចំ​​​ល្បែង​​លេង​ប្រឡង​ប្រណាំង​​​​​កម្សាន្ត​​សប្បាយ​​​​តាម​​​​ចំណាំ​ផង​​។

ជាការពិតក្នុង​វស្សា​រយៈ​ពេល​បីខែ​ (១រោច ខែអាសាឍ ដល់ ១៥កើត ខែអស្សុជ) ខ្មែរ​​ពុំ​ដែល​រៀបចំ​កិច្ច​ពិធី​អ្វីធំដុំ​ទេ ពិសេស​ពិធី​មង្គល​ការកូនចៅ​ ​សង់​​ផ្ទះ​ថ្មី ឬឡើង​ផ្ទះថ្មី​ឡើយ​​ ដ្បិតខ្មែរ​កាន់តំណម​​តឹងរ៉ឹងខ្លះ​​​យល់​ថា​​នៅ​ក្នុង​វស្សា គឺ​ជា​ពេល​​​ឥត​មាន​ឫក្ស​ល្អ ឥត​មាន​ជោគ​ជ័យ និង​ឥត​មាន​​ស្រីសួស្តី​ វៀរ​​លែង​តែ​បុណ្យ​​ខ្មោច​ដែល​ចៀស​ខាន​មិន​ប្រារព្ធ​មិន​បាន។ ប៉ុន្តែលុះចាប់ពីត្រឹម​រវាង​មុន​និង​ក្រោយ​​ចេញ​វស្សា​បន្តិច ​គេសង្កេត​ឃើញ​កិច្ច​ពិធី​ជា​ទំនៀម​​និង​ទម្លាប់​​ខ្លះ ​​ចាប់ផ្តើម​ប្រារព្ធ​ជា​ហូរហែ​ទៅតាម​ទំនៀម​និង​ទម្លាប់​ស្រុក​ភូមិ​នីមួយៗ។ បើ​រៀបរាប់​ដោយ​សង្ខេប​ កិច្ច​ពិធី​តូច​ធំ​ទាំង​នោះ​មាន​​​​ដូចជា ​បុណ្យ​បវរណា​ចេញ​​វស្សា (ចេញ​ព្រះវស្សា) ការលេង​ប្រណាំ​ង​​ទូក​តាម​​​ទម្លាប់​អ្នក​ស្រុក ដង្ហែ​អង្គកថិន​តាម​​វត្ត​នីមួយៗ ពិធីបណ្តែត​ប្រទីប សំពះព្រះ​ខែ អក​អំបុក បុណ្យដារលាន បុណ្យ​ទេសន៍​មហា​ជាតក៍ ការ​លេង​បង្ហើរ​ខ្លែង និងពិធី​ឡើង​មាឃ ឬឡើង​អ្នក​តា​ជាដើម។ ខាងក្រោមនេះ គឺជា​សេចក្តី​សង្ខេប​នៃទំនៀមនីមួយៗប្រារព្ធនាចុង​រដូវវស្សា។

ក.ចេញព្រះវស្សា ពិធីចេញ​ព្រះវស្សា ឬបុណ្យបវរណា​ចេញព្រះវស្សា គឺជា​ទំនៀម​ក្នុង​ពុទ្ធសាសនា ប្រារព្ធ​ក្នុង​ថ្ងៃ​១៥​កើត ពេញបូណ៌មី​ ខែអស្សុជ​។ វេលានេះ បើ​មើល​ទំនៀម​ក្នុង​ព្រះបរម​រាជវាំង គេ​ឃើញ​ក្រុមបារគូ​តែងធ្វើ​ពិធី​យាង​ទេវរូប​ចេញ​ព្រះវស្សាប្រារព្ធនៅក្នុង​ព្រះ​ទីនាំង​​ទេវាវិនិច្ឆ័យ ដោយ​​មានប្រារព្ធ​​​​ទេសនា​គាថា​​​​ពាន់​​ផង។ ក្នុង​ថ្ងៃជាមួយ​គ្នា​នេះ​ដែរ នៅ​គ្រប់​វត្ត​​អារាម​​នានា ព្រះសង្ឃ​ក៏​ប្រជុំគ្នា​ធ្វើ​កិច្ច​បវរណា​ចេញព្រះវស្សា​ សុំ​ខមាទោស​​កំហុស​របស់​​ខ្លួន​គ្រប់​ព្រះ​អង្គ។ ចំណែកឯ​ពុទ្ធបរិស័ទ​ក៏ជ្រះថ្លា​ធ្វើ​ទាន​ប្រគេន​ព្រះ​សង្ឃ​​ទៅតាម​ទំនៀម ហើយ​នៅតាម​​វត្ត​ខ្លះក៏មាន​និមន្តព្រះសង្ឃ​​ទេសន៍​មហាជាតក៍ក្នុង​ពេលនេះដែរ។

ព្រះសង្ឃបវរណា​ចេញព្រះវស្សា ​ទេស​នា​មហាជាតក៍នៅតាម​វត្ត (រូបថត៖ មាស​ សុភាព)

ខ.ប្រណាំងទូក ដោយឡែកក្នុង​រវាង​ចេញព្រះវស្សា​នេះដែរ ចំពោះអ្នកស្រុក​រស់​នៅតាម​ដង​ទន្លេ ឬ​រស់​នៅ​តាមតំបន់​ផ្លូវ​ទឹក​ធំៗ តែង​ស្រុះស្រួលគ្នា​រៀបចំ​លេង​ប្រណាំងទូក​​ទៅ​តាម​របៀប​និង​ទម្លាប់​​​អ្នក​ស្រុក។ ទូកនីមួយៗ​ច្រើន​តែជា​ប្រភេទ​ទូក​-ង ដឹកនាំ​កសាង​ដោយ​ព្រះចៅ​អធិការ​វត្ត ហើយ​រក្សា​ទុក​ជា​សម្បត្តិ​រួមរបស់​អ្នកស្រុកនៅ​ក្នុង​វត្ត​តែម្តង​។ នៅតាម​វត្ត​ខ្លះ ចាប់ពីថ្ងៃ​ភ្ជុំ​មកគេ​​ឃើញ​ចាប់​ផ្តើម​រៀបចំ​សម្អាត ជួស​ជុលទូក​  និង​​​​​ធ្វើ​កិច្ច​ប្រុង​ពាលី​ដាក់​ទូក​ពី​បង្គង ចុះ​ទឹក​​ហាត់​អុំ​​សម្រាប់​​ត្រៀម​ប្រណាំង​ជាមួយ​ទូក​វត្ត​ផ្សេងៗ​នៅ​​​ក្នុង​​ថ្ងៃភ្ជុំធំ ឬ​ក្នុង​​ថ្ងៃ​ចេញ​​ព្រះ​វស្សា​​​។ តាម​សង្កេត ការ​ប្រណាំងទូក​តាម​ស្រុក​ភូមិ​នីមួយៗ​​ តែង​តែ​​​ធ្វើ​មុន​ព្រះរាជ​ពិធី​​អុំទូក​ថ្នាក់​ជាតិ ដ្បិត​ជា​ទូទៅ​​គេ​ច្រើន​​​រើស​យក​ទូក​ល្អៗ​​​​​​ពីភូមិ​ស្រុក​នានាមកចូល​រួម​ប្រណាំង​​​នៅ​​មុខ​ព្រះរាជ​ដំណាក់​ផែ​នៃទន្លេ​ចតុ​មុខ​ មុខ​ព្រះបរម​រាជ​វាំង។ សព្វថ្ងៃ​គេ​សម្គាល់​ឃើញ​អ្នក​ស្រុក​​​ជលគិរី (ខេត្តកំពង់ឆ្នាំង) តែង​រៀបចំ​ប្រណាំង​​ទូក​នៅ​​ដង​ទ​ន្លេសាប ក្រោយ​​វត្ត​កោះថ្កូវ នៅ​ក្នុង​​ថ្ងៃភ្ជុំធំ។ ចំណែក​​ឯនៅ​​កោះដាច់ (ខណ្ឌ​​​​ជ្រោយ​​ចង្វារ) នៅ​​ល្វាឯម និង​នៅ​​វត្ត​​ជ្រោយអំពិល អ្នកស្រុក​ច្រើន​រៀបចំ​ប្រណាំង​​​ក្នុង​​ថ្ងៃ​ចេ​ញ​​ព្រះ​​វស្សា។ សូម​បញ្ជាក់ថា ការ​ប្រណាំង​ទូកតាម​ទម្លាប់​អ្នក​ស្រុក ឃើញ​​មាន​​ចាប់​តាំងពីភ្ជុំ​រហូត​​ដល់​កថិន​ក៏មានដែរ។

ប្រណាំងទូកនៅវត្ត​កោះថ្កូវ (រូប៖ ស៊ុំ​ កុសល) និងរៀបចំ​ជួស​ជុលទូក​ ត្រៀម​អុំក្នុងថ្ងៃចេញវស្សា

គ.កថិនទាន

តាម​ទំនៀម​ព្រះពុទ្ធសាសនាក្នុងសង្គមខ្មែរ ក្នុង​រយៈពេល២៩ថ្ងៃ​ដែល​រាប់​ជា​​កថិន​កាល​ (១រោច ខែអស្សុជ ដល់​ ១៥កើត ខែកត្តិក) ពុទ្ធបរិស័ទ​តែងមូលមតិគ្នា​ផ្តួច​ផ្តើម​រៀបចំ​​​​​​​អង្គ​កថិន ដើម្បី​ដង្ហែ​ទៅ​​វេរប្រគេន​ដល់​ព្រះ​សង្ឃ​​​គង់​ចាំ​​ព្រះ​វស្សា​អស់​ត្រីមាស​រយៈ​ពេល​​​​៣​ខែ។ ក្នុងរយៈ​ពេលនេះ ព្រះ​ករុណា​​ជា​អម្ចាស់​ជីវិត​តម្កល់​​លើ​ត្បូង ព្រះមហាក្សត្រ​នៃ​​ព្រះរាជា​ណាចក្រ​កម្ពុជា ទ្រង់តែង​ចេញ​ថត​ព្រះ​កថិន​វេរ​ប្រគេន​ព្រះសង្ឃ​តាម​វត្ត​នានា​​ក្នុង​​​ទីក្រុងនិង​ខេត្ត​​ក្រៅខ្លះ តាម​ដែល​ទ្រង់​សព្វ​ព្រះ​រាជហឫ​ទ័យ​ហៅ​ថា “អង្គព្រះ​កថិន​ទាន​​​ព្រះរាជ​ទ្រព្យ”។​ ព្រះមហាក្សត្រ​​អាច​យាង​ផ្ទាល់ព្រះអង្គ ឬ​ចាត់​​ព្រះរា​​ជ​តំណាង​ចូល​ដង្ហែ​​អង្គ​ព្រះ​កថិន​នោះ​ក៏បាន។ ដោយឡែកនៅក្នុងរយៈពេលនៃកថិនកាល​នេះ បើ​​វត្តណា​​​ពុំមាន​អង្គ​កថិនដង្ហែ​ចូល​​ទៅ នោះពុទ្ធ​បរិស័ទ​​ចំណុះ​ជើង​វត្ត​​តែង​​តែ​​​​មូលមតិ​រៃអង្គាសប្រាក់​តាម​ភូមិ ​រៀបចំ​ឱ្យ​កើត​​​ជា​កថិន​ឡើង​មិន​​ដែល​ខាន​។ ទិដ្ឋភាពនេះហាក់​ស្តែង​​ឱ្យ​ឃើញ​​ថា​​កថិន​​ជា​បុណ្យ​​ក្នុង​ព្រះ​ពុទ្ធ​សាសនា​​​ដ៏សំខាន់​ ប្រកប​ដោយ​​ភាពឱឡាឫក ​សប្បាយ​​​​​រីករាយ ​សាមគី្គ​​ និង​បាន​​​ផ្សា​រ​ភ្ជាប់​យ៉ាង​ស្អិត​រមួត​នឹង​សង្គមខ្មែរ​ រហូតក្លាយ​ជា​​ទំនៀម​​បុណ្យ​យ៉ាង​​ឱឡាឫក​ក្រៃលែងបំផុត​​​នាចុង​រដូវភ្លៀង​។

ទិដ្ឋភាពដង្ហែ​ និង​វេរអង្គកថិនទាន​ប្រគេន​ព្រះសង្ឃតាម​ទំនៀម​

ឃ.បណ្តែតប្រទីប សំពះព្រះខែ អកអំបុក

បើយកតាម​ប្រតិទិន​ចន្ទគតិ ​ពីថ្ងៃ​១៤-១៥កើត ដល់​ថ្ងៃ១រោច​ ខែកត្តិក កំណត់​​ជា​​ “ព្រះ​រាជ​ពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក” ប្រារព្ធយ៉ាង​ឱឡា​ឫកក្នុង​ព្រះបរមរាជវាំង និងនៅ​មុខ​ព្រះរាជ​ដំណាក់​​ផែទន្លេ​ចតុមុខ។ ពិធីបណ្តែត​ប្រទីប សំពះ​ព្រះខែ និង​អក​អំបុក​ដែល​និយាយមក​ខាង​​ដើម​​​ ក៏​តែង​សង្កេត​​​​ឃើញ​អ្នក​ស្រុក​​ប្រារព្ធ​ជា​​​ប្រក្រតី​តាម​ទំនៀម​ តែពុំ​សូវ​​​ធ្វើពិធីរួមទាំង​អស់​​​ក្នុង​ពេល​​​​តែមួយ​ឡើយ។​ ដូច​បាន​រៀប​រាប់​​​ក្នុង​ចំណុច​ខាងលើ អ្នកស្រុក​តែងប្រណាំង​ទូក​ចាប់​ពីថ្ងៃ​ភ្ជុំ​​បិណ្ឌ​​ដល់​ចេញ​​​ព្រះ​វស្សា។ ក្នុង​​យប់ចេញ​ព្រះវស្សា​នោះសោត ទើប​គេ​ធ្វើ​កិច្ច​បណ្តែត​​ប្រទីប​​ (និង​កន្ទោង​ផង)។ ប៉ុន្តែ​ពិធីសំពះ​​ព្រះខែ និងអកអំបុកគេ​ប្រារព្ធ​ក្នុងថ្ងៃ១៥កើត ខែ​កត្តិក​។ ចំពោះ​ពិធីសំពះព្រះខែ អកអំបុក ​អ្នកស្រុក​ខ្លះ​ហៅ​ដោយ​ខ្លីក្នុង​ន័យ​​រួម​ថា “បុណ្យ​អក​អំបុក” ឬ “បុណ្យ​​​​មហាអំបុក” ឬអ្នក​ស្រុក​ភាគ​ខាង​ជើង​ហៅថា “អក​ព្រះ​ខែ” ឬ​ “បង្អក​ព្រះ​ខែ”។ តាម​សង្កេត​គេច្រើន​ឃើញ​យុវជន​​ជំទង់ៗ​​ចូល​​​​រួម ហើយ​តែង​​ប្រារព្ធ​​ធ្វើ​​នៅក្នុង​វត្ត ដោយការ​ចាប់ផ្តើម​បុក​អំបុក​នោះ​​តាំង​ពី​​ព្រលប់ រហូត​ដល់​ពាក់​កណ្តាល​​​អាធ្រាត្រ ពេល​ដែល​ព្រះចន្រ្ទ​រំកិល​ត្រង់​​ចំលើ​ក្បាលទើប​គេ​​ធ្វើកិច្ច​​សំពះព្រះខែ និង​​អក​អំបុក។ ក្នុង​វេលា​ពាក់​កណ្តាល​អាធ្រាត្រនៃថ្ងៃពេញបូណ៌មីនោះ​ នៅ​តាម​​វត្ត​ខ្លះ​ថែមទាំង​រៀបចំកិច្ច​សម្រក់​ទៀន​ផ្សងទឹកភ្លៀង​ឆ្នាំថ្មីដែរ។

អ្នកស្រុក​បណ្តែត​ប្រទីប​ក្នុងទន្លេ​មេគង្គ (មុខវត្តរកាអារ) និងការរៀបចំ​ប្រារព្ធ​ពិធី​ សំពះព្រះខែ និងអក​អំបុក ​នៅតាមវត្ត​

សង្ខេបសេចក្តីមក ពិធីជា​ទំនៀម​ និង​ល្បែង​ប្រពៃណី​ដែល​អ្នក​ស្រុក​តែង​ប្រារព្ធ​និង​លេង​នៅក្នុង​វេលា​ខ្លី​នៃចុង​រដូវ​វស្សា​ មានច្រើនប្រការណាស់ ហើយ​​មាន​ន័យ​និង​ខ្លឹមសារ​ជាប់​នឹង​ផ្នត់គំនិត​អ្នកស្រុក​ជាដរាប។ ដូច្នេះ​នៅក្នុង​អត្ថបទភាគ២ ខ្ញុំនឹង​រៀបរាប់​បញ្ចប់​នូវ​ពិធី ឬកិច្ចជា​ទំនៀម និងល្បែង​ប្រពៃណីដែល​លេង​ជា​ទម្លាប់របស់​អ្នកស្រុក​ក្នុង​វេលា​ចុង​ឆ្នាំ​​ជា​សេចក្តី​បញ្ចប់៕

អត្ថបទដោយ៖ ហៀន សុវណ្ណមរកត

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!